ឃុំលឿងហ្វា A ស្រុកចូវថាញ់ ខេត្តត្រាវិញ មានប្រជាជន២.៥១៧គ្រួសារ ក្នុងនោះ ជនរួមជាតិខ្មែរស្រូបអត្រាជិត៧៣%។ ការគិតគូរពីជីវភាពជនរួមជាតិខ្មែរអភិវឌ្ឍគ្រប់ជ្រុងជ្រោយ គឺជាភារកិច្ចសំខាន់មួយ ត្រូវបានឃុំយកចិត្តទុកដាក់អនុវត្តយ៉ាងល្អ។
កម្មាភិបាលឃុំលឿងហ្វា A រួមជាមួយនឹងព្រះតេជព្រះគុណ ថាច់ហុង ព្រះចៅអធិការវត្តចុងទ័ព ក្នុងពិធី ប្រគល់ជូនផ្ទះមហាសាមគ្គីដល់គ្រួសារបងថាច់ចៀង។
អនុវត្តសេចក្ដីសម្រេចចិត្តលេខ ០៤/២០២១ / NQ-HĐND របស់ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ ចុះថ្ងៃ១៩/៣/២០២១ ស្ដីពីគោលនយោបាយឧបត្ថម្ភកែលម្អលំនៅឋាន គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រលើភូមិសាស្រ្តខេត្តត្រាវិញ ដំណាក់កាល២០២១ - ២០២៥ គណៈកម្មាធិការប្រជាជនឃុំលឿងហ្វា A បានស្នើឧបត្ថម្ភលំនៅឋានដល់ជនរួមជាតិខ្មែរ៨គ្រួសារ។ គ្រួសារបងស្រីត្រឹងធីធូមិញ (ជនជាតិខ្មែរនៅភូមិហ្វាឡាក A) បានឧបត្ថម្ភសង់ផ្ទះ ម្ល៉ោះហើយមានកម្លាំងចិត្តពលកម្ម ផលិតកសាងជីវភាពកាន់តែធូរធារ។ បងស្រី ត្រឹងធីធូមិញ ឱ្យដឹង៖ “ឆ្នាំ២០២៣ គ្រួសារខ្ញុំបានរដ្ឋឧបត្ថម្ភ៥០លានដុង រួមផ្សំជាមួយនឹងបងប្អូនខ្ញុំជួយបន្ថែម ប្ដីប្រពន្ធខ្ញុំខិតខំសង់បានផ្ទះរឹងមាំ ដោយមិនចំណាយប្រាក់ជួលជាងសាងសង់។ ទន្ទឹមនឹងនោះ គ្រួសារខ្ញុំថែមទាំងបានរដ្ឋឧបត្ថម្ភគោមេមួយក្បាលទៀតផង។ បានរស់នៅក្នុងផ្ទះថ្មី មានគោចិញ្ចឹមសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ គឺជាបំណងប្រាថ្នាដែលប្ដីប្រពន្ធខ្ញុំតែងរំពឹងទុក។ អាស្រ័យបក្សនិងរដ្ឋ ទើបបំណងប្រាថ្នារបស់គ្រួសារខ្ញុំបានក្លាយជាការពិត។ ប្ដីប្រពន្ធខ្ញុំនឹងបន្តថែទាំគោឱ្យបានល្អនិងខិតខំធ្វើការងារ សន្សែសន្សំដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារឱ្យបានលំនឹង”។
ក្រៅពីនោះ នៅដើមឆ្នាំ២០២៤ ឃុំនៅទាំងកៀរគរវត្តចុងទ័ពឧបត្ថម្ភកសាងផ្ទះមហាសាមគ្គី ១ខ្នង ជូនគ្រួសារបងថាច់ចៀង ដែលកំពុងជួបលំបាកខាងលំនៅឋាន នៅភូមិហ្វាឡាក C គិតជាតម្លៃទឹកប្រាក់៥០លានដុង។ បងថាច់ចៀង ចែករំលែក៖ “បានព្រះសង្ឃវត្តចុងទ័ពនិងរដ្ឋអំណាចភូមិភាគឧបត្ថម្ភសង់ផ្ទះមហាសាមគ្គី គ្រួសារខ្ញុំត្រេកអរខ្លាំងណាស់។ ខ្ញុំសូមថ្លែងអំណរគុណដល់គណៈកម្មាធិការបក្ស រដ្ឋអំណាច និងអង្គការមហាជនដែលបានយកចិត្តទុកដាក់ដល់គ្រួសារក្រីក្រ។ ខ្ញុំសន្យានឹងខិតខំប្រកបការងាររកស៊ីដើម្បីឈានឡើងចាកភាពក្រីក្រ”។
លោកវ៉វ៉ាន់ហុក អនុលេខាប្រចាំការ ប្រធានក្រុមប្រឹក្សាប្រជាជនឃុំលឿងហ្វា A ឱ្យដឹង៖ “អាស្រ័យការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីសម្រេចចិត្តលេខ០៤/២០២១/NQ-HĐND របស់ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ បច្ចុប្បន្ន លើភូមិសាស្រ្តឃុំជាសារវន្តគ្មាននៅគ្រួសារលំបាកខាងលំនៅឋានទៀតទេ។ ឃុំកំពុងខិតខំកសាងជាឃុំជនបទថ្មីកម្រិតខ្ពស់នៅចុងឆ្នាំ ២០២៤”៕
សើុងម៉ាល័យ - ថាច់ធី