ក្រោយពីរយៈពេល២ឆ្នាំអនុវត្តគម្រោង "អភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ជំនាញផលិតស្រូវគុណភាពខ្ពស់ បំភាយឧស្ម័នទាប ផ្សារភ្ជាប់នឹងកំណើនបៃតងនៅតំបន់វាលរាបទន្លេគឺវឡុង ដល់ឆ្នាំ ២០៣០" ខេត្តកាម៉ាវបានកសាងជោគជ័យបណ្តាទម្រង់បង្ហាញពីប្រសិទ្ធភាពយ៉ាងច្បាស់លាស់ទាំងផ្នែកសេដ្ឋកិច្ចសង្គម និងបរិស្ថាន។ នេះមិនត្រឹមតែជាឱកាសកសាងខឿនកសិកម្មបៃតង បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករកំណត់រូបរាងនៃផ្នែកស្រូវអង្ករតាមទិសដៅទំនើបនិងស្ថិរភាព។

តំបន់ជំនាញផលិតស្រូវគុណភាពខ្ពស់ បំភាយឧស្ម័នទាបនៃគម្រោង ១ លានហិកតា កសិករកាម៉ាវអនុវត្តយន្តូបនីយកម្មចាប់ពីការផលិតរហូតដល់ការប្រមូលផល។
តាមគម្រោង ខេត្តកាម៉ាវខិតខំដល់ឆ្នាំ ២០៣០ នឹងកសាងផ្ទៃដី ៥៤.៦៨០ ហិកតា ជាតំបន់ជំនាញផលិតស្រូវគុណភាពខ្ពស់ បំភាយឧស្ម័នទាប រួមមាន៖ ៣៩.៩៨០ ហិកតា ជាតំបន់ផលិតស្រូវពី ២-៣ រដូវក្នុងមួយឆ្នាំ និង ១៤.៧០០ ហិកតា ជាតំបន់ឆ្លាស់វេនបង្កងនិងស្រូវ។ គម្រោងនេះបានអនុវត្តនៅ ១៧ ឃុំ និង ៣ សង្កាត់ ដោយផ្តោតលើតំបន់ផលិតស្រូវសំខាន់ៗរបស់ខេត្ត។ ទិសដៅមិនត្រឹមតែពង្រីកផ្ទៃដីបង្កបង្កើនផលតាមបច្ចេកទេសជឿនលឿនប៉ុណ្ណោះទេ ថែមទាំងតម្រង់ទិសបង្កើតជាតំបន់វត្ថុធាតុដើមប្រមូលផ្តុំ អនុវត្តព្រមៗគ្នានូវដំណោះស្រាយកាត់បន្ថយការបំភាយឧស្ម័ន ប្រិតសំចៃប្រាក់ចំណាយលើការផលិត លើកកម្ពស់គុណភាពគ្រាប់អង្ករ និងកសាងសង្វាក់ចងសម្ព័ន្ធប្រកបដោយចីរភាពចាប់ពីការផលិតរហូតដល់ការប្រើប្រាស់។ គម្រោងនេះបើកឱកាសឱ្យផ្នែកស្រូវអង្ករកាម៉ាវ ឆ្លើយតបជាបណ្តើរៗនូវបទដ្ឋានអំពីគុណភាព ការស្វែងរកប្រភព កាត់បន្ថយបំភាយឧស្ម័ន និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងលើទីផ្សារក្នុងប្រទេសនិងនីហរណ៍។
តាមមន្ទីរកសិកម្មនិងបរិស្ថានខេត្តកាម៉ាវ រហូតមកដល់ពេលនេះ ទូទាំងខេត្តបានកសាងនិងដំណើរការបណ្តាទម្រង់បង្ហាញ និងពង្រីកទំហំលើផ្ទៃដីសរុប ១.៣៨០ ហិកតា ដោយទាក់ទាញប្រជាកសិករចំនួន ៧២០ គ្រួសារ ស្ថិតក្នុងសហករណ៍ ចំនួន ៧។ បណ្តាទម្រង់ទាំងនេះបានអនុវត្តនៅឃុំវិញថាញ ហ្វាប៊ិញ វិញម៉ី ដាបាក និងខាញ់ប៊ិញ ដោយមានការរួមដំណើរខាងបច្ចេកទេសយ៉ាងជិតស្និទ្ធពីវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) វិទ្យាស្ថានបរិស្ថានកសិកម្ម រួមជាមួយអាជីវកម្មធំៗមួយចំនួន។ តាមលោកង៉ោង្វៀងផុង លេខាគណៈកម្មាធិការបក្សឃុំវិញថាញ ខេត្តកាម៉ាវ បានឱ្យដឹងថា តាមរយៈដំណើរការចូលរួមអនុវត្តគម្រោងស្រូវគុណភាពខ្ពស់ កាត់បន្ថយបំភាយឧស្ម័ន ១ លានហិកតា កសិករនិងបណ្តាសហករណ៍លើភូមិឋានសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ ជាក់ស្តែង កសិករបានផ្លាស់ប្តូរគំនិតក្នុងការផលិតជាបណ្តើរៗ ហ៊ានអនុវត្តវិធីសាស្ត្របង្កបង្កើនផលជឿនលឿនដូចជា "១ ត្រូវ ៥ កាត់បន្ថយ" បូមទឹកលិចនិងបង្ហូតគោកឆ្លាស់គ្នា ប្រើប្រាស់ពូជបានបញ្ជាក់ទទួលស្គាល់ កាត់បន្ថយបរិមាណពូជព្រោះ ជីនិងថ្នាំការពាររុក្ខជាតិ។ ចាប់ពីនោះមក ប្រាក់ចំណាយក្នុងការផលិតបានកាត់បន្ថយ ទិន្នផលនិងគុណភាពគ្រាប់ស្រូវបានរក្សាស្ថិរភាព ប្រាក់ចំណេញបានខ្ពស់។ ជាពិសេសគឺការបំភាយឧស្ម័នផ្ទះកញ្ចក់ត្រូវបានកាត់បន្ថយ រួមចំណែកការពារបរិស្ថាន និងតម្រង់ទិសទៅរកខឿនកសិកម្មបៃតងនិងស្ថិរភាព។
ចំណុចគួរឱ្យកត់សម្គាល់ពេលចូលរួមគម្រោងគឺ បណ្តាសហករណ៍បានពង្រីកតួនាទីចងសម្ព័ន្ធក្នុងការផលិត ចាត់ចែងការផ្គត់ផ្គង់សម្ភារកសិកម្ម ណែនាំបច្ចេកទេស និងតភ្ជាប់ការលក់ផលិតផលជូនសមាជិកជាបណ្តើរៗ។ លោកត្រឹងក្វឹកយ៉ឹង សមាជិកសហករណ៍សេវាកម្មកសិកម្មហុងផាក ឃុំវិញថាញ បានចែករំលែក៖ "អាស្រ័យការយកចិត្តទុកដាក់ពីរដ្ឋអំណាច ដែលបានឧបត្ថម្ភនិងវិនិយោគប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបម្រើការផលិត ពិសេសគឺការធ្វើជា “ស្ពានចម្លង” ក្នុងការចងសម្ព័ន្ធ លក់ផលិតផលរវាងអាជីវកម្មនិងកសិករ។ ពេលចូលរួមគម្រោង ខ្ញុំបង្កបង្កើនផលស្រូវកាន់តែមានភាពងាយស្រួល ដោយសារមានអាជីវកម្មប្រមូលទិញកសិផល ជួយឧបត្ថម្ភបច្ចេកទេស ពូជ និងសម្ភារកសិកម្ម... ដូច្នេះការផលិតមានប្រសិទ្ធភាព ចំណេញខ្ពស់ ជីវភាពកាន់តែមានស្ថិរភាព"។
តាមការវាយតម្លៃរបស់វិស័យកសិកម្មខេត្តកាម៉ាវ លទ្ធផលជាក់ស្តែងចេញពីវាលស្រូវពិសោធន៍បាននាំមកនូវសញ្ញាគួរឱ្យរីករាយយ៉ាងខ្លាំង។ អាស្រ័យការអនុវត្តយន្តូបនីយកម្មព្រមៗគ្នា ១០០% នៅគ្រប់ដំណាក់កាល ចាប់ពីការធ្វើដី ព្រោះពូជដោយម៉ាស៊ីន (ព្រោះជួរនិងប្រើដ្រូន) បូមទឹកមានម្ចាស់ការ និងការប្រមូលផល កសិករបានកាត់បន្ថយបរិមាណស្រូវពូជព្រោះចាប់ពី ៧០–១០០ គីឡូក្រាមក្នុងមួយហិកតា (កាត់បន្ថយប្រមាណពី ២០–៤០%)។ ទន្ទឹមនឹងការកាត់បន្ថយពូជ បរិមាណជីអាសូតគីមីក៏បានកាត់បន្ថយជាមធ្យមពី ១៥–២០% និងចំនួនលើកបាញ់ថ្នាំការពាររុក្ខជាតិកាត់បន្ថយពី ២–៤ លើកក្នុងមួយរដូវ។ ជាពិសេស វិធីសាស្ត្របូមទឹកលិចបង្ហូតគោកឆ្លាស់គ្នា (AWD) ក៏បានអនុវត្តប្រកបដោយជោគជ័យពី ១–២ លើកក្នុងមួយរដូវ បានជួយសម្រួលដល់ប្រភពទឹកស្រោចស្រព និងរួមចំណែកយ៉ាងសំខាន់ក្នុងទិសដៅកាត់បន្ថយបំភាយឧស្ម័ន។ ជាលទ្ធផល ប្រាក់ចំណេញរបស់ប្រជាកសិករក្នុងទម្រង់ទទួលបានខ្ពស់ជាងពី ២,០ - ៤,០ លានដុងក្នុងមួយហិកតា និងប្រាក់ចំណូលសរុបជាក់ស្តែងកើនពី ១៥–២០% ឡើងទៅ បើធៀបនឹងការបង្កបង្កើនផលតាមទម្លាប់ចាស់…
.jpg)
ស្រូវគុណភាពខ្ពស់នៃគម្រោងបានកសិករកាម៉ាវផលិតនៅតំបន់ឆ្លាស់វេនបង្កង - ស្រូវ។
អំពីទិសដៅអនុវត្តគម្រោងនាពេលខាងមុខ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ លោកឡេវ៉ាំងសឺ បានសង្កត់ធ្ងន់៖ ការអភិវឌ្ឍប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ដែលជំនាញផលិតស្រូវគុណភាពខ្ពស់ បំភាយឧស្ម័នទាប គឺជាគោលការណ៍ធំរបស់បក្សនិងរដ្ឋ មានអត្ថន័យយុទ្ធសាស្ត្រចំពោះការអភិវឌ្ឍផ្នែកស្រូវអង្ករ។ ទិសដៅមិនត្រឹមតែកាត់បន្ថយការបំភាយឧស្ម័ន ឬលើកកម្ពស់គុណភាពគ្រាប់អង្ករនោះទេ សំខាន់ជាងនេះគឺការបង្កឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតផលិតកសិកម្ម ទៅជាផ្នត់គំនិតធ្វើសេដ្ឋកិច្ចកសិកម្ម ដោយយកប្រសិទ្ធភាពសេដ្ឋកិច្ច ប្រាក់ចំណូលរបស់ប្រជាជននិងការអភិវឌ្ឍប្រកបដោយចីរភាពធ្វើជាស្នូល។
ដើម្បីពន្លឿនល្បឿនអនុវត្តគម្រោង ខេត្តកាម៉ាវ បានពិនិត្យ និងជ្រើសរើសបណ្តាតំបន់ផលិតដែលគ្រប់លក្ខណៈសម្បត្តិឱ្យចូលរួម គឺជាភារកិច្ចសំខាន់។ ទន្ទឹមនឹងនោះ ខេត្តកសាងបណ្តាទម្រង់ដែលមានប្រសិទ្ធភាពដើម្បីពង្រីកទូលំទូលាយ ជួយឱ្យកសិករបានឃើញដោយផ្ទាល់នូវអត្ថប្រយោជន៍នៃវិធីសាស្ត្របង្កបង្កើនផលកាត់បន្ថយការបំភាយឧស្ម័ន មានការផ្លាស់ប្តូរការយល់ដឹង និងវិធីសាស្ត្រផលិតជាបណ្តើរៗ។ ទន្ទឹមនឹងការពង្រីកតំបន់វត្ថុធាតុដើម យកចិត្តទុកដាក់ពង្រឹង និងលើកកម្ពស់សមត្ថភាពសកម្មភាពរបស់បណ្តាសហករណ៍ ត្រូវបានចាត់ទុកជាដំណោះស្រាយគន្លឹះ។ ពេលសកម្មភាពមានប្រសិទ្ធភាព សហករណ៍នឹងពង្រីកតួនាទីចាត់ចែងការផលិត ចងសម្ព័ន្ធកសិករជាមួយអាជីវកម្ម ណែនាំការអនុវត្តព្រមៗគ្នានូវវិធីសាស្ត្របច្ចេកទេស កាត់បន្ថយប្រាក់ចំណាយលើការផលិត លើកកម្ពស់គុណភាពផលិតផលនិងធានាច្រកចេញមានស្ថិរភាព៕
យ្វីអាញ - សុផន