យោងតាមសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម បានឱ្យដឹង អាជីវកម្មដែលគ្រប់គ្រងដោយនារីមានចំនួនជិត ២៤% នៃអាជីវកម្មសរុបនៅវៀតណាម។ ក្នុងប៉ុន្មានឆ្នាំកន្លង សហគមន៍អាជីវការិនីវៀតណាមរីកចម្រើនដោយឥតឈប់ឈរទាំងបរិមាណ ទាំងគុណភាព និងឥទ្ធិពល មួយថ្ងៃកាន់តែងអះអាងបាននូវឋានៈ និងតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។
* រួមចំណែកក្នុងការអភិវឌ្ឍរួម
នៅក្នុងព្រឹត្តិការណ៍ “ចងសម្ព័ន្ធពាណិជ្ជកម្ម - ប្រមូលផ្តុំអាជីវការិនី - សាយភាយតម្លៃចីរភាព” ថ្មីៗនេះ លោក វ៉ូវបាភូ ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម បានវាយតម្លៃ៖ តំបន់ភាគអាគ្នេយ៍ និងភាគនិរតី គឺជាតំបន់សម្បូរទៅដោយសក្តានុពល មានទីតាំងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ និងជាកន្លែងប្រមូលផ្តុំនៃអាជីវការិនីសកម្ម ច្នៃប្រតិដ្ឋ និងមានស្មារតីលះបង់ខ្ពស់។ អាជីវការិនីបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យដែលមានសក្តានុពលជាច្រើន មានដូច កសិកម្ម កែច្នៃម្ហូបអាហារ ជលផល ពាណិជ្ជកម្ម សេវាកម្ម ទេសចរណ៍ និងនីហរ័ណ។ អាជីវកម្មជាច្រើនបានជោគជ័យក្នុងការកសាងខ្សែសង្វាក់តម្លៃផ្តើមពីការផលិតរហូតដល់ការប្រើប្រាស់ នាំយកផលិតផលពិសេសរបស់ភូមិភាគទៅកាន់ទីផ្សារក្នុងប្រទេសនិងអន្តរជាតិ។
មិនត្រឹមតែបង្ហាញតាមរយៈលទ្ធផលផលិត និងអាជីវកម្មប៉ុណ្ណោះទេ ការរួមចំណែករបស់អាជីវការិនីថែមទាំងឆ្លុះបញ្ចាំងតាមរយៈតម្លៃសង្គមជាក់ស្តែង ដូចជាការបង្កការងារធ្វើសម្រាប់ពលកររាប់លាននាក់ ជាពិសេសគឺពលការិនី ពលករជនបទ និងក្រុមពលករដែលងាយរងគ្រោះ រួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាជននៅភូមិភាគទៀតផង។
លោកស្រី តាធីធូ ប្រធានសមាគមអាជីវការិនីក្រុងកឹងធើ បានចែករំលែក៖ ទន្ទឹមនឹងភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច សមាគមអាជីវការិនីក្រុងកឹងធើ នៅមានបេសកកម្មមនុស្សធម៌យ៉ាងជ្រាលជ្រៅ គឺការថែទាំនិងចែករំលែកជាមួយសហគមន៍។ សមាគមតែងឧស្សាហ៍សហការជាមួយសមាគមអាជីវការិនីវៀតណាម រណសិរ្សមាតុភូមិ និងសហព័ន្ធសមាគមនារីគ្រប់ថ្នាក់ អនុវត្តកម្មវិធីសុខុមាលភាពសង្គមដែលមានអត្ថន័យជាច្រើន។ តួយ៉ាងដូចជាកម្មវិធី “តភ្ជាប់រង្វង់ដៃនៃក្តីស្រឡាញ់”, “រួមដំណើរជាមួយនារីតំបន់ព្រំដែន”, “ផ្សារទំនើបនៃក្តីស្រឡាញ់ ០ ដុង”... ជាពិសេស សមាគមកំពុងទទួលធ្វើជាម្តាយគាំពារដល់កុមារកំព្រាចំនួន ២១ នាក់ នៅលើភូមិដ្ឋានទីក្រុង។
* ឈ្លាសវៃផ្លាស់ប្តូរដើម្បីសម្របខ្លួន
លោកស្រី ប៊ូយធីហាយអៀង អនុប្រធានសមាគមអាជីវការិនីវៀតណាម បានចែករំលែក៖ ជាមួយស្មារតី “អាជីវការិនីប្រមូលផ្តុំ និងសាយភាយតម្លៃចីរភាព” រំពឹងថាព្រឹត្តិការណ៍នេះមិនត្រឹមតែបង្អង់ត្រឹមការចែករំលែកចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែជាកន្លែងចាប់ផ្តើមសម្រាប់ការដោះដូរជាក់ស្តែង បណ្តាកិច្ចសន្យាចងសម្ព័ន្ធតំបន់ និងចងសម្ព័ន្ធខ្សែសង្វាក់តម្លៃដែលបានចុះហត្ថលេខា។ កម្លាំងរបស់នារីនៅពេលដាក់នៅលើមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចឌីជីថល Logistics ឆ្លាតវៃ និងការស្រុះស្រួលចងសម្ព័ន្ធ នឹងបង្កជាកម្លាំងជម្រុញកំណើនយ៉ាងខ្លាំងក្លា រួមចំណែកដោយផ្ទាល់ដល់គោលដៅវិបុលភាពប្រកបដោយចីរភាពរបស់ប្រទេសជាតិ។

អាជីវកម្មដែលនារីគ្រប់គ្រង ផ្សព្វផ្សាយផលិតផល និងសេវាកម្ម នៅក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍ “ចងសម្ព័ន្ធពាណិជ្ជកម្ម - អាជីវការិនីប្រមូលផ្តុំ - សាយភាយតម្លៃចីរភាព”។
ក្នុងបរិការណ៍បច្ចុប្បន្ន សហគមន៍អាជីវការិនីចាំបាច់បន្តការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់អាជីវកម្មឈរ លើមូលដ្ឋាននៃការផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងការអនុវត្តបច្ចេកវិទ្យា។ លោក វ៉ូវបាភូ បានសង្កត់ធ្ងន់៖ ទីផ្សារមានភាពប្រកួតប្រជែងមួយថ្ងៃកាន់តែខ្លាំងក្លា ឧត្តមភាពលើការចំណាយមិនមែនជាកត្តាសម្រេចតែម៉្យាងទៀតឡើយ។ ផ្ទុយទៅវិញ គឺលើកកម្ពស់កិត្យានុភាពម៉ាកយីហោ គុណភាពផលិតផល សមត្ថភាពផ្លាស់ថ្មី និងតម្លៃខុសប្លែកដែលអាជីវកម្មនាំមក។ ចំពោះផលិតផលពិសេសជាច្រើននៅតំបន់ភាគអាគ្នេយ៍ និងភាគនិរតី កសាងម៉ាកយីហោផ្សារភ្ជាប់ជាមួយតំបន់វត្ថុធាតុដើម វប្បធម៌ភូមិភាគ និងរឿងរ៉ាវផលិតផល បានរួមចំណែកលើកកម្ពស់តម្លៃបន្ថែម និងសមត្ថភាពទៅកាន់ទីផ្សារលំដាប់ខ្ពស់។
ឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី អាជីវកម្មដែលនារីគ្រប់គ្រង ចាំបាច់ត្រូវការទទួលបានការគាំទ្រពីយន្តការ គោលនយោបាយ និងភាពបត់បែនក្នុងការគ្រប់គ្រងរដ្ឋ។ លោក វ៉ឿងក្វឹកណាម អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ បានសង្កត់ធ្ងន់៖ ទីក្រុងតែងយល់ឃើញថា ភាពជោគជ័យរបស់អាជីវកម្មក៏ជាភាពជោគជ័យរបស់ទីក្រុងផងដែរ។ ការរីកចម្រើនរបស់អាជីវកម្មនឹងបង្កការងារបន្ថែម លើកកម្ពស់សមត្ថភាពប្រកួតប្រជែង ពង្រីកប្រភពចំណូល និងបង្កកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់ទីក្រុង។ ក្រុងកឹងធើ សន្យាបន្តកែលម្អយ៉ាងខ្លាំងក្លានូវបរិយាកាសវិនិយោគ និងអាជីវកម្ម ដោះស្រាយការលំបាក បើកផ្លូវប្រភពធនធាន ជំរុញការផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងបង្កគ្រប់លក្ខណៈងាយស្រួល ដើម្បីអាជីវកម្ម ជាពិសេសគឺអាជីវកម្មដែលគ្រប់គ្រងដោយនារី អភិវឌ្ឍប្រកបដោយស្ថិរភាព ចីរភាព និងឈានទៅមុខកាន់តែឆ្ងាយ៕
ម៉ីថាញ - វ៉ាន់តឹន