ព្រះឧបជ្ឈាយ៍ថាច់សុង ព្រះចៅអធិការវត្តបឹងទន្សា ឃុំវៀងអាង ស្រុកត្រឹងដេ ខេត្តសុកត្រាំង តែងខ្នះខ្នែងគិតគូរការសិក្សារៀនសូត្ររបស់ព្រះសង្ឃ ព្រមទាំងយកព្រះទ័យទុកដាក់ក្នុងការកសាងវត្តអារាម ឧបត្ថម្ភអ្នកក្រ និងចលនាពុទ្ធបរិស័ទខិតខំធ្វើការរកទទួលទានអភិវឌ្ឍសេដ្ឋកិច្ច។
ព្រះឧបជ្ឈាយ៍ថាច់សុង។
ឆ្នាំ១៩៧០ យុវជនថាច់សុង បានសូមចូលសាងព្រះផ្នួសរៀនធម៌វិន័យនិងអក្សរសាស្រ្តជាតិនៅវត្តបឹងទន្សា។ លុះដល់ឆ្នាំ២០០៤ ព្រះអង្គបានពុទ្ធបរិស័ទតែងតាំងជាព្រះចៅអធិការវត្តបឹងទន្សារហូតដល់សព្វថ្ងៃ។ ផ្តើមពីនោះមកព្រះអង្គខ្នះខ្នែងចលនាពុទ្ធបរិស័ទកសាងកុដិសាលា ខ្លោងទ្វារ ទីធ្លាវត្តនិងសាលាបាលី។ល។ បច្ចុប្បន្ន វត្តបឹងទន្សា មានទេសភាពស្រឡះស្រឡំបៃតង ជ្រះស្អាត។
កាលពីកុមារភាព ព្រះអង្គមិនបានរៀនអក្សរ លុះចូលបួសទើបព្រះអង្គបានរៀនសូត្រ ព្រោះហេតុនោះ ព្រះឧបជ្ឈាយ៍តែងយកព្រះទ័យទុកដាក់ដល់ការសិក្សារៀនសូត្ររបស់ព្រះសង្ឃ មានបើកថ្នាក់បង្រៀនភាសាបាលីក្នុងវត្តជាដើម។ ផ្តើមពីនោះ ពុទ្ធបរិស័ទជឿទុកចិត្តនិងមានសទ្ធាជ្រះថ្លា រួចឲ្យកូនចៅចូលវត្តបួសរៀនកាន់តែច្រើនឡើង។ បច្ចុប្បន្ន ក្នុងវត្តមានព្រះសង្ឃ៤៥អង្គ ក្នុងនោះ ព្រះសង្ឃកំពុងរៀននៅក្នុងនិងក្រៅខេត្តចំនួន១០អង្គ និងទៅរៀននៅបរទេស៤អង្គ។ ក្រៅពីនោះ នៅរដូវវិស្សមកាលម្ដងៗ ព្រះអង្គតែងបើកថ្នាក់បង្រៀនអក្សរខ្មែរ ចាប់ពីថ្នាក់ទី១រហូតដល់ថ្នាក់ទី៥ មានកូនចៅខ្មែរមករៀនសូត្រជាង៤០០នាក់។ ពេលបញ្ចប់វគ្គសិក្សា សិស្សម្នាក់ៗបានព្រះឧបជ្ឈាយ៍ឧបត្ថម្ភសៀវភៅសរសេរពី៥ដល់១០ក្បាល។ ព្រះឧបជ្ឈាយ៍ថាច់សុង មានព្រះថេរដីកា៖ “អាត្មាភាពក្នុងនាមជាព្រះចៅអធិការវត្តផងនិងជាអនុប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តផង ម៉្លោះហើយវត្តត្រូវតែកសាងសមរម្យជ្រះស្អាត ព្រះសង្ឃបួសរៀនត្រូវតែប្រតិបត្តិតាមធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធ ពីព្រោះអ្នកបួសតែងបានពុទ្ធបរិស័ទគោរពរាប់អាន ហេតុនោះត្រូវតែធ្វើជាគំរូ”។ ក្រៅពីនោះ ព្រះឧបជ្ឈាយ៍ថែមទាំងសកម្មផ្សព្វផ្សាយនូវគោលការណ៍ គោលមាគ៌ារបស់បក្សគោលនយោបាយនិងច្បាប់របស់រដ្ឋដល់ពុទ្ធបរិស័ទ ព្រមទាំងចលនាពុទ្ធបរិស័ទខិតខំធ្វើការរកទទួលទានដើម្បីចាកផុតពីភាពក្រីក្រ និងរួមជាមួយនឹងរដ្ឋអំណាចកសាងជនបទថ្មី។ ទន្ទឹមនឹងនោះ ព្រះឧបជ្ឈាយ៍ចូលរួមកិច្ចការសង្គម សប្បុរសធម៌ ដូចជា៖ ចែកជូនអង្ករដល់គ្រួសារក្រីក្រឧបត្ថម្ភមនុស្សចាស់គ្មានទីពឹង និងឧបត្ថម្ភសិស្សក្រីក្រជាដើម។ បងថាច់យឿន ជាពុទ្ធបរិស័ទចំណុះជើងវត្ត ឲ្យដឹង៖ “ព្រះឧបជ្ឈាយ៍ថាច់សុង មានទឹកព្រះទ័យសន្ដោសមេត្តា ហេតុនោះពុទ្ធបរិស័ទអ្នកណាក៏គោរពរាប់អាន។ រៀងរាល់ថ្ងៃព្រះឧបជ្ឈាយ៍បង្កលក្ខណៈឲ្យខ្ញុំមានការងារធ្វើនៅក្នុងវត្ត។ បច្ចុប្បន្ន កូនស្រីខ្ញុំកំពុងរៀននៅសកលវិទ្យាល័យកឹងធើ បានព្រះឧបជ្ឈាយ៍ឧបត្ថម្ភ៥០០.០០០ដុង/ខែ។ ទឹកព្រះទ័យរបស់ព្រះឧបជ្ឈាយ៍គ្រួសារខ្ញុំតែងចងចាំជានិច្ច”។
ច្រើនឆ្នាំកន្លង ជាមួយនឹងទង្វើដ៏ប្រពៃប្រកបដោយអត្ថន័យ ព្រះឧបជ្ឈាយ៍ថាច់សុង បានពុទ្ធបរិស័ទគោរពរាប់អាននិងទទួលបានប័ណ្ណសរសើរ មេដាយអនុស្សាវរីយ៍ជាច្រើនពីព្រោះបុព្វហេតុមហាសាមគ្គីជនជាតិ៕
យ្វីអាញ់-វិមាន