កើតនិងធំដឹងក្តីក្នុងគ្រួសារកសិករខ្មែរនៅភូមិចុងទង់ ឃុំចូវថាញ់ ខេត្តវិញឡុង អ្នកគ្រូវ័យក្មេង ថាច់ច័ន្ទស្រីធីរ៍ (កើតឆ្នាំ២០០៤) បានដុះគំនិតស្រឡាញ់អក្សរ សាស្ត្រនិងវប្បធម៌ជនជាតិខ្មែរតាំងពីតូចមកម៉្លេះ។ ទោះបីអាយុនៅក្មេង ប៉ុន្តែដោយការអស់ពីចិត្តនិងមានស្មារតីទទួលខុសត្រូវខ្ពស់ អ្នកគ្រូកំពុងរួមចំណែកជារៀងរាល់ថ្ងៃក្នុងការថែរក្សានិងធ្វើឱ្យសាយភាយតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរដល់យុវជនជំនាន់ក្រោយ។

អ្នកគ្រូថាច់ច័ន្ទស្រីធីរ៍។
កាលនៅជាសិស្សសាលា ក្រៅពីរៀនកម្មវិធី ចំណេះទូទៅ ច័ន្ទស្រីធីរ៍ ថែមទាំងចូលរៀនអក្សរខ្មែរនៅតាមវត្តនានាក្នុងខេត្ត។ ក្រោយពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ អ្នកគ្រូបានបន្តសិក្សា កម្មវិធីបាលី - ខ្មែរ ប្រឡងសញ្ញាបត្រពុទ្ធិកវិទ្យាល័យ ឆ្នាំ២០២៣។ ជាមួយនឹងចំណេះជំនាញ រួមផ្សំនឹងចំណូលចិត្តក្នុងការបង្រៀន អ្នកគ្រូបានវត្តអារាមមួយចំនួនក្នុងខេត្តទុកចិត្តអញ្ជើញចូលបង្រៀនអក្សរខ្មែរ ក្នុងនោះ មានវត្តចំប៉ីសោភ័ណ (ត្រោកកើត) និងវត្តពោធិសាលរាជ (កំពង់)។ ច័ន្ទស្រីធីរ៍ ចែករំលែក៖ “កាលពីកុមារ ខ្ញុំក៏បានទៅរៀនអក្សរខ្មែរក្នុងវត្តរដូវវិស្សមកាល។ កាលនោះ ខ្ញុំចិញ្ចឹមក្តីស្រមៃធ្វើជាគ្រូបង្រៀនអក្សរខ្មែរ ដើម្បីផ្ទេរចំណេះដល់ប្អូនៗក្នុងភូមិស្រុក។ ខ្ញុំចង់បានប្អូនៗចេះអាន ចេះសរសេរអក្សរខ្មែរត្រឹមត្រូវ រួមចំណែកអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ខ្មែរ”។
មិនត្រឹមតែចូលរួមបង្រៀនអក្សរខ្មែរនៅតាមវត្តប៉ុណ្ណោះទេ នៅរដូវវិស្សមកាលជារៀងរាល់ឆ្នាំ អ្នកគ្រូក៏បានខ្នះខ្នែងចូលរួមបង្រៀនអក្សរខ្មែរដោយឥតគិតថ្លៃសម្រាប់កុមារ។ ថ្នាក់រៀនទោះបីមានភាពសាមញ្ញ ប៉ុន្តែសូរសំឡេងសិស្សប្រកបអក្សរខ្មែរលាន់ ឮឡើងយ៉ាងកងរំពង។ ជាមួយនឹងការអស់ពីចិត្តរបស់អ្នកគ្រូវ័យក្មេង ប្អូនៗជាច្រើនចេះអាន ចេះសរសេរអក្សរខ្មែរ រួមចំណែកអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ខ្មែរក្នុងសហគមន៍។ ទន្ទឹមនឹងការបង្រៀន ច័ន្ទស្រីធីរ៍ នៅទាំងប្រកបរបរកាត់ដេរសម្លៀកបំពាក់ប្រពៃណីខ្មែរទៀតផង។ តាមប្រសាសន៍អ្នកគ្រូ សព្វថ្ងៃចំនួនអ្នកចេះកាត់ដេរសម្លៀកបំពាក់ខ្មែរកាន់តែតិចទៅៗ ខណៈពេលតម្រូវការប្រើប្រាស់ក្នុងពិធីបុណ្យផ្សេងៗ និងការប្រជុំជីវភាពវប្បធម៌នៅតែមានចំនួនច្រើន។ ហេតុនេះ ក្រៅពីការបង្កប្រភពចំណូលបន្ថែម ដើម្បីជួយសម្រួលដល់គ្រួសារ មុខរបរកាត់ដេរនេះក៏ជាវិធីមួយ ដើម្បីអ្នកគ្រូបានរួមចំណែកថែរក្សាលក្ខណៈវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ជនជាតិខ្មែរ។ ជាមួយនឹងស្មារតីស្រឡាញ់អាជីពនិងមានការទទួលខុសត្រូវចំពោះសហគមន៍ ច័ន្ទស្រីធីរ៍តែងខិតខំប្រឹង ប្រែងអនុវត្តល្អនូវភារកិច្ចដែលប្រគល់ឱ្យ។ ជាមួយនឹងការខ្នះខ្នែងអស់ពីចិត្តក្នុងការបង្រៀនអក្សរខ្មែរ អ្នកគ្រូទទួលបានលិខិតសរសើរនិងប័ណ្ណសរសើរជាច្រើនរបស់វត្ត ព្រមទាំងបានមាមីងនៅភូមិភាគកោតសរសើរនិងស្រឡាញ់រាប់អាន។
ព្រះតេជព្រះគុណ គឹមខេមរា គ្រូប្រចាំថ្នាក់នៅវត្តពោធិសាលរាជ (កំពង់) មានថេរដីកា៖ “ក្រោយពីបញ្ចប់ការសិក្សាថ្នាក់ពុទ្ធិកវិទ្យាល័យ អ្នកគ្រូថាច់ច័ន្ទស្រីធីរ៍ បានគណៈកម្មការនិងព្រះសង្ឃវត្តកំពង់ទៅដល់ផ្ទះអញ្ជើញចូលរួមបង្រៀន។ ទោះបីវ័យនៅក្មេង ប៉ុន្តែអ្នកគ្រូតែងអស់ពីចិត្តនិងមានស្មារតីទទួលខុសត្រូវខ្ពស់ តែងបានសមណសិស្សនិងសិស្សានុសិស្សគោរពស្រឡាញ់។ អ្នកគ្រូជាគំរូគួរកោតសរសើរក្នុងសហគមន៍ខ្មែរ រួមចំណែកយ៉ាងសកម្មក្នុងការរក្សាភាសានិងអក្សររបស់ជនជាតិ”។
ជាមួយនឹងទង្វើដ៏សាមញ្ញ ប៉ុន្តែពោរពេញដោយអត្ថន័យ អ្នកគ្រូថាច់ច័ន្ទស្រីធីរ៍ កំពុងបណ្តុះ“គ្រាប់ពូជ” វប្បធម៌ក្នុងទឹកចិត្តយុវជនជំនាន់ក្រោយ រួមចំណែកអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ខ្មែរក្នុងជីវភាពនាបច្ចុប្បន្ន៕
ទីទុយ-មុនី