នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡុងភូ ទីក្រុងកឹងធើ បានចាត់តាំងពិធីជួបជុំយ៉ាងឱឡារិកជាមួយសមមិត្តយុទ្ធជនពិការ យុទ្ធជនជំងឺ គ្រួសារយុទ្ធជនពលី អ្នកមានសគុណចំពោះបដិវត្តន៍ និងសាច់ញាតិរបស់អ្នកមានសគុណចំពោះបដិវត្តន៍ ស្របក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ ៧៩ ឆ្នាំ ទិវាយុទ្ធជនពិការ - ពលី (២៧/៧/១៩៤៧ - ២៧/៧/២០២៦)។

អ្នកតំណាងចូលរួមក្នុងពិធីជួបជុំ។
ក្នុងបរិយាកាសដ៏ឱឡារិក ពោរពេញដោយមនោសញ្ចេតនានៃពិធីជួបជុំនេះ សមមិត្ត យឿងថាញត្វង អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សឃុំឡុងភូ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរយុទ្ធជនពលី សមមិត្តយុទ្ធជនពិការ យុទ្ធជនជំងឺ និងអ្នកមានសគុណចំពោះបដិវត្តន៍ បានលះបង់និងបូជាកម្លាំងកាយចិត្ត ដើម្បីបុព្វហេតុតស៊ូរំដោះជាតិនិងការពារមាតុភូមិ។ ទន្ទឹមនឹងនោះ លោកក៏បានបញ្ជាក់ថា បន្តលើកកម្ពស់ប្រពៃណីដ៏ល្អប្រពៃ "ផឹកទឹកនឹកដល់ប្រភព" និង "តបស្នងសងគុណ" របស់ជនជាតិវៀតណាម បក្ខភាគ រដ្ឋអំណាចនិងប្រជាជនឡុងភូ តែងកំណត់ច្បាស់ការងារគិតគូរចំពោះអ្នកមានសគុណចំពោះបដិវត្តន៍ ជាភារកិច្ចនយោបាយដ៏សំខាន់និងជាប្រចាំ; គឺជាករណីយកិច្ច មនោសញ្ចេតនាដ៏ថ្លៃថ្នូររបស់ទូទាំងប្រព័ន្ធនយោបាយនិងទូទាំងសង្គម ចំពោះអ្នកដែលបានលះបង់និងបូជាជីវិតដើម្បីបុព្វហេតុបដិវត្តន៍របស់ជាតិ។
សមមិត្តយឿងថាញត្វង សង្កត់ធ្ងន់ បក្ខភាគ រដ្ឋអំណាចនិងប្រជាជនឃុំឡុងភូ តែងយកចិត្តទុកដាក់ ចងចាំនិងដឹងគុណជានិច្ចចំពោះការរួមចំណែកដ៏ធំធេងរបស់សមមិត្តយុទ្ធជនពិការ យុទ្ធជនជំងឺ គ្រួសារយុទ្ធជនពលី អ្នកមានសគុណចំពោះបដិវត្តន៍ និងសាច់ញាតិរបស់អ្នកមានសគុណចំពោះបដិវត្តន៍។ មិនថាក្នុងសម័យសង្គ្រាម ឬសម័យសន្តិភាពទេ លោកអ៊ំ ពូមីងទាំងអស់តែងតែជាគំរូដ៏ល្អនៃទឹកចិត្តសេ្នហាជាតិ ឆន្ទៈតស៊ូជម្នះការលំបាក ស្មារតីបដិវត្តន៍និងកិច្ចការទទួលខុសត្រូវចំពោះមាតុភូមិ; ទន្ទឹមនឹងនោះ សកម្មចូលរួមក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ កសាងជីវភាពវប្បធម៌ អប់រំប្រពៃណីបដិវត្តន៍ដល់យុវជនជំនាន់ក្រោយ។

ថ្នាក់ដឹកនាំឃុំឡុងភូ ជូនអំណោយដល់សមមិត្តយុទ្ធជនពិការ យុទ្ធជនជំងឺ គ្រួសារយុទ្ធជនពលី អ្នកមានសគុណចំពោះបដិវត្តន៍ និងសាច់ញាតិរបស់អ្នកមានសគុណចំពោះបដិវត្តន៍។
រយៈពេលកន្លង ឃុំឡុងភូបានអនុវត្តយ៉ាងពេញលេញនិងទាន់ពេលវេលានូវរបបគោលនយោបាយអនុគ្រោះចំពោះអ្នកមានសគុណចំពោះបដិវត្តន៍; ផ្តល់ប្រាក់ឧបត្ថម្ភជាប្រចាំដល់មុខសញ្ញាទទួលផល ១២០ នាក់ សរុបថវិកាជិត ៣ ពាន់លានដុង; ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលជិត ២០០ ប័ណ្ណដល់មុខសញ្ញាគោលនយោបាយ; អនុវត្តរបបថែទាំសុខភាពជូនអ្នកមានសគុណនិងសាច់ញាតិយុទ្ធជនពលីចំនួន ២៧ នាក់; ជូនអំណោយ ១.៣៧៨ ចំណែក ដល់អ្នកមានសគុណ មុខសញ្ញាស្ថិតក្នុងរបបគាំពារសង្គម កម្មាភិបាលចូលនិវត្តន៍ និងមុខសញ្ញាងាយរងគ្រោះផ្សេងៗ សរុបថវិកាជាង ៦២០ លានដុង រួមចំណែកលើកកម្ពស់ជីវភាពរស់នៅទាំងផ្នែកសម្ភារៈនិងស្មារតីរបស់អ្នកមានសគុណ។ ពិសេស ឃុំឡុងភូបានសហការចាត់តាំងប្រមូលសំណាក ADN ចំពោះសាច់ញាតិយុទ្ធជនពលីចំនួន ១៦រូប ដែលមិនទាន់កំណត់អត្តសញ្ញាណ។ នេះគឺជាសកម្មភាពមានអត្ថន័យយ៉ាងជ្រាលជ្រៅទាំងផ្នែកនយោបាយនិងមនុស្សធម៌ រួមចំណែកកសាងមូលដ្ឋានទិន្នន័យ ADN របស់សាច់ញាតិយុទ្ធជនពលី ដើម្បីបម្រើដល់ការស្វែងរកនិងកំណត់អត្តសញ្ញាណវីរយុទ្ធជនពលី ឆ្លើយតបនឹងបំណងប្រាថ្នារបស់គ្រួសារជាច្រើន ដែលបានរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីស្វែងរកសាច់ញាតិរបស់ខ្លួនឡើងវិញ។
ស្របក្នុងឱកាសនេះ ឃុំឡុងភូក៏បានជូនអំណោយ ១១០ ចំណែក ដល់យុទ្ធជនពិការ យុទ្ធជនជំងឺ គ្រួសារយុទ្ធជនពលី អ្នកមានសគុណចំពោះបដិវត្តន៍ និងសាច់ញាតិរបស់អ្នកមានសគុណចំពោះបដិវត្តន៍។


គណៈកម្មាធិការប្រជាជនឃុំឡុងភូ បានប្រារព្ធពិធីអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធវីរយុទ្ធជនពលី។
* នៅព្រឹកថ្ងៃដដែល នៅទីបញ្ចុះសពយុទ្ធជនពលីឡុងភូ គណៈកម្មាធិការប្រជាជនឃុំ បានប្រារព្ធពិធីអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធវីរយុទ្ធជនពលីយ៉ាងឱឡារិក ស្របក្នុងឱកាសរំលឹកខួបអនុស្សាវិរីយ៍ ៧៩ ឆ្នាំ ទិវាយុទ្ធជនពិការ - ពលី (២៧/៧/១៩៤៧ - ២៧/៧/២០២៦)។ ក្នុងបរិយាកាសគោរពដ៏ខ្ពង់ខ្ពស់នេះ អ្នកតំណាងគ្រប់រូបបានស្មឹងស្មាធិមួយនាទី លំឱនកាយសម្ដែងការគោរពយ៉ាងជ្រាលជ្រៅដើម្បីរំលឹកនឹកដល់លោកប្រធាន ហូជីមិញ វីរយុទ្ធជនពលី និងជនរួមជាតិដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាន ដើម្បីបុព្វហេតុតស៊ូរំដោះជាតិនិងការពារមាតុភូមិ។ បន្ទាប់ពីពិធីអុជធូបនៅស្ដូបរំលឹកគុណ អ្នកតំណាងទាំងអស់បានអញ្ជើញទៅអុជធូបនៅតាមផ្នូរ សម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកុលបុត្រដ៏ឆ្នើមរបស់ជាតិ ដែលបានលះបង់ពេញមួយជីវិតដើម្បីឯករាជ្យ សេរីភាពរបស់មាតុភូមិ៕
យ៉ីអាញ - ពេជ្រសឿន