លោកង្វៀងវ៉ាំងហ្វា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានបើកកិច្ចប្រជុំជាមួយមន្ទីរ គណៈ ផ្នែក និងអាជីវកម្មមួយចំនួន ស្តីពីស្ថានភាពអនុវត្តជាក់ស្តែងនូវគម្រោងសាងសង់លំនៅឋានសង្គម លំនៅឋានពាណិជ្ជកម្ម និងសំណង់នានាដែលបានចុះបញ្ជីបើកការដ្ឋានសាងសង់ សម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងឱកាសបុណ្យជាតិ ២ កញ្ញា នាពេលខាងមុខ។

លោកង្វៀងវ៉ាំងហ្វា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ថ្លែងចង្អុលការក្នុងកិច្ចប្រជុំ។
យោងតាមភាគកម្រិតរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ទីក្រុងកឹងធើបានប្រគល់ភារកិច្ចដល់ឆ្នាំ២០៣០ អនុវត្តសម្រេចរួចរាល់សំណង់លំនៅឋានសង្គម ១៦.៩០០ខ្នង។ ដោយឡែកឆ្នាំ២០២៦ ត្រូវសម្រេចឱ្យបាន៣.០០០ខ្នង ចាប់តាំងពីដើមឆ្នាំមកទល់បច្ចុប្បន្ន ទីក្រុងសាងសង់បាន ៧២៤ ខ្នង សម្រេច២៤,១៣%ភាគកម្រិតនៃឆ្នាំ២០២៦។
តាមមន្ទីរសាងសង់ទីក្រុង ឆ្នាំ២០២៦ ទីក្រុងខិតខំអនុវត្តសម្រេចការសាងសង់លំនៅឋានសង្គមបាន៣.១៤៤ខ្នង។ ក្នុងនោះ មាន១.០២៤ខ្នង អនុវត្តបន្តពីឆ្នាំ២០២៥ ត្រូវសម្រេចក្នុងឆ្នាំ២០២៦។ នៅឆ្នាំ២០២៦ តាមការគ្រោងទុកនឹងបើកការដ្ឋានសាងសង់២.៣២០ខ្នង (ក្នុងនោះ មាន៤ គម្រោងទ្រង់ទ្រាយ១.៥២០ខ្នង កំពុងជ្រើសរើសវិនិយោគ មាន២គម្រោងទ្រង់ទ្រាយ៦០០ខ្នង វិនិយោគមានដី)។ ទន្ទឹមនឹងនោះ គ្រោងនឹងសម្រេចការសាងសង់៧៨៤ខ្នងនៃគម្រោងលំនៅឋានសង្គមសម្រាប់កងកម្លាំងប្រដាប់អាវុធប្រជាជន។ ដូច្នេះ ក្នុងឆ្នាំ២០២៦ ប្រសិនបើគិតទាំងលំនៅឋានសង្គមនិងលំនៅឋានកងកម្លាំងប្រដាប់អាវុធនគរបាលប្រជាជន ទីក្រុងនឹងខិតខំអនុវត្តសម្រេចសរុបប្រមាណ៣.៩២៨ខ្នង។
ថ្លែងចង្អុលការក្នុងកិច្ចប្រជុំ លោកង្វៀងវ៉ាំងហ្វា សំណូមពរ គ្រប់មន្ទីរ គណៈ ផ្នែកនិងអាជីវកម្ម គប្បីបន្តការយកចិត្តទុកដាក់លើការអភិវឌ្ឍលំនៅឋានសង្គម បំផុតគឺលំនៅឋានសង្គម សម្រាប់ជួល បើកទូលាយឱកាសបង្ខិតជិតលំនៅឋានសង្គម សម្រាប់សមាសភាពប្រជាជនគ្រប់ជាន់ស្រទាប់។ ត្រូវពិនិត្យឡើងវិញនិងវាយតម្លៃល្បឿនដំណើរការអនុវត្តជាក់ស្តែង បើធៀបនឹងគោលការណ៍វិនិយោគដែលបានព្រមព្រៀង ដើម្បីមានដំណោះស្រាយឧបត្ថម្ភ ដោះស្រាយបញ្ហាប្រឈម ជួយវិនិយោគពន្លឿនល្បឿនដំណើរការ។ គម្រោងលំនៅឋានសង្គមដែលគ្រប់លក្ខណៈ ផ្នែកសមត្ថកិច្ចត្រូវម្ចាស់ការធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជន ដើម្បីប្រកាសព័ត៌មានអញ្ជើញអ្នកវិនិយោគចូលរួម។ ទន្ទឹមនឹងនោះ ត្រូវពិនិត្យឡើងវិញមូលនិធិដី២០%សម្រាប់លំនៅឋានសង្គមនៅក្នុងបណ្តាគម្រោងលំនៅឋានពាណិជ្ជកម្ម ដើម្បីមានទិសដៅផ្សព្វផ្សាយអនុវត្តសមស្រប។
អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ចង្អុលការមន្ទីរសាងសង់ដឹកនាំ សហការជាមួយមន្ទីរហិរញ្ញវត្ថុ មន្ទីរកសិកម្មនិងបរិស្ថាន រួមជាមួយម្ចាស់វិនិយោគ ប្រញាប់កំណត់បញ្ជីឈ្មោះគម្រោងដែលគ្រោងនឹងបើកការដ្ឋានសាងសង់និងសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងឱកាសបុណ្យជាតិ ២កញ្ញា នាពេលខាងមុខ បង្ហើយនីតិវិធីដើម្បីឱ្យបានទាន់ពេលចាត់តាំងព្រឹត្តិការណ៍។ ប្រសិនបើមានបញ្ហាលំបាកកើតឡើង ត្រូវរាយការណ៍ជូនគណៈកម្មាធិការប្រជាជនទីក្រុងជាបន្ទាន់ ជួយដោះស្រាយដើម្បីដាក់គម្រោងនានាឱ្យដំណើរការអនុវត្ត បម្រើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម រួមចំណែកក្នុងទិសដៅកំណើនរួមរបស់ទីក្រុង៕
មិញហ្វៀង-មុនី