ព្រះតេជព្រះគុណ បណ្ឌិតយ័ញអ៊ុក ព្រះចៅអធិការវត្តកែវមុនីវង្សា ជ្រុងយោង ក្រុងរ៉ាច់យ៉ា ខេត្តគៀងយ៉ាង ព្រមជាមួយនឹងតួនាទីជាព្រះសង្ឃមានប្រជាប្រិយ ជាប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងរ៉ាច់យ៉ា។ ព្រះតេជព្រះគុណ បានរួមចំណែកយ៉ាងច្រើនក្នុងការងារសុខុមាលភាពសង្គម ព្រួតដៃជាមួយនឹងរដ្ឋអំណាចភូមិភាគដើម្បីចលនាពុទ្ធបរិស័ទខ្មែរកសាងភូមិស្រុកកាន់តែជឿនលឿនស៊ីវិល័យ។
ព្រះតេជព្រះគុណយ័ញអ៊ុក ជាមួយនឹងសមិទ្ធផលស្ពានដែលព្រះអង្គរចនាប្លង់ដោយផ្ទាល់។
បន្ទាប់ពីចូលសាងផ្នួសនៅវត្តជ្រុងយោង តាំងពីអាយុ ១២ ឆ្នាំ ព្រះតេជព្រះគុណយ័ញអ៊ុក បានយល់ឃើញថា មានចំណេះដឹង ទើបជួយជាប្រយោជន៍ដល់សាសនានិងសង្គម ដូច្នោះហើយ ទើបព្រះអង្គតែងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ។ អស់រយៈពេល ១៥ ឆ្នាំបួសរៀន ព្រះតេជព្រះគុណយ័ញអ៊ុក ក៏សម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងការរៀនសូត្រនិងការងារសង្គម។ សង្កេតឃើញព្រះតេជព្រះគុណយ័ញអ៊ុក ប្រកបដោយគុណវុឌ្ឍិនិងមានភាពជឿនលឿនក្នុងការអភិវឌ្ឍសមត្ថភាព ទើបសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត តែងតាំងព្រះតេជព្រះគុណយ័ញអ៊ុក ជាព្រះចៅអធិការវត្តជ្រុងយោង នៅឆ្នាំ ២០០៨ ។ ដោយឆន្ទៈជម្នះនូវការលំបាកក្នុងការសិក្សា ព្រះតេជព្រះគុណយ័ញអ៊ុក ក៏បានបញ្ចប់បរិញ្ញាបត្រផ្នែកសង្គមវិទ្យា (ឆ្នាំ ២០១០) និងបញ្ចប់បរិញ្ញាបត្រផ្នែកវៀតណាមវិទ្យា (ឆ្នាំ ២០១២)។ ព្រះតេជព្រះគុណយ័ញអ៊ុក បន្តសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវប្បធម៌ខ្មែរណាមបូ - សាកលវិទ្យាល័យត្រាវិញ ហើយក្លាយជាបណ្ឌិតនៅដើមឆ្នាំ ២០២២ ក្នុងព្រះជន្ម ៤០ វស្សា។ ព្រះតេជព្រះគុណយ័ញអ៊ុក តែងនឹកគិត៖ “ការសិក្សា គឺជាផ្លូវចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព” ហេតុដូច្នោះ ព្រះអង្គបានខ្នះខ្នែងបើកថ្នាក់រៀនជាច្រើននៅក្នុងវត្ត ក្នុងនោះ មានបើកបង្រៀនថ្នាក់ឧភយភាសាវៀត - ខ្មែរ ភាសាបាលី ធម្មវិន័យ និងភ្លេងពិណពាទ្យជូនព្រះសង្ឃនិងកូនចៅពុទ្ធបរិស័ទខ្មែរក្នុងភូមិសាស្រ្តរៀនសូត្រ។
ព្រះតេជព្រះគុណយ័ញអ៊ុក ជូនអំណោយដល់គណៈនាយកសាលាជនជាតិអន្តេវាសិកខេត្តគៀងយ៉ាង ក្នុងឱកាសខួបអនុស្សាវរីយ៍៣០ឆ្នាំបង្កើតសាលា។
ព្រះតេជព្រះគុណយ័ញអ៊ុក នៅទាំងខ្នះខ្នែងចូលរួមរាល់សកម្មភាពសង្គមនៅភូមិភាគ។ ព្រះអង្គរួមជាមួយនឹងក្រុមសប្បុរសធម៌វត្តជ្រុងយោង ចលនាសប្បុរសធម៌ទាំងក្នុងនិងក្រៅខេត្ត រួមវិភាគទានទឹកប្រាក់កម្លាំងពលកម្ម ដើម្បីកសាងនិងជួសជុលសំណង់គមនាគមន៍ជនបទជាច្រើនខ្សែ។ ពិសេស ស្ពានដែលព្រះតេជព្រះគុណយ័ញអ៊ុក រចនាប្លង់ប្រកបដោយលក្ខណៈវប្បធម៌ខ្មែរ។
លោកយ័ញតុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំថាញ់ឡុក ស្រុកចូវថាញ់ ឱ្យដឹង៖ “នៅឃុំថាញ់ឡុក ព្រះតេជព្រះគុណយ័ញអ៊ុក និងក្រុមសប្បុរសធម៌វត្តជ្រុងយោង បានសាងសង់ស្ពានជនបទប្រមាណ ៥ ខ្សែ។ ក្នុងនោះ មានស្ពានលេខ ៩ ត្រូវបានកសាងសម្រេចនិងដាក់ឱ្យប្រើប្រាស់ក្នុងឱកាសបុណ្យសែនដូនតា កន្លងហើយ ដោយចំណាយថវិកាសាងសង់ ៤៥០ លានដុង មិនរាប់បញ្ចូលកម្លាំងពលកម្មដែលពុទ្ធបរិស័ទរួមចំណែកអស់រយៈពេល ៣ ខែផងទេ”។
ក្រៅពីចលនាថវិកានិងសម្ភារៈសាងសង់ស្ពាន ផ្លូវជនបទ ព្រះតេជព្រះគុណយ័ញអ៊ុក និងក្រុមសប្បុរសធម៌វត្តជ្រុងយោង នៅទាំងកៀរគរទឹកប្រាក់សាងសង់ផ្ទះជូនអ្នកមានស្ថានភាពលំបាក បវារណាជួសជុលសំណង់នៅតាមវត្តអារាមខ្មែរ សរុបថវិការាប់ពាន់លានដុង។ល។ ក្រៅពីនោះ ក្រុមសប្បុរសធម៌វត្តជ្រុងយោង នៅទាំងកសាងបន្ទប់វេជ្ជសាស្រ្តបុរាណក្នុងវត្តសម្រាប់ពិនិត្យជំងឺជូនប្រជាជនទៀតផង៕
យោង៖ កាសែតជនជាតិនិងអភិវឌ្ឍន៍ - ប្រែសម្រួល៖ ថាច់ធី