23/07/2026 - 21:32

ទី​ក្រុង​កឹង​ធើឧបត្ថម្ភ​ផ្ទះ​មហា​សាមគ្គី​ដល់​គ្រួ​សារ​ក្រី​ក្រ​ ក្បែរ​ក្រ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ 

រយៈ​ពេល​កន្លង​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​គ្រប់​ថ្នាក់​ សហ​ការ​ជា​មួ​យស​មា​គម​សហ​ព័ន្ធ​នា​រី​វៀត​ណាម​ទី​ក្រុង​ និង​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បាន​ប្រ​គល់​ផ្ទះ​មហា​សាមគ្គី​ដល់​គ្រួ​សារ​ក្រី​ក្រ​ ក្បែរ​ក្រ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ឡាយ​ហ្វា​។ ផ្ទះ​ "មហា​សា​ម​គ្គី​" ​ដែល​បាន​ប្រ​គល់​ជូន​ មិន​ត្រឹម​តែ​ជួយ​បាំង​ភ្លៀង​ បាំង​ខ្យល់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ទី​បង្អែក​ ដើម្បី​គ្រួ​សារ​ស្ងប់​អា​រម្មណ៍​ពល​កម្ម​ផលិត​ ចិញ្ចឹម​កូន​ និង​ចិញ្ចឹម​ក្តី​សង្ឃឹម​ដើម្បី​ជីវ​ភាព​កាន់​តែ​ល្អ​ប្រសើរ​ជាង​ទៀត​។

គ្រួ​សា​របង​ស្រី​ស៊ើង​ធី​ដា​រា​នី​ (ទី​បី​រពី​ស្តាំមក​)ទទួល​អំ​ណោយ​ពី​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​។

គ្រួ​សា​របង​ស្រី​ ស៊ើង​ធី​ដា​រ៉ា​នី​ នៅ​ភូមិ​ព្រៃ​ជាប់​ ឃុំ​ឡាយ​ហ្វា​ តែង​មាន​ក្តី​បា​រម្ភ​ពេល​ឃើញ​ផ្ទះ​ទ្រុឌ​ទ្រោម​ ដាច់​មុខ​ដាច់​ក្រោយ​ ពេល​ភ្លៀង​ម្តង​ៗខ្លាច​ផ្ទះ​រលំ​ ហើយ​គ្មាន​ដី​ផលិត​ទៀត​។ សមា​ជិក​ក្នុង​គ្រួ​សារ​ ៦ នាក់​ពឹង​លើ​ប្រាក់​ធ្វើ​ការ​ឈ្នួល​បន្តិច​បន្តួច​របស់​ប្តី។​ រក​ប្រាក់​បាន​ប្រ​មា​ណ​ ២៥០.០០០ ដុង​ក្នុង​មួយ​ថ្ងៃ​ គ្រប់​ផ្គត់​ផ្គង់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​វា​សំ​ណាង​ណាស់​ទៅ​ហើយ​ ចំ​ណែក​សង់​ផ្ទះ​ថ្មី​ហាក់​ដូច​ជា​មិន​ហ៊ាន​ស្រមៃ​ដល់​។ បង​ស្រី​ដា​រ៉ា​នី​ ឱ្យ​ដឹង​៖ "ប្តីខ្ញុំ​ទៅ​ធ្វើ​ការ​ឈ្នួល​ អ្នក​ណា​ជួល​អី​ធ្វើ​ហ្នឹង​។ ឥ​ឡូវ​ធ្វើ​ជា​ជាង​កំ​បោរ​ រក​បាន​ប្រាក់​ចំ​ណូល​បាន​ ២៥០.០០០ ដុង​ក្នុង​មួយ​ថ្ងៃ​ គ្រាន់​តែ​គ្រប់​ប្រើ​ចាយ​ប្រ​ចាំ​ថ្ងៃ​ប៉ុណ្ណោះ​។ ខ្ញុំ​នៅ​ផ្ទះ​មើល​ថែ​កូន​ៗ ហេ​តុ​នោះ​គ្មាន​លក្ខ​ណៈសង់​ផ្ទះ​ថ្មី​ទេ​ ដោយ​សារ​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ពិ​និត្យ​ជ្រើស​ឧបត្ថម្ភ​សង់​ផ្ទះ​ជូន​ គ្រួ​សារ​ខ្ញុំ​ត្រេក​អរ​ខ្លាំង​ណាស់​..."។

ចំ​ណែក​គ្រួ​សារ​មីង​ តាំង​ធី​សុខ​ នៅ​ភូមិ​ជា​មួយ​នឹង​បង​ស្រី​ស៊ើង​ធី​ដា​រ៉ា​នី​ គ្មាន​ដី​ផលិត​ ហើយ​មាន​វ័យ​ចំ​ណាស់​ទៀត​ ប្តីប្រ​ពន្ធ​គាត់​រស់​ពឹង​លើ​ប្រាក់​ចំ​ណូល​តិច​តួច​របស់​កូន​ប្រុស​ធ្វើ​ការ​ឈ្នួល​នៅ​ការ​ដ្ឋាន​សំ​ណង់​នៅ​ភូមិ​ភាគ​។ មីង​សុខ​ ឱ្យ​ដឹង​៖ "ខ្ញុំ​គ្មាន​ដី​ផលិត​ទេ​ បច្ចុប្បន្ន​ ខ្ញុំ​រស់​នៅ​ជា​មួយ​កូន​ទី​ប្រាំ​ វា​ទៅ​ធ្វើ​ការ​នៅ​ការ​ដ្ឋាន​សំ​ណង់​រក​ប្រាក់​ចិញ្ចឹម​គ្រួ​សា​រទាំង​មូល​ បាន​រដ្ឋ​ឧបត្ថម្ភ​ផ្ទះ​ថ្មី​ដូច្នេះ​ គ្រួ​សារ​ខ្ញុំ​លែង​បា​រម្ភ​ពី​ភ្លៀង​លេច​ទៀត​ហើយ​"។

អ្នក​មីង​តាំង​ធី​សុខ​ (ទី​បី​ពី​ខាង​ស្តាំ) នៅ​ភូមិ​ព្រៃ​ជាប់​ មាន​ក្តី​ត្រេក​អរ​ពេល​បាន​ផ្ទះ​ថ្មី​។

រឿង​រ៉ាវ​នេះ​មិន​មែន​ដោយ​ឡែក​នៅ​ឃុំ​ឡាយ​ហ្វា​ ដែល​ជា​ឃុំ​ដាច់​ស្រយាល​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ លក្ខ​ណៈសេដ្ឋ​កិច្ច​នៅ​លំ​បាក​ច្រើន​នោះ​ទេ​។ ពី​ព្រោះ​រយៈ​ពេល​កន្លង​ ការ​គិត​គូរ​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ​តែង​បាន​ភូមិ​ភាគ​កំ​ណត់​ជា​ភារ​កិច្ច​មួយ​ក្នុង​ចំ​ណោម​ភារ​កិច្ច​សំ​ខាន់​ក្នុង​ការ​ងារ​សុខុមាល​ភាព​សង្គម​ ដើម្បី​ជួយ​គ្រួ​សារ​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ ឈាន​ឡើង​លំ​នឹង​ជីវ​ភាព​បន្តិច​ម្តង​ៗ។

អនុ​វត្ត​កម្ម​វិធី​ "ទិវា​ការ​ពារ​ព្រំ​ដែន​ទូ​ទាំង​ប្រ​ជា​ជន​" ឆ្នាំ​ ២០២៦ គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ឡាយ​ហ្វា​  បាន​សហ​ការ​ជា​មួ​យស​មា​គម​សហ​ព័ន្ធ​នា​រី​ក្រុង​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា​ និង​ភូមិ​នា​នា​ចុះ​ទៅ​ធ្វើ​ការ​ត្រួត​ពិ​និត្យ​គ្រួ​សារ​ប្រ​ជា​ជន​នីមួយៗ​ដោយ​ផ្ទាល់​។ ឆ្លង​តាម​រយៈ​ការ​ត្រួត​ពិ​និត្យ​គ្រួ​សារ​ក្រី​ក្រ​ ក្បែរ​ក្រ​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ខ្លាំង​អំ​ពី​ផ្ទះ​សម្បែង​ ក៏​បាន​ជ្រើស​ឧបត្ថម្ភ​សង់​ផ្ទះ​មហា​សាមគ្គី​។ លោក​ ថា​ច់ភឿកតាយ​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ឡាយ​ហ្វា​ ឱ្យ​ដឹង​៖ “យើង​ខ្ញុំ​បាន​ចុះ​ទៅ​ត្រួត​ពិ​និត្យ​គ្រួ​សារ​ក្រី​ក្រ​ ក្បែរ​ក្រ​នៅ​លើ​ភូមិ​ឋាន​ឃុំ​ដោយ​ផ្ទាល់​ ឆ្លង​តាម​រយៈ​នោះ​ជ្រើស​រើស​បាន​ ២០ គ្រួ​សារ​ គ្រប់​លក្ខ​ណៈដើម្បី​សង់​ផ្ទះ​។ បន្ទាប់​ពី​ដំ​ណើរ​ការ​សាង​សង់​បាន​ជាង​មួយ​ខែ​ មក​ដល់​ពេល​នេះ​សំ​ណង់​ក៏​បាន​សម្រេច​រួច​រាល់​។ យើង​ខ្ញុំ​សង្ឃឹម​ថា​គ្រួ​សារ​ដែល​បាន​ប្រ​គល់​ផ្ទះ​ទាំង​ ២០ នេះ​ នឹង​ខិត​ខំ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។ ក្តី​ត្រេក​អរ​ក្នុង​ថ្ងៃ​ទទួល​បាន​ផ្ទះ​ថ្មី​ មាន​មនុស្ស​ជា​ច្រើន​មាន​ក្តី​រំភើប​។ នោះ​មិន​គ្រាន់​តែ​ជា​ផ្ទះ​មួយ​ខ្នង​នោះ​ទេ​ ថែម​ទាំង​មិន​នូវ​រឿង​គេង​មិន​លក់​ពេញ​មួយ​យប់​ដោយ​សារ​ភ្លៀង​លេច​ ខ្យល់​ព្យុះ​ម្តង​ៗ។ ផ្ទះ​ទាំង​នេះ​នឹង​ជា​កន្លែង​ដែល​កុមារ​អាច​ធំ​ដឹង​ក្តី​ឡើង​ដោយ​សុវត្ថិ​ភាព​ កក់​ក្តៅ​ និង​ជា​កម្លាំង​ចលករ​ដើម្បី​គ្រួ​សារ​ក្រី​ក្រ​ដូច​បង​ស្រី​ ស៊ើង​ធី​ដា​រ៉ា​នី​ និង​មីង​ តាំង​ធី​សុខ​ ចាប់​ផ្តើម​ដំ​ណើរ​ថ្មី​មួយ​ ឆ្ពោះ​ទៅ​អនាគត​កាន់​តែ​ល្អ​ប្រសើរ​ជាង​ទៀត​”។

តាម​ថ្នាក់​ដឹក​នាំ​ភូមិ​ភាគ​ ផ្ទះ​មហា​សាមគ្គី​មិន​ត្រឹម​តែ​ជួយ​ប្រ​ជា​ជន​លំ​នឹង​ជីវ​ភាព​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​ធ្វើ​ឱ្យ​សុក្រឹត​នូវ​លក្ខ​ឋានក​សាង​ជន​បទ​ថ្មី​ បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ និង​រក្សា​លំ​នឹង​ជំ​ហរ​យុទ្ធ​សាស្រ្ត​ទឹក​ចិត្ត​ប្រ​ជា​ជន​នៅ​បណ្តោ​យតាម​ព្រំ​ដែន​សមុទ្រ​ទៀត​ផង​។ ក្តី​ត្រេក​អរ​របស់​គ្រួ​សារ​ប្រ​ជា​ជន​ក៏​ជា​ក្តី​ត្រេក​អរ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ និង​ប្រ​ជា​ជន​ភូមិ​ភាគ​ក្នុង​ដំ​ណើរ​គិត​គូរ​សុខុមាល​ភាព​សង្គម​។ លោក​ ត្រឹង​ហ្វាង​លិញ​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ឡាយ​ហ្វា​ ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖ “ឡាយ​ហ្វា​ជា​ភូមិ​ភាគ​លំ​បាក​ខ្លាំង​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​។ ការ​យក​ចិត្ត​ទុក​ដាក់​ រួម​ដំ​ណើរ​ និង​ឧបត្ថម្ភ​ទាន់​ពេល​វេលា​របស់​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ និង​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ គឺ​ជា​ប្រ​ភព​កម្លាំង​ចលករ​ដ៏​ធំ​ធេង​ ជួយ​ភូមិ​ភាគ​អនុ​វត្ត​ការ​ងារ​សុខុមាល​ភាព​សង្គម​កាន់​តែ​ល្អ​ប្រសើរ​ជាង​ទៀត​។ ផ្ទះ​ដែល​បាន​ប្រ​គល់​ជូន​ មិន​ត្រឹម​តែ​មាន​តម្លៃ​ផ្នែក​ខាង​សម្ភារៈ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ហាញ​ពី​ស្មារតី​ចែក​រំលែក​ ទទួល​ខុស​ត្រូវ​របស់​គណៈ​ ផ្នែក​គ្រប់​ថ្នាក់​ និង​សហ​គម​ន៍ចំ​ពោះ​អ្នក​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ខ្លាំង​ទៀត​ផង​”។

ផ្ទះ​មហា​សាមគ្គី​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ដែល​បាន​ប្រ​គល់​ជូន​នៅ​ឃុំ​ឡាយ​ហ្វា​ មិន​ត្រឹម​តែ​បាន​សាង​សង់​ដោយ​ឥដ្ឋ​ ខ្សាច់​ និង​ស៊ី​ម៉ង់ត៍ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​សាង​សង់​ឡើង​ពី​ទឹក​ចិត្ត​ ការ​ចែក​រំលែក​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​សហ​គម​ន៍ទាំង​មូល​ទៀត​ផង​។ នោះ​ក៏​ជា​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​ជឿ​ជាក់​ថា​ តំ​បន់​ដី​ព្រំ​ដែន​សមុទ្រ​ឡាយ​ហ្វា​ ទី​ក្រុង​កឹង​ធើកាន់​តែ​មាន​ស្ថិរ​ភាព​ អភិវឌ្ឍ​ន៍ និង​មិន​ទុក​ចោល​នរណា​ម្នាក់​ឱ្យ​នៅ​ពី​ខាង​ក្រោយ​ឡើយ​៕

ដា​លី​ន - វិមាន

ចែករំលែកអត្ថបទ