ជាច្រើនឆ្នាំមកនេះ ទន្ទឹមនឹងការលើកកម្ពស់គុណភាពធនធានមនុស្ស ផ្នែកសុខាភិបាលខេត្តកាម៉ាវ តែងយកចិត្តទុកដាក់វិនិយោគគ្រឿងបរិក្ខារពេទ្យទំនើបៗ។ បច្ចុប្បន្ន មន្ទីរពេទ្យពហុព្យាបាលខេត្ត បានបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗជាច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការពិនិត្យនិងព្យាបាលជំងឺដែលមានភាពស្មុគស្មាញ តាមរយៈនោះ ជួយបង្កទំនុកចិត្តដល់អ្នកជំងឺ។

ក្រុមគ្រូពេទ្យមន្ទីរពេទ្យពហុព្យាបាលបាក់លីវ វះកាត់សង្គ្រោះជីវិតអ្នកជំងឺធ្លាយបេះដូង។
ជាក់ស្តែង រយៈពេលថ្មីៗនេះ មន្ទីរពេទ្យពហុព្យាបាលថាញវ៉ូវ Medic បាកលីវ ខេត្តកាម៉ាវ បានទទួលសង្គ្រោះអ្នកជំងឺឈ្មោះ T.V.N (អាយុ ៣៣ ឆ្នាំ) ដែលមានជំងឺគាំងឈាមបេះដូង ស្រួចស្រាវនិងស្ទះសរសៃឈាមបេះដូងទាំងស្រុង បណ្ដាលឱ្យឈាមមិនអាចចលនាទៅចិញ្ចឹមបេះដូងនិងរាងកាយបាន។ នៅពេលបេះដូងបង N ឈប់លោត ក្រុមគ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់ បានប្រើម៉ាស៊ីនឆក់បេះដូងរហូតដល់ ៣ លើក។ ពេលបេះដូងចាប់ផ្តើមមានចង្វាក់ឡើងវិញភ្លាម ក្រុមគ្រូពេទ្យបានធ្វើអន្តរាគមន៍ដល់សរសៃឈាមបេះដូង និងដាក់បំពង់ពង្រីកសរសៃឈាម (Stent) ដើម្បីបើកផ្លូវឱ្យឈាមចលនាទៅចិញ្ចឹមបេះដូងបង N បានទាន់ពេលវេលា។ អាស្រ័យការជួយសង្គ្រោះទាន់ពេល ក្រុមគ្រូពេទ្យបានសង្រ្គោះជីវិតបង N ពី “មច្ចុរាជ” ដើម្បីជួបជុំគ្រួសារវិញ។
វេជ្ជបណ្ឌិត ឯកទេសកម្រិត ១ ត្រឹងក្វិញអាង ប្រធានផ្នែកសង្គ្រោះបន្ទាន់ និងជាប្រធានអង្គភាពអន្តរាគមន៍សរសៃឈាមបេះដូង មានប្រសាសន៍៖ “នេះជាករណីអ្នកជំងឺវ័យក្មេង ដែលឆ្លងកាត់បេះដូង ឈប់លោតដល់ ៣ លើក ប៉ុន្តែអាចរស់ឡើងវិញបាន អាស្រ័យជីវិតថ្លៃ រួមជាមួយជំនាញវេជ្ជសាស្ត្រ និងគ្រឿងបរិក្ខារពេទ្យទំនើប។ គ្រូពេទ្យដាស់តឿនដល់យុវជនទាំងឡាយ មិនត្រូវមានការធ្វេសប្រហែសចំពោះកត្តាហានិភ័យនៃជំងឺសម្ពាធឈាមខ្ពស់ ឬជាតិខ្លាញ់ក្នុងឈាមខ្ពស់នោះឡើយ។ នៅពេលមានសញ្ញាចុកណែនទ្រូង អស់កម្លាំងខ្លាំង ឬចេញញើសខុសប្រក្រតី សូមអញ្ជើញទៅកាន់មូលដ្ឋានសុខាភិបាលដែលមានទំនុកចិត្តនៅជិតបំផុត ដើម្បីទទួលការព្យាបាលទាន់ពេលវេលា ចៀសវាងផលវិបត្តិដែលមិនគួរមាន”។
ថ្មីៗនេះ តាមរយៈការសហការរវាងផ្នែកនានា មន្ទីរពេទ្យពហុព្យាបាលបាកលីវ បានសង្គ្រោះជីវិតអ្នកជំងឺធ្លាយបេះដូងម្នាក់មានហានិភ័យស្លាប់រហូតដល់ ៧០%។ យោងតាមព័ត៌មានពីមន្ទីរពេទ្យ អ្នកជំងឺបុរស (អាយុ ១៧ ឆ្នាំ) បានបញ្ជូនមកពេទ្យក្នុងស្ថានភាពសម្ពាធឈាមចុះទាប សរសៃវ៉ែននៅកឡើងប៉ោង ពិបាកដកដង្ហើម និងមានរបួសធំប្រហែល ១ សង់ទីម៉ែត្រលើទ្រូងខាងឆ្វេង។ ភ្លាមៗនោះ ដំណើរការ “អាសន្នក្រហមក្នុងមន្ទីរពេទ្យ” ត្រូវបានបំផុសជាបន្ទាន់។ ក្រុមគ្រូពេទ្យប្រចាំការ រួមមានគ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ទូទៅ និងផ្នែកវះកាត់-សណ្តំ បានបញ្ជូនអ្នកជំងឺទៅកាន់បន្ទប់វះកាត់តែម្តង។ ក្នុងស្មារតីប្រញាប់ប្រញាល់ សហការគ្នាស្អិតរមួត និងមានជំនាញវិជ្ជាជីវៈរឹងមាំ ក្រុមគ្រូពេទ្យបានធ្វើការវះកាត់ជោគជ័យ សង្គ្រោះជីវិតអ្នកជំងឺបានត្រឡប់មកគ្រួសារវិញ។
លោកង្វៀងតឹងលឹក នាយករងមន្ទីរសុខាភិបាលខេត្តកាម៉ាវ បញ្ជាក់៖ ចំពោះផ្នែកជំនាញ ករណីធ្លាយបេះដូង មានអត្រាបាត់បង់ជីវិតរហូតដល់ ៧០%; ករណីបេះដូងឈប់លោត ៣ លើក ហើយរស់រានមានជីវិតវិញ ជាសក្ខីភាពបញ្ជាក់ថា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមានជំនាញវិជ្ជាជីវៈរឹងមាំ មានស្មារតីសីលធម៌គ្រូពេទ្យ និងការទទួលខុសត្រូវខ្ពស់។ ទន្ទឹមនឹងនោះ គឺការបំពាក់គ្រឿងបរិក្ខារពេទ្យទំនើបៗក្នុងការពិនិត្យនិងព្យាបាលជំងឺ ជួយលើកកម្ពស់កិត្យានុភាពនៃផ្នែកសុខាភិបាល និងពង្រឹងទំនុកចិត្តរបស់ប្រជាជន”៕
យ្វីអាញ - ថាច់ធី