រយៈពេលកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិគ្រប់ថ្នាក់ សហការជាមួយសមាគមសហព័ន្ធនារីវៀតណាមទីក្រុង និងគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានប្រគល់ផ្ទះមហាសាមគ្គីដល់គ្រួសារក្រីក្រ ក្បែរក្រនៅតំបន់ព្រំដែនសមុទ្រឡាយហ្វា។ ផ្ទះ "មហាសាមគ្គី" ដែលបានប្រគល់ជូន មិនត្រឹមតែជួយបាំងភ្លៀង បាំងខ្យល់ប៉ុណ្ណោះទេ ថែមទាំងជាទីបង្អែក ដើម្បីគ្រួសារស្ងប់អារម្មណ៍ពលកម្មផលិត ចិញ្ចឹមកូន និងចិញ្ចឹមក្តីសង្ឃឹមដើម្បីជីវភាពកាន់តែល្អប្រសើរជាងទៀត។

គ្រួសារបងស្រីស៊ើងធីដារានី (ទីបីរពីស្តាំមក)ទទួលអំណោយពីរដ្ឋអំណាចភូមិភាគ។
គ្រួសារបងស្រី ស៊ើងធីដារ៉ានី នៅភូមិព្រៃជាប់ ឃុំឡាយហ្វា តែងមានក្តីបារម្ភពេលឃើញផ្ទះទ្រុឌទ្រោម ដាច់មុខដាច់ក្រោយ ពេលភ្លៀងម្តងៗខ្លាចផ្ទះរលំ ហើយគ្មានដីផលិតទៀត។ សមាជិកក្នុងគ្រួសារ ៦ នាក់ពឹងលើប្រាក់ធ្វើការឈ្នួលបន្តិចបន្តួចរបស់ប្តី។ រកប្រាក់បានប្រមាណ ២៥០.០០០ ដុងក្នុងមួយថ្ងៃ គ្រប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃវាសំណាងណាស់ទៅហើយ ចំណែកសង់ផ្ទះថ្មីហាក់ដូចជាមិនហ៊ានស្រមៃដល់។ បងស្រីដារ៉ានី ឱ្យដឹង៖ "ប្តីខ្ញុំទៅធ្វើការឈ្នួល អ្នកណាជួលអីធ្វើហ្នឹង។ ឥឡូវធ្វើជាជាងកំបោរ រកបានប្រាក់ចំណូលបាន ២៥០.០០០ ដុងក្នុងមួយថ្ងៃ គ្រាន់តែគ្រប់ប្រើចាយប្រចាំថ្ងៃប៉ុណ្ណោះ។ ខ្ញុំនៅផ្ទះមើលថែកូនៗ ហេតុនោះគ្មានលក្ខណៈសង់ផ្ទះថ្មីទេ ដោយសារបានរដ្ឋអំណាចភូមិភាគពិនិត្យជ្រើសឧបត្ថម្ភសង់ផ្ទះជូន គ្រួសារខ្ញុំត្រេកអរខ្លាំងណាស់..."។
ចំណែកគ្រួសារមីង តាំងធីសុខ នៅភូមិជាមួយនឹងបងស្រីស៊ើងធីដារ៉ានី គ្មានដីផលិត ហើយមានវ័យចំណាស់ទៀត ប្តីប្រពន្ធគាត់រស់ពឹងលើប្រាក់ចំណូលតិចតួចរបស់កូនប្រុសធ្វើការឈ្នួលនៅការដ្ឋានសំណង់នៅភូមិភាគ។ មីងសុខ ឱ្យដឹង៖ "ខ្ញុំគ្មានដីផលិតទេ បច្ចុប្បន្ន ខ្ញុំរស់នៅជាមួយកូនទីប្រាំ វាទៅធ្វើការនៅការដ្ឋានសំណង់រកប្រាក់ចិញ្ចឹមគ្រួសារទាំងមូល បានរដ្ឋឧបត្ថម្ភផ្ទះថ្មីដូច្នេះ គ្រួសារខ្ញុំលែងបារម្ភពីភ្លៀងលេចទៀតហើយ"។

អ្នកមីងតាំងធីសុខ (ទីបីពីខាងស្តាំ) នៅភូមិព្រៃជាប់ មានក្តីត្រេកអរពេលបានផ្ទះថ្មី។
រឿងរ៉ាវនេះមិនមែនដោយឡែកនៅឃុំឡាយហ្វា ដែលជាឃុំដាច់ស្រយាល មានជនរួមជាតិខ្មែររស់នៅកុះករ លក្ខណៈសេដ្ឋកិច្ចនៅលំបាកច្រើននោះទេ។ ពីព្រោះរយៈពេលកន្លង ការគិតគូរសង់ផ្ទះជូនគ្រួសារក្រីក្រតែងបានភូមិភាគកំណត់ជាភារកិច្ចមួយក្នុងចំណោមភារកិច្ចសំខាន់ក្នុងការងារសុខុមាលភាពសង្គម ដើម្បីជួយគ្រួសារដែលមានស្ថានភាពលំបាក ឈានឡើងលំនឹងជីវភាពបន្តិចម្តងៗ។
អនុវត្តកម្មវិធី "ទិវាការពារព្រំដែនទូទាំងប្រជាជន" ឆ្នាំ ២០២៦ គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡាយហ្វា បានសហការជាមួយសមាគមសហព័ន្ធនារីក្រុង ប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា និងភូមិនានាចុះទៅធ្វើការត្រួតពិនិត្យគ្រួសារប្រជាជននីមួយៗដោយផ្ទាល់។ ឆ្លងតាមរយៈការត្រួតពិនិត្យគ្រួសារក្រីក្រ ក្បែរក្រដែលមានស្ថានភាពលំបាកខ្លាំងអំពីផ្ទះសម្បែង ក៏បានជ្រើសឧបត្ថម្ភសង់ផ្ទះមហាសាមគ្គី។ លោក ថាច់ភឿកតាយ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡាយហ្វា ឱ្យដឹង៖ “យើងខ្ញុំបានចុះទៅត្រួតពិនិត្យគ្រួសារក្រីក្រ ក្បែរក្រនៅលើភូមិឋានឃុំដោយផ្ទាល់ ឆ្លងតាមរយៈនោះជ្រើសរើសបាន ២០ គ្រួសារ គ្រប់លក្ខណៈដើម្បីសង់ផ្ទះ។ បន្ទាប់ពីដំណើរការសាងសង់បានជាងមួយខែ មកដល់ពេលនេះសំណង់ក៏បានសម្រេចរួចរាល់។ យើងខ្ញុំសង្ឃឹមថាគ្រួសារដែលបានប្រគល់ផ្ទះទាំង ២០ នេះ នឹងខិតខំអភិវឌ្ឍសេដ្ឋកិច្ច ឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព។ ក្តីត្រេកអរក្នុងថ្ងៃទទួលបានផ្ទះថ្មី មានមនុស្សជាច្រើនមានក្តីរំភើប។ នោះមិនគ្រាន់តែជាផ្ទះមួយខ្នងនោះទេ ថែមទាំងមិននូវរឿងគេងមិនលក់ពេញមួយយប់ដោយសារភ្លៀងលេច ខ្យល់ព្យុះម្តងៗ។ ផ្ទះទាំងនេះនឹងជាកន្លែងដែលកុមារអាចធំដឹងក្តីឡើងដោយសុវត្ថិភាព កក់ក្តៅ និងជាកម្លាំងចលករដើម្បីគ្រួសារក្រីក្រដូចបងស្រី ស៊ើងធីដារ៉ានី និងមីង តាំងធីសុខ ចាប់ផ្តើមដំណើរថ្មីមួយ ឆ្ពោះទៅអនាគតកាន់តែល្អប្រសើរជាងទៀត”។
តាមថ្នាក់ដឹកនាំភូមិភាគ ផ្ទះមហាសាមគ្គីមិនត្រឹមតែជួយប្រជាជនលំនឹងជីវភាពប៉ុណ្ណោះទេ ថែមទាំងរួមចំណែកធ្វើឱ្យសុក្រឹតនូវលក្ខឋានកសាងជនបទថ្មី បន្ថយភាពក្រីក្រដោយចីរភាព និងរក្សាលំនឹងជំហរយុទ្ធសាស្រ្តទឹកចិត្តប្រជាជននៅបណ្តោយតាមព្រំដែនសមុទ្រទៀតផង។ ក្តីត្រេកអររបស់គ្រួសារប្រជាជនក៏ជាក្តីត្រេកអររបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច និងប្រជាជនភូមិភាគក្នុងដំណើរគិតគូរសុខុមាលភាពសង្គម។ លោក ត្រឹងហ្វាងលិញ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សឃុំឡាយហ្វា ទីក្រុងកឹងធើ ឱ្យដឹង៖ “ឡាយហ្វាជាភូមិភាគលំបាកខ្លាំង មានជនរួមជាតិខ្មែររស់នៅកុះករ។ ការយកចិត្តទុកដាក់ រួមដំណើរ និងឧបត្ថម្ភទាន់ពេលវេលារបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ និងគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ គឺជាប្រភពកម្លាំងចលករដ៏ធំធេង ជួយភូមិភាគអនុវត្តការងារសុខុមាលភាពសង្គមកាន់តែល្អប្រសើរជាងទៀត។ ផ្ទះដែលបានប្រគល់ជូន មិនត្រឹមតែមានតម្លៃផ្នែកខាងសម្ភារៈប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីស្មារតីចែករំលែក ទទួលខុសត្រូវរបស់គណៈ ផ្នែកគ្រប់ថ្នាក់ និងសហគមន៍ចំពោះអ្នកដែលមានស្ថានភាពលំបាកខ្លាំងទៀតផង”។
ផ្ទះមហាសាមគ្គីនៅតំបន់ព្រំដែនសមុទ្រដែលបានប្រគល់ជូននៅឃុំឡាយហ្វា មិនត្រឹមតែបានសាងសង់ដោយឥដ្ឋ ខ្សាច់ និងស៊ីម៉ង់ត៍ប៉ុណ្ណោះទេ ថែមទាំងសាងសង់ឡើងពីទឹកចិត្ត ការចែករំលែក និងការទទួលខុសត្រូវរបស់សហគមន៍ទាំងមូលទៀតផង។ នោះក៏ជាមូលដ្ឋានគ្រឹះដើម្បីជឿជាក់ថា តំបន់ដីព្រំដែនសមុទ្រឡាយហ្វា ទីក្រុងកឹងធើកាន់តែមានស្ថិរភាព អភិវឌ្ឍន៍ និងមិនទុកចោលនរណាម្នាក់ឱ្យនៅពីខាងក្រោយឡើយ៕
ដាលីន - វិមាន