ពាក់ព័ន្ធនឹងព័ត៌មានដែលថា អ្នកមានអាយុពី ១៦ - ១៨ ឆ្នាំ បើកបរម៉ូតូគ្រប់ប្រភេទនឹងរងការផាកពិន័យ តំណាងនាយកដ្ឋាននគរបាលចរាចរណ៍ (ក្រសួងនគរបាល) បានបកស្រាយបញ្ជាក់អំពីបញ្ហានេះ។

អ្នកមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ នៅតែមានសិទ្ធិបើកបរម៉ូតូខ្នាតតូចតាមបទប្បញ្ញត្តិច្បាប់។ រូបថត៖ ឌិញហីវ
តំណាងនាយកដ្ឋាននគរបាលចរាចរណ៍ (ក្រសួងនគរបាល) បានឱ្យដឹង ព័ត៌មានដែលកំពុងបានគេហទំព័រព័ត៌មានអេឡិចត្រូនិកមួយចំនួនផ្សព្វផ្សាយ ដោយមានខ្លឹមសារថា៖ “ចាប់ពីថ្ងៃទី ១៥ ខែសីហា អ្នកមានអាយុពី ១៦ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំនឹងរងការផាកពិន័យរហូតដល់ ៦០០.០០០ដុង ប្រសិនបើបើកបរម៉ូតូ តាមអនុក្រឹត្យលេខ ២៣៨/NĐ-CP” គឺជាព័ត៌មានមិនត្រឹមត្រូវ។
តាមការបញ្ជាក់របស់តំណាងនាយកដ្ឋាននគរបាលចរាចរណ៍ អនុក្រឹត្យលេខ ២៣៨/NĐ-CP មិនបានដាក់ចេញបទប្បញ្ញត្តិថ្មី ស្តីពីការផាកពិន័យចំពោះអ្នកដែលមានអាយុគ្រប់ ១៦ ឆ្នាំដល់ក្រោម ១៨ ឆ្នាំ ដែលបើកបរម៉ូតូនោះទេ។ បទប្បញ្ញត្តិ ជាធរមានគ្រាន់តែធ្វើការកែប្រែនិងបំពេញបន្ថែមពាក្យពេចន៍មួយចំនួន ដើម្បីមានការឯកភាពជាមួយច្បាប់ស្តីពីសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោកប៉ុណ្ណោះ។
ជាក់ស្តែងត្រង់មាត្រា ៦ នៃអនុក្រឹត្យលេខ ២៣៨/NĐ-CP ចុះថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៦ បានកំណត់អំពីការកែប្រែ និងបំពេញបន្ថែមចំណុច a កថាខណ្ឌទី ៤ មាត្រា ១៨ តាមរយៈនោះ អនុវត្តកម្រិតផាកពិន័យជាប្រាក់ពី ៤០០.០០០ ដុងដល់ ៦០០.០០០ ដុងចំពោះអ្នកដែលមានអាយុគ្រប់ ១៦ ឆ្នាំដល់ក្រោម ១៨ ឆ្នាំ ដែលបើកបរម៉ូតូនិងយានយន្តប្រភេទផ្សេងៗ ទៀតដែលមានលក្ខណៈប្រហាក់ប្រហែលនឹងម៉ូតូ។
បទប្បញ្ញត្តិនេះ បានតាក់តែងឡើងដោយផ្អែកលើការបែងចែកប្រភេទយានយន្ត ត្រង់មាត្រា ៣៤ នៃច្បាប់ស្តីពីសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក។ តាមរយៈនោះ ម៉ូតូគឺជាយានយន្តដែលមានកង់ពីរ ឬកង់បី ដំណើរការដោយម៉ាស៊ីន ត្រូវបានរចនានិងផលិតសម្រាប់ធ្វើចរាចរណ៍លើដងផ្លូវ ហើយមិនរាប់បញ្ចូលម៉ូតូខ្នាតតូចទេ; ចំពោះយានយន្តកង់បី មានទម្ងន់មិនលើសពី ៤០០ គីឡូក្រាម។
ក្នុងពេលនោះ ម៉ូតូខ្នាតតូចគឺជាយានយន្តដែលមានកង់ពីរ ឬកង់បី ដំណើរការដោយម៉ាស៊ីន បានរចនា និងផលិតសម្រាប់ធ្វើចរាចរណ៍លើដងផ្លូវ ដោយមានល្បឿនរចនាមិនលើសពី ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ប្រសិនបើប្រើម៉ាស៊ីនកម្ដៅ ទំហំស៊ីឡាំង ឬទំហំសមមូលមិនលើសពី ៥០ សង់ទីម៉ែត្រគូប។ ប្រសិនបើប្រើម៉ូទ័រអគ្គិសនី ពលានុភាពមិនធំជាង ៤ គីឡូវ៉ាត់។ ម៉ូតូខ្នាតតូចមិនរាប់បញ្ចូលកង់អគ្គិសនីនោះទេ។
ដូច្នេះ បទប្បញ្ញត្តិស្តីពីការផាកពិន័យចំពោះអ្នកដែលមានអាយុគ្រប់ ១៦ ឆ្នាំដល់ក្រោម ១៨ ឆ្នាំ ដែលបើកបរម៉ូតូ និងយានយន្តប្រភេទផ្សេងទៀតដែលមានលក្ខណៈស្រដៀងនឹងម៉ូតូ នៅក្នុងអនុក្រឹត្យលេខ ២៣៨/NĐ-CP មិនមានការផ្លាស់ប្តូរខ្លឹមសារដើម បើប្រៀបនឹងអនុក្រឹត្យលេខ ១៦៨/NĐ-CP នោះទេ ដោយគ្រាន់តែកែសម្រួលរបៀបបកស្រាយពាក្យពេចន៍ ដើម្បីឱ្យមានការឯកភាពជាមួយច្បាប់ស្តីពីសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោកតែប៉ុណ្ណោះ។
“អ្នកដែលមានអាយុគ្រប់ ១៦ ឆ្នាំឡើងទៅ នៅតែមានសិទ្ធិបើកបរម៉ូតូខ្នាតតូចតាមបទប្បញ្ញត្តិច្បាប់” តំណាងនាយកដ្ឋាននគរបាលចរាចរណ៍បានបញ្ជាក់យ៉ាងច្បាស់ដូច្នេះ៕
យោងតាម៖ vietnamnet.vn - ពេជ្រសឿន