ក្រោយពីការខិតខំហ្វឹកហាត់យ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនឆ្នាំ កីឡាករ ង្វៀងង៉ុកហា ក្រុមកីឡាអត្តពលកម្មខេត្តវិញឡុង បានសម្រេចស្នាដៃឆ្នើមដណ្តើមបានមេដាយមាសវិញ្ញា សាពួយលំពែង ក្នុងការប្រកួតកីឡាអត្តពលកម្មពានរង្វាន់ជើងឯកថ្នាក់ជាតិ U១៨ ឆ្នាំ ២០២៦ ជាមួយនឹងសមិទ្ធផល ៥៦,៥៤ ម៉ែត្រ។ ជ័យជម្នះនេះ មិនត្រឹមតែជាព្រឹត្តិការណ៍ដ៏មានអត្ថន័យក្នុងអាជីពកីឡារបស់កីឡាករវ័យក្មេងរូបនេះប៉ុណ្ណោះទេ ទន្ទឹមនឹងនោះ បានរួមចំណែកបញ្ជាក់ពីការអភិវឌ្ឍឥតឈប់ឈររបស់វិស័យកីឡាអត្តពលកម្មខេត្តវិញឡុង លើឆាកប្រកួតថ្នាក់ជាតិ។

កីឡាករ ង្វៀងង៉ុកហា (លេខ១) ដណ្តើមបានមេដាយមាសក្នុងវិញ្ញាសាពួយលំពែង ជាមួយសមិទ្ធផល ៥៦,៥៤ ម៉ែត្រ នៅក្នុងការប្រកួតកីឡាអត្តពលកម្មជើងឯកថ្នាក់ជាតិ U១៨ ឆ្នាំ ២០២៦។ (រូបថតផ្តល់ដោយតួអង្គ)
កើតឆ្នាំ ២០០៩ កីឡាករ ង្វៀងង៉ុកហា នៅសង្កាត់ប៊ិញមិញ ខេត្តវិញឡុង ចាប់ផ្តើមស្គាល់និងស្រឡាញ់កីឡាអត្តពលកម្មតាំងពីរៀនថ្នាក់ទី៨។ ដោយសារមានទេពកោសល្យពីកំណើត ហើយបានគ្រូអប់រំកាយសង្កេតឃើញ និងឧទ្ទេសនាមឱ្យចូលរួមហ្វឹកហាត់។ បន្ទាប់ពីរយៈពេលហ្វឹកហាត់ ប្អូនបានជ្រើសរើសចូលក្រុមកីឡាអត្តពលកម្ម យុវវ័យរបស់ខេត្តវិញឡុង។ ដោយមានការតស៊ូព្យាយាម អត់ធ្មត់ ស្មារតីជម្នះលំបាក ង្វៀងង៉ុកហា បានបន្តកែលម្អបច្ចេកទេសពួយលំពែងកាន់តែល្អប្រសើរ និងបង្ហាញសមត្ថភាពរបស់ខ្លួនជាបន្តបន្ទាប់ តាមរយៈការដណ្តើមបានមេដាយមាស ៣ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង ក្នុងការប្រកួតកីឡាអត្តពលកម្មយុវវ័យ។
របត់សំខាន់ចំពោះង៉ុកហា ក្នុងការប្រកួតកីឡាអត្តពលកម្មជើងឯកថ្នាក់ជាតិ U១៨ ឆ្នាំ ២០២៦ ដែលចាត់តាំងឡើងនៅថៃង្វៀង។ ដោយប្អូនមានទំនុកចិត្តខ្ពស់និងស្មារតីប្រកួតប្រជែងយ៉ាងមុតមាំ ទោះបីជួបគូប្រកួតខ្លាំងៗ ជាច្រើនក៏ដោយ កីឡាករវ័យក្មេងរបស់ខេត្តវិញឡុង បានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោ ដោយដណ្តើមបានមេដាយមាសវិញ្ញាសាពួយលំពែង ជាមួយនឹងសមិទ្ធផល ៥៦,៥៤ ម៉ែត្រ នាំមកនូវក្តីសោមនស្សរីករាយដល់គណៈគ្រូបង្វឹក និងក្រុមកីឡាអត្តពលកម្មរបស់ខេត្តវិញឡុង។ ក្រោយពីទទួលបានជ័យជម្នះ ង្វៀកង៉ុកហា ឱ្យដឹង៖ មេដាយមាស គឺជាកម្លាំងចិត្តដ៏សំខាន់ ជំរុញឱ្យខ្លួនបន្តខិតខំហ្វឹកហាត់លើវិថីកីឡាអាជីព ដើម្បីទទួលបានស្នាដៃខ្ពស់។ បច្ចុប្បន្ន ប្អូនកំពុងហ្វឹកហាត់យ៉ាងសកម្ម ដើម្បីត្រៀមចូលរួមការប្រកួតកីឡាអត្តពលកម្មជើងឯក U១៨ អាស៊ីអាគ្នេយ៍ គ្រោងនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ ២០២៦។ ទន្ទឹមនឹងនោះ កំណត់គោលដៅបន្តកែលម្អសមិទ្ធផល បង្កើនបទពិសោធន៍ក្នុងការប្រកួត ខិតខំប្រឹងប្រែងដើម្បីបានចូលក្រុមជម្រើសជាតិ និងមានឱកាសចូលរួមប្រកួតលើឆាកអន្តរជាតិ។
តាមប្រសាសន៍គ្រូបង្វឹក ថាច់ធីកួ ឱ្យដឹង៖ ង្វៀងង៉ុកហា គឺជាកីឡាករដែលមានទេពកោសល្យពីកំណើត មានវិន័យល្អនិងប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ ក្នុងការហ្វឹកហាត់ជានិច្ច។ ទោះបីលក្ខណៈហ្វឹកហាត់ នៅមានការលំបាកជាច្រើនក៏ដោយ ប្អូននៅតែបន្តខិតខំប្រឹងប្រែងហ្វឹកហាត់ សម្រេចបច្ចេកទេសពួយលំពែងកាន់តែល្អប្រសើរ និងបង្កើនសមិទ្ធផលជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ មេដាយមាសដែលង៉ុកហា ដណ្តើមបានក្នុងការប្រកួតកីឡាអត្តពលកម្ម ជើងឯកថ្នាក់ជាតិ U១៨ ឆ្នាំ ២០២៦ គឺជារង្វាន់ដ៏សក្តិសមសម្រាប់ការខិតខំប្រឹងប្រែងនិងតស៊ូឥតឈប់ឈររបស់កីឡាករវ័យក្មេងរូបនេះ។
នៅវ័យ ១៧ ឆ្នាំ ង្វៀងង៉ុកហា នៅមានសក្តានុភាពជាច្រើនសម្រាប់អភិវឌ្ឍន៍។ ដោយមានមូលដ្ឋានជំនាញរឹងមាំ ឆន្ទៈឈានឡើងនិងការយកចិត្តទុកដាក់ បណ្តុះបណ្តាលពីសំណាក់គណៈគ្រូបង្វឹក កីឡាករ វ័យក្មេងរូបនេះ ត្រូវបានរំពឹងថានឹងបន្តដណ្តើមបានសមិទ្ធផលខ្ពស់ៗបន្ថែមទៀត រួមចំណែកលើកកម្ពស់វិស័យកីឡាអត្តពលកម្មរបស់ខេត្តវិញឡុង និងឆ្ពោះទៅសម្រេចទិសដៅបានចូលក្រុមជម្រើសជាតិនាពេលអនាគត៕
ទីទុយ