24/12/2018 - 15:29

ឆន្ទៈ​ឆ្លង​កាត់​លំ​បាក​របស់​យុវ​តី​និស្សិត

រង្វាន់​ KOVA លើក​ទី​១៦ ឆ្នាំ​២០១៨ យុវ​តី​ត្រា​ធី​សុ​ជា​តា ជា​និ​ស្សិត​សា​កលវិ​ទ្យា​ល័យ​កឹង​ធើ  បាន​យក​ឈ្នះ​លើ​បេក្ខ​ជន​ដ​ទៃ​ទៀត​នៃ​សា​កល​វិ​ទ្យា​ល័យ​រដ្ឋ​(ប្រ​ព័ន្ធ​រៀប​រយ​) ទូ​ទាំង​ប្រ​ទេស​ដើម្បី​ក្លាយ​ជា​និស្សិត​ម្នាក់​ក្នុង​ចំ​ណោម​និស្សិត​ទាំង​១៥១​នាក់ ទ​ទួល​បាន​” អា​ហា​រូប​ករណ៍​ឆន្ទៈ​ឈាន​ឡើង​”។ នេះ​ជា​រង្វាន់​ដ៏​សក្តិ​សម​សម្រាប់​យុវ​តី​និស្សិត​ខ្មែរ​ក្រី​ក្រ​រៀន​ពូ​កែ​។

ត្រា​ធី​សុ​ជា​តា

​ត្រា​ធី​សុ​ជា​តា មាន​ភូមិ​កំ​ណើត​នៅ​ឃុំ​វិញ​ហាយ ក្រុង​វិញ​ចូវ ខេត្ត​សុក​ត្រាំង ជា​និស្សិត​ជំ​នាន់​ទី​៤១ ផ្នែក​អក្សរ​សាស្រ្ត​នៃ​សា​កល​វិ​ទ្យា​ល័យ​កឹង​ធើ។ សុ​ជា​តា​រ៉ាយ​ រ៉ាប់​៖ “គ្រួ​សារ​ប្អូន​មាន​ដី​តែ​៥០០​ម​២ សម្រាប់​ដាំខ្ទឹ​ម​​ក្រ​ហម​​និង​ធ្វើ​ស្រែ​។ល។ រៀង​រាល់​ឆ្នាំ​រក​បាន​ចំ​ណូល​តែ​បន្តិច​បន្តួច​។ ឪ​ពុក​ខ្ញុំ​ធ្វើ​ស្រែ​បណ្តើរ​ធ្វើ​ការ​ឈ្នួល​បណ្តើរ​ រី​ឯ​ម្តាយ​​នៅ​ផ្ទះ​ចិញ្ចឹម​សត្វ​។ ថ្វី​បើ​ជីវ​ភាព​គ្រួ​សារ​លំ​បាក​ខ្លាំង​ក៏​ពិត​មែន ប៉ុន្តែ​ឪ​ពុក​ម្តាយ​ប្អូន​តែង​ជំ​រុញ​ឲ្យ​កូន​ៗ​រៀន​សូត្រ​ជា​និច្ច​”។ 

ជ្រាប​ច្បាស់​ពី​ស្ថាន​ភាព​គ្រួ​សារ​ ម្ល៉ោះ​ហើយ​សុ​ជា​តា តែង​ខិត​ខំ​ប្រឹង​ប្រែង​សិក្សា​រៀន​សូត្រ​។ រយៈ​ពេល​១២​ឆ្នាំ​រៀន​សូត្រ លទ្ធ​ផល​សិក្សា​របស់​សុ​ជា​តា​សម្រេច​និទ្ទេស​ពូ​កែរៀង​រាល់​ឆ្នាំ ចំ​ណែក​លទ្ធ​ផល​ពិន្ទុ​មធ្យម​ភាគ​សន្សំ​ប្រ​ចាំ​មុខវិជ្ជា​រៀន​នៅសា​​កល​វិ​ទ្យា​ល័យ​កឹង​ធើ  ​សព្វ​ថ្ងៃ​ក៏​ជាប់​ជា​និទ្ទេស​ពូ​កែ​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ ចាប់​ពី​ឆ្នាំ​សិក្សា​ទី​២ ពេល​ធ្លាប់​នឹង​ជីវ​ភាព​និស្សិត​សុ​ជា​តា  ​ក៏​បាន​បែង​ចែក​ពេល​វេ​លា​រៀន​សូត្រ​ផង​នឹង​ចូល​រួម​ស​កម្ម​ភាព​ចលនា​យុវ​ជន​វិស្ស​ម​កាល​ស្ម័គ្រ​ចិត្ត​ សប្តាហ៍​បៃ​តង​។ល។ ត្រា​ធី​សុ​ជា​តា បាន​រ៉ាយ​រ៉ាប់​៖ ឆ្នាំ​ដំ​បូង ប្អូន​ដើរ​ពី​អន្តេ​វា​សិក​ដ្ឋាន​ទៅ​បន្ទប់​រៀន​។ ឆ្នាំ​សិក្សា​ទី​២ ឪ​ពុក​ម្តាយ​គាត់​ទិញ​កង់​ឲ្យ​ប្អូន។ មាន​មធ្យោ​បាយ​ជិះ​ទៅ​មក  ប្អូន​បាន​សូម​អនុញ្ញាត​ឪ​ពុក​ម្តាយ​ចេញ​នៅ​ផ្ទះ​សំ​ណាក់​ខាង​ក្រៅ ដើម្បី​រៀន​បណ្តើរ​ រក​ការ​ងារ​ធ្វើ​បណ្តើរ​ រួច​ក៏​បាន​ឪ​ពុក​ម្តាយ​យល់​ព្រម​។  ប្អូន​សុំ​ធ្វើ​បុគ្គ​លិក​បម្រើ​ពិ​ធី​ស៊ី​លៀង​ ថ្វី​បើ​ប្រាក់​រក​បាន​មិន​ច្រើន​ក៏​ពិត​មែន ប៉ុន្តែ​អាច​មាន​ប្រាក់​បន្ថែម​សម្រាប់​ផ្គត់​ផ្គង់​ការ​ចាយ​វាយ​រៀន​សូត្រ​។ ឪ​ពុក​ម្តាយ​ឡើង​មក​ឃើញ​ខ្ញុំ​ជិះ​កង់​ទៅ​ធ្វើ​ការ​ឆ្ងាយ​លំបាក​ពេក ទើប​ទិញ​ម៉ូ​តូ​ឲ្យ​ខ្ញុំ​។ ដឹង​ដែរ​ថា នេះ​ជា​ទឹក​ប្រាក់​ដែល​ឪ​ពុក​ម្តាយ​ខិត​ខំ​ពល​កម្ម​ដោយ​លំ​បាក​ទើប​បាន​មក ម្ល៉ោះ​ហើយ​ប្អូន​មិន​ធ្វេស​ប្រ​ហែស​ក្នុង​ការ​រៀន​សូត្រ​ឡើយ​”។

មាន​ថ្ងៃ​មួយ ​ចៃ​ដន្យ​បាន​អាន​សេចក្តី​ប្រ​កាស​របស់​សាលាអំ​ពី​រង្វាន់ KOVA ត្រា​ធី​សុ​ជា​តា បាន​ផ្ញើ​សំ​ណុំ​បែប​បទ​ ចុះ​ឈ្មោះ​ចូល​រួម​”អា​ហា​រូប​ករណ៍​ឆន្ទៈ​ឈាន​ឡើង​”។ ថ្វី​បើ​​ដូច្នោះ​ក្តី លក្ខន្តិកៈ​របស់​អា​ហា​រូប​ករណ៍​នេះ មាន​ភាព​តឹង​​តែង​ខ្លាំង​ណាស់​៖ គឺ​សម្រាប់​និស្សិត​សា​កល​វិ​ទ្យា​ល័យ​រដ្ឋ​ទូ​ទាំង​ប្រ​ទេស​មាន​កម្រិត​សិក្សា​ពូ​កែ​ឡើង​ទៅ​ មាន​សីល​ធម៌​​ល្អ និង​ឋិត​ក្នុង​ក្រប​ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រី​ក្រ​។ល។ រាល់​សំ​ណុំ​បែប​បទ​ដែល​ពាក់​ព័ន្ធ​សុទ្ធ​តែ​បាន​សា​លា​រៀន​ឬ​ភូមិ​ភាគ​ធ្វើ​សេច​ក្តី​បញ្ជាក់​ទាំង​អស់។ ព្រោះ​ហេតុ​នោះ ទ​ទួល​បាន​”អា​ហា​រូប​ករណ៍​”គឺ​ជា​ក្តី​រីក​រាយ​  និ​ងជា​កិត្តិ​យស​យ៉ាង​ធំ​ចំ​ពោះ​ត្រា​ធី​សុ​ជា​តា​។ ចាប់​ពី​ថ្ងៃ​២២​ដល់​២៤ ខែ​វិច្ឆិ​កា ប្អូន​បាន​ទៅ​រដ្ឋ​ធា​នី​ហា​ណូយ​ទ​ទួល​អា​ហា​រូប​ករណ៍​និង​ចូល​រួម​ស​កម្ម​ភាព​​អា​ស្រ័យ​គណៈ​ចាត់​​តាំង​រៀប​ចំ​ឡើង​។ល។ ទឹក​ប្រាក់​អា​ហា​រូប​ករណ៍ ប្អូន​ទុក​សម្រាប់​គិត​គូរ​ក្នុង​ការ​សិក្សា​ឆ្នាំ​បញ្ចប់​នេះ​។ ប្អូន​ចូល​ចិត្ត​រៀន​​អក្សរ​ខ្មែរ​ណាស់​ដែរ សព្វ​ថ្ងៃ​ប្អូន​ចេះ​អាន ចេះ​សរ​សេរ​បាន​ល្អ​បង្គួរ​បាន​ជា​ប្អូន​មាន​បំ​ណង​ចង់​បន្ត​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​ ខាង​អក្សរ​សាស្រ្ត​ខ្មែរ​។ ចំ​ពោះ​មុខ​នៅ​ពេល​រៀន​ចប់​ប្អូន​រក​ការ​ងារ​ធ្វើ​មុន​សិន ដើម្បី​ជួយ​ឪ​ពុក​ម្តាយ ចិញ្ចឹម​ប្អូន​២​នាក់​រៀន​សូត្រ​ឲ្យ​បាន​ចប់​ចុង​ចប់​ដើម​” ត្រា​ធី​សុ​ជា​តា រ៉ាយ​រ៉ាប់​មក​ដូច្នេះ​៕

                                               ថាញ់ឡុង-ធី

 

ចែករំលែកអត្ថបទ