នារសៀលថ្ងៃទី ៦ ខែកក្កដា មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ក្រុងកឹងធើ បានរៀបចំកិច្ចប្រជុំ និងពិភាក្សាអំពីការអភិវឌ្ឍវិស័យទេសចរណ៍ក្រុងកឹងធើក្នុងស្ថានភាពថ្មី; អំណរអនុស្សាវរីយ៍ ៦៦ ឆ្នាំ ទិវាទេសចរណ៍វៀតណាម (៩/៧/១៩៦០ - ៩/៧/២០២៦)។
លោក ត្រឹងវ៉ាំងហ្វៀង អនុលេខាបក្សក្រុង; លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ; ជាមួយនឹងថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែក និងអាជីវកម្មទេសចរណ៍នានាបានអញ្ជើញចូលរួមផងដែរ។

ថ្នាក់ដឹកនាំទីក្រុងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ។
កិច្ចប្រជុំនេះ គឺជាឱកាសមួយដើម្បីរំលឹកឡើងវិញនូវប្រពៃណី កត់សម្គាល់ និងដឹងគុណចំពោះការរួមចំណែករបស់កម្មាភិបាល អាជីវកម្ម និងអ្នកធ្វើការក្នុងវិស័យទេសចរណ៍ ចំពោះការអភិវឌ្ឍន៍របស់វិស័យនេះ។ ទន្ទឹមនឹងនោះ នេះក៏ជាវេទិកាមួយសម្រាប់ស្ថាប័នគ្រប់គ្រង អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងអាជីវកម្ម រួមគ្នារមិលមកវិញនូវឪកាស និងការប្រឈមនានា ចែករំលែកបទពិសោធន៍ និងស្នើឡើងនូវដំណោះស្រាយជាក់ស្តែង សំដៅបង្កកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍របស់ទីក្រុងក្នុងដំណាក់កាលខាងមុខ។
ក្រោយពីរយៈពេល ៦៦ ឆ្នាំ កកើតនិងអភិវឌ្ឍន៍ វិស័យទេសចរណ៍វៀតណាមបានជម្នះការលំបាកជាច្រើន បោះជំហានរឹងមាំក្នុងសម័យសមាហរណកម្ម ស្តារឡើងវិញ និងកំណើនយ៉ាងខ្លាំងក្លាក្រោយវិបត្តិជំងឺរាតត្បាត។ ដោយឡែកសម្រាប់ក្រុងកឹងធើ ក្រោយពីការរួមបញ្ចូលព្រំប្រទល់រដ្ឋបាល លំហទេសចរណ៍របស់ក្រុងកឹងធើ បានបើកទូលាយ ធនធានទេសចរណ៍មានសក្តានុពលជាច្រើន អភិវឌ្ឍន៍សម្បូរបែបប្រភេទទេសចរណ៍ ដូចជា៖ ទេសចរណ៍ទឹកទន្លេ អេកូឡូស៊ី ប្រវត្តិសាស្ត្រ-វប្បធម៌ ជំនឿសាសនា សមុទ្រ កសិកម្ម ថែទាំសុខភាព និងទេសចរណ៍សហគមន៍...។ នេះជាឱកាសមួយសម្រាប់ទេសចរណ៍ក្រុងកឹងធើ កសាងផលិតផលទេសចរណ៍ថ្មីៗ មានលក្ខណៈប្លែកពីគេ និងមានភាពប្រកួតប្រជែងខ្ពស់។
ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ ក្រុងកឹងធើបានទទួលភ្ញៀវទេសចរជាង ៧,៥ លាននាក់ ក្នុងនោះភ្ញៀវស្នាក់នៅមានចំនួនជាង ២,៨ លាននាក់។ ចំណូលសរុបសម្រេចជាង ៦.៦០០ ពាន់លានដុង។ ថ្វីដ្បិតតែដូច្នោះ វិស័យទេសចរណ៍របស់ទីក្រុងនៅមានការលំបាក និងចំណុចស្ទះជាច្រើន។ ក្នុងនោះ មានបញ្ហាអំពីហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ផលិតផលទេសចរណ៍ គម្រោងវិនិយោគទេសចរណ៍ ការតភ្ជាប់ និងប្រភពធនធានមនុស្សក្នុងវិស័យទេសចរណ៍...។

លោក ត្រឹងវ៉ាំងហ្វៀង (កណ្តាល) អនុលេខាបក្សក្រុង ស្ដាប់អាជីវកម្មទេសចរណ៍ចែករំលែក និងស្នើអំពី សកម្មភាពទេសចរណ៍។
នៅក្នុងកិច្ចប្រជុំនេះ អ្នកតំណាងទាំងឡាយបានលើកឡើងនូវសំណើ និងដំណោះស្រាយជាច្រើនអំពីការកសាង និងរៀបចំរចនាសម្ព័ន្ធផលិតផលទេសចរណ៍ឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ យន្តការនិងគោលនយោបាយវិនិយោគ បណ្តុះបណ្តាលប្រភពធនធានមនុស្សគុណភាពខ្ពស់ ផ្លាស់ប្តូរឌីជីថល ផ្លូវហោះហើរ និងយន្តការសហការរវាងរដ្ឋ និងឯកជន... ដើម្បីជួយបង្កើនរយៈពេលស្នាក់នៅ បង្កើនការចំណាយ និងទាក់ទាញភ្ញៀវទេសចរឱ្យត្រឡប់មកកឹងធើវិញ។
ថ្លែងមតិក្នុងកិច្ចប្រជុំ លោក ត្រឹងវ៉ាំងហ្វៀង បានមានប្រសាសន៍ថា ទីក្រុងកំពុងត្រួតពិនិត្យឡើងវិញនូវសក្តានុពលទេសចរណ៍ទាំងអស់ ដើម្បីមានគម្រោងផែនការយុទ្ធសាស្ត្រទេសចរណ៍ក្រុងកឹងធើក្នុងដំណាក់កាលថ្មី។ នៅក្នុងគម្រោងនេះ នឹងមានអនុគម្រោងវិនិយោគលើវិស័យជាច្រើន ដើម្បីមានការអភិវឌ្ឍន៍ព្រមៗគ្នាអំពីហេដ្ឋារចនាសម្ព័ន្ធ ផលិតផល បុគ្គលិក សំដៅឆ្ពោះទៅរកការកំណត់ម៉ាកសញ្ញាទេសចរណ៍ក្រុងកឹងធើថ្មី ជាមួយនឹងអត្តសញ្ញាណប្លែកពីគេ។
ទីក្រុងនឹងផ្តោតលើការកសាង និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ពិសេស មានលក្ខណៈខុសប្លែក ប្រកបដោយអត្តសញ្ញាណវប្បធម៌តំបន់ទន្លេទឹក ផ្តល់អាទិភាពអភិវឌ្ឍន៍បណ្តុំទេសចរណ៍មជ្ឈមណ្ឌលតាមបណ្តោយទន្លេហូវ ប្រព័ន្ធកោះនានានៅលើទន្លេអូសបន្លាយរហូតដល់សមុទ្រ។ ទន្ទឹមនឹងនោះ ទីក្រុងក៏បានពិនិត្យ កសាងគោលនយោបាយ និងយន្តការនានាដើម្បីទាក់ទាញវិនិយោគ ជាពិសេសគឺអ្នកវិនិយោគយុទ្ធសាស្ត្រ និងសម្ព័ន្ធក្រុមហ៊ុនធំៗ ឱ្យចូលរួមវិនិយោគលើគម្រោងទេសចរណ៍នានា៕
អាយឡាម-វ៉ាន់តឹន