ផ្ដើមពីសកម្មភាពសាមញ្ញៗ បងប្អូននារីជនជាតិភាគតិចនៅទីក្រុងកឹងធើ កំពុងធ្វើឱ្យរីកសាយភាយយ៉ាងខ្លាំងក្លានូវចលនារៀនសូត្រនិងធ្វើតាមអ៊ំហូ តាមរយៈទម្រង់សន្សំសំចៃជាក់ស្ដែងនានា រួមចំណែកលើកកម្ពស់ប្រាក់ចំណូលនិងកែលម្អគុណភាពជីវភាព។

ទម្រង់ “ចិញ្ចឹមជ្រូកដីសន្សំប្រាក់” របស់សាខាសមាគមនារីភូមិឈូងធំ A។
បច្ចុប្បន្ន សមាគមសហព័ន្ធនារីទីក្រុងកឹងធើ មានសមាជិកាជាង ៦៦០.០០០ នាក់ ក្នុងនោះ សមាជីកាជនជាតិភាគតិចមានអត្រាជាង ១៤%។ នេះជាកម្លាំងសកម្មដែលខ្នះខ្នែងចូលរួមក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន ពិសេសគឺចលនារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងឥរិយាបថហូជីមិញ។ រយៈពេលកន្លង សមាគមបានកសាងទម្រង់រៀនសូត្រនិងធ្វើតាមអ៊ំហូស្របតាមលក្ខខណ្ឌជាក់ស្ដែង ក្លាយជាបង្អែកជួយបងប្អូននារីផ្លាស់ប្ដូររបៀបគិត របៀបធ្វើ ផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច បង្កើនប្រាក់ចំណូល និងលំនឹងជីវភាព។ ជាក់ស្ដែងដូចជាទម្រង់ “ចិញ្ចឹមជ្រូកដីសន្សំប្រាក់” របស់សាខាសមាគមនារីភូមិឈូងធំ A ឃុំឡាយហ្វា។ បងស្រីត្រឹងធីសានី ប្រធានសាខាសមាគមនារីភូមិឈូងធំ A បានឱ្យដឹង៖ “ទម្រង់នេះបានរក្សាសកម្មភាពជាប្រចាំតាំងពីឆ្នាំ ២០២០ មកទល់សព្វថ្ងៃ ក្នុងការប្រជុំជីវភាពម្តងៗ បងប្អូននារីតែងរួមចំណែកដាក់ចូលកូនជ្រូកសន្សំប្រាក់ចំនួន ១០០.០០០ ដុងក្នុងម្នាក់ៗ។ ផ្ដើមពីប្រភពមូលនិធិសន្សំនេះ ជារៀងរាល់ខែ សាខាសមាគមនឹងផ្តល់ប្រាក់ឧបត្ថម្ភដល់សមាជិកាម្នាក់ ដើម្បីមានទុនបន្ថែមពង្រីកការផលិត បង្កើនចំណូលលំនឹង និងកែលម្អជីវភាពជាជំហានៗ។ ខ្ញុំយល់ថាទម្រង់នេះល្អណាស់ មិនត្រឹមតែជួយបងប្អូននារីទទួលបានប្រភពទុនប៉ុណ្ណោះទេ ថែមទាំងបង្កការផ្សារភ្ជាប់ ចែករំលែកពីបទពិសោធន៍សន្សំសំចៃ និងការចំណាយសមស្របក្នុងគ្រួសារផង”។ ផ្ដើមពីការព្រួតដៃគ្នានិងចែករំលែកទាំងនោះ មកដល់បច្ចុប្បន្ន សាខាសមាគមសន្សំបានប្រាក់ជិត ១០០ លានដុង។ ប្រភពមូលនិធិនេះមិនត្រឹមតែមានតម្លៃខាងសម្ភារៈប៉ុណ្ណោះទេ ថែមទាំងផ្ញើនូវក្ដីទំនុកចិត្ត ជួយសមាជិកាជាច្រើនដែលមានស្ថានភាពលំបាក មានលក្ខណៈបន្ថែមដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។

បងប្អូននារីឃុំកូវឡាវយ៉ុង ចូលរួមទិវា “ដូរសំរាមផ្លាស្ទិកយកគ្រឿងឧបភោគបរិភោគ”។
ទន្ទឹមនឹងនោះ នៅឃុំកូវឡាវយ៉ុង សមាគមនារីឃុំបានសហការជាមួយគម្រោង Na Uy ចាត់តាំងទិវា “ដូរសំរាមផ្លាស្ទិកយកគ្រឿងឧបភោគបរិភោគ” ដោយទាក់ទាញសមាជិកាយ៉ាងកុះករ ពិសេសគឺបងប្អូននារីជនជាតិភាគតិចចូលរួម។ នៅក្នុងទិវានេះ បងប្អូននារីបានយកសំរាមផ្លាស្ទិកដូចជា ដប កំប៉ុង ថង់នីឡុង... មកដូរយកគ្រឿងឧបភោគបរិភោគចាំបាច់នានា មានដូចជា អង្ករ មី ប្រេងឆាជាដើម។ សកម្មភាពនេះមិនត្រឹមតែរួមចំណែកកាត់បន្ថយសំរាមផ្លាស្ទិកបង្ហូរចូលទៅក្នុងបរិស្ថានប៉ុណ្ណោះទេ ថែមទាំងជួយគ្រួសារជាច្រើនសន្សំសំចៃការចំណាយក្នុងជីវភាពប្រចាំថ្ងៃទៀតផង។ បងស្រី ថាច់ធីត្វៀក សមាជិកានារីឃុំកូវឡាវយ៉ុង បានចែករំលែក៖ “ខ្ញុំយល់ថាទម្រង់នេះមានប្រយោជន៍ជាក់ស្ដែងណាស់ ទាំងទទួលបានអំណោយផង ទាំងបានចូលរួមការពារបរិស្ថាន រក្សាភូមិស្រុកឱ្យស្អាតបាតផង។ ពីមុនមក សំរាមផ្លាស្ទិកច្រើនតែបោះចោលពាសពេញបង្កការបំពុលបរិស្ថាន ឥឡូវប្រមូលមកដូរបានគ្រឿងឧបភោគបរិភោគ ដូច្នេះគ្រប់គ្នាសុទ្ធតែសកម្មចូលរួម”។ តាមរយៈសកម្មភាពនេះ ស្មារតីការពារបរិស្ថានរបស់សមាជិកានារីជនជាតិភាគតិចកាន់តែបានលើកកម្ពស់។ បងប្អូននារីជាច្រើនបានម្ចាស់ការបែងចែកសំរាមតាំងពីដំបូង រក្សាទេសភាពបរិស្ថាន បៃតង -ជ្រះ - ស្អាត ជួយរួមចំណែកកសាងជនបទថ្មីនៅភូមិភាគ។
តាមលោកស្រី ត្រឹងធីហាំង អនុប្រធានសមាគមសហព័ន្ធនារីទីក្រុងកឹងធើ បានបញ្ជាក់ថា ទម្រង់រៀនសូត្រនិងធ្វើតាមអ៊ំហូក្នុងចំណោមបងប្អូននារីជនជាតិភាគតិច បានផ្សព្វផ្សាយអនុវត្តស្របតាមលក្ខខណ្ឌជាក់ស្ដែង សំដៅលើកកម្ពស់ជីវភាព ព្រមទាំងពង្រីកស្មារតីសាមគ្គីភាពផ្ទៃក្នុងសមាជិកា ដើម្បីជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច និងរួមចំណែកកសាងស្រុកកំណើតឱ្យសម្បូររុងរឿង។ ទៅថ្ងៃមុខ សមាគមនឹងបន្តពង្រីកនូវទម្រង់ដែលមានប្រសិទ្ធភាពទាំងនេះ ក្នុងគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម និងកសាងអង្គការសមាគមឱ្យកាន់តែរឹងមាំ៕
ហុងទើ - ថាច់ធី