ចំពោះជនរួមជាតិខ្មែរ វត្តអារាមមិនត្រឹមតែជាកន្លែងសម្រាប់បួសរៀននិងធ្វើបុណ្យទានប៉ុណ្ណោះទេ នៅទាំងជា “ថ្នាល” សម្រាប់បណ្តុះបណ្តាលបញ្ញវន្ត រួមចំណែកក្នុងការអភិរក្សភាសា អក្សរសាស្ត្រនិងអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរ។ ភ្ជាប់ជាមួយនឹងតួនាទីនេះ គឺការយកចិត្តទុកដាក់របស់គណៈអាចារ្យបង្រៀន ក្នុងនោះ លេចធ្លោបំផុតគឺព្រះតេជព្រះគុណគឹមហ្វា គង់នៅវត្តសំរោងឯក សង្កាត់ង្វៀកហ្វា អស់រយៈពេលជាច្រើនឆ្នាំ ព្រះអង្គបានយកព្រះទ័យដាក់ក្នុងការបង្រៀនអក្សរខ្មែរនិងផ្ដល់ចំណេះដឹងដល់ព្រះសង្ឃនិងយុវជនខ្មែរជំនាន់ក្រោយ។

ព្រះតេជព្រះគុណគឹមហ្វា គ្រូអចិន្ត្រៃយ៍ថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ៣ វត្តសំរោងឯក។
កើតនៅឆ្នាំ ១៩៩២ ក្នុងគ្រួសារខ្មែរ នៅអនុសង្កាត់ទី១៣ សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង។ នៅឆ្នាំ ២០១៧ ព្រះតេជព្រះគុណគឹមហ្វា ចូលសាងផ្នួសនៅវត្តសំរោងឯក។ ក្នុងដំណាក់ការបួសរៀន ព្រះតេជព្រះគុណ គឹមហ្វា មានស្មារតីភ្ញាក់រលឹកក្នុងការសិក្សា ស្រឡាញ់អក្សរសាស្ត្រខ្មែរ។ ក្រោយពីបញ្ចប់ការសិក្សានៅសាលាមធ្យមសិក្សាបាលី-ខ្មែរខេត្តត្រាវិញ ព្រះអង្គបានសម្រេចចិត្តគង់នៅវត្តសំរោងឯក ដើម្បីជួយបង្រៀនអក្សរខ្មែរដល់ព្រះសង្ឃនិងកូនចៅមាមីងពុទ្ធបរិស័ទនៅក្នុងចំណុះជើងវត្ត។ ព្រះតេជព្រះគុណហ្វា មានថេរដីកា៖ “អាត្មាភាពគ្រាន់តែចង់ឱ្យក្មួយៗចេះអាន ចេះសរសេរអក្សរខ្មែរបានត្រឹមត្រូវ យល់ដឹងពីទំនៀមទម្លាប់និងសីលធម៌សង្គម”។ ដោយការយកព្រះទ័យទុកដាក់របស់ព្រះអង្គ ទើបមានសិស្សជាច្រើនអង្គនិងរូប មានភាពជឿនលឿនក្នុងការសិក្សាគួរឱ្យកត់សម្គាល់។ សាមណេរ ថាច់សុើងខាញ់ហ្វី នៅវត្តសំរោងឯក និងកំពុងសិក្សានៅសាលាមធ្យមសិក្សាបាលី-ខ្មែរខេត្តត្រាវិញ មានថេរដីកា៖ “កាលទើបបួស អាត្មាមិនចេះអក្សរខ្មែរ ដូច្នេះ ត្រូវរៀនបន្ថែមនៅពេលយប់។ ដោយបានព្រះគ្រូគឹមហ្វាជួយណែនាំដោយអស់ពីចិត្ត ទើបអាត្មាចេះអាន ចេះសរសេរអក្សរខ្មែរបានត្រឹមត្រូវ។
តាមថេរដីការបស់ព្រះតេជព្រះគុណ គឹមវឹង នៅវត្តសំរោងឯក វត្តតែងមានបើកថ្នាក់បង្រៀនអក្សរខ្មែរនៅរដូវវិស្សមកាល ទាក់ទាញសិស្សជាកូនចៅជនរួមជាតិខ្មែរនៅតាមភូមិក្នុងចំណុះជើងវត្តចូលរៀនកុះករ។ ក្រៅពីនោះ ពេលយប់វត្តក៏មានបើកថ្នាក់រៀន ចាប់ពីម៉ោង១៨ដល់ម៉ោង១៩ សម្រាប់ប្អូនៗដែលជាប់រៀនភាសាវៀតណាមនៅពេលថ្ងៃ។ ទន្ទឹមនឹងនោះ ជារៀងរាល់ឆ្នាំ វត្តសំរោងឯក នៅទាំងបើកថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី៣ ដោយបានព្រះតេជព្រះគុណគឹមហ្វា ប្រចាំអចិន្ត្រៃយ៍។
មិនត្រឹមតែបង្រៀននៅវត្តសំរោងឯកប៉ុណ្ណោះទេ ព្រះតេជព្រះគុណគឹមហ្វា ក៏បាននិមន្តទៅបង្រៀនអក្សរខ្មែរដល់ព្រះសង្ឃនិងកូនចៅមាមីងខ្មែរនៅវត្តជិតខាង ក្នុងនោះមានវត្តចម្បាអង្គជ័យ (ចម្ការ) ជាដើម។ ដោយមានស្មារតីទទួលខុសត្រូវនិងមានវិធីសាស្ត្របង្រៀនងាយយល់ ហេតុនេះ វិញ្ញាសាដែលព្រះអង្គបង្ហាត់បង្រៀនសម្រេចបានលទ្ធផលល្អ បង្កឱ្យមានការចលនារៀនអក្សរខ្មែរយ៉ាងផុលផុសក្នុងសហគមន៍។
ដោយការរួមចំណែកជាក់ស្តែងក្នុងការអប់រំ អភិរក្សភាសា អក្សរសាស្ត្រនិងការពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ ព្រះតេជព្រះគុណគឹមហ្វា មានកិត្តិយសបានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិសង្កាត់ត្រាវិញ បញ្ចូលជាសមាជិករបស់សមាគម។ នេះមិនត្រឹមតែជាការកត់សម្គាល់ដ៏ស័ក្តិសមចំពោះការខិតខំប្រឹងប្រែងរបស់ព្រះតេជព្រះគុណប៉ុណ្ណោះទេ ថែមទាំងផ្តល់កម្លាំងចិត្តដើម្បីបន្តការរួមចំណែកសម្រាប់បុព្វហេតុអប់រំក្នុងការអភិរក្សភាសានិងអក្សរសាស្ត្ររបស់ជនរួមជាតិខ្មែរ៕
ទីទុយ-មុនី