ព្រះតេជព្រះគុណ ថាច់តារា ព្រះចៅអធិការវត្តសិលាជលធី (គគីរ) នៅភូមិគគីរ ឃុំហ្វាទ្វឹង ស្រុកចូវថាញ់ ខេត្តត្រាវិញ តែងបានព្រះសង្ឃ គណៈកម្មការនិងពុទ្ធបរិស័ទចំណុះជើងវត្តជំនឿទុកចិត្តនិងគោរពរាប់អាន។ ព្រោះថា ព្រះអង្គមិនត្រឹមតែយកព្រះទ័យទុកដាក់ លើកកម្ពស់ជីវភាពស្មារតីរបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ព្រះអង្គថែមទាំងរួមចំណែកក្នុងការអភិរក្សអក្សរសាស្រ្ត ភាសានិងវប្បធម៌របស់ជនជាតិខ្មែរ...។
ព្រះតេជព្រះគុណ ថាច់តារា។
ព្រះតេជព្រះគុណ ថាច់តារា កើតឆ្នាំ ១៩៧៨ ក្នុងគ្រួសារខ្មែរនៅភូមិសំរោង ឃុំម៉ីចាញ់ ស្រុកចូវថាញ់ ខេត្តត្រាវិញ។ ពេលធំដឹងក្ដី យុវជនថាច់តារា ក៏ដូចជាយុវជនខ្មែរឯទៀតដែរ បានម្ដាយឪពុកនាំចូលវត្តសំរោងធំ បួសរៀនធម៌វិន័យ អក្សរសាស្រ្តជាតិ។ ព្រះតេជព្រះគុណថាច់តារា មានព្រះថេរដីកា៖ “ឆ្នាំ ២០០៣ បន្ទាប់ពីប្រឡងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិបាលីខ្មែរ-វៀត ព្រះអង្គបានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តត្រាវិញ បញ្ជូនទៅសិក្សានៅប្រទេសថៃ។ ព្រះអង្គបានបញ្ចប់កម្មសិក្សាការី និងទទួលសញ្ញាបត្របណ្ឌិត។ ព្រះអង្គជាព្រះសង្ឃខ្មែរដំបូងនៅខេត្តត្រាវិញ ដែលបានទទួលសញ្ញាបត្រដ៏ខ្ពង់ខ្ពស់នេះ”។
ព្រះតេជព្រះគុណ ថាច់តារា ពិភាក្សាការងារជាមួយនឹងគណៈកម្មការវត្តអំពីការសិក្សារៀនសូត្រនិងប្រឡងអក្សរខ្មែរជូនកូនចៅពុទ្ធបរិស័ទនៅរដូវវិស្សមកាល។
លោកថាច់រឿន ប្រធានគណៈកម្មការវត្តសិលាជលធី (គគីរ) ឱ្យដឹង៖ “កាលនោះ វត្តយើងខ្ញុំគ្មានព្រះចៅអធិការគ្រប់គ្រង ម៉្លោះហើយការបួសរៀនរបស់កូនចៅពុទ្ធបរិស័ទជួបការលំបាកច្រើន។ សំណង់នានាក្នុងវត្តទ្រុឌទ្រោម គ្មានអ្នកណាជួសជុល ដូច្នេះយើងខ្ញុំធ្វើលិខិតសំណើទៅសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិស្រុកចូវថាញ់ តែងតាំងព្រះសង្ឃអង្គណាដែលមានគុណធម៌ និងមានចំណេះដឹងដើម្បីធ្វើព្រះចៅអធិការវត្ត។ ឆ្នាំ២០១៨ ព្រះតេជព្រះគុណថាច់តារា ទើបតែបញ្ចប់វគ្គសិក្សានៅប្រទេសថៃ ហើយត្រូវបានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិស្រុកចូវថាញ់ ក៏ដូចជាពុទ្ធបរិស័ទយើងខ្ញុំជំនឿទុកចិត្តតែងតាំងជាព្រះចៅអធិការវត្តសិលាជលធី (គគីរ) រហូតមកដល់បច្ចុប្បន្ន។ ក្នុងតួនាទីជាព្រះចៅអធិការ ព្រះតេជព្រះគុណថាច់តារា មិនខ្លាចនឿយលំបាក ហើយសកម្មចលនាមាមីងពុទ្ធបរិស័ទ សប្បុរសជនក្នុងនិងក្រៅខេត្ត រួមវិភាគទានដើម្បីកសាងវត្តអារាម។ បច្ចុប្បន្ន វត្តកំពុងដំណើរការជួសជុលនិងកសាងកុដិ សាលារៀន... បង្កលក្ខណៈងាយស្រួលសម្រាប់ពុទ្ធបរិស័ទធ្វើបុណ្យសុន្ទរ៍ទាន”។
បើតាមលោកថាច់រឿន ឱ្យដឹង៖ ព្រះតេជព្រះគុណ ថាច់តារា មិនត្រឹមតែបានជួសជុលនិងកសាងវត្តប៉ុណ្ណោះទេ ព្រះអង្គថែមទាំងយកព្រះទ័យទុកដាក់ បង្កលក្ខណសម្បត្តិជូនព្រះសង្ឃក្នុងវត្តសិក្សាធម៌វិន័យ និងអក្សរសាស្រ្តជាតិដើម្បីបង្កើនចំណេះដឹង។ បច្ចុប្បន្ន វត្តសិលាជលធី (គគីរ) តែងបើកសាលាបង្រៀនអក្សរខ្មែរជូនកូនចៅពុទ្ធបរិស័ទ នៅរដូវវិស្សមកាលពីថ្នាក់ទី ១ ដល់ទី ៤ និងថ្នាក់បាលីទី១ រួមចំណែកក្នុងការអភិរក្សអក្សរសាស្រ្ត ភាសា វប្បធម៌របស់ជនរួមជាតិខ្មែរ។ ពិសេស ក្នុងឱកាសបុណ្យទានម្ដងៗ ព្រះតេជព្រះគុណថាច់តារា ទេសនាពន្យល់ណែនាំមាមីងពុទ្ធបរិស័ទរស់នៅប្រកបដោយសីលធម៌និងអនុវត្តល្អគោលនយោបាយ ច្បាប់របស់បក្សនិងរដ្ឋ៕
អត្ថបទនិងរូបថត៖ ទីទុយ