ទុនឥណទានសម្រាប់ដោះស្រាយការងារធ្វើរបស់ធនាគារគោលនយោបាយសង្គម គឺជាគំនាស់សេដ្ឋកិច្ចដ៏សំខាន់ ដែលជួយដល់សមាជិកគ្រួសារក្រីក្រនិងក្បែរក្រនៅទីក្រុងកឹងធើ អភិវឌ្ឍន៍សេដ្ឋកិច្ច បង្កការងារធ្វើនិងបង្កើនប្រាក់ចំណូល។ លើសពីនេះ ទុនឥណទានអនុគ្រោះនេះ ក៏ជាកម្លាំងជំរុញឱ្យសមាជិកសមាគមធ្វើការបង្វែរទម្រង់ផលិត ជាជំហានៗធ្វើឱ្យជាក់ស្ដែងឆន្ទៈឈានឡើង ធ្វើមានដោយស្របច្បាប់។

ទម្រង់ចិញ្ចឹមគោជួយកែលម្អជីវភាពគ្រួសារអ្នកមីងឡឹមធីណឿង នៅឃុំង៉ុកតូ។
តាមរយៈចំនួនទុនបុល ៣០ លានដុងពីធនាគារគោលនយោបាយសង្គម គ្រួសារ អ្នកមីងឡឹមធីណឿង នៅឃុំង៉ុកតូ បានមោះមុតអនុវត្តទម្រង់ចិញ្ចឹមគោ ហើយចាប់តាំងពីពេលនោះមក ជីវភាពរបស់គ្រួសារបានប្រសើរឡើងបន្តិចម្ដងៗ។ តាមការឱ្យដឹង ក្នុងដំណាក់កាលដំបូង គ្រួសារអ្នកមីងបានជួបប្រទះការលំបាកមិនតិចទេ ដោយសារមិនទាន់មានបទពិសោធន៍ក្នុងការចិញ្ចឹមគោ ប៉ុន្តែ អាស្រ័យការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគ បានបង្កលក្ខណៈឱ្យចូលរួមវគ្គបណ្តុះបណ្តាល អំពីបច្ចេកទេសនិងរបៀបនៃការចិញ្ចឹមសមស្រប ទើបហ្វូងគោរបស់គ្រួសារគាត់ធំធាត់លឿន ហើយរៀងរាល់ឆ្នាំគោកើតកូនជាបន្តបន្ទាប់។
អ្នកមីងណឿង ចែករំលែក៖ “ជីវភាពក្រលំបាក មានដីស្រែតិចតួច។ នៅឆ្នាំ ២០១៦ បានធនាគារគោលនយោបាយសង្គមឱ្យបុលទុន តាមរយៈសមាគមនារីឃុំ កាលនោះខ្ញុំបុលទុនសង់រោងគោ និងទិញគោពូជបង្កាត់មួយក្បាលមកចិញ្ចឹម។ មកដល់ពេលនេះ គ្រួសារខ្ញុំបានលក់គោសរុប ៧ ក្បាល ដោយក្នុងមួយក្បាលមានតម្លៃចាប់ពី ២៥ លានដុង ដល់ ៣០ លានដុង។ អាស្រ័យការចិញ្ចឹមគោ ទើបគ្រួសារខ្ញុំមានប្រាក់ចំណូលបន្ថែមសម្រាប់គិតគូរដល់ជីវភាព”។
ចំណែកបងស្រីធីធូ នៅឃុំវិញធ្វឹងដុង កាលពីមុន គ្រួសារបងស្រីពឹងផ្អែកលើការផលិតស្រូវជាចម្បង ប៉ុន្តែទិន្នផលទាប មិនគ្រប់ផ្គត់ផ្គង់ជីវភាព។ នៅឆ្នាំ ២០២០ បានសមាគមនារីឃុំឧទ្ទេសនាម បងស្រីបានបុលទុន ៥០ លានដុងពីកម្មវិធីដោះស្រាយការងារធ្វើ ហើយក៏បានចូលរួមវគ្គបណ្តុះបណ្តាលអំពីបច្ចេកទេសចិញ្ចឹមកន្ធាយ។ ពេលមានដើមទុន និងបច្ចេកទេស គ្រួសារបងស្រីក៏សម្រេចចិត្តវិនិយោគក្នុងការចិញ្ចឹមកន្ធាយ រកបានប្រាក់ចំណូលលំនឹងជីវភាព។ បងស្រីធីធូ ឱ្យដឹង៖ “ជាមួយនឹងកន្ធាយពូជ ១០.០០០ ក្បាល ចិញ្ចឹមលើផ្ទៃដី ៣.០០០ ម៉ែត្រការ៉េ ក្រោយយៈពេល ១៧ ខែ អាចប្រមូលផលបានដោយទិន្នផលសម្រេចប្រមាណ ៤ តោន មានទម្ងន់ពី ០,៧ ដល់ ១,៥ គីឡូក្រាមក្នុងមួយក្បាល ហើយលក់ក្នុងតម្លៃប្រមាណ ២៣០.០០០ ដុងក្នុងមួយគីឡូក្រាម។ បន្ទាប់ពីទូទាត់ចំណាយរួច គ្រួសារខ្ញុំនៅចំណេញប្រមាណ ៤០០ លានដុង”។
តាមប្រសាសន៍របស់លោកស្រី ត្រឹងធីហាំង អនុប្រធានសមាគមនារីទីក្រុងកឹងធើ បានឱ្យដឹង ជាក់ស្តែងបានបង្ហាញថា ប្រភពទុនឥណទានសម្រាប់ដោះស្រាយការងារធ្វើ បាននិងកំពុងបង្ហាញប្រសិទ្ធភាព ដោយសមាជិកជាច្រើនមានឱកាសពង្រីកការផលិត និងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ។ ដើម្បីបន្តលើកកម្ពស់ប្រសិទ្ធភាពនៃកម្មវិធីនេះ នៅពេលខាងមុខ សមាគមនឹងជំរុញការផ្សព្វផ្សាយ និងលើកទឹកចិត្តសមាជិកឱ្យអនុវត្តទម្រង់សេដ្ឋកិច្ចដែលមានប្រសិទ្ធភាព; សកម្មក្នុងការផ្តល់ទុនឥណទានអនុគ្រោះ ដើម្បីជួយឱ្យសមាជិកនិងនារី ពង្រីកទ្រង់ទ្រាយនៃការផលិត បង្កើនប្រាក់ចំណូល និងលើកកម្ពស់គុណភាពជីវភាពឱ្យកាន់តែប្រសើរឡើង។
ទិដ្ឋភាពរស់រវើកនៃជីវភាពនិងការផលិតរបស់សមាជិក និងនារីនៅទីក្រុងកឹងធើ បានបញ្ជាក់យ៉ាងច្បាស់នូវភាពត្រឹមត្រូវនៃគោលនយោបាយរបស់បក្ស និងរដ្ឋ ក្នុងការឧបត្ថម្ភអភិវឌ្ឍន៍ការផលិតនិងបង្កការងារធ្វើ។ តាមរយៈនោះ បានរួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងលើកកម្ពស់គុណភាពជីវភាពរបស់សមាជិក និងនារីឱ្យកាន់តែល្អប្រសើរ៕
ថាញវ៉ាង - ពេជ្រសឿន