ផ្តើមពីរបរសិប្បកម្មដូចត្បាញកន្រ្តក ត្បាញត្រកៀតប៉ោង មានបងប្អូននារីខ្មែរជាច្រើនលើភូមិឋានទីក្រុងកឹងធើ មានការងារធ្វើ បង្កើនប្រាក់ចំណូលនិងលំនឹងជីវភាព។ ការងារនេះបានបង្ហាញឱ្យឃើញពីប្រសិទ្ធភាពនៃទម្រង់បង្កើតមុខរបរចិញ្ចឹមជីវិតនៅតំបន់ជនជាតិភាគតិច។

របរសិប្បកម្មបង្កើតការងារធ្វើជូនបងប្អូននារីខ្មែរ។
នៅភូមិដើមពោធិ៍ ឃុំត្រឹងដេ បងស្រីគឹមធីឡាង ជានារីខ្មែរបានផ្សារភ្ជាប់ជាមួយនឹងរបរត្បាញកន្រ្តកយូរឆ្នាំមកហើយ។ បងស្រីបានចូលរៀនវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពី ១០ ឆ្នាំមុន ដំបូងត្បាញសម្រាប់ប្រើក្នុងគ្រួសារ ក្រោយមកអ្នកជិតខាងឃើញផលិតផលនេះស្អាត រឹងមាំល្អ ក៏នាំគ្នាទិញយកទៅប្រើ។ តាមបងស្រីឡាង កន្រ្តកមួយអាចត្បាញប្រហែលពី ១ - ២ ម៉ោងទើបហើយទៅតាមខ្នាតតូចធំ លក់ក្នុងតម្លៃពី ២៥.០០០ - ១០០.០០០ ដុងតាមទំហំតូចធំ។ ក្រោយពីផាត់ទាត់រួច បងស្រីឡាង អាចរកបានប្រាក់ចំណូលប្រមាណ ១០០.០០០ ដុងក្នុងមួយថ្ងៃ។
“ពេលធ្វើការងារផ្ទះរួចរាល់ ទំនេរខ្ញុំក៏ឆ្លៀតត្បាញ។ ត្បាញកន្រ្តកមិនត្រឹមតែមានថ្វីដៃប៉ិនប្រសប់ប៉ុណ្ណោះទេ ថែមទាំងទាមទារត្រូវមានការព្យាយាម ផ្ចិតផ្ចង់តាំងពីសរសៃជ័រនីមួយៗត្បាញចូលគ្នាបានទៅជាកន្រ្តកមួនមាំ ស្អាត” បងស្រីឡាងបានឱ្យដឹងដូច្នេះ។
មុននេះបងស្រី ធីគឹមហ្វៀង នៅភូមិង៉ាបាក់ ឃុំសាភៀងគ្មានការងារធ្វើលំនឹង ប្រាក់ចំណូលមិនទៀងទាត់។ ក្រោយពីបានសមាគមនារីឃុំចលនាចូលរួមថ្នាក់បង្រៀនរបរ បងស្រីចាប់ផ្តើមផ្សារភ្ជាប់ជាមួយរបរត្បាញត្រកៀតប៉ោងហើយជីវភាពគ្រួសារតែងបានលំនឹងជាបណ្តើរៗ។
អាស្រ័យបានក្រុមសហករណ៍ហៀងងឹង ឃុំសាភៀងផ្គត់ផ្គង់វត្ថុធាតុដើម និងប្រមូលទិញផលិតផល មានច្រកចេញលំនឹង បងហ្វៀង អាចរកបានប្រាក់ចំណូលពី ៧០.០០០ - ១២០.០០០ ដុងក្នុងមួយថ្ងៃ។ បងហ្វៀង ឱ្យដឹង៖ “ត្បាញត្រកៀតប៉ោងងាយស្រួលណាស់ ឆ្លៀតពេលទំនេរក៏អាចធ្វើបាន ថែមទាំងមិនបារម្ភពីការរកច្រកចេញ ដូច្នេះខ្ញុំតែងខិតខំផ្សារភ្ជាប់នឹងរបរនេះឱ្យបានយូរអង្វែង”។ ផ្ដើមពីទម្រង់នេះ បងស្រីនៅទាំងណែនាំបងប្អូននារីក្នុងភូមិជាច្រើនរូបទៀតចូលរួម ដើម្បីបង្កើតការងារធ្វើនៅហ្នឹងកន្លែង។
បងស្រីត្រឹងធីអ៊ុក ប្រធានសមាគមសហព័ន្ធនារីឃុំសាភៀង ឱ្យដឹង៖ “ក្រោយពីរួមបញ្ចូល បច្ចុប្បន្ន សមាគមសហព័ន្ធនារីឃុំសាភៀង មានសមាជិក ៦.៦០០រូប។ ចំពោះសមាជិកខ្មែរ សមាគមតែងយកចិត្តទុកដាក់បណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្កើតមុខរបរចិញ្ចឹមជីវិតនិងសហការក្នុងការលក់ផលិតផល ជួយបងប្អូននារីបង្កើនប្រាក់ចំណូល ជឿជាក់ឈានឡើងក្នុងជីវភាព។ ពិសេសរបរតម្បាញសិប្បកម្មនេះ សមស្របជាមួយបងប្អូននារី ពីព្រោះអាចធ្វើក្នុងពេលទំនេរបាន ហើយនាំមកនូវប្រាក់ចំណូលលំនឹង។ ដោយឆន្ទៈនិងការច្នៃប្រតិដ្ឋ របរតម្បាញសិប្បកម្មនេះបានក្លាយជាគោលដៅសមស្រប ជួយបងប្អូននារីខ្មែរជឿជាក់ក្នុងពលកម្មផលិតនិងគិតគូរសេដ្ឋកិច្ចគ្រួសារ”៕
ហុងទើ-ដាលីន