14/07/2026 - 21:47

ឈាន​ឡើង​ពី​របរ​ចិញ្ចឹម​គោ​ទឹក​ដោះ​ 

តាំង​ពី​គ្រួ​សារ​ដែល​មាន​ដី​ស្រែ​ត្រឹម​តែ​ពីរ​បី​កុង​ប៉ុណ្ណោះ​ ចំ​ណូល​មិន​លំ​នឹង​ ប៉ុន្តែ​បច្ចុប្បន្ន​ គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ មាន​ជីវ​ភាព​ធូរ​ធារ​ ផ្តើម​ពី​របរ​ចិញ្ចឹម​គោ​ទឹក​ដោះ​។ ប្រ​ការ​នេះ​ កាន់​តែ​បញ្ជាក់​ច្បាស់​ថា​ តាម​រយៈ​ការ​ខិត​ខំ​ឧស្សា​ហ៍ព្យា​យាម​ មិន​ខ្លាច​នឿយ​ហត់​ និង​ហ៊ាន​ចំ​ណាយ​ទុន​វិនិយោគ​ចិញ្ចឹម​គោ​ទឹក​ដោះ​ កំ​ពុង​បើក​ទិស​ដៅ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ជួយ​ឱ្យ​ប្រ​ជា​ជន​ខ្មែរ​រាប់​រយ​គ្រួ​សារ​ឈាន​ឡើង​ បន្ថយ​ភាព​ក្រី​ក្រ​ និង​ធ្វើ​មាន​នៅ​លើ​ភូមិ​កំ​ណើត​របស់​ខ្លួន​។

បង​ស្រី​ គី​មធី​សា​រ៉ា​ញ ឈាន​ឡើង​ធូរ​ធារ​ផ្តើម​ពី​របរ​ចិញ្ចឹម​គោ​ទឹក​ដោះ​។

មេឃ​ទើប​តែ​ភ្លឺ​ព្រាលៗ​ គ្រួ​សា​របង​ស្រី​ ថា​ច់ធី​កឹង​ នៅ​ភូមិ​តៃកុង​ ឃុំ​តាយ​វុាំង  បាន​អ៊ូ​អរ​ទៅ​ដោយ​សំឡេង​សើច​ក្អាក​ក្អាយ​ និង​ពន្លឺ​ភ្លើង​ភ្លឺ​ចិញ្ចាច​ពាស​ពេញ​ផ្ទះ​។ អស់​រយៈ​ពេល​ជាង​ ២៣ ឆ្នាំ​កន្លង​មក​នេះ​ ឱ្យ​តែ​ដល់​ម៉ោង​នេះ​ សមា​ជិក​ទាំង​អស់​តែង​តែ​មមាញឹក​នឹង​ការ​ងារ​អនា​ម័យ​ឱ្យ​គោ​ ទ្រុង​ និង​រៀប​ចំ​កន្សែង​ ទឹក​ក្តៅ​ឧណ្ហ​ៗ ដើម្បី​សម្អាត​ដោះ​គោ​មុន​ពេល​ច្រ​បាច់​យក​ទឹក​ដោះ​... ក្រោយ​ពេល​ធ្វើ​អនា​ម័យអស់​រយៈ​ពេល​ជិត​ ៣០ នា​ទី​ សមា​ជិក​ក្នុង​គ្រួ​សា​របង​ស្រី​កឹង​ ចាប់​ផ្តើម​ច្រ​បាច់​យក​ទឹក​ដោះ​។ បង​ស្រី​កឹង​ បាន​រៀប​រាប់​៖ “អា​ស្រ័យ​ចិញ្ចឹម​គោ​ទឹក​ដោះ​ ទើប​គ្រួ​សារ​ខ្ញុំ​មាន​ជីវ​ភាព​ធូរ​ធារ​ដូច​សព្វ​ថ្ងៃ​នេះ​។ ផ្តើម​ពី​គោ​ទឹក​ដោះ​ ខ្ញុំ​បាន​សល់​ប្រាក់​លោះ​ដី​ស្រែ​ ទិញ​ដី​ស្រែ​បន្ថែម​ និង​ចិញ្ចឹម​កូន​ពីរ​នាក់​រៀន​មហា​វិទ្យា​ល័យ​វេជ្ជ​ឱសថ​សាស្ត្រ​។ ជា​ពិ​សេស​ ខ្ញុំ​សង់​បាន​ផ្ទះ​ថ្ម​ដ៏​សម​រម្យ​មួយ​ខ្នង​ មាន​តម្លៃ​ជាង​ ៥០០ លាន​ដុង​”។ តាម​សម្តីបង​ស្រី​កឹង​ ក្នុង​ឆ្នាំ​ ២០០៣ បង​ស្រី​បាន​គម្រោង​ Canada ឧបត្ថម្ភ​ បញ្ជូន​ទៅ​ចូល​រួម​វគ្គ​ហ្វឹក​ហាត់​បច្ចេក​ទេស​ថែ​ទាំ​គោ​ទឹក​ដោះ​ និង​ទៅ​ទស្សន​កិច្ច​នៅ​កសិ​ដ្ឋាន​គោ​ទឹក​ដោះ​ខេត្ត​ប៊ិញយឿង​ (បច្ចុប្បន្ន​ គឺ​ទី​ក្រុង​ហូជី​មិញ​)។ ពេល​បាន​គម្រោង​វាយ​តម្លៃ​សម្រេច​បទ​ដ្ឋាន​ស្តង់​ដារ​អំ​ពី​ទ្រុង​គោ​ និង​ដី​ដាំ​ស្មៅ​ស្រប​តាម​បទ​ប្បញ្ញត្តិ​ បង​ស្រី​ក៏​បាន​ឧបត្ថម្ភ​គោ​ទឹក​ដោះ​ ១ ក្បាល​ទៀត​។ បង​ស្រី​កឹង​ បាន​ឱ្យ​ដឹង​៖ “ក្រោយ​ពេល​ទទួល​គោ​មក​បាន​ប្រហែល​ ៥ ខែ​ គោ​កើត​បាន​កូន​ និង​ចាប់​ផ្តើម​យក​ទឹក​ដោះ​លក់​ឱ្យ​សហ​ករណ៍​ គោ​ទឹក​ដោះ​ Evergrowth។ នា​ពេល​ដំ​បូង​ ទឹក​ដោះ​លក់​បាន​តម្លៃ​ប្រ​មា​ណ​ពី​ ២.៥០០ ដុង​/គី​ឡូ​ក្រាម​ គោ​មួយ​ក្បាល​បាន​ផ្តល់​ទឹក​ដោះ​ជាង​ ២០ គី​ឡូ​ក្រាម​ក្នុង​មួយ​ថ្ងៃ​ ឃើញ​ថា​លក់​មាន​ចំ​ណេញ​ ទើប​ខ្ញុំ​បន្ត​បុល​ទុន​ ទិញ​កូន​គោ​បន្ថែម​មក​ចិញ្ចឹម​។ មាន​ឆ្នាំ​មួយ​ ខ្ញុំ​ចិញ្ចឹម​គោ​ទឹក​ដោះ​ជាង​ ១០ ក្បាល​ រក្សា​ទុក​ពី​ ៣ ទៅ​ ៥ ក្បាល​ផ្តល់​ទឹក​ដោះ​ ដើម្បី​ធា​នា​ប្រាក់​ចំ​ណូល​។ ហេ​តុ​ដូច្នេះ​ ខ្ញុំ​បាន​យក​ដី​ស្រែ​ចំ​នួន​ ៧ កុង​ មក​ដាំ​ស្មៅ​ឱ្យ​គោ​ស៊ី​”។

ចំ​ណែក​បង​ស្រី​ គី​មធី​ង៉ុកទៀង​ នៅ​ឃុំ​លីវ​ទូ​  ក៏​បាន​បង្ហាញ​ស្នាម​ញញឹម​យ៉ាង​ស្រស់​ស្រាយ​នៅ​ពេល​និយាយ​អំ​ពី​គោ​ទឹក​ដោះ​។ បង​ស្រី​ទៀង​ បាន​និយាយ​៖ “អា​ស្រ័យ​មាន​គោ​ទឹក​ដោះ​ ទើប​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​បាន​ធូរ​ធារ​ ហើយ​ខ្ញុំ​សង់​បាន​ផ្ទះ​ថ្ម​ដ៏​សម​រម្យ​ មាន​របស់​របរ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​គ្រប់​សព្វ​ និង​មាន​មធ្យោ​បាយ​សម្រាប់​ធ្វើ​ដំ​ណើរ​ទៅ​មក​”។ តាម​សម្តីរបស់​បង​ស្រី​ទៀង​ ពេល​រៀប​ការ​ ឪ​ពុក​ម្តាយ​ទាំង​សង​ខាង​ចែក​ឱ្យ​ដី​ស្រែ​ ៣ កុង​ ដូច្នេះ​ ប្តីប្រ​ពន្ធ​ត្រូវ​ធ្វើ​ការ​ស៊ី​ឈ្នួល​បន្ថែម​ទើប​គ្រាន់​ដោះ​ស្រាយ​ជីវ​ភាព​។ នៅ​ឆ្នាំ​ ២០១០ បង​ស្រី​ទៀង​ បាន​សមា​គម​នា​រី​ឃុំ​គាំ​ទ្រ​ឱ្យ​បុនទុន​អនុ​គ្រោះ​ ដូច្នេះ​ បង​បាន​ទិញ​គោ​ទឹក​ដោះ​មក​ចិញ្ចឹម​។  ក្រោយ​រយៈ​ពេល​ជាង​ ១ ឆ្នាំ​ គោ​ផ្តល់​ទឹក​ដោះ​លក់​មាន​ចំ​ណេញ​ បង​ស្រី​ក៏​បន្ត​បុល​ទុន​បន្ថែម​ដើម្បី​ទិញ​កូន​គោ​ ២ ក្បាល​ យក​មក​ចិញ្ចឹម​។ ចំ​ពោះ​បង​ស្រី​ទៀង​ ការ​ចិញ្ចឹម​គោ​ បើ​គោ​កើត​បាន​កូន​ញី​ គឺ​ទុក​ចិញ្ចឹម​យក​ទឹក​ដោះ​ ចំ​ណែក​កូន​ឈ្មោល​គឺ​លក់​យក​ប្រាក់​ធ្វើ​ជា​ទុន​។ អស់​រយៈ​ពេល​ជាង​ ១៦ ឆ្នាំ​កន្លង​មក​នេះ​ នៅ​ក្នុង​ទ្រុង​តែង​មាន​គោ​ទឹក​ដោះ​ពី​ ៣ ទៅ​ ៥ ក្បាល​ និង​ធា​នា​មាន​ទឹក​ដោះ​លក់​ប្រ​ចាំ​ឆ្នាំ​។ ដោយ​មាន​ប្រ​ភព​ចំ​ណូល​ស្ថិរ​ភាព​ពី​ទឹក​ដោះ​គោ​ ប្តីរបស់​បង​ស្រី​ទៀង​ បាន​សហ​ករណ៍​បញ្ជូន​ទៅ​ហ្វឹក​ហាត់​ ក៏​បាន​ក្លាយ​ជា​សមា​ជីក​បច្ចេក​ទេស​ និង​មាន​ប្រាក់​ខែ​ជា​ប្រ​ចាំ​។ ចាប់​ពី​ពេល​នោះ​មក​ ប្តីប្រ​ពន្ធ​បង​ស្រី​ទៀង​ មាន​ប្រាក់​ចំ​ណូល​លំ​នឹង​ និង​ជីវ​ភាព​បាន​ធូរ​ធារ​។

ផ្តើម​ពី​គ្រួ​សារ​មួយ​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ មាន​ដី​ស្រែ​ត្រឹម​តែ​ ៧ កុង​ប៉ុណ្ណោះ​ ដូច្នេះ​ ជីវ​ភាព​រស់​នៅ​របស់​ប្តីប្រ​ពន្ធ​បង​ស្រី​ គី​មធី​សា​រ៉ា​ញ នៅ​ភូមិ​ចាក់​ទឹង​ ឃុំ​តៃវុាំង មាន​ភាព​នឿយ​ហត់​ខ្លាំង​ណាស់​ដែរ​។ ក្នុង​ឆ្នាំ​ ២០០៤ បង​ស្រី​សា​រ៉ា​ញ បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គាំ​ទ្រ​ឱ្យ​បុនទុន​ និង​បង្ក​លក្ខ​ណៈឱ្យ​ចូល​រួម​វគ្គ​ហ្វឹក​ហាត់​អំ​ពី​បច្ចេក​ទេស​ចិញ្ចឹម​គោ​ទឹក​ដោះ​ ទើប​សម្រេច​ចិត្ត​ចំ​ណាយ​ទុន​ទិញ​គោ​ ១ ក្បាល​មក​ចិញ្ចឹម​។ គឺ​ដូច្នេះ​ ជា​បន្ត​បន្ទាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ គោ​កើត​កូន​គឺ​ទុក​ចិញ្ចឹម​ យក​ទឹក​ដោះ​លក់​មាន​ប្រាក់​ គឺ​បន្ត​វិនិយោគ​ទិញ​គោ​បន្ថែម​ រហូត​មក​ដល់​បច្ចុប្បន្ន​ មាន​គោ​សរុប​ចំ​នួន​ ១៥ ក្បាល​។ បង​ស្រី​សា​រ៉ា​ញ បាន​រៀប​រាប់​៖ “ការ​ចិញ្ចឹម​គោ​ទឹក​ដោះ​ពិត​ជា​ហត់​នឿយ​បន្តិច​ ប៉ុន្តែ​ ទទួល​បាន​មក​វិញ​នូវ​ប្រាក់​ចំ​ណូល​ជា​ប្រ​ចាំ​ថ្ងៃ​ និង​ប្រាក់​ចំ​ណេញ​បាន​ខ្ពស់​បង្គួរ​។ ការ​ថែ​ទាំ​គោ​ទឹក​ដោះ​ក៏​ងាយ​ស្រួល​ដែរ​ គ្រាន់​តែ​ទ្រុង​ស្អាត​បាត​ ត្រ​ជាក់​ស្រ​ឡះ​ ធ្វើ​អនា​ម័យជា​ប្រ​ចាំ​ ចំ​ណី​អា​ហារ​គ្រប់​គ្រាន់​ និង​ចាក់​ថ្នាំ​បង្ការ​តាម​សេច​ក្តី​កំ​ណត់​ នោះ​សត្វ​គោ​នឹង​ធំ​ធាត់​បាន​ល្អ​ និង​ផ្តល់​ទឹក​ដោះ​បាន​ច្រើន​”។ ផ្តើម​ពី​ការ​ចិញ្ចឹម​គោ​ទឹក​ដោះ​ បង​ស្រី​សា​រ៉ា​ញ ក៏​ទិញ​បាន​ដី​ស្រែ​បន្ថែម​ រហូត​មក​ដល់​ពេល​នេះ​ មាន​ដី​ស្រែ​ជាង​ ៣០ កុង​ និង​សង់​បាន​ផ្ទះ​ថ្ម​ដ៏​សម​រម្យ​មួយ​ខ្នង​។ ដើម្បី​ធា​នា​ប្រ​ភព​ចំ​ណី​សម្រាប់​គោ​ បង​ស្រី​សា​រ៉ា​ញ បាន​ទុក​ដី​ចំ​នួន​ ៨ កុង​ដើម្បី​ដាំ​ស្មៅ​ និង​បោះ​ទុន​ទិញ​ម៉ាស៊ីន​កាត់​ស្មៅ​ ព្រម​ទាំង​ម៉ាស៊ីន​យក​ទឹក​ដោះ​។ បង​ស្រី​សា​រ៉ា​ញ បាន​និយាយ​៖ “ផ្ទះ​មាន​សមា​ជិក​តែ​ ៣ នាក់​ ប៉ុន្តែ​ចិញ្ចឹម​គោ​ទឹក​ដោះ​ច្រើន​ ដូច្នេះ​ ត្រូវ​តែ​វិនិយោគ​ទិញ​ម៉ាស៊ីន​ទើប​ធ្វើ​ទាន់​ពេល​។ បច្ចុប្បន្ន​ ជា​មធ្យម​ភាគ​ក្នុង​មួយ​ថ្ងៃ​ មាន​គោ​ចំ​នួន​ ៦ ក្បាល​ផ្តល់​ទឹក​ដោះ​ យក​បាន​ទឹក​ដោះ​ជាង​ ១០០ លី​ត្រ​ លក់​ក្នុង​តម្លៃ​ ១៣.៥០០ ដុង​/គី​ឡូ​ក្រាម​។ អា​ស្រ័យ​ការ​ចិញ្ចឹម​គោ​ ទើប​គ្រួ​សារ​ខ្ញុំ​បាន​ធូរ​ធារ​ដូច​សព្វ​ថ្ងៃ​នេះ​”។

មា​មីង​មក​លក់​ទឹក​ដោះ​គោ​នៅ​សហ​ករណ៍​គោ​ទឹក​ដោះ​ Evergrowth ។

ផ្តើម​ពី​រឿង​រ៉ាវ​ធ្វើ​មាន​របស់​បង​ស្រី​កឹង​ បង​ស្រី​ទៀង​ និង​បង​ស្រី​សា​រ៉ា​ញ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ ចិញ្ចឹម​គោ​ទឹក​ដោះ​បាន​និង​កំ​ពុង​ក្លាយ​ជា​ទម្រង់​អភិវឌ្ឍ​ន៍ចីរ​ភាព​ មាន​ប្រាក់​ចំ​ណូល​លំ​នឹង​ ជួយ​ឱ្យ​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​ មាន​ជីវ​ភាព​ប្រសើរ​ឡើង​។ អាច​អំ​ណះអំ​ណាង​ថា​ ជា​មួយ​នឹង​គោ​លន​យោ​បាយ​គាំ​ទ្រ​ទាន់​ពេល​វេលា​ និង​ស្មារតី​ប្តេជ្ញា​ចិត្ត​ឈាន​ឡើង​ធ្វើ​មាន​របស់​បណ្តា​គ្រួ​សារ​ខ្មែរ​ របរ​ចិញ្ចឹម​គោ​ទឹក​ដោះ​នឹង​ក្លាយ​ជា​មុខ​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​លំ​នឹង​ លើក​កម្ពស់​ប្រាក់​ចំ​ណូល​ រួម​ចំ​ណែក​កសាង​ទិដ្ឋភាព​ថ្មី​នៅ​តំ​បន់​ជន​បទ​របស់​ជន​រួម​ជាតិ​ខ្មែរ​ទី​ក្រុង​កឹង​ធើ ឱ្យ​កាន់​តែ​អភិវឌ្ឍ​ ស្រស់​បំព្រង​ និង​សម្បូរ​សប្បាយ​ជា​រៀង​រហូត​៕

យ្វី​អាញ​ - ត្រឹង​រ៉ូន​

ចែករំលែកអត្ថបទ