ផ្សារភ្ជាប់នឹងអាជីពជាគ្រូបង្រៀនជាងមួយទសវត្សរ៍ អ្នកគ្រូថាច់ធីហ្វាវី ជាគ្រូបង្រៀនវិញ្ញាសាគំនូរ នៅសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកកេសាត់ ឃុំថើយអាងហូយ ទីក្រុងកឹងធើ តែងតែយកចិត្តទុកដាក់ក្នុងការណែនាំសិស្សានុសិស្ស ដោយក្ដីស្រឡាញ់និងការទទួលខុសត្រូវខ្ពស់។

អ្នកគ្រូ ថាច់ធីហ្វាវី ជាគំរូអស់ពីចិត្តជាមួយអាជីពនៅតំបន់ជនជាតិភាគតិច។
ចាប់ផ្ដើមបង្រៀននៅឆ្នាំ ២០១០ អ្នកគ្រូថាច់ធីហ្វាវី គឺជាគំរូល្អអំពីស្មារតីទទួលខុសត្រូវ ព្យាយាម ស្រឡាញ់មុខរបរ ស្រឡាញ់សិស្ស។ មិនត្រឹមតែបំពេញភារកិច្ចជំនាញបានល្អប៉ុណ្ណោះទេ អ្នកគ្រូក៏បានគេស្គាល់ថា ជាគ្រូប្រចាំថ្នាក់ដ៏ពូកែម្នាក់ទៀតផង។ បច្ចុប្បន្ន អ្នកគ្រូកំពុងប្រចាំថ្នាក់ ៦B ដែលជាថ្នាក់ដំបូងសិស្សចូលរៀនក្នុងបរិស្ថានសាលាជនជាតិអន្តេវាសិកនៅមានភាពថ្មោងថ្មីនិងប្លែកច្រើន។
យោងតាមអ្នកគ្រូវី ធ្វើជាគ្រូប្រចាំថ្នាក់ទី ៦ មានភាពលំបាកច្រើន បើប្រៀបនឹងថ្នាក់ទី ៧ និងទី ៨ ដែលខ្ញុំធ្លាប់ទទួលបន្ទុកកន្លងមក។ អ្នកគ្រូ រៀបរាប់៖ “ដោយសារប្អូនៗទើបតែឃ្លាតឆ្ងាយពីក្រុមគ្រួសារនិងមិនទាន់ធ្លាប់ជាមួយជីវភាពសមូហភាព ដូច្នេះ គ្រូបង្រៀនត្រូវមានភាពស្និទ្ធស្នាលជិតដិតនឹងប្អូនៗ តាំងពីការរៀនសូត្ររហូតដល់ការប្រជុំជីវភាពប្រចាំថ្ងៃ”។ ហេតុនេះ ក្រៅពីម៉ោងបង្រៀន អ្នកគ្រូតែងចំណាយពេលយកចិត្តទុកដាក់និងណែនាំប្អូនៗ តាំងពីកិច្ចការតូចបំផុត ដើម្បីជួយឱ្យប្អួនៗ ឆាប់ស៊ាំនឹងបរិស្ថានថ្មី។
ក្នុងការងារបង្ហាត់បង្រៀន អ្នកគ្រូហ្វាវី តែងយកចិត្តទុកដាក់បំផុសគំនិតច្នៃប្រតិដ្ឋ និងពង្រីកទេពកោសល្យរបស់ប្អូនៗ។ អ្នកគ្រូ សកម្មក្នុងការណែនាំប្អូនៗចូលរួមពិធីប្រឡងច្នៃប្រតិដ្ឋយុវជននិងកុមារ តាមរយៈនោះ រួមចំណែកប្រទះឃើញនិងបណ្តុះបណ្តាលសិស្សដែលមានទេពកោសល្យផ្នែកសិល្បៈ។ ដោយការខិតខំប្រឹងប្រែងឥតឈប់ឈរនេះ អ្នកគ្រូទទួលបានកិត្តិនាមជាគ្រូបង្រៀនឆ្នើមថ្នាក់ស្រុក និងជាគ្រូបង្រៀនគំរូនៃក្រុមជំនាញផងដែរ “។
ទោះបីជាផ្ទះនៅមិនឆ្ងាយពីសាលាប៉ុន្មានក៏ដោយ ប៉ុន្តែអស់រយៈពេលជាច្រើនឆ្នាំមកនេះ អ្នកគ្រូវី សម្រេចចិត្តស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន ដើម្បីងាយស្រួលក្នុងការបង្ហាត់បង្រៀននិងមើលថែទាំប្អូនៗ។ ការលះបង់ដោយស្ងៀមស្ងាត់នេះ មិនត្រឹមតែបង្ហាញពីស្មារតីទទួលខុសត្រូវប៉ុណ្ណោះទេ នៅទាំងបង្ហាញពីការស្រឡាញ់មុខរបរយ៉ាងជ្រាលជ្រៅរបស់អ្នកគ្រូខ្មែររូបនេះទៀតផង។
លោកគ្រូគីមហឿន ចាងហ្វាងសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកកេសាត់ មានប្រសាសន៍៖ “អ្នកគ្រូថាច់ធីហ្វាវី គឺជាគ្រូបង្រៀនម្នាក់ដែលមានមុខជំនាញរឹងមាំ ហើយតែងសម្រេចល្អភារកិច្ចដែលបានប្រគល់ឱ្យ។ ពិសេសគឺក្នុងតួនាទីជាគ្រូប្រចាំថ្នាក់ អ្នកគ្រូតែងប្តេជ្ញាចិត្ត ជិតស្និទ្ធនឹងសិស្សានុសិស្ស ជាពិសេសគឺប្អូនៗថ្នាក់ទី៦ ទើបតែចូលរៀនដំបូងនៅសាលាអន្តេវាសិក។ អ្នកគ្រូ ជាគំរូដ៏ល្អសម្រាប់មិត្តរួមអាជីពយកតម្រាប់តាម”។
ដោយការព្យាយាម ស្មារតីទទួលខុសត្រូវ និងទឹកចិត្តស្រឡាញ់សិស្ស អ្នកគ្រូថាច់ធីហ្វាវី បានខិតខំបណ្តុះចំណេះដឹង បំពេញក្តីប្រាថ្នាដល់សិស្សជនជាតិភាគតិចជាច្រើនជំនាន់៕
ហុងទើ-ត្រឹងរ៉ូន