មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

09/06/2025 - 15:14

ធ្វើ​មាន​អា​ស្រ័យ​ទម្រង់​ដាំ​ផ្កា​អង្គា​សីល​ចន្លោះ​ដើម​ដូង 

ដោយ​សារ​អនុវត្ត​វិទ្យា​សាស្ត្រ - បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​ផលិត ពូថាច់​មុាំង នៅ​ភូមិ​គិញ​ស៊ុយ ឃុំ​ថាញ​ម៉ី ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ អនុវត្ត​ទម្រង់​ដាំ​ផ្កា​អង្គា​សីល ចន្លោះ​ដើម​ដូង​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង។

  ពូថាច់​ម៉ាំង កំ​ពុង​ថែ​ទាំ​ផ្កា​អង្គា​សីល ផ្សាំ​មែក​ឱ្យ​ចេញ​ផ្កា​ច្រើន​សម្រាប់​ផ្គត់​ផ្គង់​ទីផ្សារ។

ពូថាច់​មុាំង ឱ្យ​ដឹង៖ “មក​ពី​ចូល​ចិត្ត​ដើម​ឈើ​លម្អ ឆ្នាំ ២០២០ ខ្ញុំ​សម្រេច​ចិត្ត​លើក​ចម្ការ ៥,៥ កុង​ដី ដែល​ធ្វើ​ស្រែ​ផ្តល់​ទិន្ន​ផល​ទាប​ងាក​មក​ដាំ​ដូង​វិញ ដោយ​ប្រើ​ប្រាស់​អស់​លទ្ធ​ភាព​នូវ​ដី​ទំ​នេរ​តាម​ចន្លោះ​ដើម​ដូង និង​ដី​ទំ​នេរ​ជុំ​វិញ​ផ្ទះ​ខ្ញុំ​ដាំ​ផ្កា​អង្គា​សីល។ ផ្កា​អង្គា​សីល​ដែល​ខ្ញុំ​ជ្រើស​រើស​ដាំ​មាន​ទាំង​ដើម​តូច​ធំ ទំ​ហំ​ចាប់​ពី ២០- ៥០ សង់​ទី​ម៉ែត្រ។ បច្ចុប្បន្ន ចម្ការ​ផ្កា​អង្គា​សីល​របស់​ខ្ញុំ​មាន​ប្រ​មាណ ៤០០ ដើម តម្លៃ​ជាង ៤០០ លាន​ដុង។ ដោយ​សារ​ស្វែង​យល់​បទ​ពិ​សោធន៍​ដាំ​ផ្កា​អង្គា​សីល​តាម​រយៈ​សៀវ​ភៅ កា​សែត និង​បទ​ពិ​សោធន៍​ពី​មិត្ត​ភក្តិ​ដែល​ដាំ​ផ្កា​អង្គា​សីល ក្នុង​ដំ​ណាក់​កាល​នៃ​ការ​តាក់​តែង​ដើម ​ខ្ញុំ​ធ្វើ​ដោយ​ខ្លួន​ឯង កាត់​បន្ថយ​បាន​ប្រាក់​ចំ​ណាយ។ ជា​មួយ​ទម្រង់​ដាំ​ផ្កា​អង្គា​សីល​ចន្លោះ​ដើម​ដូង រៀង​រាល់​ឆ្នាំ ​ខ្ញុំ​រក​ចំ​ណេញ​បាន​ជិត ២០០ លាន​ដុង”។

ក្រៅ​ពី​ទម្រង់​ដាំ​ផ្កា​អង្គា​សីល​ចន្លោះ​ដើម​ដូង ពូ​ថាច់​មុាំង ទើប​ទិញ​ផ្កា​អង្គា​សីល​ប្រ​មាណ ១២០ ដើម ទំ​ហំ​ជា​មធ្យម​ចាប់​ពី ៣០-៦០ សង់​ទី​ម៉ែត្រ សរុប​ទឹក​ប្រាក់​ប្រ​មាណ ១២៥ លាន​ដុង យក​មក​ផ្សាំ​មែក​ដើម្បី​ឱ្យ​ចេញ​ផ្កា​ច្រើន​សម្រាប់​ផ្គត់​ផ្គង់​ទី​ផ្សារ​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម​ឆ្នាំ​២០២៦។ ជា​មួយ​ទម្រង់​ផ្សាំ​មែក​ផ្កា​អង្គា​សីល ដើម្បី​លក់​នៅ​ផ្សារ​នា​ឱកាស​ចូល​ឆ្នាំ​វៀត​ណាម​ប៊ិញ​ង៉ ឆ្នាំ២០២៦។ ពូ​ថាច់​មុាំង សង្ឃឹម​ថា​នឹង​រក​បាន​ប្រាក់​ចំ​ណេញ ១០០ លាន​ដុង។

ក្រៅ​ពី​អនុវត្ត​ទម្រង់​ខាង​លើ ពូ​ថាច់​មុាំង ឱ្យ​ដឹង​បន្ថែម៖ “ដើម្បី​លើក​កម្ពស់​ថ្វី​ដៃ​និង​មាន​ការ​ងារ​ធ្វើ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល ​កន្លង​ហើយ​ខ្ញុំ​បាន​ចូល​រួម​ជា​សមា​ជិក​សហ​ករណ៍​កសិ​កម្ម - ពា​ណិជ្ជ​កម្ម - សេ​វា​កម្ម​ដាយ​ថាញ់​ផាក នៅ​ទី​ប្រ​ជុំ​ជន​ចូវ​ថាញ់ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ផង​ដែរ។ សហ​ករណ៍​នេះ​ជំ​នាញ​ផ្នែក​ខាង​វិស័យ​ផ្កា​លម្អ​និង​ឈើ​ដំ​ណាំ ម្ល៉ោះ​ហើយ សម​ស្រប​នឹង​របរ​ដាំ​ផ្កា​អង្គា​សីល​របស់​ខ្ញុំ​ផ្ទាល់​តែ​ម្តង។ ចូល​សហ​ករណ៍​បាន​ចូល​រួម​វគ្គ​ហ្វឹក​ហាត់​អំពី​ការ​ដាំ​ផ្កា​លម្អ​ដែល​សហ​ករណ៍​បាន​សហ​ការ​ជា​មួយ​ផ្នែក​ជំ​នាញ​រៀប​ចំ​ឡើង ថ្វី​ដៃ​របស់​ខ្ញុំ​ត្រូវ​បាន​លើក​កម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ក្រៅ​ពី​នេះ នៅ​ពេល​សហ​ករណ៍​បាន​ចុះ​កិច្ច​សន្យា​ថែ​ទាំ​ផ្កា​លម្អ​នៅ​តាម​ស្ថា​ប័ន អង្គ​ភាព ឯក​ជន៘ ខ្ញុំ​ក៏​បាន​ចូល​រួម​ថែទាំ​ក្នុង​មួយ​ថ្ងៃ​រក​បាន​ប្រាក់​ចំ​ណូល​ចាប់​ពី​៣០០​.០០០ - ៣៥០​.០០០​ដុង​/ថ្ងៃ ខ្ញុំ​ត្រេក​អរ​ណាស់”។

លោក​ង្វៀង​ជីហ៊ីប ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ថាញ​ម៉ី ឱ្យ​ដឹង៖ “ប៉ុន្មាន​ឆ្នាំ​កន្លង ភូមិ​ភាគ​តែង​ជំ​រុញ​ទឹក​ចិត្ត​មា​មីង ឱ្យ​កែ​ប្រែ​ចម្ការ​ស៊ុប​ទ្រុប ផ្តល់​ទិន្ន​ផល​ទាប ងាក​មក​ដាំ​ឆ្លាស់​គ្នា ឬ​ដាំ​ប្រ​ភេទ​ដំ​ណាំ​ដែល​ផ្តល់​ទិន្ន​ផល​ខ្ពស់​និង​គុណ​ភាព​ល្អ។ តួ​យ៉ាង​ដូច​គ្រួ​សារ​ពូ​ថាច់​មុាំង ជា​គ្រួ​សារ​មួយ​ដែល​ព្យា​យាម​ស៊ូ​ទ្រាំ​លំ​បាក​រៀន​សូត្រ អនុវត្ត​វិទ្យា​សាស្ត្រ - បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​ផ​លិត ហើយ​ក៏​ជា​គំរូ​ឈាន​មុខ​ក្នុង​ភូមិ​ភាគ ប្តូរ​ពីដី​ផ្តល់​ទិន្ន​ផល​ទាប ងាក​មក​ដាំ​ផ្កា​អង្គា​សីល ចន្លោះ​ដើម​ដូង​មាន​ប្រ​សិទ្ធ​ភាព រក​បាន​ប្រាក់​ចំ​ណូល​ខ្ពស់​លើ​ផ្ទៃ​ដី​វប្ប​កម្ម​តែ​មួយ”៕

                             សើុង​ម៉ាល័យ- លី​សៀ

ចែករំលែកអត្ថបទ