អាស្រ័យអស់ពីចិត្តជាមួយការងារនិងពូកែធ្វើសេដ្ឋកិច្ច បងស្រី ត្រឿងធីធូថាវ ប្រធានភូមិពពុះទឹក ឃុំភូមី ស្រុកមីទូ ខេត្តសុកត្រាំង ទទួលបានការគាំទ្រយ៉ាងសកម្មពីប្រជាជននៅភូមិភាគ។
នារីប្រធានភូមិ “ពីរពូកែ” ត្រឿងធីធូថាវ។
បងស្រីធូថាវ ធ្លាប់ជាសមាជិកសាខាសមាគមនារីភូមិម្នាក់ បន្ទាប់ពីជាប់ឆ្នោតប្រធានភូមិពពុះទឹកនៅឆ្នាំ២០១១។ អាស្រ័យយល់ច្បាស់ពីភូមិសាស្រ្ត បងស្រីធូថាវ ក៏មានលក្ខណសម្បត្តិក្នុងការកៀរគរមាមីងខ្មែរព្រួតដៃកសាងភូមិស្រុក។ បងស្រីធូថាវ ឱ្យដឹង៖ “កាលពីមុន ភូមិពពុះទឹកត្រូវបានចាត់ទុកជាតំបន់ក្ដៅអំពីសន្ដិសុខសណ្ដាប់ធ្នាប់ ពិសេសគឺគ្រឿងញៀន ឆក់ប្លន់ លួចរបស់របរ។ល។ ពេលយប់ក៏មិនសូវមានអ្នកណាចេញផ្លូវដែរ។ មូលហេតុអាស្រ័យនៅជាប់ព្រំប្រទល់នឹងក្រុងសុកត្រាំង ផ្លូវស្ងាត់ គ្មានភ្លើងបំភ្លឺនិងគ្មានកាមេរ៉ាសន្តិសុខ។ល។ ពេលទទួលភារកិច្ច ខ្ញុំរួមជាមួយនឹងបក្ខជនឯទៀតក្នុងសាខាបក្ស កៀរគរមាមីងខ្មែរព្រួតដៃកសាងភូមិស្រុកសុខសាន្ត”។ យោងតាមនោះ បងស្រីធូថាវ បានកៀរគរនារីកសាងគ្រួសារមិនប្រព្រឹត្តល្មើសច្បាប់ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្ដីកំណត់របស់ច្បាប់។ ពិសេស បងស្រីធូថាវ បានកៀរគរមាមីងខ្មែររួមវិភាគទានទឹកប្រាក់ជាង ១០០ លានដុង ដំឡើងអំពូលភ្លើងផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យ បំពាក់កាមេរ៉ាសន្ដិសុខ ដាំផ្កា។ល។ ធ្វើឱ្យភូមិស្រុកភ្លឺ បៃតង ជ្រះស្អាត សុវត្ថិភាព។ បងស្រី ឡេគឹមភឿង ឱ្យដឹង៖ “ចាប់ពីថ្ងៃមានអំពូលភ្លើងអគ្គិសនីបំភ្លឺផ្លូវ និងកាមេរ៉ាសន្ដិសុខ ស្ថានភាពលួចរបស់របរ ឆក់ប្លន់ គ្រឿងញៀន។ល។ ក៏បាត់ស្ងាត់ មាមីងយើងគ្រប់គ្នាលំនឹងចិត្តពលកម្មផលិត។ រាល់សកម្មភាពការងាររបស់បងស្រី ថាវ សុទ្ធតែដើម្បីផលប្រយោជន៍របស់មាមីង និងការរីកចម្រើនភូមិស្រុក ទើបគ្រប់គ្នាជឿជាក់ និងគាំទ្រ។ ចំពោះរូបខ្ញុំ អាស្រ័យបានការឧបត្ថម្ភរបស់បងស្រីធូថាវ ទើបខ្ញុំបុលបានទុនសម្រាប់ពង្រីកនិងរក្សាមុខរបរធ្វើផ្កាពីដីឥដ្ឋ លំនឹងជីវភាព”។ ទន្ទឹមនឹងនោះ រៀងរាល់ឆ្នាំបងស្រីធូថាវ នៅទាំងកៀរគរសប្បុរសជនរួមវិភាគទានអង្ករ ទឹកប្រាក់ គ្រឿងឧបភោគបរិភោគនិងអំណោយជាច្រើនឯទៀត ដើម្បីជួយដល់គ្រួសារក្រីក្រ មនុស្សចាស់គ្មានទីពឹងនៅក្នុងភូមិភាគជាដើម។
បងស្រីត្រឿងធីធូថាវ កំពុងដាក់ចំណីឱ្យគោ។
មិនត្រឹមតែទទួលការខុសត្រូវជាមួយនឹងការងារប៉ុណ្ណោះទេ បងស្រីធូថាវ នៅទាំងជាគំរូក្នុងការអភិវឌ្ឍសេដ្ឋកិច្ចធ្វើមានទៀតផង។ ផ្ដើមពីមានដី ៤ កុង ក្រោយរយៈពេលជាច្រើនឆ្នាំខំប្រឹងប្រែងធ្វើការងាររកស៊ី មកទល់បច្ចុប្បន្ន បងស្រី ធូថាវ មានដីរហូតដល់១៧កុង។ ក្នុងនោះ មាន ៥ កុងសម្រាប់ដាំបន្លែបង្ការប្រមូលផលខួបឆ្នាំ ដី ២ កុងដាំស្មៅសម្រាប់ចំណីគោនិងដី ១០ កុងទៀត ផលិតស្រូវគុណភាពខ្ពស់។ លោកថាច់តា លេខាគណៈកម្មាធិការបក្សឃុំភូមី ឱ្យដឹង៖ “ត្រឿងធីធូថាវ គឺបក្ខជនគំរូ មានស្មារតីទទួលខុសត្រូវខ្ពស់ជាមួយការងារ ម្ល៉ោះហើយ ទោះជាភារកិច្ចណាក៏អនុវត្តសម្រេចល្អ។ ចំណុចល្អរបស់សមមិត្តថាវ គឺកៀរគរមាមីងបរិច្ចាគដីកសាងអគារវប្បធម៌ ពង្រីកផ្លូវថ្នល់អភិវឌ្ឍសេដ្ឋកិច្ច ទើបអត្រាគ្រួសារក្រីក្រកាត់បន្ថយយ៉ាងឆាប់រហ័ស។ ជាមួយនឹងការរួមចំណែកយ៉ាងសកម្មទាំងនោះ សមមិត្តថាវ ទទួលបានលិខិតសរសើរជាច្រើនរបស់ស្រុក ប័ណ្ណសរសើរបស់គណៈកម្មាធិការប្រជាជនខេត្ត និងបានស្ងើចសរសើរជាបក្ខជនគំរូក្នុងការរៀនសូត្រធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ”៕
លីធាន - ថាច់ធី