មិនត្រឹមតែយកព្រះទ័យទុកដាក់សិក្សាធម៌វិន័យប៉ុណ្ណោះទេ ព្រះតេជព្រះគុណ ថាច់ង៉ុកភុក នៅទាំងខិតខំព្យាយាមបង្រៀនអក្សរខ្មែរដោយឥតគិតថ្លៃដល់យុវជន - យុវនារីនិងអភិរក្សសិល្បៈគំនូរប្រពៃណីនៅតាមវត្តអារាមទក្ខិណនិកាយខ្មែរទៀតផង។ តាមរយៈការងារដ៏សាមញ្ញ ប៉ុន្តែពេញដោយឆន្ទៈមោះមុត ព្រះសង្ឃវ័យក្មេងអង្គនេះកំពុងរួមចំណែកអភិរក្សភាសា អក្សរ និងតម្លៃវប្បធម៌ប្រកបដោយលក្ខណៈពិសេសរបស់ជនរួមជាតិខ្មែរ។
កើតឆ្នាំ ២០០០ ក្នុងគ្រួសារកសិករខ្មែរមួយនៅភូមិក្អែប ឃុំតឹងអាង ខេត្តវិញឡុង ថាច់ង៉ុកភុក បានឪពុកម្តាយបញ្ជូនឱ្យទៅវត្តសង្វាឫទ្ធិស័ក (ក្អែប) សាងផ្នួសបួសរៀន តាំងពីឆ្នាំ ២០១៦ តាមទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរ។ ចំពោះជនជាតិខ្មែរណាមបូ ការដែលយុវជនចូលវត្តបួសរៀន មិនត្រឹមតែដើម្បីតបស្នងសងគុណឪពុកម្តាយប៉ុណ្ណោះទេ ថែមទាំងជាឱកាសរៀនសូត្រអក្សរខ្មែរ ធម៌វិន័យព្រះពុទ្ធសាសនា និងលត់ដំសីលធម៌មុននឹងឈានចូលក្នុងដំណើរជីវិត។


ព្រះតេជព្រះគុណ ថាច់ង៉ុកភុក បង្ហាត់បង្រៀនអក្សរខ្មែរដល់ប្អូនៗសិស្សានុសិស្ស និងសាមណេរដោយផ្ទាល់នៅវត្តឥដ្ឋ។
ក្រោយពីរយៈពេលបួសរៀននៅវត្តក្អែប ចាប់ពីឆ្នាំ២០១៧ មក ព្រះតេជព្រះគុណ ថាច់ង៉ុកភុក បន្តការសិក្សាកម្មវិធី ខ្មែរ-បាលី តាមវត្តនានាក្នុងខេត្ត។ បន្ទាប់ពីបញ្ចប់កម្មវិធីពុទ្ធិកវិទ្យាល័យ ព្រះអង្គសម្រេចព្រះទ័យគង់នៅវត្តបន្តបួសរៀន ជួយសម្រួលរាល់សកម្មភាពកិច្ចការសាសនា និងចូលរួមបង្ហាត់បង្រៀនអក្សរខ្មែរដល់សមណសិស្ស និងកូនចៅជនរួមជាតិខ្មែរក្នុងភូមិស្រុក។ ចំពោះព្រះអង្គ ការបង្ហាត់បង្រៀនភាសា អក្សរសាស្រ្តជាតិ ក៏ជាវិធីសាស្ត្រមួយដែលអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ។
ចំពោះព្រះតេជព្រះគុណ ថាច់ង៉ុកភុក ការបង្រៀនអក្សរខ្មែរ មិនត្រឹមតែជួយឱ្យប្អូនៗចេះអាន ចេះសរសេរភាសាកំណើតប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ជាតិទៀតផង។ អាស្រ័យហេតុនោះ ក្រៅពីថ្នាក់រៀននៅវត្តក្អែប រៀងរាល់សប្តាហ៍ ព្រះអង្គតែងនិមន្តទៅកាន់វត្តឥដ្ឋ បើកថ្នាក់បង្រៀនអក្សរខ្មែរដោយឥតគិតថ្លៃដល់សិក្ខាកាមប្រមាណ៤០នាក់ ក្នុងនោះមានសាមណេរទើបបួសថ្មី៣អង្គផងដែរ។ ទោះបីផ្លូវធ្វើដំណើរនិមន្តទៅមកឆ្ងាយបន្តិច ប៉ុន្តែព្រះអង្គនៅតែនិមន្តទៅបង្រៀនទៀងទាត់ ដោយបំណងចង់រួមចំណែកអភិរក្សភាសា អក្សរសាស្ត្ររបស់ជនរួមជាតិខ្មែរ។
សាមណេរ ថាច់ង៉ុកយ្វី កំពុងសិក្សានៅវត្តឥដ្ឋ មានថេរដីកា៖ "មុនពេលចូលវត្ត អាត្មាភាពចេះនិយាយតែភាសាខ្មែរប៉ុណ្ណោះ មិនទាន់ចេះអាន ឬសរសេរឡើយ។ ដោយសារលោកគ្រូ ថាច់ង៉ុកភុក អស់ពីព្រះទ័យណែនាំបង្រៀន បង្ហាញតាំងពីអក្សរមួយតួៗឡើងទៅ មកដល់ពេលនេះ អាត្មាភាពអាចអាន និងសរសេរអក្សរខ្មែរបានហើយ។ អាត្មាភាពសប្បាយចិត្តណាស់ពីព្រោះមានឱកាសបានរៀនភាសាកំណើតរបស់ជាតិខ្លួន។ ទៅថ្ងៃអនាគត អាត្មាភាពនឹងបន្តខិតខំរៀនសូត្រឱ្យបានល្អ ដើម្បីអាចនឹងបង្ហាត់បង្រៀនតៗ ដល់សាមណេរនិងកូនចៅជនរួមជាតិខ្មែរ រួមចំណែកអភិរក្សអក្សសាស្រ្តរបស់ជាតិ"។

ព្រះតេជព្រះគុណ ថាច់ង៉ុកភុក កំពុងគូរក្បូរក្បាច់រចនាប្រពៃណីខ្មែរលើសំណង់វត្ត។
ទន្ទឹងនឹងការបង្រៀនអក្សរខ្មែរ ព្រះតេជព្រះគុណ ថាច់ ង៉ុកភុក ក៏បានចំណាយពេលច្រើនស្រាវជ្រាវ និងអនុវត្តសិល្បៈគំនូរប្រពៃណីរបស់ជនរួមជាតិខ្មែរផងដែរ។ ស្នាដៃដែលព្រះអង្គបានគូរសំខាន់គឺគូរលើជញ្ជាំង ក្បូរក្បាច់តុបតែងរានទេវតា ព្រះវិហារ និងផ្នែកតូចៗផ្សេងទៀតក្នុងបរិវេណវត្ត។
ព្រះតេជព្រះគុណ គឹមឡាយ ចៅអធិការវត្តសង្វាឫទ្ធិស័ក(ក្អែប) មានថេរដីកា៖ ព្រះតេជព្រះគុណ ថាច់ ង៉ុកភុក មានទេពកោសល្យខាងគំនូរតាំងពីពេលទើបចូលមកបួសម៉្លេះ។ ដំបូងឡើយ ព្រះអង្គបានសង្កេតមើលក្បូរក្បាច់រចនាប្រពៃណីក្នុងវត្តដោយខ្លួនឯង រួចហើយព្យាយាមហាត់គូរ។ ឆ្លងកាត់រយៈពេលច្រើនឆ្នាំហ្វឹកហាត់ មកដល់ពេលនេះ ព្រះអង្គអាចគូររាល់ក្បូរក្បាច់រចនា គំនូរលើជញ្ជាំង និងផ្នែកសំណង់វិចិត្រសិល្បៈមួយចំនួនទៀត សម្រាប់បម្រើក្នុងវត្តទក្ខិណនិកាយខ្មែរ។
ស្របពេលដែលចង្វាក់នៃការរស់នៅទំនើប ខណៈពេលអភិរក្សភាសា អក្សរ និងតម្លៃវប្បធម៌ប្រពៃណីកំពុងជួបនូវបញ្ហាប្រឈមជាច្រើន ចំពោះយុវជនវ័យក្មេងដូចជាព្រះតេជព្រះគុណ ថាច់ង៉ុកភុក រឹតតែមានតម្លៃគួរកោតសរសើរ។ ការអស់ពីព្រះទ័យរបស់ព្រះអង្គ មិនត្រឹមតែរួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ខ្មែរប៉ុណ្ណោះទេ ថែមទាំងរីកសាយភាយស្មារតីបម្រើសហគមន៍ បន្តប្រពៃណីដ៏ល្អប្រពៃរបស់ព្រះសង្ឃពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ក្នុងការងារអប់រំ អភិរក្សវប្បធម៌ និងរួមដំណើរជាមួយការអភិវឌ្ឍន៍របស់ភូមិភាគ៕
លីសៀ