នៅទីក្រុងកឹងធើ មូលនិធិអាហារូបករណ៍ វ៉ឺអាយឹន និងក្លឹប “ដើម្បីហ្វាងសា – ទ្រឿងសា ជាទីស្រឡាញ់” បានឧបត្ថម្ភអាហារូបករណ៍រាប់រយចំណែកដល់សិស្ស និស្សិតជនជាតិភាគតិច និងប្អូនៗនៅតំបន់កោះសមុទ្រដែលមានជីវភាពខ្វះខាត ឈានឡើងរៀនសូត្រល្អ រួមចំណែកចែករំលែកការលំបាក ជំរុញកម្លាំងចិត្តនិងរីកសាយភាយស្មារតីសង្វាតរៀនសូត្រដល់សិស្សក្រីក្រ។

ជូនអាហារូបករណ៍វ៉ឺអាយឹន និងក្លឹប “ដើម្បីហ្វាងសា – ទ្រឿងសា ជាទីស្រឡាញ់”
ដល់សិស្សនៅទីក្រុងកឹងធើ។
មូលនិធិសង្គមូបនីយកម្មជាមួយទិសដៅគិតគូរ ឧបត្ថម្ភសិស្សជនជាតិភាគតិច សិស្សតំបន់ដាច់ស្រយាល កូនចៅអ្នកនេសាទ និងកងកម្លាំងបំពេញភារកិច្ចតំបន់ព្រំដែន កោះ សមុទ្រ។ នៅទីក្រុងកឹងធើ ចាប់ពីឆ្នាំសិក្សា ២០២៤ - ២០២៦ មូលនិធិបានជូនអាហារូបករណ៍ ២២៥ ចំណែកក្នុងមួយចំណែកតម្លៃ ១ លានដុងដល់សិស្ស និស្សិតគ្រួសារក្រីក្រ ក្បែរក្រ ដើម្បីបន្តទៅសាលា។ ក្រៅពីនេះ ថែមទាំងជូនអាហារូបករណ៍ទាំងស្រុងគិតគូរដល់ប្អូនៗដែលមានជីវភាពលំបាកខ្លាំងរហូតដល់ប្រឡងបញ្ចប់មហាវិទ្យាល័យទៀតផង។
ប្អូនត្រឹងធីស្វឹងម៉ាយ សិស្សថ្នាក់ទី ៨ វិទ្យាល័យង្វៀងឃ្វៀង សង្កាត់វិញចូវ ឱ្យដឹង៖ “ប្អូនកំព្រាឪពុកម្តាយតាំងពីអាយុ៣ឆ្នាំ បច្ចុប្បន្ន ប្អូនកំពុងរស់នៅជាមួយនឹងម្តាយមីង។ ជីវភាពគ្រួសារប្អូនក្រលំបាកណាស់ ប្អូនទៅរៀនបណ្តើរ ធ្វើការឈ្នួលបណ្តើរ ដើម្បីជួយសម្រាលបន្ទុកម្តាយមីង។ ខណៈពេលបានមូលនិធិអាហារូបករណ៍ឧបត្ថម្ភថវិការៀនសូត្រ រហូតដល់ប្រឡងបញ្ចប់មហាវិទ្យាល័យ ប្អូនត្រេកអរណាស់។ អាហារូបករណ៍គឺជាកម្លាំងចលករដ៏ធំជួយប្អូនឆ្លងកាត់រាល់ការលំបាកបន្តទៅសាលា អនុវត្តក្តីប្រាថ្នាចូលមហាវិទ្យាល័យ”។
លោកស្រីត្រឹងធីធូហាំង នាយិការងមន្ទីរអប់រំ និងបណ្តុះបណ្តាលទីក្រុងកឹងធើ បញ្ជាក់៖ អាហារូបករណ៍ពោរពេញដោយអត្ថន័យដែលមូលនិធិជូនដល់សិស្សក្រីក្ររបស់ទីក្រុង បានផ្តល់ក្តីជំនឿបន្ថែម ជាកម្លាំងចលករនិងលើកទឹកចិត្តស្មារតីសង្វាតរៀនសូត្រដល់ប្អូនៗសិស្សានុសិស្ស។ អាហារូបករណ៍បានផ្តល់ក្តីទុកចិត្ត ឆន្ទៈ និងសេចក្តីប្រាថ្នាសម្រាប់ប្អូនៗឈានឡើងក្នុងការរៀនសូត្រ។ អាហារូបករណ៍រួមចំណែកជាវិជ្ជមានក្នុងការគិតគូរ បំប៉ននិងអភិវឌ្ឍជំនាន់ សិស្សជនជាតិភាគតិចរបស់ទីក្រុង។
អតីតអនុប្រធានរដ្ឋទ្រឿងម៉ីហ្វា ប្រធានមូលនិធិអាហារូបករណ៍វ៉ឺអាយឹន ប្រធានក្លឹប “ដើម្បីហ្វាងសា – ទ្រឿងសា ជាទីស្រឡាញ់” បញ្ជាក់៖ ក្នុងរយៈពេល ២៧ ឆ្នាំសកម្មភាពមូលនិធិមានទិសដៅមិនងាករេ រួមដំណើរយូរអង្វែងជាមួយសិស្ស និស្សិតដែលមានជីវភាពខ្វះខាតជានិច្ច។ មូលនិធិជាជំហានបានវិនិយោគយ៉ាងស៊ីជម្រៅ ជួយប្អូនៗវិវឌ្ឍន៍ខ្លួនមានការងារធ្វើលំនឹងហើយ វិលមករួមចំណែកដល់សហគមន៍។ អ្វីដែលធ្វើឱ្យសមាជិកទាំងឡាយដែលរួមវិភាគទានមូលនិធិ មានក្តីរីករាយបំផុតមិនត្រឹមតែជាចំណែកអាហារូបករណ៍ដែលបានជូនទៅហើយនោះទេ នៅទាំងជាដំណើរវិវឌ្ឍន៍ ក្តីជឿជាក់លើដំណើរជីវិត និងបន្តសាយភាយស្មារតីចែករំលែកទៀតផង។ ឆ្នាំ ២០២៦ មូលនិធិអាហារូបករណ៍វ៉ឺអាយឹន បានទទួលប្រភពឧបត្ថម្ភជាង ៦៦,៦ ពាន់លានដុង។ ទឹកប្រាក់ទាំងនេះទុកសម្រាប់ជូនអាហារូបករណ៍៥.០០០ចំណែក ដល់សិស្សជនជាតិភាគតិចនិងប្អូនៗនៅតំបន់កោះសមុទ្រ៕
យ្វីអាញ - លីសៀ