ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

07/10/2025 - 21:42

កសាង​កង​ជួរ​កសិ​ករ​ជំ​នាញ 

កសិ​ករ បាន​ចាត់​ទុក​ជា​កង​កម្លាំង​ស្នូល​នៃ​ដំ​ណើរ​ការ​អភិវឌ្ឍ​កសិ​កម្មសេដ្ឋ​កិច្ច​ជន​បទ និង​ការ​កសាង​ជន​បទ​ថ្មី។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​អភិវឌ្ឍ​ក្នុង​យុគ​សម័យ ៤.០ កសិ​ករ​ត្រូវ​តែ​ជំ​នាញ មាន​បំ​ណិន​គ្រប់​គ្រាន់​ដើម្បី​ក្តាប់​យក​វិទ្យា​សាស្ត្រ និង​បច្ចេក​ទេស រួម​ជា​មួយ​ចំ​ណេះ​ដឹង​ហិរញ្ញ​វត្ថុ ការ​គ្រប់​គ្រង និង​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​ធ្វើ​អា​ជីវ​កម្ម ដើម្បី​សម្រប​ខ្លួន​រហ័ស​និង​ម្ចាស់​ការ​ក្នុង​ការ​សមា​ហរណ​កម្ម​អន្តរ​ជាតិ។

កសិករ​មើល​ការ​បង្ហាញ​ឧបករណ៍គ្រឿង​យន្ត នៅ​វិ​ទ្យា​ស្ថាន​ស្រូវតំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។

តម្រូវ​ការ​ចាំ​បាច់

ក្នុង​យុទ្ធ​សាស្ត្រ​អភិវឌ្ឍ​កសិ​កម្ម​ជន​បទ និង​សេចក្តី​សម្រេច​ចិត្ត​នានា​របស់​បក្ស បាន​ដាក់​ចេញ​នូវ​ទិស​ដៅ​កសាង​កង​ជួរ កសិ​ករ​ជំ​នាញ ដូច​ជា​សរ​សរ​ស្តម្ភ​មួយ​ដ៏​សំ​ខាន់​ដើម្បី​អនុវត្ត​ឧស្សា​ហកម្ម​និង​ទំ​នើប​កម្ម​កសិ​កម្ម​និង​ជន​បទ។ សេចក្តី​សម្រេច​ចិត្ត​លេខ ១៩-NQ​/TW ចុះ​ថ្ងៃ​ទី ១៦​-៦​-២០២២ ( សន្និ​បាត លើក​ទី ៥ របស់​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស នីតិ​កាល​ទី​ XIII ស្តី​ពី​កសិ​កម្ម កសិ​ករ ជន​បទ​ដល់​ឆ្នាំ ២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ ២០៤៥) បាន​អះ​អាង​ថា កសិករ​ជា​កង​កម្លាំង​ស្នូល ជា​មជ្ឈ​មណ្ឌល​នៃ​ការ​អភិវឌ្ឍ​កសិ​កម្ម សេដ្ឋ​កិច្ច​ជន​បទ និង​ការ​កសាង​ជន​បទ​ថ្មី។ល។

ទោះ​បី​ទស្សនៈ​ទាន “កសិ​ករ​ជំ​នាញ” នៅ​មិន​ទាន់​បាន​កំ​ណត់​អត្ថ​ន័យ​ច្បាស់​លាស់​ក្នុង​ឯក​សារ​ច្បាប់ ឬ​ឯក​សារ​ផ្លូវ​ការ​ណា​មួយ​នៅ​ឡើយ​ក៏​ដោយ ប៉ុន្តែ​ស្ថាន​ភាព​ជាក់​ស្តែង​នៃ​ផលិត​កសិ​កម្ម​នៅ​ប្រ​ទេស​យើង​បាន​បង្ហាញ​ថា មាន​កសិករ​កាន់​តែ​ច្រើន​ដែល​មាន​លក្ខណៈ “ជំ​នាញ”។ តួ​យ៉ាង​ដូច មាន​កសិ​ករ​ជា​ច្រើន​បាន​ក្លាយ​ជា​កសិ​ករ​ផលិត ធ្វើ​អា​ជីវ​កម្ម​ពូ​កែ ដោយ​សារ​មាន​ចំ​ណេះ​ដឹង​ជំ​នាញ​ស៊ី​ជម្រៅ​លើ​ការ​ផលិត យល់​ច្បាស់​ពី​ទី​ផ្សារ និង​មាន​សមត្ថ​ភាព​គ្រប់​គ្រង ធ្វើ​អា​ជីវ​កម្ម។ ពួក​គាត់​ក៏​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា​ជឿន​លឿន​ទៅ​ក្នុង​ការ​ផលិត ទន្ទឹម​នឹង​នោះ បង្ហាញ​យ៉ាង​ច្បាស់​នូវ​សីល​ធម៌ និង​ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​សង្គម​និង​បរិ​ស្ថាន ផលិត​សុ​វត្ថិ​ភាព ចាត់​ទុក​កសិ​កម្ម​ជា​មុខ​របរ​ចម្បង និង​ស្ថិរ​ភាព​យូរ​អង្វែង។ យក​ចិត្ត​ទុក​ដាក់​ពង្រីក​ទ្រង់​ទ្រាយ​វប្ប​កម្ម ផ្សារ​ភ្ជាប់​នឹង​ខ្សែ​សង្វាក់​តម្លៃ ដើម្បី​ផលិត​កម្ម​ធំ បង្វែរ​ពី​ទម្រង់​ផលិត​កម្ម​តូច​តាច ទៅ​ជា​កិច្ច​សហ​ប្រតិ​បត្តិ​ការ ផ្សារ​ភ្ជាប់​ជា​មួយ​ទីផ្សារ​កាន់​តែ​ខ្ពស់​។ល។

យោង​តាម​បណ្ឌិត ឡេ​ហឺវ​ក្វាង នា​យក​រង​ទទួល​បន្ទុក​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​កសិ​ករ សា​លា​គោល​នយោ​បាយ​សាធារ​ណៈ​និង​អភិវឌ្ឍន៍​ជន​បទ ចំ​ណុះ​ក្រ​សួង​កសិ​កម្ម​និង​បរិ​ស្ថាន ក្នុង​ដំ​ណើរ​ការ​អភិវឌ្ឍ​កសិ​កម្ម​ទំ​នើប ពាក្យ “កសិ​ករជំ​នាញ” និង​ថ្មីៗ​នេះ​គឺ “កសិ​ករ​ឆ្លាត​វៃ” កាន់​តែ​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ទូ​លំ​ទូ​លាយ ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្លាស់​ប្តូរ​អំ​ពី​តួនា​ទី សមត្ថ​ភាព​និង​វិធី​សាស្ត្រ​ប្រ​កប​របរ​របស់​កសិករ។ ប្រ​សិន​បើ “កសិ​ករ​ជំ​នាញ” ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ជំ​នាញ​វិជ្ជា​ជីវៈ​ផលិត​កសិ​កម្ម​មុខ​ទំ​និញ និង​ផ្សារ​ភ្ជាប់​ជា​មួយ​ទី​ផ្សារ​កាន់​តែ​ស៊ី​ជម្រៅ​នោះ “កសិករ​ឆ្លាត​វៃ” កើត​ឡើង​នៅ​ក្នុង​បរិ​បទ​បដិវត្តន៍​ឧស្សា​ហកម្ម លើក​ទី ៤ និង​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល​កសិ​កម្ម​ជន​បទ។ ចំ​ណុច​សំ​ខាន់ គឺ​លក្ខណៈ “ឆ្លាត​វៃ” ក្នុង​យុគ​សម័យ​ឧស្សា​ហកម្ម ៤.០ មាន​ការ​ផ្លាស់​ប្តូរ​ជា​ច្រើន បើ​ពី​មុន​ភាគ​ច្រើន​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ភាព​ប៉ិន​ប្រ​សប់ ភាព​បត់​បែន និង​បទ​ពិ​សោធន៍​ប្រ​ព្រឹត្ត​ក្នុង​ការ​ផលិត ឥឡូវនេះ​វា​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​សមត្ថ​ភាព​ប្រ​កៀក​ជិត ទាញ​យក​និង​អនុវត្ត​បច្ចេក​វិទ្យា​ឌី​ជី​ថល។ លក្ខណៈ​ឆ្លាត​វៃ លែង​ជា​ភាព​វាង​វៃ​អា​រម្មណ៍​ទៀត​ហើយ វា​បាន​ក្លាយ​ជា​សមត្ថ​ភាព​ឌី​ជី​ថល៖ ចេះ​ប្រើ​ប្រាស់​ទិន្ន​ន័យ វិភាគ​ព័ត៌​មាន ប្រើ​ប្រាស់ IoT, AI, Big Data… ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​មាន​លក្ខណៈ​វិទ្យា​សាស្ត្រ ត្រឹម​ត្រូវ​និង​ទាន់​ពេល​វេលា។ នេះ​គឺ​ជា​ការ​លើក​កម្ពស់ បើក​ទូលាយ​និង​ទំ​នើប​កម្ម​លក្ខណៈ “ឆ្លាត​វៃ” របស់​កសិ​ករ​ក្នុង​យុគ​សម័យ​ថ្មី។

យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ចំ​ណេះ​ដឹង​និង​បណ្តុះ​បណ្តាល​ដល់​កសិ​ករ

ដើម្បី​រួម​ចំ​ណែក​ជំ​រុញ​ការ​កសាង​និង​ការ​អភិវឌ្ឍ​កង​ជួរ​កសិករ​ជំ​នាញ សា​លា​គោល​នយោ​បាយ​សា​ធា​រណៈ និង​អភិវឌ្ឍន៍​ជន​បទ ទើប​តែ​ចាត់​តាំង​សិក្ខា​សា​លា​វិទ្យា​សាស្ត្រ “កសិ​ករ​វៀត​ណាម - ពី​ប្រ​ពៃ​ណី​ឈាន​ដល់​ជំ​នាញ និង​ឆ្លាត​វៃ”។ នៅ​ក្នុង​សិក្ខា​សា​លា អ្នក​តំ​ណាង​បាន​លើក​ឡើង​ថា ការ​កសាង​កង​ជួរ​កសិ​ករ​ជំ​នាញ ឆ្លាត​វៃ និង​មាន​ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​សង្គម កំ​ពុង​តែ​ក្លាយ​ជា​តម្រូវ​ការ​ចាំ​បាច់។ ស្ថា​ប័ន​មាន​សមត្ថ​កិច្ច ត្រូវ​យក​ចិត្ត​ទុក​ដាក់​ត្រួត​ពិ​និត្យ បំ​ពេញ​បន្ថែម​យន្ត​ការ គោល​នយោ​បាយ និង​កសាង​យុទ្ធ​សាស្ត្រ​បង្កើន​ការ​បណ្តុះ​បណ្តាល ​បំ​ប៉ន​ចំ​ណេះ​ដឹង​បាន​ទាន់​ពេល និង​មាន​ការ​ឧបត្ថម្ភ​ចាំ​បាច់​សម្រាប់​កសិ​ករ​ចំ​ពោះ​ភាគី​ដែល​ពាក់​ព័ន្ធ។

លោក ង្វៀង​វ៉ាំង​សឺ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ ប្រ​ធាន​សមា​គម​កសិ​ករ​កឹង​ធើ បាន​លើក​ឡើង៖ “ក្នុង​សមា​ហរណ​កម្ម​អន្តរ​ជាតិ​ស៊ី​ជម្រៅ វិស័យ​កសិ​កម្ម​វៀត​ណាម​និយាយ​រួម និង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​និ​យាយ​ដោយ​ឡែក ត្រូវ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​កាន់​តែ​ខ្ពស់​អំ​ពី​ការ​ផលិត​កសិ​កម្ម​ស្អាត កសិ​កម្ម​បៃ​តង វិល​ជុំ… ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រ​ឈម​អំ​ពី​បរិស្ថាន​សុ​វត្ថិ​ភាព​ម្ហូប​អា​ហារ និង​លើក​កម្ពស់​គុណ​ភាព​ផលិត​ផល។ ការ​អនុវត្ត​វិទ្យា​សាស្ត្រ បច្ចេក​ទេស និង​បច្ចេក​វិទ្យា​ជឿន​លឿន គឺ​មិន​អាច​ខ្វះ​បាន ដែល​ក្នុង​នោះ ការ​បណ្តុះ​បណ្តាល​កសិ​ករ ឱ្យ​ក្លាយ​ជា​ជំ​នាញ គឺ​ជា​កត្តា​សម្រេច។ តាម​រយៈ​នោះ ជួយ​កសិ​ករ​លើក​កម្ពស់​កម្រិត​វិជ្ជា​ផង ព្រម​ទាំង​រួម​ចំ​ណែក​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​ផង។ កសិករ​ជំ​នាញ​មិន​ត្រឹម​តែ​ស្ទាត់​ជំ​នាញ​ការ​ផលិត​តាម​បែប​ទំ​នើប​ប៉ុណ្ណោះ​ទេ ថែម​ទាំង​យល់​ច្បាស់​អំ​ពី​គោល​ការណ៍​កសិកម្ម ដែល​មិន​ប៉ះ​ពាល់​ដល់​បរិ​ស្ថាន និង​គ្រប់​គ្រង​បាន​ខ្សែ​សង្វាក់​តម្លៃ”។

យោង​តាម បណ្ឌិត ហ្វាង​មី​ឡាង បុគ្គ​លិក​អង្គកា​រ GIZ កសិករ​ចង់​ក្លាយ​ជា​ជំ​នាញ ត្រូវ​តែ​បាន​បណ្តុះ​បណ្តាល ដើម្បី​មាន​ចំ​ណេះ​ដឹង​អំ​ពី​បច្ចេក​ទេស​ផលិត ការ​គ្រប់​គ្រង​ហិ​រញ្ញ​វត្ថុ អភិ​បាល​កិច្ច ការ​វិនិ​យោគ និង​ជំ​នាញ​វិភាគ ភាព​ជា​អ្នក​ដឹក​នាំ ជំ​នាញ​ធ្វើ​ការ​សម្រេច​ចិត្ត និង​ជំ​នាញ​ចរ​ចា កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​ភាគី​ពាក់​ព័ន្ធ ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ទាំង​អស់​គ្នា។ ទន្ទឹម​នឹង​នេះ ត្រូវ​មាន​មន​សិ​ការ​បង្ហាញ​ពី​ភាព​ជំ​នាញ តាម​រយៈ​ភាព​ម្ចាស់​ការ សម្រប​ខ្លួន ម្ចាស់​ការ​ជា​មួយ​នឹង​ការ​ផ្លាស់​ប្តូរ​អា​កាស​ធាតុ ទី​ផ្សារ និង​ត្រៀម​ខ្លួន​រៀន​សូត្រ…

ដើម្បី​ក្លាយ​ជា​ជំ​នាញ និង​មាន​លក្ខណៈ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ផលិត​កម្ម ធ្វើ​អា​ជីវ​កម្ម រដ្ឋ​ត្រូវ​មាន​យន្ត​ការ គោល​នយោ​បាយ ឧបត្ថម្ភ​អំ​ពី​ហិរញ្ញ​វត្ថុ​សម្រាប់​កសិ​ករ។ យោង​តាម​លោក វ៉ក្វាង​ហ្វី នា​យក​ក្រុម​ហ៊ុន​ចំ​កាត់​ហ្វី​ឡុង​អាង ទន្ទឹម​នឹង​ពង្រឹង​ការ​បណ្តុះ​បណ្តាល​ដល់​កសិ​ករ និង​កង​កម្លាំង​ក្នុង​វិស័យ​កសិ​កម្ម​អំ​ពី​ការ​គ្រប់​គ្រង ដើម្បី​សម្រប​ខ្លួន​បាន​ល្អ​ជា​មួយ​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល​ក្នុង​កសិ​កម្ម គឺ​ពិត​ជា​ត្រូវ​ការ​ប្រ​ភព​ទុន ដើម្បី​ឱ្យ​កសិ​ករ​វិនិ​យោគ​ផ្លាស់​ប្តូរ​បច្ចេក​វិទ្យា។ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​វិល​ជុំ ទាញ​យក​ផល និង​ឆ្លៀត​ប្រើ​ប្រាស់​អនុ​ផល​កសិ​កម្ម។

ផ្តើម​ពី​មតិ​យោ​បល់​ក្នុង​សិក្ខា​សា​លា “កសិ​ករ​វៀត​ណាម - ពី​ប្រ​ពៃ​ណី​ឈាន​ដល់​ជំ​នាញ​និង​ឆ្លាត​វៃ” អនុ​រដ្ឋ​មន្ត្រី ក្រ​សួង​កសិ​កម្ម​និង​បរិស្ថាន ត្រឹង​ថាញ​ណាម បាន​សំ​ណូម​ពរ​ដល់​សា​លា​គោល​នយោ​បាយ​សា​ធារ​ណៈ​និង​អភិវឌ្ឍន៍​ជន​បទ សហ​ការ​ជា​មួយ​អង្គ​ភាព​ជំ​នាញ​នានា​ដែល​ចំ​ណុះ​ក្រ​សួង ឆាប់​ធ្វើ​សេនា​ធិការ​កសាង​លក្ខ​ឋាន​អំ​ពី​កសិករ​ជំ​នាញ។ ទទួល​យក​មតិ​យោ​បល់​និង​ប្រ​មូល​ផ្តុំ ស្រាវ​ជ្រាវ​កសាង ចេញ​ផ្សាយ​សំ​ណុំ​ឯក​សារ​យោង ដើម្បី​ជួយ​ឱ្យ​ភូមិ​ភាគ​នានា​ក្តាប់​បាន​ច្បាស់​លាស់​នូវ​បណ្តា​លក្ខ​ឋាន ទិស​ដៅ​អំ​ពី​កសិករ​ជំ​នាញ​និង​ឆ្លាត​វៃ ផ្តើម​ពី​នោះមាន​សកម្ម​ភាព​បណ្តុះ​បណ្តាល​និង​ឧបត្ថម្ភ​ជា​ចាំ​បាច់៕

អត្ថ​បទ​និង​រូប​ថត៖ ខាញ់​ទ្រុង - សុ​ផន

ចែករំលែកអត្ថបទ