មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

18/07/2026 - 16:09

ស៊ើង ធី​យីវ - យុវតី​ខ្មែរ​បំ​ផុស​ចំ​ណូល​ចិត្ត​ក្នុង​ការ​ថែ​រក្សា​វប្ប​ធម៌​ជន​ជាតិ​ 

ចេញ​ពី​ចំ​ណង់​ចំ​ណូល​ចិត្ត និង​សេច​ក្តី​ស្រ​ឡាញ់​ចំ​ពោះ​ទឹក​ដម​សម្លេង ចង្វាក់​រាំ និង​ល្ខោន​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ យុវតី ស៊ើង ធី​យីវ នៅ​ភូមិ​ភឿកធ្វឹង ឃុំ​ធ្វឹង​ហ្វា ទី​ក្រុង​កឹង​ធើ បាន​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ និង​ហ្វឹក​ហាត់​ដើម្បី​ក្លាយ​ជា​ស្នូល​ក្នុង​ចលនា​វប្ប​ធម៌ សិល្បៈ​របស់​ភូមិ​ភាគ។ មិន​ត្រឹម​តែ​សម្រេច​បាន​ស្នា​ដៃ​ខ្ពស់ៗ ជា​ច្រើន​នៅ​ក្នុង​ការ​ប្រឡង​មហោស្រព និង​ក្នុង​សមោសរ​ប៉ុណ្ណោះ​ទេ បង​ស្រី នៅ​ទាំង​បាន​បង្កើត​ក្លឹប​វប្ប​ធម៌​សិល្បៈ ដើម្បី​ផ្ទេរ​បន្ត​ដល់​យុវ​ជន​ជំ​នាន់​ក្រោយ រួម​ចំ​ណែក​ថែ​រក្សា និង​សាយ​ភាយ​នូវ​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ទៀត​ផង។

បង​ស្រី ស៊ើង ធី​យីវ ណែ​នាំ​សមា​ជិក​ក្បាច់​រាំ។

កើត​និង​ធំ​ដឹង​ក្តី​ក្នុង​គ្រួ​សារ​កសិ​ករ តាំង​ពី​តូច​បង​ស្រី យីវ តែង​បាន​ឪ​ពុក​ម្តាយ​នាំ​ទៅ​មើល​ល្ខោន​នៅ​តាម​វត្ត​អា​រាម និង​ភូមិ​ស្រុក ដូច្នេះ​ទើប​មាន​ចំ​ណង់​ចំ​ណូល​ចិត្ត​។ ផ្ដើម​ពី​ចិត្ត​ស្រ​ឡាញ់​នោះ ពេល​ត្រ​ឡប់​មក​ផ្ទះ បង​ស្រី យីវ តែង​តែ​ស្វ័យ​ហ្វឹក​ហាត់ និង​សម្តែង​ជូន​ឪ​ពុក​ម្តាយ​មើល ហើយ​នៅ​ពេល​វត្ត​ព្រះ​បួន​ព្រះ​ភ័ក្ត្រ មាន​ចាត់​តាំង​កម្ម​វិធី​វប្ប​ធម៌​សិល្បៈ បង​ស្រី​ក៏​ចូល​រួម​ច្រៀង និង​រាំ។ បង​ស្រី យីវ បាន​រំលឹក​ឱ្យ​ដឹង៖ “កាល​នៅ​ជា​សិស្ស ខ្ញុំ​បាន​ចូល​រួម​យ៉ាង​ស​កម្ម​ក្នុង​ក្រុម​សិល្បៈ​របស់​សា​លា និង​ចំ​ណាយ​ពេល​ជា​ច្រើន​ដើម្បី​ស្វ័យ​សម្តែង រៀន​ច្រៀង និង​រៀន​រាំ​តាម​ទូរ​ទស្សន៍។ ហើយ​នៅ​ពេល​ធំ​ដឹង​ក្តី ខ្ញុំ​កាន់​តែ​ស្រ​ឡាញ់​តម្លៃ​វប្ប​ធម៌ សិល្បៈ ម្ល៉ោះហើយ​ខ្ញុំ​តែង​ចិញ្ចឹម​ក្តី​ស្រមៃ​ចង់​បាន​សម្តែង​នៅ​លើ​ឆាក”។ ចេញ​ពី​ទឹក​ចិត្ត​ស្រ​ឡាញ់ ក្រៅ​ពី​ការ​ស្វ័យ​សិក្សា បង​ស្រី​ក៏​ស្វែង​រក​ជួប​សិល្ប​ករ សិល្ប​ការិនី​ក្នុង​ក្រុម​សិល្បៈ​ខ្មែរ​របស់​ទី​ក្រុង ដើម្បី​រៀន​រាំ និង​ច្រៀង។ ឆ្នាំ ២០១៨ បង​ស្រី ក៏​បាន​ប្រ​មូល​ប្អូនៗ​ជា​ច្រើន​ដែល​មាន​ចិត្ត​ស្រ​ឡាញ់​វប្ប​ធម៌ សិល្បៈ ដើម្បី​បង្កើត​ក្លឹប​វប្ប​ធម៌​សិល្បៈ​វត្ត​ព្រះ​បួន​ព្រះ​ភ័ក្ត្រ ក្លឹប​មាន​សមា​ជិក​ចំ​នួន ៣៥ រូប ដោយ​បង​ស្រី​ធ្វើ​ជា​ប្រ​ធាន និង​ណែ​នាំ​របៀប​រាំ ច្រៀង​។ តាំង​ពី​នោះ ឱ្យ​តែ​ពេល​ណា​ស្រុក​ភូមិ​ចាត់​តាំង​កម្ម​វិធី​សិល្បៈ ឬ​មហោស្រព បង​ស្រី​តែង​តែ​ចុះ​ឈ្មោះ​ចូល​រួម។ ដោយ​មិន​មា​នល​ក្ខណៈ​សិក្សា​រៀន​សូ​ត្រ​ត្រឹម​ត្រូវ បង​ស្រី​ព្យា​យាម​រៀន​សូ​ត្រ​ពី​សិល្ប​ករ​នា​នា​ជំ​នាន់​មុន មើល​ឡើង​វិញ​នូវ​ឈុត​សម្តែង​ផ្សេងៗ ហើយ​ក៏​ស្វ័យ​ហ្វឹក​ហាត់​រាល់​កាយ​វិការ​រាំ និង​តួ​អង្គ​នីមួយៗ​នៅ​លើ​ឆាក​សម្តែង។

ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឥត​ឈប់​ឈរ បង​ស្រី​បាន​ចូល​រួម​ជា​ច្រើន​លើក​នៅ​ក្នុង​ការ​ប្រឡង​មហោ​ស្រព មហោស្រព​សិល្បៈ​មហា​ជន និង​សមោ​សរ​សិល្បៈ​សម្តែង​ល្ខោន​នា​នា តាំង​ពី​ថ្នាក់​ស្រុក ថ្នាក់​ទី​ក្រុង រហូត​ដល់​ថ្នាក់​តំ​បន់ និង​ទទួល​បាន​រង្វាន់​ខ្ពស់ៗ​ជា​ច្រើន។ ពិ​សេស​ គឺ​នៅ​សមោសរ​ចម្រៀង​ប្រ​ជា​ប្រិយ​ខ្មែរ​តំ​បន់​វាល​រាប​ទន្លេ​គីវ​ឡុង លើក​ទី ១ ឆ្នាំ​ ២០១៨ នៅ​ខេត្ត​សុក​ត្រាំង​ចាស់ បច្ចុប្បន្ន​ជា​ទី​ក្រុង​កឹង​ធើ បង​ស្រី យីវ មាន​ភាព​ជឿ​ជាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​សម្តែង។ ដោយ​មាន​ទឹក​ដម​សម្លេង​ដ៏​ពិ​រោះ​រណ្ដំ ទេព​កោស​ល្យស​ម្តែង​ដោយ​ភាព​ជឿ​ជាក់ និង​ទាក់​ទាញ បង​ស្រី បាន​ឈ្នះ​បេក្ខ​ជន​រាប់​រយ​រូប​រួច​ក៏​ដណ្តើ​មបាន​រង្វាន់​លេខ ៣។ បង​ស្រី យី​វ ចែក​រំលែក៖ “នេះ​ជា​លើក​ដំ​បូង​ខ្ញុំ​ជា​មួ​យស​មា​ជិក​ក្លឹប​ចូល​រួម​ប្រ​ឡង ម៉្លោះ​ហើយ​ខ្ញុំ​ក៏​ជ្រើស​រើស​រឿង “ម៉ាក់​ថឺងលក់​ប្រេង​ម្សៅ” ហើយ​ខ្ញុំ​ដើរ​តួ​ឯក។ សម្លៀកបំ​ពាក់​ របាំ​អម​និង​ការ​តុ​បតែង​ខ្លួន គឺ​ខ្ញុំ​ជា​អ្នក​ដឹក​នាំ​រឿង និង​ហៅ​សមា​ជិក​ក្លឹប​មក​ហ្វឹក​ហាត់។ នៅ​ពេល​សម្តែង​ ខ្ញុំ​ខិត​ខំ​បង្ហាញ​ឱ្យ​អស់​ពី​សមត្ថ​ភាព ទើប​តម្រូវ​ចិត្ត​ពី​គណៈ​មេ​ប្រ​យោគ នោះ​ហើយ​ក៏​ជា​កម្លាំង​ជំ​រុញ​ឱ្យ​ខ្ញុំ​កាន់​តែ​មាន​ភាព​ជឿ​ជាក់​ក្នុង​ការ​សម្តែង​ឱ្យ​កាន់​តែ​ច្រើន​ថែម​ទៀត”។

បង​ស្រី ស៊ើង​ ធី​យីវ កំ​ពុង​ស្រាវ​ជ្រាវ​ក្បាច់​រាំ ដើម្បី​ផ្ទេរ​បន្ត​ដល់​សមា​ជិក​ក្នុង​ក្លឹប។

បណ្តា​ស្នា​ដៃ​ទាំង​នោះ មិន​ត្រឹម​តែ​បញ្ជាក់​ពី​ទេព​កោ​សល្យ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ហ្វឹក​ហាត់​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ​នូវ​សម្រស់​វប្ប​ធម៌​ខ្មែរ​ទៅ​កាន់​មហា​ជន​ជា​ច្រើន​ទៀត​ផង។ ដើម្បី​មាន​បទ​ពិសោធន៍​បន្ថែម ឆ្នាំ ២០១៩ បង​ស្រី យីវ ចុះ​ឈ្មោះ​ចូល​រួម​ថ្នាក់​រៀន​របាំ​ប្រ​ពៃ​ណី ដែល​ចាត់​តាំង​ដោយ​មន្ទីរ​វប្ប​ធម៌ កី​ឡា និង​ទេស​ចរណ៍​ខេត្ត​សុក​ត្រាំង​ចាស់ បច្ចុប្បន្ន​ជា​ទី​ក្រុង​កឹង​ធើ។ ក្រៅ​ពី​នោះ បង​ស្រី​នៅ​ទាំង​ស្វែង​យល់​អំ​ពី​កម្ម​វិធី​ឈុត​របាំ​នា​នា ដែល​បង្កើត​ដោយ​សិល្ប​ករ​ប្រ​ជា​ជន ស៊ើង​លឿង និង​សិល្ប​ករ​ឆ្នើម ឡឹម​វិញ​ភឿង ដើម្បី​រៀន​ពី​រាល់​កាយ​វិការ ដៃ​ ជើង​ ស្មា ចង្កេះ និង​កែវ​ភ្នែក រួច​ផ្ទេរ​បន្ត​ដល់​ប្អូន​ៗក្នុង​ក្លឹប។ បង​ស្រី បាន​ឱ្យ​ដឹង​៖ “របាំ​ និង​សម្តែង​ល្ខោន គឺ​សុទ្ធ​តែ​ពិ​បាក​ទាំង​អស់ តម្រូវ​ឱ្យ​មាន​ទេព​កោ​សល្យ និង​ចិត្ត​ស្រ​ឡាញ់​ពិត​ប្រាកដ​ទើប​រៀន​បាន។ ដៃ ជើង និង​រាង​កាយ​ត្រូវ​តែ​ទន់​ភ្លន់ កែវ​ភ្នែក​ត្រូវ​មាន​មន្ត​ស្នេហ៍ រូប​រាង​ត្រូវ​តែ​សម​សួន​ និង​រាំ​ត្រូវ​តែ​ល្វត​ល្វន់​។ បំ​ផុត​គឺ​ការស​ម្តែង​ល្ខោន​ ត្រូវ​តែ​សម្តែង​ទៅ​តាម​សម្លេង​តន្ត្រី និង​តួ​អង្គ​ត្រូវ​មាន​ភាព​បត់​បែន​ក្នុង​ការស​ម្តែង ហើយស​ម្លេង​ច្រៀង សម្តី​និយាយ​ក៏​ត្រូវ​តែ​ជាក់​ច្បាស់​ផង​ដែរ។ ដូច្នេះ​ហើយ មាន​តែ​អ្នក​ដែល​មាន​ចិត្ត​ស្រ​ឡាញ់​ពិត​ប្រា​កដ ទើប​អាច​សម្តែង​បាន​ល្អ។ ខ្លួន​ខ្ញុំ​ផ្ទាល់​មាន​មោទ​នភាព​ណាស់ នៅ​ពេល​មាន​គ្រប់​រាល់​កត្តា ដើម្បី​សម្តែង​ទាំង​ការ​ច្រៀង របាំ និង​សម្តែង​ល្ខោន”។

ដោយ​មាន​ចិត្ត​ស្រ​ឡាញ់ ការ​លះ​បង់ និង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ បង​ស្រី យីវ កំ​ពុង​តែ​ស្ងៀម​ស្ងាត់​បំ​ផុស​ឡើង​នូវ​អណ្តាត​ភ្លើង​នៃ​ក្តី​ស្រ​ឡាញ់​វប្ប​ធម៌​ប្រ​ពៃ​ណី​ក្នុង​ចិត្ត​របស់​យុវ​ជន​ជំ​នាន់​ក្រោយ។ បណ្តា​រង្វាន់​ដែល​បង​ស្រី​សម្រេច​បាន គឺ​ជា​រង្វាន់​កត់​សម្កាល់​ចំ​ពោះ​ទេព​កោស​ល្យ រី​ឯ​ក្លឹប​ដែល​បង​ស្រី​បាន​ផ្តួច​ផ្តើម​ឡើង គឺ​ជា​ភស្តុ​តាង​ដ៏​រស់​រវើក​ចំ​ពោះ​ក្តី​ប្រាថ្នា​ចង់​ថែ​រក្សា និង​ពង្រីក​អត្ត​សញ្ញា​ណ​ជន​ជាតិ​ខ្មែរ​។ ដើម្បី​រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ​ឱ្យ​កាន់​តែ​ទូ​លំ​ទូ​លាយ បង​ស្រី តែង​តែ​ដឹក​នាំ​សមា​ជិក​ក្លឹប​ចូល​រួម​សម្តែង​នៅ​តាម​ការ​ប្រឡង មហោស្រព​នៅ​ខេត្ត ក្រុង​នា​នា​មាន​ដូច​៖ ទី​ក្រុង​ហូជី​មិញ ហា​ណូយ បេន​ត្រែ...។ល។ និង​ទទួល​បាន​រង្វាន់​ខ្ពស់ៗ​ជា​ច្រើន​; ចូល​រួម​សម្តែង​ល្ខោន ដើម្បី​បម្រើ​ជូន​មា​មីង​តាម​ភូមិ​ស្រុក ទី​ក្រុង ក្នុង​ឱ​កាស​ពិ​ធី​បុណ្យ​ទាន​ប្រ​ពៃ​ណី​របស់​ជន​ជាតិ។ ទាំង​ពី​សកម្ម​ភាព​ដ៏​មាន​អត្ថ​ន័យ​ទាំង​នោះ បង​ស្រី កំ​ពុង​រួម​ចំ​ណែក​នាំ​យក​ក្បាច់​រាំ​ប្រ​ពៃ​ណី​ របាំ ល្ខោន​និង​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ឱ្យ​រីក​សាយ​ភាយ​ក្នុង​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ។   ប្អូន ថាច់ ធី​ង៉ុក​ស៊ាង សមា​ជិក​ក្លឹប​បាន​ឱ្យ​ដឹង៖ “ខ្ញុំ​ស្គាល់​បង​ស្រី យីវ តាម​រយៈ​ប៉ុស្តិ៍​ទូរ​ទស្សន៍​ភា​សា​ខ្មែរ​VTV និង​កឹង​ធើ ៣ និង​បណ្តា​ញសង្គម​ហ្វេ​សប៊ុក។ នៅ​ពេល​ប្អូន​បាន​ចូល​រួម​ក្នុង​ក្លឹប​ បង​ស្រី បាន​បង្រៀន​អស់​ពី​ចិត្ត ចាប់​តាំង​ពី​កាយ​វិការ​ដៃ ជើង រហូត​ដល់​ទឹក​មុខ​ឱ្យ​បាន​ត្រឹម​ត្រូវ និង​ត្រូវ​តាម​ចង្វាក់​នៃ​របាំ​ប្រ​ជា​ប្រិយ សិល្បៈ​ល្ខោន របាំ។ ជាង ៨ ឆ្នាំ​ចូល​រួម​ក្នុង​ក្លឹប ប្អូន​ក៏​បាន​ទៅ​សម្តែង​នៅ​ខេត្ត  ក្រុង​ជា​ច្រើន​ក្នុង​ប្រ​ទេស បំ​ផុត​គឺ​បាន​ចូល​រួម​សម្តែង​ក្នុង​កម្ម​វិធី​ផ្សាយ​ផ្ទាល់​លើ​រលក​ធា​តុ​អា​កាស VTV  និង កឹង​ធើ ៣ ប្អូន​មាន​មោទ​នភាព និង​សប្បាយ​រីក​រាយ​ណាស់។ ប្អូន​នឹង​ខិត​ខំ​រួម​ដំ​ណើរ​ជា​មួយ​ក្លឹប ដើម្បី​ផ្ទេរ​បន្ត​អណ្តាត​ភ្លើង​នៃ​ក្តី​ស្រ​ឡាញ់​នេះ​ដល់​ប្អូន​ៗតូចៗ”។ ប្អូន​ ថាច់ ថាញ​ទ្វឹង ឱ្យ​ដឹង​បន្ថែម៖ “ប្អូន​ចូល​រួម​ក្លឹប​តាំង​ពី​ថ្ងៃ​បង្កើត​រហូត​ដល់​ពេល​នេះ​ ម៉្លោះ​ហើយ​ចម្រៀង របាំ​ឆៃ​យុំា លេង​ភ្លេង​ពិណ​ពាទ្យ និង​សម្តែង​ល្ខោន...។ល។ គឺ​ចេះ​ទាំង​អស់​។ បង​ស្រី យីវ គឺ​ជា​អ្នក​ពូ​កែ​ខាង​បង្រៀន​ច្រៀង រាំ ឱ្យ​ប្អូន​ៗឆាប់​យល់ និង​ស្រ​ឡាញ់​ប្អូន​ៗ​ដូច​ជា​កូន​បង្កើត​ក្នុង​គ្រួ​សារ។ ប្អូន​មាន​មោទ​នភាព​ណាស់​ដែល​បាន​ក្លាយ​ជា​សិស្ស​របស់​បង​ស្រី ហើយ​តែង​តែ​រួម​ដំ​ណើរ​ក្នុង​ការ​នាំ​យក​ទឹក​ដម​សម្លេង​ ក្បាច់​រាំ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្មែរ ជូន​ទៅ​ជន​រួម​ជាតិ​ទូ​ទាំង​ប្រ​ទេស”។

តាម​បង​ស្រីយីវ ការ​អភិ​រក្ស​វប្ប​ធម៌​មិន​ត្រឹម​តែ​ឈប់​ត្រឹម​ការ​រក្សា​ទុក​នូវ​តម្លៃ​ចាស់​ៗប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្វី​ដែល​សំ​ខាន់​ជាង​នេះ គឺ​ធ្វើ​ឱ្យ​វប្ប​ធម៌​បន្ត​រស់​ក្នុង​ជីវ​ភាព​សព្វ​ថ្ងៃ បាន​យុវ​វ័យ​ស្រ​ឡាញ់​ពេញ​ចិត្ត អនុ​វត្ត​ផ្ទាល់ និង​មាន​មោទ​នភាព​ក្នុង​ការ​ថែ​រក្សា​ទើប​ល្អ។ នោះ​ក៏​ជា​វិធី​ជាក់​ស្តែង ដើម្បី​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ខ្មែរ បាន​ផ្ទេរ​បន្ត​ពី​ជំ​នាន់​មួយ​ទៅ​ជំ​នាន់​មួយ រួម​ចំ​ណែក​អភិ​រក្ស​បេតិក​ភណ្ឌ​ដ៏​មាន​តម្លៃ​របស់​ជន​ជាតិ និង​ធ្វើ​ឱ្យ​កាន់​តែ​សំ​បូរ​បែប​ថែម​ទៀត​នូវ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​វៀត​ណាម ក្នុង​ដំ​ណាក់​កាល​សមា​ហរ​ណ​កម្ម និង​អភិ​វឌ្ឍន៍។ បង​ស្រី យីវ សំ​ណេះ​សំ​ណាល៖ “សព្វ​ថ្ងៃ​ ខ្ញុំ​មាន​មោទ​នភាព​ណាស់ ដោយ​សម្រេច​ក្តី​ស្រមៃ​គឺ​បង្កើត​បាន​ក្លឹប ដើម្បី​ផ្ទេរ​បន្ត​វប្ប​ធម៌​ជន​ជាតិ​ជូន​ដល់​យុវ​ជន​ជំ​នាន់​ក្រោយ រួម​ចំ​ណែក​ថែ​រក្សា​វប្ប​ធម៌​របស់​ជន​ជាតិ ហើយ​ទាំង​បាន​សម្តែង​ល្ខោន​នៅ​លើ​ឆាក និង​របាំ... ជូន​ដល់​មា​មីង​ខ្មែរ​ទៀត​ផង”៕

                                                                                                         យ្វី​អា​ញ់ - មេ​ងលី​

ចែករំលែកអត្ថបទ