28/06/2026 - 18:20

ក្តីរីករាយនៅចម្ការដំណាំរួមផ្សំរបស់កសិករខ្មែរ 

ប៉ុន្មានថ្ងៃនេះ នៅតាមចម្ការដំណាំរួមផ្សំលូតលាស់ស្រស់បៃតងរបស់កសិករខ្មែរនៅឃុំញ៉ូយ៉ា ទីក្រុងកឹងធើ សំណើចក្អាកក្អាយលាយឡំនឹងបរិយាកាសប្រមូលផលយ៉ាងមមាញឹក។ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈកាលជាច្រើនខែមក កសិករក៏បានប្រមូលផលដោយដំណាំសម្រេចបានទិន្នផលខ្ពស់ លក់បានថ្លៃ ផ្តល់ប្រាក់ចំណូលខ្ពស់បង្គួរ។

តាមសមាគមកសិករឃុំញ៉ូយ៉ា ផ្ទៃដីដំណាំលើភូមិឋានមានប្រមាណជាង១.៣០០ហិកតា ក្នុងនោះ មានប្រភេទដំណាំជាច្រើន ដូច៖ ម្រះ គូឆាយ ខ្ទឹមស្លឹក ត្រសក់ ស្ពៃផ្កា។ល។ ឆ្នាំនេះ ដោយសារអាកាសធាតុអំណោយផល ដូច្នេះ កសិករដាំដំណាំបានផលកាកកប់ លក់បានថ្លៃ។ បច្ចុប្បន្ន ឈ្មួញប្រមូលទិញក្នុងតម្លៃពី៧.០០០ដុង ដល់ ៣០.០០០ដុងក្នុងមួយគីឡូក្រាម(យោងទៅតាមប្រភេទបន្លែ) ដូច្នេះ ធានាថាកសិករនឹងរកបានប្រាក់ចំណេញគ្រាន់បើ។

បងស្រីទ្រឿងង៉ុកទ័រ កំពុងប្រមូលផលម្រះ។ 

តាំងពីព្រឹកព្រលឹម មានកសិករខ្មែរជាច្រើននៅភូមិព្រែកឈ្វេង ឃុំញ៉ូយ៉ា មានមុខនៅចម្ការដើម្បីប្រមូលផលយកទៅលក់ដល់ឈ្មួញឱ្យបានទាន់ពេល។ បរិយាកាសពលកម្មយ៉ាងសស្រាក់សស្រាំ ប៉ុន្តែមាមីងអ្នកណាក៏មានភាពសប្បាយរីករាយ ពីព្រោះ ប្រសិទ្ធភាពរដូវដំណាំឆ្នាំនេះបានផលលើសពីការរំពឹងទុក។ គ្រួសារបងស្រីទ្រឿងង៉ុកទ័រ គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារខ្មែរដាំដំណាំម្រះ រកបានប្រាក់ចំណេញខ្ពស់បង្គួរ។ បងស្រីទ័រ ឱ្យដឹង៖"ប៉ុន្មានឆ្នាំមុននៅរដូវនេះ ខ្ញុំច្រើនតែដាំត្រសក់ ប៉ុន្តែឆ្នាំនេះ បង្វែមកដាំម្រះលើផ្ទៃដី១,៥កុង ដោយប្រើផ្ទាំងគម្របកសិកម្ម ដំឡើងប្រព័ន្ធស្រោចស្រពទឹកក្បាលបាញ់ផ្សែងក្រូច ទើបដំណាំម្រះទទួលបានទិន្នផលកាកកប់។ ឆ្នាំនេះ អាកាសធាតុអំណោយផល ភ្លៀងតិចដូច្នេះម្រះលូតលាស់ល្អ ផ្លែស្អាត តិចមានជំងឺនិងសត្វល្អិតបំផ្លាញ ទិន្នផលខ្ពស់ លក់បានតម្លៃខ្ពស់បង្គួរ បើប្រៀបធៀបនឹងរដូវដំណាំពីឆ្នាំកន្លង។ ជាមួយនឹងផ្ទៃដីដាំម្រះ១,៥កុង ប្រមូលផលពី៤០០គីឡូក្រាមដល់៧០០គីឡូក្រាមក្នុងមួយលើក(រយៈពេល៣ថ្ងៃប្រមូលផលម្តង) លក់ក្នុងតម្លៃពី​១០.០០០​ដល់១២.០០០ដុងក្នុងគីឡូក្រាម។ បច្ចុប្បន្ន ខ្ញុំប្រមូលផលបាន១២លើក បន្ទាប់ពីទូទាត់ចំណាយ នៅចំណេញជាង១៥០លានដុង"។ តាមសម្តីបងស្រីទ័រ ម្រះដាំរយៈពេល៤០ថ្ងៃបានប្រមូលផល។ ក្នុងរយៈពេលប្រមូលផល ប្រសិនបើដាក់ជី DAP, NPK បានគ្រប់គ្រាន់និងឧស្សាហ៍បាញ់ថ្នាំបំប៉ន ម្រះនឹងលូតលាស់ល្អ ប្រមូលផលអូសបន្លាយបានប្រហែល១៥លើក។

មិនខុសអ្វីពីបងស្រីទ័រ បងកុងថាញ់ នៅភូមិព្រែកឈ្វេង ក៏រំភើបចិត្តព្រោះដំណាំបានផលកាកកប់ លក់បានថ្លៃ។ជាមួយនឹងផ្ទៃដីដាំដំណាំ៨កុង បងថាញ់ ដាំដំណាំគ្រប់ប្រភេទ រួមមាន៖ ម្រះ គូឆាយ ពោតបារាំង ខ្ទឹមស្លឹក ប្រមូលផលជាបន្តបន្ទាប់ ម៉្លោះហើយ រកបានប្រាក់ចំណេញខ្ពស់បង្គួរ។ បងថាញ់ ឱ្យដឹង៖"ក្នុង៨កុងដី ខ្ញុំដាំម្រះ៣កុង គូឆាយ១,៥កុង ខ្ទឹមស្លឹក១,៥កុង ពោតបារាំង២កុង លក់ផ្កាគូឆាយតម្លៃ៣០.០០០ដុងក្នុងមួយគីឡូក្រាម ខ្ទឹមស្លឹក២០.០០០ដុងក្នុងមួយគីឡូក្រាម ម្រះតម្លៃពី៧.០០០ដល់១២.០០០ដុងក្នុងមួយគីឡូក្រាម ចំណែកពោតបារាំងប្រមូលផលរាល់ថ្ងៃ លក់ក្នុងតម្លៃ១០.០០០ដុងក្នុងមួយគីឡូក្រាម។ ក្នុងដំណាក់ការដាំដំណាំ ខ្ញុំតែងអនុវត្តបច្ចេកវិទ្យាស្រោចស្រពទឹកក្បាលបាញ់ផ្សែងក្រូចនិងគ្របផ្ទាំងគម្របកសិកម្ម ទើបសន្សំសំចៃចំណាយ កម្លាំងថែទាំ ដំណាំលូតលាស់ល្អ។ មកទល់ពេលនេះ ខ្ញុំបានប្រមូលផលម្រះនិងខ្ទឹមស្លឹកជាស្រេច នៅតែផ្កាគូឆាយនិងពោតបារាំងទើបប្រមូលផលបានជាង១ខែ បន្ទាប់ទូទាត់ចំណាយ នៅចំណេញបានជាង១៥០លានដុង។ ចំណែករដូវដំណាំពីមុន ខ្ញុំដាំខ្ទឹមស្លឹកបានផលកាកកប់ លក់បានថ្លៃ បន្ទាប់ទូទាត់ចំណាយ នៅចំណេញជាង២០០លានដុង។ ដោយសារដាំដំណាំ ទើបគ្រួសារខ្ញុំមានជីវភាពធូរធារដូចសព្វថ្ងៃ"។ តាមសម្តីបងថាញ់ ការដាំដំណាំ ទោះបីមានការហត់នឿយ ប៉ុន្តែ ដំណាំបានផលកាកកប់ លក់បានថ្លៃ ចំណេញលើសច្រើនដងបើប្រៀបនឹងធ្វើស្រែ។ អស់រយៈកាលជាង២០ឆ្នាំដាំដំណាំ គ្រួសារបងថាញ់ សន្សំសំចៃសង់បានផ្ទះឥដ្ឋមានភាពសមរម្យ និងក្លាយជាគ្រួសារមានជីវភាពធូរធារនៅភូមិភាគ។

កសិករខ្មែរនៅឃុំញ៉ូយ៉ាសប្បាយរីករាយព្រោះដាំដំណាំបានផលកាកកប់ លក់បានថ្លៃ។

មិនត្រឹមតែគ្រួសារបងស្រីទ័រ បងថាញ់និងគ្រួសារខ្មែរជាច្រើនដែលដាំដំណាំនៅភូមិឋាន​ឃុំញ៉ូយ៉ា ក៏មានភាពសប្បាយរីករាយ។ តាមប្រសាសន៍អ្នកស្រី ង្វៀងហុងក្វាង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ប្រធានសមាគមកសិករឃុំញ៉ូយ៉ា អ្វីដែលគួរឱ្យរីករាយ មិនត្រឹមតែទិន្នផលកើនឡើងប៉ុណ្ណោះទេ ទីផ្សារច្រកចេញផលិតផលកសិផលរបស់មាមីងលើភូមិឋានឃុំក៏មានភាពលំនឹង។ ដោយសារនៅលើភូមិឋានឃុំ ឈ្មួញប្រមូលទិញដំណាំក្នុងបរិមាណច្រើន ដូច្នេះ ប្រមូលទិញផលិតផលទាំងអស់ ធ្វើឱ្យកសិករស្ងប់អារម្មណ៍ពលកម្មផលិត។ ការផ្លាស់ប្តូរលើចម្ការដំណាំរបស់មាមីងខ្មែរនាបច្ចុប្បន្ន បានបង្ហាញឱ្យឃើញពីស្មារតីជម្នះលំបាក ខំប្រឹងធ្វើការរកស៊ីរបស់ជនរួមជាតិខ្មែរក្នុងការអភិ​វឌ្ឍសេដ្ឋកិច្ចគ្រួសារ។ គ្រួសារប្រជាជនជាច្រើនពីមុនគ្រប់ហូប ឥឡូវ ផ្តើមពីការដាំដំណាំសន្សំសំចៃដើមទុន សង់បានផ្ទះសម្បែងសមរម្យ មានមធ្យោបាយប្រើប្រាស់គ្រប់គ្រាន់និងម៉ាស៊ីនបម្រើការផលិត។ ចំពោះមាមីងខ្មែក្រោយពីរដូវដំណាំបានផលកាកកប់ មិនត្រឹមតែនាំមកអត្ថន័យខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងផ្តល់ទំនុកចិត្តនិងកម្លាំងចិត្តដើម្បីផ្សារភ្ជាប់នឹងកិច្ចការស្រែចម្ការបន្តទៀត។

វាលស្រែដាំម្រះ គូឆាយ ខ្ទឹមស្លឹក ពោតបារាំង។ល។ លូតលាស់ខៀវខ្ចីនាបច្ចុប្បន្ន កំពុងបើកនូវការរំពឹងទុកអំពីជីវភាពកាន់តែរីកចម្រើនរបស់ជនរួមជាតិខ្មែរនៅឃុំញ៉ូយ៉ា។ ផ្តើមពីការឧស្សាហ៍ព្យាយាម អនុវត្តវិទ្យាសាស្ត្របច្ចេកទេស បង្វែររចនាសម្ព័ន្ធពូជដំណាំក្នុងការផលិត កសិករខ្មែរកំពុងជាជំហានៗឈានឡើងធ្វើមាននៅលើផ្ទៃដីរបស់ស្រុកកំណើត រួមចំណែកកសាងជនបទញ៉ូយ៉ានិយាយដោយឡែក ទីក្រុងកឹងធើនិយាយរួម កាន់តែរីកចម្រើននិងស្រស់បំព្រងពីមួយថ្ងៃទៅមួយថ្ងៃ៕

យ្វីអាញ-មុនី

ចែករំលែកអត្ថបទ