បងត្រឿងណោរុំ នៅភូមិដៃទទឹង ឃុំតឹបង៉ាយ ស្រុកទីវកឹង ខេត្តត្រាវិញ ផ្តើមអាជីពចិញ្ចឹមកង្កែបនៅឆ្នាំ២០២២។ បច្ចុប្បន្ន ការចិញ្ចឹមកង្កែបបានក្លាយជាប្រភពចំណូលចម្បងរបស់គ្រួសារបងណោរុំ រកបានប្រាក់ចំណូលជិត៥០លានដុងក្នុងមួយឆ្នាំ។

បងណោរុំ ឧទ្ទេសនាមផលិតផលកង្កែបសាច់។
ពីមុន គ្រួសារបងណោរុំ ស្ថិតក្នុងក្របខ័ណ្ឌ គ្រួសារក្រីក្រ គាត់ធ្វើការឈ្នួលប្រាក់ចំណូលមិនទៀតទាត់។ បានឪពុកម្តាយចែកដីចម្ការកន្លះកុង ក្រៅពីដាំដំណាំរួមផ្សំ បងថែមទាំងព្យាយាមស្វែងយល់និងរៀនសូត្របទពិសោធន៍បច្ចេកទេសចិញ្ចឹមកង្កែប តាមរយៈកាសែត ទូរទស្សន៍និងបណ្ដាញសង្គម ដោយចង់បានបង្កើនប្រាក់ចំណូលដល់គ្រួសារ។ ឆ្នាំ២០២២ ឆ្លៀតយកផ្ទៃដីទំនេរនៅក្បែរផ្ទះ ជាមួយនឹងដើមទុនតិចតួច គាត់ទៅរកទិញកង្កែបពូជមកចិញ្ចឹមដំបូង ២.០០០ ក្បាល។
បងណោរុំ ឱ្យដឹង៖ “ខ្ញុំស្វែងរកទិញអាងតង់ ចិញ្ចឹមកង្កែប ហើយព្រលែងកង្កែបមេ ៥០ ក្បាល ដើម្បីមានប្រភពពូជបង្វិលជុំ។ ចិញ្ចឹមកង្កែបក្នុងអាងតង់សម្រេចប្រសិទ្ធភាពខ្ពស់ជាង បើប្រៀបធៀបនឹងការចិញ្ចឹមក្នុងស្រះ ព្រោះយើងអាចតាមដានកង្កែបបានយ៉ាងងាយស្រួលជារៀងរាល់ថ្ងៃ។ ហេតុនេះ ជួយឱ្យយើងអាចរកឃើញជំងឺ និងស្ថានភាពមិនប្រក្រតីរបស់កង្កែបបានឆាប់។ ទន្ទឹមនឹងនោះ ការចិញ្ចឹមកង្កែបក្នុងអាងតង់នឹងងាយស្រួលផ្លាស់ប្តូរទឹក ដូច្នេះ ប្រភពទឹកស្អាតត្រូវបានធានា មិនបង្កធុំក្លិនដល់បរិស្ថាន កាត់បន្ថយជំងឺលើកង្កែប។ ទម្រង់ចិញ្ចឹមកង្កែបខាតបង់ចំណីតិច ការថែទាំក៏មានភាពងាយស្រួល លែងកូនកង្កែបទំហំប៉ុនគ្នា គ្រាន់តែចំណាំជំងឺមួយចំនួន ច្រើនជួបប្រទះដូចជាជំងឺក្រពះនិងហើមពោះ”។

បងណោរុំ កំពុងពិនិត្យសុខភាពកង្កែប។
ជាមួយនឹងកង្កែបមេដំបូងជាង ៥០ ក្បាល ឆ្នាំ២០២២ បងណោរុំ ចាប់ផ្តើមគុណកម្មពូជ និងចិញ្ចឹមកង្កែបសាច់។ បច្ចុប្បន្ន គ្រួសារគាត់មានអាងចិញ្ចឹមកង្កែបចំនួន៣ ក្នុងនោះ មានកង្កែបពូជចំនួន២អាង និងកង្កែបសាច់១អាង។ កង្កែបចិញ្ចឹមរយៈកាលពី២-៣ខែ ទើបប្រមូលផល។ បច្ចុប្បន្ន កង្កែបពូជលក់ក្នុងតម្លៃពី ១.០០០- ២.០០០ ដុងក្នុងមួយក្បាល កង្កែបសាច់តម្លៃពី ៥៥.០០០-៦៥.០០០ ដុងក្នុងមួយគីឡូក្រាម (១គីឡូក្រាមប្រមាណពី ៤-៦ ក្បាល)។ ឆ្នាំ ២០២៣ គ្រួសារគាត់ប្រមូលផលបាន៦លើក មួយលើកៗចំណេញបានពី ៦-១០ លានដុង។
លោកថាច់រុង លេខាសាខាបក្សភូមិដៃទទឹង ឱ្យដឹង៖ “ចាប់យករបរចិញ្ចឹមកង្កែបប្រមាណជាង ២ ឆ្នាំ គ្រួសារបងណោរុំ មានជីវភាពលំនឹង។ បច្ចុប្បន្ន គ្រួសារគាត់មិនត្រឹមតែផ្គត់ផ្គង់ប្រភពកង្កែបសាច់និងកង្កែបពូជដល់ទីផ្សារប៉ុណ្ណោះទេ ភាគច្រើនបានមាមីងនៅភូមិជិតខាងមកស្វែងរកទិញ។ បងណោរុំ គឺជាកសិករគំរូជម្នះលំបាកឈានឡើងចាកផុតពីភាពក្រីក្រ “៕
សើុងម៉ាល័យ-មុនី