ឧបត្ថម្ភរបរចិញ្ចឹមជីវិតផ្សារភ្ជាប់នឹងលក្ខខណ្ឌជាក់ស្តែងរបស់ប្រជាជន កំពុងជាទិសដៅបានសង្កាត់សុកត្រាំង និងឃុំង៉ុកតូ ជ្រើសរើសក្នុងការងារបន្ថយភាពក្រីក្រ។ ទម្រង់ត្បាញកក់ មិនត្រឹមតែបង្កការងារធ្វើនៅនឹងកន្លែងប៉ុណ្ណោះទេ ថែមទាំងបង្កើតរបរចិញ្ចឹមជីវិតស្ថិរភាពជូនប្រជាជន ពិសេសគឺក្នុងពេលទំនេរពីការងារកសិកម្ម។
ដោយលក្ខណៈការងារសាមញ្ញ មិនរើសអាយុ ឬភេទ មុខរបរនេះគឺសមស្របនឹងអ្នកជាច្រើន។ មិនចាំបាច់ត្រូវការទុនវិនិយោគ មាមីងអាចឆ្លៀតពេលទំនេរ យកកម្លាំងពលកម្មធ្វើ ដើម្បីរកប្រាក់ចំណូលបន្ថែម។

ក្រុមសហការត្បាញកក់ កំពុងរួមចំណែកបង្កការងារធ្វើជូនប្រជាជន
នៅសង្កាត់សុកត្រាំង។
ពេលទៅជួបក្រុមសហការត្បាញកក់របស់សមាគមកសិករសង្កាត់សុកត្រាំង យើងខ្ញុំឃើញពលករជាងដប់នាក់កំពុងព្យាយាមត្បាញផលិតផលសិប្បកម្មពីកក់មូល តាមការកុម្ម៉ង់ទិញរបស់អាជីវកម្មជិត ៦ ឆ្នាំមកហើយ។ ទោះបីជាចំណូលមិនទាន់ខ្ពស់ ប៉ុន្តែទម្រង់នេះនៅតែជាមុខរបរចិញ្ចឹមជីវិតដ៏សំខាន់ ជួយឱ្យសមាជិការកបានប្រាក់ចំណូល និងលំនឹងជីវភាព។ បងស្រីត្រឹងង្វៀតហុង សមាជិកក្រុមសហការ បានឱ្យដឹង៖ "ការងារនេះមិនពិបាកពេកទេ គ្រាន់តែបានណែនាំពីរបីថ្ងៃគឺអាចធ្វើបាន។ ទោះជាយ៉ាងណាក៏ដោយ ចំណូលបច្ចុប្បន្ននៅទាប ដោយសារតម្លៃត្បាញឈ្នួលមិនទាន់ខ្ពស់ ផលិតផលមួយទទួលបានតែប្រហែល ១៨.០០០ ដុងប៉ុណ្ណោះ។ រាល់សប្តាហ៍ បើមានពេលទំនេរច្រើន ខ្ញុំធ្វើបានប្រហែល ១៨ ផលិតផល ចំណែកពេលរវល់ការងារផ្ទះ ធ្វើបានត្រឹមតែ ១០ ផលិតផលប៉ុណ្ណោះ។ ទោះបីចំនួនទឹកប្រាក់មិនច្រើន ប៉ុន្តែវាបានជួយសមាជិកដោះស្រាយការចំណាយក្នុងគ្រួសារ"។

ក្រុមសហការត្បាញកក់កនៅភូមិយូថ ឃុំង៉ុកតូ កំពុងរក្សាការត្បាញដោយដៃ។

អ្នកមីងឌៀងធីសឿង (ខាងឆ្វេង) នៅឃុំង៉ុកតូ មានប្រាក់ចំណូលបន្ថែមពីការត្បាញកក់។
ចំពោះអ្នកមីងឌៀងធីសឿង សមាជិកក្រុមសហការត្បាញកក់ នៅភូមិយូថ ឃុំង៉ុកតូ ការងារត្បាញកក់ឈ្នួលនេះ គឺសមស្របនឹងសុខភាពរបស់ខ្លួន ដូច្នេះប៉ុន្មានឆ្នាំមកនេះ អ្នកមីងបានទទួលផលិតផលមកធ្វើនៅផ្ទះ ដោយក្នុងមួយថ្ងៃត្បាញបានប្រហែលពី ២ ដល់ ៣ គ្រឿង អាស្រ័យហេតុនេះ ក្នុងមួយខែរកបានប្រាក់ចំណូលជាង ១ លានដុង ទោះជាចំនួនទឹកប្រាក់មិនច្រើន ប៉ុន្តែគ្រប់គ្រាន់សម្រាប់អ្នកមីងម្ចាស់ការលើការចំណាយក្នុងវ័យជរា។ ជាសមាជិកក្រុមសហការត្បាញកក់ដែរ អ្នកមីង ឡឹមធីណឿង បានចែករំលែក៖ "ការងារមិនពិបាកទេ ប៉ុន្តែទាមទារមានការផ្ចិតផ្ចង់ ពិសេសគឺវគ្គធ្វើមាត់ផលិតផល។ ចំពោះខ្ញុំ ការងារនេះគឺសមស្របណាស់ ព្រោះត្រូវមើលថែចៅតូចៗ។ រាល់ថ្ងៃ ខ្ញុំធ្វើបានប្រហែល ៣ ផលិតផល ថ្ងៃណាដែលរវល់គឺបាន ១ ឬ ២ ផលិតផល ហើយផលិតផលនីមួយៗត្រូវចំណាយពេលប្រហែល ៤ ម៉ោងដើម្បីធ្វើសម្រេច"។
ផ្ដើមពីភាព ងាយស្រួលធ្វើ និងសមស្របជាមួយលក្ខណៈពលកម្មនៅភូមិភាគ មុខរបរត្បាញកក់ បានទាក់ទាញបងប្អូននារីចូលរួមយ៉ាងច្រើន។ "ក្រុមសហការត្បាញកក់របស់សមាគមនារីឃុំង៉ុកតូ បានបង្ហាញមុខកាលពីដើមខែមិថុនា ដោយមានសមាជិក ១៨ នាក់ ដែលភាគច្រើនជានារីនៅភូមិភាគមានអាយុច្រើន ឬមានកូនតូច មិនអាចទៅធ្វើការឆ្ងាយបាន។ ជាមធ្យមរៀងរាល់ថ្ងៃ បងប្អូននារីធ្វើបានពី ២ ទៅ ៣ ផលិតផលប៉ុណ្ណោះ ទទួលបានចំណូលប្រហែល ៦០.០០០ ដុង។ ទោះបីជានៅទាប ប៉ុន្តែចំណុចគួរឱ្យកោតសរសើរ គឺបងប្អូននារីខិតខំធ្វើការ មិនរង់ចាំ ឬពឹងផ្អែកលើអ្នកដទៃឡើយ" - លោកស្រី ត្រឹងហុងនី ប្រធានសមាគមនារីឃុំង៉ុកតូ មានប្រសាសន៍ដូច្នេះ។
ទម្រង់ត្បាញកក់បាននិងកំពុងរួមចំណែកបង្កការងារធ្វើ ជួយដល់សមាជិកា ពិសេសគឺនារីមានអាយុច្រើន និងចិញ្ចឹមកូនតូច នៅសង្កាត់សុកត្រាំង និងឃុំង៉ុកតូ ទីក្រុងកឹងធើ រកបានប្រាក់ចំណូលបន្ថែម។ ការនាំយកមុខរបរចិញ្ចឹមជីវិតមកដល់ផ្ទះ បានចាត់ទុកជាដំណោះស្រាយជាក់ស្តែង ជួយលើកកម្ពស់តម្លៃពលកម្ម បង្កជាមូលដ្ឋានគ្រឹះដើម្បីឱ្យប្រជាជនឈានឡើងបន្ថយភាពក្រីក្រ ជាជំហានៗឆ្លងផុតពីភាពក្រីក្រ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅភូមិភាគ៕
ថាញវ៉ាង - សុផន