ស្ថិតនៅជនបទតំបន់ជនរួមជាតិខ្មែរ ឃុំតឹងអាង ខេត្តវិញឡុង វត្តពោធិចូឡាមណី (វត្តឥដ្ឋ) មិនត្រឹមតែជាមជ្ឈមណ្ឌលប្រតិបត្តិសាសនានិងជំនឿរបស់ពុទ្ធបរិស័ទប៉ុណ្ណោះទេ ថែមទាំងជាកេរដំណែលប្រវត្តិសាស្ត្រថ្នាក់ជាតិ ដែលបានបន្សល់ទុកនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើន ក្នុងសម័យតស៊ូប្រឆាំងអាណានិគមបារាំងនិងចក្រពត្តិអាមេរិក។ ឆ្លងកាត់រយៈពេលជិត ៥០០ ឆ្នាំកកើតនិងអភិវឌ្ឍ វត្តរក្សាបាននូវតម្លៃប្រវត្តិសាស្ត្រ វប្បធម៌និងប្រពៃណីស្នេហាជាតិរបស់ជនរួមជាតិខ្មែរនៅតំបន់ណាមបូ។


ជ្រុងមួយនៃព្រះវិហារវត្តពោធិចូឡាមណី (ឥដ្ឋ) ជាកេរដំណែលប្រវត្តិសាស្ត្រថ្នាក់ជាតិ ដែលផ្សារភ្ជាប់នឹងប្រពៃណីបដិវត្តន៍របស់ជនរួមជាតិខ្មែរ។
វត្តពោធិចូឡាមណី (វត្តឥដ្ឋ) ស្ថិតនៅភូមិឥដ្ឋ ឃុំតឹងអាង ខេត្តវិញឡុង។ តាមឯកសារប្រវត្តិសាស្ត្រ វត្តនេះបានកសាងនៅឆ្នាំ ២០៨៥ ពុទ្ធសករាជ (ត្រូវនឹងឆ្នាំ ១៥៤១ គ្រិស្តសករាជ) ហើយជាវត្តខ្មែរមួយក្នុងចំណោមវត្តដែលមានអាយុកាលយូរអងែ្វងនៅតំបន់ណាមបូ។ ឆ្លងកាត់ការជួសជុលនិងកែលម្អជាច្រើនលើក វត្តនៅតែរក្សាតួនាទីជាមជ្ឈមណ្ឌលសកម្មភាពវប្បធម៌និងជំនឿសាសនារបស់ជនរួមជាតិខ្មែរ ព្រមទាំងអភិរក្សនូវតម្លៃស្ថាបត្យកម្ម សិល្បៈ និងអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏មានតម្លៃ។ មិនត្រឹមតែជាទីកន្លែងបួសរៀនសម្រាប់ព្រះសង្ឃនិងពុទ្ធបរិស័ទធ្វើបុណ្យសុន្ទរ៍ទានប៉ុណ្ណោះទេ វត្តថែមទាំងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រវត្តិតស៊ូបដិវត្តន៍របស់មូលដ្ឋានផងដែរ។ នៅក្នុងប៉ុន្មានឆ្នាំដំបូងនៃសង្គ្រាមតស៊ូប្រឆាំងអាណានិគមបារាំង ក្រោមការដឹកនាំរបស់ព្រះចៅអធិការ ថាច់គឹម វត្តបានក្លាយជាទីកន្លែងលាក់បាំងនិងការពារកម្មាភិបាលបដិវត្តន៍ជាច្រើនរូប។ ជាពិសេស ក្នុងអំឡុងឆ្នាំ ១៩៤៩–១៩៥៤ នៅក្នុងបរិវេណវត្ត បានកសាងលេណដ្ឋានសម្ងាត់ជាច្រើន សម្រាប់បម្រើសកម្មភាពរបស់កម្លាំងបដិវត្តន៍ រួមចំណែកការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំនិងកម្មាភិបាលជាច្រើនរូបខណៈពេលជួបលំបាក។
ឈានចូលសម័យធ្វើសង្គ្រាមប្រឆាំងចក្រពត្តិអាមេរិកសង្គ្រោះជាតិ វត្តបន្តក្លាយជាមូលដ្ឋានបដិវត្តន៍ដ៏សំខាន់មួយ។ ព្រះសង្ឃនៅក្នុងវត្តបានចលនា ពុទ្ធបរិស័ទឱ្យចូលរួមក្នុងចលនាស្នេហាជាតិ តស៊ូទាមទារសិទ្ធិរស់នៅ ប្រជាធិបតេយ្យ សេរីភាពខាងជំនឿសាសនា ប្រឆាំងនឹងគោលនយោបាយគាបសង្កត់របស់របបសៃហ្គន។ ដោយស្មារតីសាមគ្គីរវាងវត្តនិងប្រជាជន បានរួមចំណែកបង្កកម្លាំងចលនាបដិវត្តន៍នៅមូលដ្ឋាន។ ពិសេស ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏លេចធ្លោមួយគឺការប្រយុទ្ធដែលបានកើតឡើងនៅយប់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ១៩៦៦។ នៅពេលកងទ័ពសត្រូវបើកប្រតិបត្តិការបោសសម្អាតចូលតំបន់ភូមិឥដ្ឋ ព្រះសង្ឃបានសហការជាមួយកងកម្លាំងបដិវត្តន៍រៀបចំទីតាំងវាយឆ្មក់ រួមចំណែកកម្ចាត់ និងធ្វើឱ្យទាហានសត្រូវជាច្រើននាក់រងរបួស ព្រមទាំងដកហូតបានអាវុធជាច្រើន។ ព្រឹត្តិការណ៍នេះបានបង្ហាញពីស្មារតីស្នេហាជាតិនិងឆន្ទៈមុតមាំរបស់ជនរួមជាតិខ្មែរនិយាយរួម និងព្រះសង្ឃវត្តពោធិចូឡាមណីនិយាយដោយឡែកក្នុងបុព្វហេតុតស៊ូរំដោះជាតិ។
ចាប់ពីឆ្នាំ ១៩៧១ ដល់ឆ្នាំ ១៩៧៥ ព្រះសង្ឃជាច្រើនអង្គនៃវត្តឥដ្ឋបានបន្តចូលរួមចលនាមហាជន រួមចំណែកទាំងកម្លាំងកាយ កម្លាំងចិត្តនិងសម្ភារសម្រាប់ការតស៊ូ។ ព្រះសង្ឃ ពុទ្ធបរិស័ទជាច្រើនអង្គនិងរូបបានពលីជីវិតយ៉ាងអង់អាចក្លាហាន ហើយបានបក្ស រដ្ឋទទួលស្គាល់ចំពោះស្នាដៃដ៏ធំធេងក្នុងបុព្វហេតុការពារមាតុភូមិ រួមចំណែកបង្កប្រពៃណីបដិវត្តន៍ដ៏រុងរឿងរបស់វត្ត។ ដោយមានតម្លៃពិសេសអំពីប្រវត្តិសាស្ត្រ នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០០៩ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានចេញសេចក្តីសម្រេចលេខ ៨៣៤/QĐ-BVHTTDL ចាត់ថ្នាក់វត្តពោធិចូឡាមណី ជាកេរដំណែលប្រវត្តិសាស្ត្រថ្នាក់ជាតិ។ ការទទួលស្គាល់នេះ មិនត្រឹមតែបញ្ជាក់ពីតម្លៃប្រវត្តិសាស្ត្ររបស់វត្តប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអភិរក្សទីកន្លែងប្រវត្តិសាស្ត្រដែលផ្សារភ្ជាប់នឹងប្រពៃណីតស៊ូបដិវត្តន៍របស់ជនរួមជាតិខ្មែរនៅតំបន់ណាមបូ។


សាលាថ្មីបានកសាងយ៉ាងរឹងមាំនិងស្រស់ស្អាត ស្ថិតក្បែរសំណង់ដែលមានស្រាប់នៅក្នុងបរិវេណវត្តពោធិចូឡាមណី។
បច្ចុប្បន្ន វត្តមានព្រះចៅអធិការ ១ អង្គ និងសាមណេរ ៣ អង្គ កំពុងស្នាក់នៅសិក្សាធម៌វិន័យ ហើយជាទីកន្លែងប្រតិបត្តិនិងជំនឿសាសនារបស់ពុទ្ធបរិស័ទប្រមាណជាង ២០០ គ្រួសារ។ ទន្ទឹមនឹងសកម្មភាពព្រះពុទ្ធសាសនា វត្តក៏យកចិត្តទុកដាក់ក្នុងការអភិរក្សភាសានិងអក្សរខ្មែរ អប់រំសីលធម៌ ពិធីបុណ្យប្រពៃណីនិងលើកតម្កើងតម្លៃវប្បធម៌ដ៏វិសេសរបស់ជនរួមជាតិខ្មែរ។ វត្តពោធិចូឡាមណី មិនត្រឹមតែជាទីកន្លែងបំពេញតម្រូវការខាងជំនឿសាសនារបស់ពុទ្ធបរិស័ទប៉ុណ្ណោះទេ ថែមទាំងជាទីតាំងប្រវត្តិសាស្ត្របដិវត្តន៍ដ៏សំខាន់សម្រាប់អប់រំប្រពៃណីស្នេហាជាតិ។ តម្លៃប្រវត្តិសាស្ត្របានអភិរក្សនៅទីនេះ រួមចំណែកជួយឱ្យអ្នករាល់គ្នា យល់ដឹងកាន់តែច្បាស់អំពីការលះបង់ ការរួមចំណែករបស់ជនរួមជាតិខ្មែរក្នុងបុព្វហេតុតស៊ូរំដោះជាតិ ព្រមទាំងលើកកម្ពស់ស្មារតីក្នុងការអភិរក្សនិងពង្រីក តម្លៃកេរដំណែលវប្បធម៌ដែលផ្សារភ្ជាប់នឹងប្រវត្តិសាស្ត្រនៃភូមិកំណើតវិញឡុង៕
ទីទូយ