មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

22/04/2025 - 08:29

នារី​ប្រ​ធាន​ភូមិ​ភ្នំ​ពីរ 

“ជា​ជន​ជាតិ​ខ្មែរ រួស​រាយ​រាក់​ទាក់ សកម្ម​និង​ធ្វើ​បាន​កិច្ច​ការ​ជា​ច្រើន​មាន​ប្រ​យោជន៍​ដល់​ប្រ​ជា​ជន ម្ល៉ោះ​ហើយ​បង​ស្រី​បាន​ប្រ​ជា​ជន​ស្រ​ឡាញ់​រាប់​អាន​និង​ជឿ​ទុក​ចិត្ត។ បង​ស្រី​ក៏​ជា​គំរូ​លេច​ធ្លោ​ក្នុង​ការ​រៀន​សូត្រ និង​ធ្វើ​តាម​ឧត្តម​គតិ សីល​ធម៌ ឥរិ​យា​បទ​ហូ​ជី​មិញ​របស់​ភូមិ​ភាគ”។

បង​ស្រី នាង​សុខ​មន្ថា។

នោះ​គឺ​ជា​ពាក្យ “ស្ងើច​សរ​សើរ” របស់​លោក​ចៅ​ចឿង អនុ​លេ​ខា​គណៈ​កម្មា​ធិការ​បក្ស ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ចូវ​ឡាំង ស្រុក​ទ្រី​តូង ខេត្ត​អាង​យ៉ាង ពេល​គាត់​បញ្ជាក់ ឱ្យ​ដឹង​អំ​ពី​បង​ស្រី នាង​សុខ​មន្ថា លេខា​សា​ខា​បក្ស និង​ជា​ប្រ​ធាន​ភូមិ​ភ្នំ​ពីរ។ ពី​ព្រោះ​បង​ស្រី​គាត់​តែង​សកម្ម និង​ធ្វើ​បាន​កិច្ច​ការ​ជា​ច្រើន​មាន​ប្រ​យោជន៍​ដល់​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ។

ភ្នំ​ពីរ​ជា​ភូមិ​មាន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ចំ​នួន ៣៥៤/​៣៨០ គ្រួ​សារ។ បង​ស្រី សុខ​មន្ថា ឱ្យ​ដឹង៖ ក្នុង​ដំ​ណើរ​ច្បាម​មូល​ដ្ឋាន គាត់​សង្កេត​ឃើញ​ថា ប្រ​ជា​ជន​នៅ​ភូមិ​ភ្នំ​ពីរ​មាន​តម្រូវ​ការ​ពង្រីក​ផ្លូវ​គមនា​គមន៍​ជន​បទ ផ្លូវ​ចេញ​ទៅ​វាល​ស្រែ និង​បំ​ពាក់​ភ្លើង​បំ​ភ្លឺ​ផ្លូវ​នៅ​តាម​ភូមិ​ស្រុក។ ដូច្នេះ​បញ្ហា​នេះ ត្រូវ​បាន​ដាក់​បញ្ចូល​ភ្លាម​ក្នុង​សេចក្តី​សម្រេច​ចិត្ត​មហា​សន្និ​បាត​សា​ខា​បក្ស​ភូមិ​ភ្នំ​ពីរ អា​ណត្តិ​កាល ២០២៣ - ២០២៥ ដោយ​មាន​ការ​ឯក​ភាព​ខ្ពស់​ពី​បក្ខ​ជន​ទាំង​អស់។

ដង​ផ្លូវ​តភ្ជាប់​ចូវ​ឡាំង​ជា​មួយ​នឹង​ផ្លូវ Latina បាន​រួម​ចំ​ណែក​ធ្វើ​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ដោះ​ដូរ​ពា​ណិជ្ជ​កម្ម ជំ​រុញ​ផ្សព្វ​ផ្សាយ ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​នៅ​ភូមិ​ភាគ​ទាំង​ពីរ។

ជា​មួយ​នឹង​តួនា​ទី​ជា​លេខា​សា​ខា​បក្ស - ប្រ​ធាន​ភូមិ បង​ស្រី​បាន​កសាង​ផែន​ការ​ធ្វើ​ឱ្យ​ទៅ​ជា​ភាព​ជាក់​ស្តែង និង​រៀប​ចំ​ផ្សព្វ​ផ្សាយ​សេចក្តី​សម្រេច​ចិត្ត។ ពិសេស​ក្នុង​ផែន​ការ បង​ស្រី​បាន​គូស​បញ្ជាក់​ពី​ការ​រួម​ចំ​ណែក ១០០% ពី​សំ​ណាក់​ប្រ​ជា​ជន។ “ជីវ​ភាព​របស់​ប្រ​ជា​ជន​នៅ​ភ្នំ​ពីរ​ជា​សំ​ខាន់​គឺ​ប្រ​កប​របរ​កសិ​កម្ម លក់​ដូរ​ជា​លក្ខណៈ​គ្រួ​សារ និង​មួយ​ផ្នែក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ខេត្ត ទើប​នៅ​ជួប​ការ​លំ​បាក​ច្រើន។ ហេតុ​នោះ ខ្ញុំ​តែង​ចុះ​ទៅ​មូល​ដ្ឋាន ដើម្បី​ស្វែង​យល់​ពី​ការ​លំ​បាក និង​គោល​បំ​ណង​របស់​ប្រ​ជា​ជន។ ក្រៅ​ពី​នោះ ខ្ញុំ​នៅ​ទាំង​សហ​ការ​ជា​មួយ​គណៈ ផ្នែក គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ និង​អង្គ​ការ​នយោ​បាយ​សង្គម រួម​ជា​មួយ​នឹង​ព្រះ​ចៅ​អធិ​ការ និង​អា​ចារ្យ​គណៈ​កម្ម​ការ​វត្ត​ខ្មែរ​ទាំង ២ នៅ​លើ​ភូមិ​សាស្រ្ត។ ផ្តើម​ពី​នោះ ខ្ញុំ​ឃោស​នា ចលនា​ប្រ​ជា​ជន​ឱ្យ​យល់​កាន់​តែ​ច្បាស់​ពី​គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ។ ពិ​សេស លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​ដើម្បី​ពួក​គាត់​យល់​ច្បាស់​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ក្នុង​ការ​កសាង​ភូមិ​ស្រុក”។

ពេល​សួរ​អំពី​សំ​ណង់​មួយ​ដែល​លេច​ធ្លោ បង​ស្រី នាង​សុខ​មន្ថា បាន​និយាយ​រៀប​រាប់​ដោយ​ក្តី​រីក​រាយ។ ពី​មុន ដើម្បី​ទៅ​កាន់​តំ​បន់ Latina ប្រ​ជា​ជន​បាន​ត្រឹម​តែ​ធ្វើ​ដំ​ណើរ​តាម​ភ្លឺ​ស្រែ​ដែល​មាន​ផ្លូវ​លំ​ប៉ុណ្ណោះ។ រដូវ​ប្រាំង​អាច​ធ្វើ​ដំ​ណើរ​បាន​ចំ​ណែក រដូវ​វស្សា​គ្មាន​សុ​វត្ថិ​ភាព​ឡើយ។ បន្ទាប់​ពី​បាន​ចុះ​ទៅ​ត្រួត​ពិ​និត្យ និង​ស្ទង់​មតិ​ប្រ​ជា​ជន​ជា​ច្រើន​លើក បង​ស្រី​សម្រេច​ចិត្ត​ចលនា​ប្រ​ជា​ជន​បរិច្ចាគ​ដី ដើម្បី​កសាង​ផ្លូវ​ជន​បទ​ឆ្លង​កាត់​ទៅ​ផ្លូវ Latina។ “ដំ​បូង​ឡើយ គ្រួ​សារ​មួយ​ចំ​នួន​មិន​ឯក​ភាព ប៉ុន្តែ​ពេល​យើង​ខ្ញុំ​ចុះ​ទៅ​បញ្ចុះ​បញ្ចូល ពួក​គាត់​មិន​ត្រឹម​តែ​យល់​ព្រម​បរិច្ចាគ​ដី​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ជា​មួយ នឹង​ភូមិ​ភាគ​ចលនា​កម្លាំង​ពល​កម្ម និង​ឧបត្ថម្ភ​យ៉ាង​សកម្ម​ក្នុង​ដំ​ណើរ​ការ​កសាង​ផ្លូវ​ប្រ​វែង ៣១៥ ម៉ែត្រ ទទឹង ៣,៥ ម៉ែត្រ បាន​សម្រេច​រួច​រាល់​ទៀត​ផង។ល។ ចាប់​តាំង​ពី​ដង​ផ្លូវ​បាន​បើក​នៅ​ចូវ​ឡាំង មាន​ភាព​អ៊ូ​អរ​និង​រស់​រវើក។ ពី​ព្រោះ​ប្រ​ជា​ជន​ងាយ​នឹង​ធ្វើ​ដំ​ណើរ​ទៅ​កាន់​តំ​បន់ Latina ទស្សនា​ទេស​ភាព​ស្រស់​ស្អាត រួច​វិល​មក​ចូវ​ឡាំង​ភ្លក់​មុខ​ម្ហូប​អា​ហារ ពិ​សេស​របស់​ភូមិ​ភាគ ដូច​ជា៖ បុក​ល្ហុង សាច់​គោ​អាំង និង​បាញ់​កាញ់​ឈរ​ចាំ​ជា​ដើម” បង​ស្រី មន្ថា បាន​អួត​ដូច្នេះ។

មិន​ត្រឹម​តែ​មាន​ដង​ផ្លូវ​ដូច​ពោល​ខាង​លើ​នោះ​ទេ “បូក​សរុប​បណ្តោះ​អា​សន្ន​ដល់​ចុង​ឆ្នាំ ២០២៤ បង​ស្រី នាង​សុខ​មន្ថា រួម​ជា​មួយ​នឹង​សា​ខា​បក្ស​ភូមិ បាន​ចលនា​ប្រ​ជា​ជនបរិច្ចាគ​ដី ដំ​ណាំ​ឈើ​ហូប​ផ្លែ កម្លាំង​ពល​កម្ម បំ​ពាក់​ភ្លើង​បំ​ភ្លឺ​ផ្លូវ។ល។ នៅ​ដង​ផ្លូវ​ជា​ច្រើន គិត​ជា​ទឹក​ប្រាក់​រាប់​រយ​លាន​ដុង។ បង​ស្រី​បាន​ភូមិ​ភាគ​ស្ងើច​សរ​សើរ​ក្នុង​ការ​រៀន​សូត្រ និង​ធ្វើ​តាម​ឧត្តម​គតិ​សីល​ធម៌ ឥរិ​យា​បថ​ហូ​ជី​មិញ” លោក​ចៅ​ចឿង បាន​ចែក​រំលែក​ដូច្នេះ៕

                                    ថាញ​ឡុង-វិ​មាន

ចែករំលែកអត្ថបទ