ថ្ងៃទី១៣ ខែកក្កដា គណៈចង្អុលការចំនួនប្រជាជន និងការអភិវឌ្ឍន៍ទីក្រុងកឹងធើ បានចាត់តាំងសន្និបាតផ្ទាល់និងតាមប្រព័ន្ធអនឡាញ ដើម្បីបូកសរុបយុទ្ធនាការផ្សព្វផ្សាយព័ត៌មានចំនួនប្រជាជន ឆ្នាំ២០២៥ និងផ្សព្វផ្សាយយុទ្ធនាការឆ្នាំ២០២៦ ព្រមទាំងបូកសរុបលទ្ធផលការងារចំនួនប្រជាជន-សង្គម៦ខែដើមឆ្នាំ និងបូកសរុបចលនាប្រឡងប្រណាំងក្នុងការបើកប្រាក់ឧបត្ថម្ភ និងចូលនិវត្តន៍សង្គមដោយមិនប្រើប្រាក់។
នៅក្នុងសន្និបាតនេះ លោកស្រី វ៉ធីហ្វាងឡង- ប្រធានសាខានាយកដ្ឋានចំនួនប្រជាជន-សង្គមទីក្រុងកឹងធើបានឲ្យដឹងថា យុទ្ធនាការធំៗទាំង២រួមមាន៖ យុទ្ធនាការផ្សព្វផ្សាយចលនាឲ្យមានកូនត្រឹមតែ២នាក់ និងយុទ្ធនាការបំផុសចលនាប្រឡងប្រណាំងក្នុងការបើកប្រាក់ឧបត្ថម្ភសុខុមាលភាពសង្គមដោយមិនប្រើប្រាក់ឆ្នាំ២០២៦ នឹងត្រូវអនុវត្តព្រមៗគ្នានៅតាមបណ្តាឃុំ សង្កាត់ និងទីប្រជុំជនទាំង១០០% រយៈពេល ៣ខែ ចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ដាច់ខែកញ្ញា ឆ្នាំ២០២៦។

យុទ្ធនាការចំនួនប្រជាជន គឺផ្តោតសំខាន់លើប្តីប្រពន្ធក្នុងវ័យកើតកូន យុវវ័យ
យុវជនដែលត្រៀមរៀបការ និងអ្នកវ័យចាស់ជរា។
ក្នុងពេលនោះ ចលនាប្រឡងប្រណាំងក្នុងការបើកប្រាក់ឧបត្ថម្ភដោយមិនប្រើប្រាក់ គឺតម្រង់ឆ្ពោះទៅរកអ្នកដែលកំពុងទទួលបានប្រាក់ឧបត្ថម្ភគាំពារសង្គម និងប្រាក់ចូលនិវត្តន៍សង្គមប្រចាំខែដោយផ្ទាល់។
ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលទីក្រុង ជូនប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើដល់គ្រួសារដែលបានកើតកូនពីរសុទ្ធតែស្រី។
ដើម្បីឱ្យយុទ្ធនាការនានាសម្រេចបានប្រសិទ្ធភាព ថ្នាក់ដឹកនាំនៃសាខានាយកដ្ឋានចំនួនប្រជាជន-សង្គម បានសំណូមពរមានការធ្វើពិពិធកម្មនូវរាល់ដំណោះស្រាយ ដោយរួមបញ្ចូលគ្នាយ៉ាងបត់បែនរវាងការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយមហាជន និងការផ្សព្វផ្សាយផ្ទាល់។
នៅថ្នាក់មូលដ្ឋានដំណាក់សុខាភិបាលឃុំ-សង្កាត់ ទទួលខុសត្រូវក្នុងការធ្វើសេនាធិការចម្បងសម្រាប់យុទ្ធនាការចំនួនប្រជាជន ដោយឡែក ចំពោះផែនការប្រឡងប្រណាំងការទូទាត់មិនប្រើប្រាក់ គឺត្រូវប្រ គល់ជូនផ្នែកវប្បធម៌-សង្គមថ្នាក់ឃុំ-សង្កាត់ ជាអ្នកដឹកនាំធ្វើជាសេនាធិការ។
សាស្ត្រាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិតហ្វាងក្វឹកគឿង-នាយកមន្ទីរសុខាភិបាលនិងជាអនុប្រធានប្រចាំការនៃគណៈចង្អុលការចំនួនប្រជាជន និងការអភិវឌ្ឍន៍ទីក្រុង សំណូមពរឱ្យបណ្តាអង្គភាពនានា ប្រមូលផ្តុំលើ ការពិភាក្សា ដោះស្រាយរាល់ការលំបាក និងដកស្រង់បទពិសោធន៍តាមរយៈភារកិច្ចសំខាន់ៗ។
ជាបឋម គឺទិសដៅលើកកម្ពស់គុណភាពចំនួនប្រជាជន តាមរយៈការចែករំលែកបទពិសោធន៍ក្នុងការចលនាទម្រង់គ្រួសារដែលមានកូនត្រឹមតែ២នាក់ ថែទាំសុខភាពយុវវ័យ ស្វែងរកដំណោះស្រាយលោតផ្លោះដើម្បីបង្កើនអត្រាកំណើត ព្រមទាំងលើកកម្ពស់គុណភាពរូបរាងកាយ និងបញ្ញាស្មារតីរបស់ប្រជាជន។
បញ្ហាដែលត្រូវពិភាក្សា គឺការជម្រុញការផ្លាស់ប្តូរឌីជីថល និងការបន្តពង្រីកទម្រង់ដែលមានប្រសិទ្ធភាព ដើម្បីសម្រេចបានឆាប់រហ័សនូវកម្រិតផែនការនៃការទូទាត់ប្រាក់ឧបត្ថម្ភដោយមិនប្រើប្រាក់ ឯកភាពនិងស្តង់ដារមូលដ្ឋានទិន្នន័យជាតិស្តីពីចំនួនប្រជាជន និងដោះស្រាយការលំបាកក្នុងការបង្កើតសំណុំឯកសារសុខភាពអេឡិចត្រូនិក ជូនប្រជាជន។
បញ្ហាមួយទៀត គឺការកែលម្អរចនាសម្ព័ន្ធប្រព័ន្ធគ្រប់គ្រងរដ្ឋ ការវាយតម្លៃ និងធ្វើឱ្យសុក្រឹតយន្តការសហការអន្តរផ្នែកបន្ទាប់ពីការផ្ទេរដំណាក់សុខាភិបាលឱ្យក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការប្រជាជនឃុំ-សង្កាត់។
ក្នុងឱកាសនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើបានជូនប័ណ្ណសរសើរដល់សមូហភាព និងបុគ្គលជាច្រើនរូបដែលមានស្នាដៃឆ្នើម។ ក្នុងនោះ មានគ្រួសារចំនួន៣៤ដែលកើតកូនពីរសុទ្ធតែស្រីត្រូវបានស្ងើចសរសើរ ដោយសារការអនុវត្តបានល្អនូវគោលនយោបាយចំនួនប្រជាជន ចិញ្ចឹមកូនឱ្យមានសុខភាពល្អ និងប្រដៅកូនឱ្យមានរបៀបរៀប រយល្អ សមូហភាពចំនួន១០ ដែលសម្រេចបានស្នាដៃឆ្នើមក្នុងយុទ្ធនាការឃោសនាចលនាក្នុងការសម្រាលកូន និងលើកកម្ពស់គុណភាពចំនួនប្រជាជនឆ្នាំ២០២៥ និងសមូហភាពចំនួន១៥ ដែលមានការរួមចំណែកយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងបំផុសចលនាអនុវត្តការទូទាត់ប្រាក់គាំពារសង្គម និងប្រាក់ចូលនិវត្តន៍សង្គមដោយមិនប្រើប្រាក់នៅលើភូមិឋាន៕
ធូសឿង-ដាលីន