មកកាន់ភូមិត្រាបេត ឃុំថាមដូង ស្រុកមីស្វៀង ខេត្តសុកត្រាំង សួររកលោកតាំងហ្វាទ្វឹង មាមីងបងប្អូនអ្នកណាក៏ស្គាល់ទាំងអស់។ ពីព្រោះគ្រួសារគាត់គឺជាគ្រួសារគំរូសង្វាតរៀនសូត្រ បានសមាគមជំរុញការសិក្សាមជ្ឈិមជូនប័ណ្ណសរសើរនៅឆ្នាំ ២០២០ ។
លោកតាំងហ្វាទ្វឹង (អ្នកទីពីររាប់ពីស្តាំ) បានលើកសរសើរនិងជូនរង្វាន់។
លោកទ្វឹង គឺជាបុគ្គលិករដ្ឋ។ ចំណែកប្រពន្ធគាត់ជាមេផ្ទះ និងលក់ដូរកំប៉ិកកំប៉ុក ដូច្នេះជីវភាពមានភាពលំនឹងបង្គួរ។ ក្នុងរយៈពេលចិញ្ចឹមកូនទាំង ៤ នាក់រៀនមហាវិទ្យាល័យ គ្រួសារគាត់ក៏ជួបការលំបាកណាស់ដែរ។ ហេតុនោះ ប្ដីប្រពន្ធគាត់តែងប្រិតសំចៃដើម្បីគិតគូរឱ្យកូនៗរៀនសូត្រ។ លោកទ្វឹង ឱ្យដឹង៖ “ខ្ញុំជាបុគ្គលិករដ្ឋ បក្ខជន ដូច្នេះត្រូវធ្វើជាគំរូរាល់ការងារទាំងឡាយ ចាប់ពីសកម្មភាពប្រចាំថ្ងៃរហូតដល់ការហាត់ពត់ លត់ដំសីលធម៌។ ខ្ញុំប្តេជ្ញាចិត្តគិតគូរឱ្យកូនៗរៀនសូត្របានចប់ចុងចប់ដើម”។
ដើម្បីមានស្មារតីក្នុងការរៀនសូត្រ គាត់តែងទូន្មានកូនៗថា "បញ្ញាគឺជាគន្លឹះបើកទ្វារដំណើរជីវិត" ដូច្នេះមានតែការរៀនសូត្រទេអាចក្លាយទៅជាបញ្ញវន្ត។ ដោយបានស្តាប់ដំបូន្មានរបស់ឪពុកម្តាយ កូនគាត់ទាំង ៤ នាក់តែងខិតខំព្យាយាមរៀនសូត្រ ប្រឡងជាប់មហាវិទ្យាល័យជាបន្តបន្ទាប់។ ប្រពន្ធរបស់លោកទ្វឹង ប្រិតសំចៃប្រាក់ចំណេញពីការលក់ដូរដើម្បីជួយប្តីចិញ្ចឹមកូន។ ដោយមើលឃើញពីភាពលំបាកកូនៗរបស់គាត់រៀនបណ្ដើរនិងធ្វើការបណ្ដើរដើម្បីរកប្រាក់បន្ថែម កាត់បន្ថយបន្ទុកឪពុក ម្តាយ។ កូនប្រុសច្បងឈ្មោះតាំងថាញជី ទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកវារីវប្បកម្មពីប្រទេសបែលហ្សិក បច្ចុប្បន្នជាអនុប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកមីស្វៀង។ កូនប្រុសបន្ទាប់ឈ្មោះតាំងថាញញ៉ឹង ទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រដី បច្ចុប្បន្នជាអនុប្រធានការិយាល័យគម្រោង-ផែនការ សាខានាយកដ្ឋានគ្រប់គ្រងដីធ្លីនៃមន្ទីរធនធានធម្មជាតិសុកត្រាំង។ កូនស្រីឈ្មោះ តាំងធីមីយ៉េវ បញ្ចប់ការសិក្សាមហាវិទ្យាល័យគរុកោសល្យ កំពុងបង្រៀននៅអនុវិទ្យាល័យដាយតឹម និងកូនស្រីពៅឈ្មោះតាំងធីមីធ្វី បញ្ចប់ការសិក្សាមហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្ម សព្វថ្ងៃកំពុងធ្វើការនៅក្រុមហ៊ុនភាគហ៊ុនកែច្នៃជលផលអ៊ុកស៊ី។
ប្តីប្រពន្ធលោកទ្វឹង មានមោទនភាពពេលឃើញកូនៗរៀនសូត្របានជោគជ័យ មានការងារធ្វើ និងមានជីវភាពលំនឹង។ ក្ដីរីករាយនិងសុភមង្គលកើនទ្វេដង ក្នុងចំណោមកូន ៤ នាក់ ៣ នាក់ជាបក្ខជន៕
យ៉ីអាញ-ទីទុយ