មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

26/05/2025 - 12:53

ភាព​ផ្លាស់​ថ្មី​នៅ​តំបន់​ជន​បទ 

បច្ចុប្បន្ន ឃុំ​នានា​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ខេត្ត​សុក​ត្រាំង តែង​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី ជន​បទ​ថ្មី​កម្រិត​ខ្ពស់ និង​ជន​បទ​ថ្មី​គំរូ។ ផ្តើម​ពី​នោះ ធ្វើ​ឱ្យ​មុខ​មាត់​ជន​បទ​កាន់​តែ​មាន​ភាព​ស្រស់​បំ​ព្រង ជឿន​លឿន​មិន​ខុស​ពី​ទី​ក្រុង​ឡើយ។

ដង​ផ្លូវ​ចូល​ទៅ​ឃុំ​ឡឹម​តឹង ត្រូវ​បាន​ក្រាល​កៅ​ស៊ូ​យ៉ាង​សម​រម្យ។

ក្នុង​រយៈ​កាល ១០ ឆ្នាំ​កសាង​ជន​បទ​ថ្មី​កម្រិត​ខ្ពស់ ឃុំ​ឡឹម​តឹង ស្រុក​ថាញ់​ទ្រី បាន​វិនិ​យោគ​ទុន​ជាង ១៣១ ពាន់​លាន​ដុង។ សព្វ​ថ្ងៃ ដង​ផ្លូវ​ជន​បទ​ក្នុង​ឃុំ​ទាំង​អស់​ត្រូវ​បាន​ក្រាល​ក្រួស​ចាក់​បេ​តុង​ជាង​៩១%; ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​សម្រេច ៧២,៧៥ លាន​ដុង​/ឆ្នាំ; អត្រា​គ្រួ​សារ​ក្រី​ក្រ​ពហុ​វិមាត្រ​កាត់​បន្ថយ​នៅ ២% ។ល។ ចំ​ណាប់​អា​រម្មណ៍​ចំ​ពោះ​ជន​បទ​ផ្លាស់​ថ្មី លោក​លី​ចៀង នៅ​ឃុំ​ឡឹម​តឹង មាន​ប្រ​សាសន៍៖ “ឡឹម​តឹង ជា​ឃុំ​ស្ថិត​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល ពី​មុន​មា​មីង​ត្រូវ​ការ​ទៅ​ណា​មក​ណា​ម្ដងៗ ភាគ​ច្រើន​គឺ​ប្រើ​ប្រាស់​ទូក​បី​ស្លឹក​និង​ដើរ​ថ្មើរ​ជើង។ រីឯ​សព្វ​ថ្ងៃ ដង​ផ្លូវ​នានា​ត្រូវ​បាន​ក្រាល​បេតុង​តភ្ជាប់​ទៅ​ដល់​ឃុំ​និង​ភូមិ​នានា យាន​យន្ត​បើក​ដល់​ផ្ទះ។ តាម​ដង​ផ្លូវ​ជន​បទ​ដាក់​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​សង​ខាង​ផ្លូវ​ដាំ​ផ្កា​លម្អ; ទូទាំង​ភូមិ​ឃើញ​សុទ្ធ​តែ​ផ្ទះ​ឥដ្ឋ​សម​រម្យ មា​មីង​មាន​មធ្យោ​បាយ​សព្វ​គ្រប់​សម្រាប់​ការ​ធ្វើ​ដំ​ណើរ​និង​ប្រើ​ប្រាស់​ប្រ​ជុំ​ជីវ​ភាព។ ពិ​សេស មា​មីង​ខ្មែរ​ចេះ​ធ្វើ​អា​ជីវ​កម្ម ជួញ​ដូរ​និង​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ក្នុង​ការ​បង្ក​បង្កើន​ផល ជំ​រុញ​សេដ្ឋ​កិច្ច​រីក​ចម្រើន រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង ជីវ​ភាព​ត្រូវ​បាន​កើន​ឡើង​ ធ្វើ​ឱ្យ​មុខ​មាត់​ជន​បទ​មាន​ភាព​ផ្លាស់​ថ្មី”។

ប្រ​ព័ន្ធ​ធា​រា​សាស្ត្រ​ត្រូវ​បាន​វិនិ​យោគ​សម្រេច​ជា​ស្ថា​ពរ ធា​នា​មាន​ទឹក​សាប​គ្រប់​គ្រាន់ មា​មីង​ខ្មែរ​នៅ​ឃុំ​ថាញ់​ភូ​ដាំ​ដំ​ណាំ​បាន​ខួប​ប្រាំង​វស្សា ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល។

ចំ​ណែក​លោក ត្រឹង​ថាញ​ប៊ិញ នៅ​ភូមិ​ព្រែក​អណ្តើក ឃុំ​ថាញ់​ភូ ស្រុក​មី​ស្វៀង ឱ្យ​ដឹង៖ “ឥ​ឡូវ​នេះ មា​មីង​ខ្មែរ​យល់​ដឹង​យ៉ាង​ច្បាស់​ការ​កសាង​ជន​បទ​ថ្មី​គឺ​បម្រើ​ផល​ប្រ​យោជន៍​ប្រ​ជា​ជន ដូច្នេះ មា​មីង​ស្រប​គំនិត​អនុវត្ត។ ត្រេក​អរ​បំ​ផុត​សព្វ​ថ្ងៃ​នេះ​នៅ​គ្រប់​ភូមិ​ទាំង​អស់​សុទ្ធ​តែ​មាន​សា​លា​រៀន​សម​រម្យ ម៉្លោះ​ហើយ កូន​ចៅ​មា​មីង​ខ្មែរ​បាន​ទៅ​រៀន​គ្រប់​គ្នា។ មាន​ចំ​ណេះ​ដឹង​មា​មីង​ខ្មែរ​ប្រ​កប​របរ​ជួញ​ដូរ ធ្វើ​អា​ជីវ​កម្ម ចេះ​អនុវត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ក្នុង​ការ​ដាំ​ដុះ ចិញ្ចឹម​សត្វ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ផ្តល់​ប្រាក់​ចំ​ណូល​ខ្ពស់។ ឥឡូវ មា​មីង​ខ្មែរ​នៅ​តំ​បន់​ជន​បទ​មាន​ជីវ​ភាព​ល្អ​ប្រ​សើរ ភូមិ ស្រុកកាន់​តែ​ស្រស់​បំ​ព្រង”។

មក​ទល់​ពេល​នេះ ទូ​ទាំង​ខេត្ត​សុក​ត្រាំង​មាន ៧៥ ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី ក្នុង​នោះ មាន​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ចំ​នួន ៣០ ឃុំ​ជន​បទ​ថ្មី​គំរូ ចំ​នួន ៣ និង​មាន​អង្គ​ភាព​ថ្នាក់​ស្រុក​ចំ​នួន ៥ ត្រូវ​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន និង​អនុវត្ត​សម្រេច​ភារ​កិច្ច​កសាង​ជន​បទ​ថ្មី។ តាម​ប្រ​សាសន៍​លោក វឿង​ក្វឹក​ណាម អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង លទ្ធ​ផល​សម្រេច​បាន​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​កម្រិត​ខ្ពស់ គឺ​ជា​ដំ​ណាក់​ការ​កៀរ​គរ រាល់​ប្រ​ភព​កម្លាំង​របស់​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ ជា​ពិសេស គឺ​ថ្នាក់​មូល​ដ្ឋាន​និង​ទទួល​ការ​គាំ​ទ្រ​យ៉ាង​ពេញ​ទំ​ហឹង​ពី​សំ​ណាក់​ប្រ​ជា​ជន។ បច្ចុប្បន្ន ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ត្រូវ​បាន​វិនិ​យោគ​សព្វ​គ្រប់; ប្រ​ព័ន្ធ​ធា​រា​សាស្ត្រ​ធា​នា​មាន​ទឹក​សាប​គ្រប់​គ្រាន់​សម្រាប់​បម្រើ​ការ​ផលិត​របស់​ប្រ​ជា​ជន; សា​លា​រៀន ដំ​ណាក់​សុខា​ភិបាល អគ្គិ​សនី ទឹក​ស្អាត​។ល។ ត្រូវ​បាន​វិនិ​យោគ​សម្រេច​ជា​ស្ថា​ពរ។ ផ្តើម​ពី​នោះ ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​តំ​បន់​ជន​បទ សំ​ខាន់​បំ​ផុត​គឺ​នៅ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ៕

     យ្វី​អាញ-មុនី

ចែករំលែកអត្ថបទ