ប៉ុន្មានឆ្នាំជិតនេះ ដោយការយកចិត្តទុកដាក់វិនិយោគរបស់បក្ស រដ្ឋ និងការដឹកនាំយ៉ាងជិតដិតរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច ទើបកម្មវិធី គោលនយោបាយជនជាតិលើភូមិសាស្រ្តឃុំវិញហាយ ក្រុងកឹងធើ បានផ្សព្វផ្សាយអនុវត្តព្រមៗគ្នានិងប្រសិទ្ធភាព។ រួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជន ធ្វើឱ្យទិដ្ឋភាពតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ រីកចម្រើនឡើង។

បងត្រឹងកុង (ខាងឆ្វេង) នៅភូមិវិញថាញ់ B ឃុំវិញហាយ ក្រុងកឹងធើ លំនឹងជីវភាព អាស្រ័យប្រភពទុនគោលនយោបាយសង្គម។ រូបថត៖ ថាញ់វ៉ាង
គ្រួសារបងត្រឹងកុង នៅភូមិវិញថាញ់ B ឃុំវិញហាយ ជាគ្រួសារឈានឡើងចាកផុតពីភាពក្រីក្រ ផ្ដើមពីប្រភពទុនគោលនយោបាយសង្គម។ ពេលសំណេះសំណាលជាមួយយើងខ្ញុំ បងកុង រ៉ាយរ៉ាប់៖ “កាលពីមុន ជីវភាពគ្រួសារខ្ញុំជួបលំបាក ដោយសារគ្មានដីផលិតកម្ម ពីរនាក់ប្ដីប្រពន្ធខ្ញុំតែងទៅធ្វើការស៊ីឈ្នួលចិញ្ចឹមជីវិត។ ឆ្នាំ ២០២២ ខ្ញុំបានរដ្ឋអំណាចឧទ្ទេសនាមបុលទុន ៩០ លានដុងសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ពេលបុលបានប្រាក់ខ្ញុំចាប់ផ្ដើមប្រកបរបរលក់សាច់ជ្រូក ត្រី មាន់ ទា ក្នុងមួយថ្ងៃៗរកបានប្រាក់ចំណូលប្រមាណ ៥០០.០០០ ដុង”។
ទន្ទឹមនឹងការបង្កលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ច គណៈកម្មាធិការបក្ស រដ្ឋអំណាចឃុំវិញហាយ នៅទាំងផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពការឧបត្ថម្ភលំនៅឋាន ដីសង់លំនៅឋាន ផ្លាស់ប្ដូរមុខរបរ ទឹកស្អាតជូនជនរួមជាតិខ្មែរ ពីប្រភពទុនកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាលទី១៖ ២០២១-២០២៥ ដើម្បីជួយមាមីងក្រីក្រមានលក្ខណអភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាព។ តាមប្រសាសន៍ សមមិត្តសុកដុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំវិញហាយ ឆ្នាំ ២០២៤ ឃុំបានសាងសង់ផ្ទះជូន ៧៤ គ្រួសារ; ឧបត្ថម្ភទឹកស្អាតប្រើប្រាស់ជូន ១៨ គ្រួសារនិងឧបត្ថម្ភផ្លាស់ប្ដូរមុខរបរជូន ១០ គ្រួសារ សរុបដើមទុនជាង ៣ ពាន់លានដុង។ ជាគ្រួសារមួយក្នុងចំណោមគ្រួសារបានទទួលផលពីគោលនយោបាយ លោកឡឹមបូថា នៅភូមិតាសេក ឃុំវិញហាយ ឱ្យដឹង៖ “ស្ថានភាពគ្រួសារខ្ញុំក្រីក្រ គ្មានដីបង្កបង្កើនផល ប្រាក់ចំណូលសំខាន់បានមកពីការធ្វើកម្មករសំណង់ គ្រប់តែដោះស្រាយជីវភាពប្រចាំថ្ងៃ ម្ល៉ោះហើយគ្មានសេសសល់ប្រាក់សង់ផ្ទះ។ នៅឆ្នាំ ២០២៤ បានបក្សនិងរដ្ឋឧបត្ថម្ភសាងសង់ផ្ទះ ខ្ញុំត្រេកអរខ្លាំងណាស់ ចាប់ពីពេលនេះទៅ ខ្ញុំមានផ្ទះសម្បែងសមរម្យ លែងបារម្ភពីផ្ទះទ្រុឌទ្រោមភ្លៀងស្រក់ទៀត”។
សមមិត្តសុកដុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំវិញហាយ ឱ្យដឹង៖ “អាស្រ័យផ្សព្វផ្សាយគោលនយោបាយរបស់បក្សនិងរដ្ឋបានទាន់ពេលនិងប្រកបដោយប្រសិទ្ធភាព ទើបជីវភាពប្រជាជនក្នុងឃុំមានការផ្លាស់ប្ដូរយ៉ាងច្បាស់។ ចំនួនគ្រួសារក្រីក្រក្នុងទូទាំងឃុំមាន ៣១៥ គ្រួសារ (ឆ្នាំ ២០២៣) ថយចុះនៅត្រឹម ១១៥ គ្រួសារ (ឆ្នាំ ២០២៤); ហេដ្ឋារចនាសម្ព័ន្ធជនបទបានវិនិយោគកសាងរឹងមាំ; ការដោះស្រាយការងារធ្វើ បណ្ដុះបណ្ដាលមុខរបរ សម្រេចតាមលក្ខឋានដែលបានដាក់ចេញ។ល។ លទ្ធផលសម្រេចបានទាំងនេះ ជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់វិនិយោគរបស់បក្ស រដ្ឋ ដល់តំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ ក៏ដូច ជាការខិតខំប្រឹងប្រែងរបស់រដ្ឋអំណាចភូមិភាគ និងឆន្ទៈឈានឡើងចាកផុតពីភាពក្រីក្ររបស់មាមីងរយៈកាលកន្លង”៕
អត្ថបទនិងរូបថត៖ ថាញ់វ៉ាង - ថាច់ធី