ឆ្ពោះទៅកាន់ខួបអនុស្សាវរីយ៍ ៧៩ ឆ្នាំ ទិវាយុទ្ធជនពិការ-យុទ្ធជនពលី (២៧/៧/១៩៤៧ – ២៧/៧/២០២៦) សមាជិកសម្ព័ន្ធយុវជន សង្កាត់ង្វៀកហ្វា (ខេត្តវិញឡុង) បានសហការជាមួយរដ្ឋអំណាចភូមិភាគ បើកយុទ្ធនាការអនាម័យមណ្ឌលស្តូបរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី និងរៀបចំទិដ្ឋភាពបរិស្ថាន។ សកម្មភាពនេះមិនត្រឹមតែបង្ហាញពីសីលធម៌ “ផឹកទឹកនឹកប្រភព” ប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយនៃកិច្ចការដ៏មានអត្ថន័យជាច្រើនរបស់យុទ្ធនាការយុវជនស្ម័គ្រចិត្តនារដូវវិស្សមកាលឆ្នាំ ២០២៦ រួមចំណែកកសាងទីក្រុងស៊ីវិល័យ គិតគូរសុខុមាលភាពសង្គម និងពង្រីកតួនាទីឈានមុខរបស់យុវជន។

សមាជិកសម្ព័ន្ធយុវជន រួមជាមួយកម្មាភិបាល គណៈ ផ្នែក និងអង្គការមហាជននានាសង្កាត់ង្វៀកហ្វា ថតរូបអនុស្សាវរីយ៍នៅស្តូបរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី។
ព្រឹកថ្ងៃទី ១៩ ខែកក្កដា គណៈបញ្ជាការយុទ្ធនាការយុវជនស្ម័គ្រចិត្តនារដូវវស្សមកាលសង្កាត់ង្វៀកហ្វា សហការជាមួយគណៈប្រជាជនភូមិកោថាប ចាត់តាំងបើកយុទ្ធនាការអនាម័យបរិវេណ ទីស្នាក់ការអនុសង្កាត់ និងមណ្ឌលស្តូបរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី ដែលស្ថិតនៅក្នុងបរិវេណនៃទីស្នាក់ការគណៈកម្មាធិការប្រជាជនឃុំង្វៀកហ្វា (ចាស់)។ សមាជិកសម្ព័ន្ធយុវជន រួមជាមួយកម្មាភិបាលគណៈ ផ្នែក ជំនាញ និងអង្គការមហាជននានានៃភូមិភាគ បានកាប់ឆ្ការស្មៅ បោសសម្អាត ប្រមូលកាកសំណល់ កាត់មែកឈើ និងរៀបចំបរិវេណ បង្កទិដ្ឋភាពបៃតង ជ្រះ ស្អាត និងគួរជាទីគោរពដើម្បីត្រៀមលក្ខណៈសម្រាប់សកម្មភាពអនុស្សាវរីយ៍ខួបលើកទី ៧៩ ឆ្នាំ ទិវាយុទ្ធជនពិការ - យុទ្ធជនពលី (២៧/៧/១៩៤៧ – ២៧/៧/២០២៦)។



សមាជិកសម្ព័ន្ធយុវជន សង្កាត់ង្វៀកហ្វា រួមជាមួយកម្មាភិបាល គណៈ ផ្នែក និងអង្គការមហាជននានា ធ្វើអនាម័យ សម្អាតបរិវេណស្តូបរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី ឆ្ពោះទៅកាន់ខួបអនុស្សាវរីយ៍ ៧៩ ឆ្នាំ ទិវាយុទ្ធជនពិការ-យុទ្ធជនពលី (២៧/៧/១៩៤៧–២៧/៧/២០២៦)។
បរិយាកាសពលកម្មបានប្រព្រឹត្តទៅយ៉ាងមមាញឹក និងមានការទទួលខុសត្រូវខ្ពស់។ សម្ព័ន្ធយុវជនម្នាក់ៗទទួលរ៉ាប់រងកិច្ចការជាក់ស្តែងមួយ ចាប់ពីការធ្វើអនាម័យបរិវេណប្រមូលសម្រាម រហូតដល់ការតុបតែងផ្លូវដើរ។ ការងារទាំងនេះ ទោះបីជាសាមញ្ញ ប៉ុន្តែបានបង្ហាញពីទឹកចិត្តដឹងគុណយ៉ាងជ្រាលជ្រៅរបស់យុវជនជំនាន់ក្រោយ ចំពោះវីរយុទ្ធជនពលី ដែលបានពលីជីវិតដើម្បីឯករាជ្យ និងសេរីភាពរបស់មាតុភូមិ។
បង ថាច់ ឡេយ្វី អនុលេខាសម្ព័ន្ធយុវជនសង្កាត់ង្វៀកហ្វា បានឱ្យដឹង៖ នេះគឺជាសកម្មភាពស្នូលមួយនៅក្នុងក្របខ័ណ្ឌយុទ្ធនាការយុវជនស្ម័គ្រចិត្តនារដូវវិស្សមកាលឆ្នាំ ២០២៦។ ចាប់ពីដើមខែកក្កដាមកទល់ពេលនេះ សម្ព័ន្ធយុវជនសង្កាត់បានចាត់តាំងបើកយុទ្ធនាការចំនួន ៦ លើក ជាមួយនឹងសំណង់ និងការងារជាក់ស្តែងជាច្រើន ផ្សារភ្ជាប់នឹងតម្រូវការរបស់ភូមិភាគ។ ទន្ទឹមនឹងសកម្មភាពធ្វើអនាម័យមណ្ឌលស្តូបរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី សមាជិកសម្ព័ន្ធយុវជន នៅទាំងបានលុបបំបាត់ចំណុចខ្មៅអំពីបរិស្ថាន កសាងទីក្រុងស៊ីវិល័យ ឧបត្ថម្ភការផ្លាស់ប្តូរឌីជីថល និងផ្សព្វផ្សាយកម្មវិធីសុខុមាលភាពសង្គមជាច្រើនទៀត។
តាមប្រសាសន៍ លោក គៀង ថាញយៀង លេខាសាខាបក្សភូមិកោថាប ឱ្យដឹង៖ ដោយអនុវត្តសេចក្តីសម្រេចរបស់សាខាបក្ស ភូមិភាគបានរក្សាសកម្មភាពធ្វើអនាម័យបរិស្ថានជាទៀងទាត់មួយខែម្តង សំដៅរក្សាទិដ្ឋភាព និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន។ ការសហការជាមួយកងកម្លាំងសមាជិកសម្ព័ន្ធយុវជន ក្នុងការចេញទ័ពលើកនេះ មិនត្រឹមតែជួយឱ្យមណ្ឌលរំលឹកវិញ្ញាណក្ខន្ធមានភាពស្រស់ស្អាតជាងមុន ក្នុងឱកាសថ្ងៃទី ២៧/៧ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកអប់រំប្រពៃណីស្នេហាជាតិ ទឹកចិត្តដឹងគុណចំពោះបុព្វបុរស ដល់សមាជិកសម្ព័ន្ធយុវជនទៀតផង។
កាលពីមុន ដើម្បីឆ្លើយតបយុទ្ធនាការយុវជនស្ម័គ្រចិត្តនារដូវវិស្សមកាលឆ្នាំ ២០២៦ សម្ព័ន្ធយុវជនសង្កាត់ង្វៀកហ្វា បានផ្សព្វផ្សាយសកម្មភាពជាក់ស្តែងជាច្រើន។ សមាជិកសម្ព័ន្ធយុវជន និងយុវជនជាង ៣០ នាក់ បានចូលរួមចេញទ័ពលុបបំបាត់ចំណុចខ្មៅអំពីបរិស្ថាន ប្រមូលកាកសំណល់ កាប់ឆ្ការព្រៃស៊ុបទ្រុប តុបតែងដងផ្លូវ និងតំបន់តាំងទីលំនៅ រួមចំណែកកសាងសង្កាត់សម្រេចបទដ្ឋានទីក្រុងស៊ីវិល័យ។
សម្ព័ន្ធយុវជនសង្កាត់ក៏បានអនុវត្ត “ប្រជាសិក្សាឌីជីថល” ឧបត្ថម្ភប្រជាជនក្នុងការប្រើប្រាស់កម្មវិធី VNeID សេវារដ្ឋអនឡាញ និងការទូទាត់មិនប្រើប្រាក់មុខ។ ទន្ទឹមនឹងនោះ ចាត់តាំងផ្តល់ការប្រឹក្សា ឧទ្ទេសនាមការងារធ្វើជូនដល់សមាជិកសម្ព័ន្ធយុវជនចំនួន ១២០ នាក់; ឃោសនាផ្សព្វផ្សាយបង្ការ បង្ក្រាបគ្រឿងញៀន; ជូនអំណោយចំនួន ១៥០ ចំណែក គិតជាតម្លៃសរុប ៣០ លានដុង ដល់សិស្សានុសិស្សដែលមានស្ថានភាពក្រលំបាក តាមរយៈកម្មវិធី "ជំនួយកម្លាំងទៅសាលា"។


សមាជិកសម្ព័ន្ធយុវជនសង្កាត់ង្វៀកហ្វា ចាត់តាំងសកម្មភាព “ប្រជាសិក្សាឌីជីថល” កសាងទីក្រុងស៊ីវិល័យ “ជំនួយកម្លាំងទៅសាលា” និងលុបបំបាត់ចំណុចខ្មៅអំពីបរិស្ថាននៅលើភូមិសាស្រ្តសង្កាត់។
តាមរយៈសកម្មភាពជាក់ស្តែង យុវជនសង្កាត់ង្វៀកហ្វា បន្តពង្រីកតួនាទីឈានមុខក្នុងការការពារបរិស្ថាន កសាងទីក្រុងស៊ីវិល័យ អនុវត្តការផ្លាស់ប្តូរឌីជីថល និងគិតគូរសុខុមាលភាពសង្គម រួមចំណែកកសាងភូមិភាគឱ្យកាន់តែមានភាពស៊ីវិល័យ និងជឿនលឿន៕
ទីទុយ-មេងលី