(CTO) - នាថ្ងៃទី ១៣ ខែកក្កដា លោក ត្រឹង វ៉ាំងហ្វៀង អនុលេខាបក្សក្រុងកឹងធើ រួមជាមួយថ្នាក់ដឹកនាំនៃមន្ទីរ ផ្នែក និងភូមិភាគនានា បានចុះពិនិត្យល្បឿនអនុវត្តគម្រោងស្ពាន និងផ្លូវង្វៀងជីថាញ និងតំបន់តាំងទីលំនៅថ្មីសង្កាត់ IV។

កម្មករកំពុងអនុវត្តការងារ ដើម្បីរៀបចំចាក់បេតុងជើងស្ពាន និងផ្លូវង្វៀងជីថាញ នៅទីតាំងក្រោមកិញស្ន។
យោងតាមគណៈគ្រប់គ្រងគម្រោងវិនិយោគកសាងសំណង់ចរាចរណ៍ និងកសិកម្មក្រុងកឹងធើ គម្រោងស្ពាន និងផ្លូវង្វៀងជីថាញ មានទុនវិនិយោគសរុប ១.៦០០ ពាន់លានដុង ដោយមានប្រវែងខ្សែផ្លូវ ៤,៥៦ គីឡូម៉ែត្រ (ចំណុចចាប់ផ្តើមគឺនៅត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ ៦១C ស្ថិតក្នុងសង្កាត់វីថាញ់ និងចំណុចចុងក្រោយតភ្ជាប់ទៅនឹងផ្លូវ ១៩ សីហា ស្ថិតក្នុងសង្កាត់វីតឹង)។ គម្រោងនេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយរំពឹងថានឹងសាងសង់សម្រេចនៅខែមីនា ឆ្នាំ២០២៩។ គិតមកទល់ពេលនេះ ភាគលាភបូកបនែ្ថមតម្លៃអនុវត្តសម្រេចជាង ៥១/៨១២ ពាន់លានដុង ស្មើនឹង ៦,៣% នៃតម្លៃកិច្ចសន្យា។

លោក ត្រឹង វ៉ាំងហ្វៀង អនុលេខាបក្សក្រុងកឹងធើ ជួបសំណេះសំណាល និងចលនាប្រជាជនឆាប់ប្រគល់ផ្ផ្ទៃដី។
គម្រោងនេះមានផ្ទៃដីសរុប ១៦,១ ហិកតា; មានគ្រួសារ បុគ្គល និងអង្គការចំនួន ១០២ ត្រូវរងផលប៉ះពាល់។ មកទល់ពេលនេះ បានអនុម័តសំណងសម្រាប់ករណីទាំង ១០២ នេះ ដោយទឹកប្រាក់ជាង ៨៣ ពាន់លានដុង; និងបានបើកប្រាក់សំណងចំនួន ៨៥/៩៩ គ្រួសារ និងអង្គការចំនួន ៣ ដោយទឹកប្រាក់ជាង ៥៣,៧ ពាន់លានដុង។ ការលំបាកនាពេលបច្ចុប្បន្ន គឺនៅមានបញ្ហាជាប់ជំពាក់នឹងសំណង ការឧបត្ថម្ភនិងការតាំងទីលំនៅថ្មីសម្រាប់ប្រជាជនចំនួន ២ គ្រួសារ; ប្រភពខ្សាច់ និងតម្លៃវត្ថុធាតុដើមមានការកើនឡើងយ៉ាងគំហុកពី ២ ទៅ ២,៥ ដង បើធៀបនឹងតម្លៃដេញថ្លៃ...។

លោក ត្រឹង វ៉ាំងហ្វៀង អនុលេខាបក្សក្រុងកឹងធើ ស្តាប់អង្គភាពសាងសង់រាយការណ៍អំពីល្បឿនអនុវត្ត។
តាមរយៈការពិនិត្យ លោក ត្រឹង វ៉ាំងហ្វៀង បានស្នើឱ្យអង្គភាពនានាប្រមូលផ្តុំកម្លាំងដើម្បីដោះស្រាយការលំបាក ជំរុញឆាប់រហ័សល្បឿនអនុវត្ត ធានាគម្រោងនានានឹងសម្រេចតាមផែនការដែលបានកំណត់។ អង្គភាពនានាត្រូវរៀបចំផែនការជាក់លាក់សម្រាប់ខែនីមួយៗ និងចុះកិច្ចសន្យាច្បាស់លាស់លើអត្រារំសាយទុនដែលសម្រេចបាន។ ម្ចាស់វិនិយោគ និងអង្គភាពសាងសង់ត្រូវកៀរគរជាអតិបរមាកម្លាំងពលកម្ម និងមធ្យោបាយ ឆ្លៀតឱកាសពេលអាកាសធាតុអំណោយផលដើម្បីជំរុញល្បឿនសាងសង់ និងធានាគុណភាពសំណង់។ សមត្ថភាពជាក់ស្តែង និងបរិមាណសំណង់ជារៀងរាល់ខែរបស់អ្នកម៉ៅការ នឹងជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីទីក្រុងពិចារណា និងផ្តល់អាទិភាពជ្រើសរើសសម្រាប់គម្រោងបន្តទៀត។ ទន្ទឹមនឹងនោះ អង្គភាពពាក់ព័ន្ធនានាត្រូវសហការគ្នាយ៉ាងជិតស្និទ្ធ ដោះស្រាយឱ្យដាច់ស្រឡះនូវរាល់ការលំបាក និងបញ្ហាជាប់ជំពាក់ ក្នុងការរំដោះផ្ទៃដី ការឧបត្ថម្ភ និងឧទ្ទេសនាមកន្លែងស្នាក់នៅថ្មីជូនប្រជាជន ដើម្បីឆាប់បានលំនឹងជីវភាព។

លោក ត្រឹង វ៉ាំងហ្វៀង អនុលេខាបក្សក្រុងកឹងធើ ចុះពិនិត្យតំបន់តាំងទីលំនៅថ្មីសង្កាត់ IV (ក្រុងវីថាញ់ ចាស់) បច្ចុប្បន្នជាសង្កាត់ វីតឹង។
ចំពោះតំបន់តាំងទីលំនៅថ្មីសង្កាត់ IV អនុលេខាបក្សក្រុងបានស្នើឱ្យបង្កើនល្បឿនដើម្បីឆាប់បានសម្រេចរួចរាល់។ នេះមិនត្រឹមតែជាដំណោះស្រាយសំខាន់ ធានាសុខុមាលភាពសង្គមសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ពីគម្រោងនានាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រីកលំហអភិវឌ្ឍន៍ទីក្រុង និងបង្កកម្លាំងចលករកំណើនថ្មីសម្រាប់ទីក្រុងក្នុងដំណាក់កាលបន្ទាប់ទៀតផង៕
ម៉ុងត្វង-វ៉ាន់តឹន