តាំងពីគ្រួសារដែលមានដីស្រែត្រឹមតែពីរបីកុងប៉ុណ្ណោះ ចំណូលមិនលំនឹង ប៉ុន្តែបច្ចុប្បន្ន គ្រួសារជនរួមជាតិខ្មែរជាច្រើននៅលើភូមិឋានទីក្រុងកឹងធើ មានជីវភាពធូរធារ ផ្តើមពីរបរចិញ្ចឹមគោទឹកដោះ។ ប្រការនេះ កាន់តែបញ្ជាក់ច្បាស់ថា តាមរយៈការខិតខំឧស្សាហ៍ព្យាយាម មិនខ្លាចនឿយហត់ និងហ៊ានចំណាយទុនវិនិយោគចិញ្ចឹមគោទឹកដោះ កំពុងបើកទិសដៅប្រកបដោយប្រសិទ្ធភាព ជួយឱ្យប្រជាជនខ្មែររាប់រយគ្រួសារឈានឡើង បន្ថយភាពក្រីក្រ និងធ្វើមាននៅលើភូមិកំណើតរបស់ខ្លួន។

បងស្រី គីមធីសារ៉ាញ ឈានឡើងធូរធារផ្តើមពីរបរចិញ្ចឹមគោទឹកដោះ។
មេឃទើបតែភ្លឺព្រាលៗ គ្រួសារបងស្រី ថាច់ធីកឹង នៅភូមិតៃកុង ឃុំតាយវុាំង បានអ៊ូអរទៅដោយសំឡេងសើចក្អាកក្អាយ និងពន្លឺភ្លើងភ្លឺចិញ្ចាចពាសពេញផ្ទះ។ អស់រយៈពេលជាង ២៣ ឆ្នាំកន្លងមកនេះ ឱ្យតែដល់ម៉ោងនេះ សមាជិកទាំងអស់តែងតែមមាញឹកនឹងការងារអនាម័យឱ្យគោ ទ្រុង និងរៀបចំកន្សែង ទឹកក្តៅឧណ្ហៗ ដើម្បីសម្អាតដោះគោមុនពេលច្របាច់យកទឹកដោះ... ក្រោយពេលធ្វើអនាម័យអស់រយៈពេលជិត ៣០ នាទី សមាជិកក្នុងគ្រួសារបងស្រីកឹង ចាប់ផ្តើមច្របាច់យកទឹកដោះ។ បងស្រីកឹង បានរៀបរាប់៖ “អាស្រ័យចិញ្ចឹមគោទឹកដោះ ទើបគ្រួសារខ្ញុំមានជីវភាពធូរធារដូចសព្វថ្ងៃនេះ។ ផ្តើមពីគោទឹកដោះ ខ្ញុំបានសល់ប្រាក់លោះដីស្រែ ទិញដីស្រែបន្ថែម និងចិញ្ចឹមកូនពីរនាក់រៀនមហាវិទ្យាល័យវេជ្ជឱសថសាស្ត្រ។ ជាពិសេស ខ្ញុំសង់បានផ្ទះថ្មដ៏សមរម្យមួយខ្នង មានតម្លៃជាង ៥០០ លានដុង”។ តាមសម្តីបងស្រីកឹង ក្នុងឆ្នាំ ២០០៣ បងស្រីបានគម្រោង Canada ឧបត្ថម្ភ បញ្ជូនទៅចូលរួមវគ្គហ្វឹកហាត់បច្ចេកទេសថែទាំគោទឹកដោះ និងទៅទស្សនកិច្ចនៅកសិដ្ឋានគោទឹកដោះខេត្តប៊ិញយឿង (បច្ចុប្បន្ន គឺទីក្រុងហូជីមិញ)។ ពេលបានគម្រោងវាយតម្លៃសម្រេចបទដ្ឋានស្តង់ដារអំពីទ្រុងគោ និងដីដាំស្មៅស្របតាមបទប្បញ្ញត្តិ បងស្រីក៏បានឧបត្ថម្ភគោទឹកដោះ ១ ក្បាលទៀត។ បងស្រីកឹង បានឱ្យដឹង៖ “ក្រោយពេលទទួលគោមកបានប្រហែល ៥ ខែ គោកើតបានកូន និងចាប់ផ្តើមយកទឹកដោះលក់ឱ្យសហករណ៍ គោទឹកដោះ Evergrowth។ នាពេលដំបូង ទឹកដោះលក់បានតម្លៃប្រមាណពី ២.៥០០ ដុង/គីឡូក្រាម គោមួយក្បាលបានផ្តល់ទឹកដោះជាង ២០ គីឡូក្រាមក្នុងមួយថ្ងៃ ឃើញថាលក់មានចំណេញ ទើបខ្ញុំបន្តបុលទុន ទិញកូនគោបន្ថែមមកចិញ្ចឹម។ មានឆ្នាំមួយ ខ្ញុំចិញ្ចឹមគោទឹកដោះជាង ១០ ក្បាល រក្សាទុកពី ៣ ទៅ ៥ ក្បាលផ្តល់ទឹកដោះ ដើម្បីធានាប្រាក់ចំណូល។ ហេតុដូច្នេះ ខ្ញុំបានយកដីស្រែចំនួន ៧ កុង មកដាំស្មៅឱ្យគោស៊ី”។
ចំណែកបងស្រី គីមធីង៉ុកទៀង នៅឃុំលីវទូ ក៏បានបង្ហាញស្នាមញញឹមយ៉ាងស្រស់ស្រាយនៅពេលនិយាយអំពីគោទឹកដោះ។ បងស្រីទៀង បាននិយាយ៖ “អាស្រ័យមានគោទឹកដោះ ទើបជីវភាពគ្រួសារខ្ញុំបានធូរធារ ហើយខ្ញុំសង់បានផ្ទះថ្មដ៏សមរម្យ មានរបស់របរប្រើប្រាស់ក្នុងផ្ទះគ្រប់សព្វ និងមានមធ្យោបាយសម្រាប់ធ្វើដំណើរទៅមក”។ តាមសម្តីរបស់បងស្រីទៀង ពេលរៀបការ ឪពុកម្តាយទាំងសងខាងចែកឱ្យដីស្រែ ៣ កុង ដូច្នេះ ប្តីប្រពន្ធត្រូវធ្វើការស៊ីឈ្នួលបន្ថែមទើបគ្រាន់ដោះស្រាយជីវភាព។ នៅឆ្នាំ ២០១០ បងស្រីទៀង បានសមាគមនារីឃុំគាំទ្រឱ្យបុនទុនអនុគ្រោះ ដូច្នេះ បងបានទិញគោទឹកដោះមកចិញ្ចឹម។ ក្រោយរយៈពេលជាង ១ ឆ្នាំ គោផ្តល់ទឹកដោះលក់មានចំណេញ បងស្រីក៏បន្តបុលទុនបន្ថែមដើម្បីទិញកូនគោ ២ ក្បាល យកមកចិញ្ចឹម។ ចំពោះបងស្រីទៀង ការចិញ្ចឹមគោ បើគោកើតបានកូនញី គឺទុកចិញ្ចឹមយកទឹកដោះ ចំណែកកូនឈ្មោលគឺលក់យកប្រាក់ធ្វើជាទុន។ អស់រយៈពេលជាង ១៦ ឆ្នាំកន្លងមកនេះ នៅក្នុងទ្រុងតែងមានគោទឹកដោះពី ៣ ទៅ ៥ ក្បាល និងធានាមានទឹកដោះលក់ប្រចាំឆ្នាំ។ ដោយមានប្រភពចំណូលស្ថិរភាពពីទឹកដោះគោ ប្តីរបស់បងស្រីទៀង បានសហករណ៍បញ្ជូនទៅហ្វឹកហាត់ ក៏បានក្លាយជាសមាជីកបច្ចេកទេស និងមានប្រាក់ខែជាប្រចាំ។ ចាប់ពីពេលនោះមក ប្តីប្រពន្ធបងស្រីទៀង មានប្រាក់ចំណូលលំនឹង និងជីវភាពបានធូរធារ។
ផ្តើមពីគ្រួសារមួយដែលមានស្ថានភាពលំបាក មានដីស្រែត្រឹមតែ ៧ កុងប៉ុណ្ណោះ ដូច្នេះ ជីវភាពរស់នៅរបស់ប្តីប្រពន្ធបងស្រី គីមធីសារ៉ាញ នៅភូមិចាក់ទឹង ឃុំតៃវុាំង មានភាពនឿយហត់ខ្លាំងណាស់ដែរ។ ក្នុងឆ្នាំ ២០០៤ បងស្រីសារ៉ាញ បានរដ្ឋអំណាចភូមិភាគគាំទ្រឱ្យបុនទុន និងបង្កលក្ខណៈឱ្យចូលរួមវគ្គហ្វឹកហាត់អំពីបច្ចេកទេសចិញ្ចឹមគោទឹកដោះ ទើបសម្រេចចិត្តចំណាយទុនទិញគោ ១ ក្បាលមកចិញ្ចឹម។ គឺដូច្នេះ ជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ គោកើតកូនគឺទុកចិញ្ចឹម យកទឹកដោះលក់មានប្រាក់ គឺបន្តវិនិយោគទិញគោបន្ថែម រហូតមកដល់បច្ចុប្បន្ន មានគោសរុបចំនួន ១៥ ក្បាល។ បងស្រីសារ៉ាញ បានរៀបរាប់៖ “ការចិញ្ចឹមគោទឹកដោះពិតជាហត់នឿយបន្តិច ប៉ុន្តែ ទទួលបានមកវិញនូវប្រាក់ចំណូលជាប្រចាំថ្ងៃ និងប្រាក់ចំណេញបានខ្ពស់បង្គួរ។ ការថែទាំគោទឹកដោះក៏ងាយស្រួលដែរ គ្រាន់តែទ្រុងស្អាតបាត ត្រជាក់ស្រឡះ ធ្វើអនាម័យជាប្រចាំ ចំណីអាហារគ្រប់គ្រាន់ និងចាក់ថ្នាំបង្ការតាមសេចក្តីកំណត់ នោះសត្វគោនឹងធំធាត់បានល្អ និងផ្តល់ទឹកដោះបានច្រើន”។ ផ្តើមពីការចិញ្ចឹមគោទឹកដោះ បងស្រីសារ៉ាញ ក៏ទិញបានដីស្រែបន្ថែម រហូតមកដល់ពេលនេះ មានដីស្រែជាង ៣០ កុង និងសង់បានផ្ទះថ្មដ៏សមរម្យមួយខ្នង។ ដើម្បីធានាប្រភពចំណីសម្រាប់គោ បងស្រីសារ៉ាញ បានទុកដីចំនួន ៨ កុងដើម្បីដាំស្មៅ និងបោះទុនទិញម៉ាស៊ីនកាត់ស្មៅ ព្រមទាំងម៉ាស៊ីនយកទឹកដោះ។ បងស្រីសារ៉ាញ បាននិយាយ៖ “ផ្ទះមានសមាជិកតែ ៣ នាក់ ប៉ុន្តែចិញ្ចឹមគោទឹកដោះច្រើន ដូច្នេះ ត្រូវតែវិនិយោគទិញម៉ាស៊ីនទើបធ្វើទាន់ពេល។ បច្ចុប្បន្ន ជាមធ្យមភាគក្នុងមួយថ្ងៃ មានគោចំនួន ៦ ក្បាលផ្តល់ទឹកដោះ យកបានទឹកដោះជាង ១០០ លីត្រ លក់ក្នុងតម្លៃ ១៣.៥០០ ដុង/គីឡូក្រាម។ អាស្រ័យការចិញ្ចឹមគោ ទើបគ្រួសារខ្ញុំបានធូរធារដូចសព្វថ្ងៃនេះ”។

មាមីងមកលក់ទឹកដោះគោនៅសហករណ៍គោទឹកដោះ Evergrowth ។
ផ្តើមពីរឿងរ៉ាវធ្វើមានរបស់បងស្រីកឹង បងស្រីទៀង និងបងស្រីសារ៉ាញ បានបង្ហាញឱ្យឃើញថា ចិញ្ចឹមគោទឹកដោះបាននិងកំពុងក្លាយជាទម្រង់អភិវឌ្ឍន៍ចីរភាព មានប្រាក់ចំណូលលំនឹង ជួយឱ្យគ្រួសារខ្មែរក្រីក្រ មានជីវភាពប្រសើរឡើង។ អាចអំណះអំណាងថា ជាមួយនឹងគោលនយោបាយគាំទ្រទាន់ពេលវេលា និងស្មារតីប្តេជ្ញាចិត្តឈានឡើងធ្វើមានរបស់បណ្តាគ្រួសារខ្មែរ របរចិញ្ចឹមគោទឹកដោះនឹងក្លាយជាមុខរបររកស៊ីចិញ្ចឹមជីវិតលំនឹង លើកកម្ពស់ប្រាក់ចំណូល រួមចំណែកកសាងទិដ្ឋភាពថ្មីនៅតំបន់ជនបទរបស់ជនរួមជាតិខ្មែរទីក្រុងកឹងធើ ឱ្យកាន់តែអភិវឌ្ឍ ស្រស់បំព្រង និងសម្បូរសប្បាយជារៀងរហូត៕
យ្វីអាញ - ត្រឹងរ៉ូន