ក្នុងដំណាក់កាលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ក្រៅពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ កងជួរអ្នកមានប្រិយភាពនៅឃុំវិញហាយ ទីក្រុងកឹងធើ បានពង្រីកល្អនូវតួនាទីស្នូលក្នុងការងារផ្សព្វផ្សាយចលនាមហាជន។ ជាមួយនឹងភាពជាគំរូនិងស្មារតីទទួលខុសត្រូវ ពួកគាត់បានក្លាយជាទីបង្អែកគួរឱ្យទុកចិត្តរបស់ប្រជាជន រួមចំណែកនាំយកគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋចូលទៅក្នុងជីវភាព។

លោក យឿងសែល អ្នកមានប្រិយភាពនៅឃុំវិញហាយ ទីក្រុងកឹងធើ។
កើតនៅឆ្នាំ ១៩៤៩ នៅភូមិដំបូក ឃុំវិញហាយ ទីក្រុងកឹងធើ លោកយឿងសែល ក្នុងតួនាទី ជាអ្នកមានប្រិយភាព លោកតែងចូលរួមយ៉ាងសកម្មក្នុងការចលនាមាមីងអនុវត្តល្អរាល់គោលការណ៍ គោលនយោបាយរបស់បក្សនិងក្រឹត្យច្បាប់របស់រដ្ឋ។ លោកនៅទាំងគួបបញ្ចូលខ្លឹមសារផ្សព្វផ្សាយទៅក្នុងការប្រជុំជីវភាពសាសនា រួមចំណែកលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន។ ទន្ទឹមនឹងនោះ លោកបានចូលរួមយ៉ាងសកម្មក្នុងការចលនាប្រជាជននៅភូមិឱ្យចូលរួមការចលនាកសាងជនបទថ្មី។ ដើម្បីពង្រីកផ្លូវ គ្រួសាររបស់លោកផ្ទាល់ក៏បានបរិច្ចាគដីដែលមានទទឹង១ម៉ែត្រ និងបណ្តោយ៥០ម៉ែត្រ ដើម្បីឱ្យប្រជាជនធ្វើដំណើរទៅមកបានងាយស្រួលជាងមុន។ ក្រៅពីនោះ លោកក៏បានចូលរួមចលនាយុវជនដែលជាកូនចៅជនរួមជាតិនៅភូមិភាគឱ្យទៅបំពេញកាតព្វកិច្ចយោធាផងដែរ។
លោក យឿងសែល មានប្រសាសន៍៖ “នៅពេលដែលរដ្ឋដាក់ចេញនូវគោលការណ៍ ឬភូមិភាគបំផុសចលនា ខ្ញុំតែងស្វែងយល់យ៉ាងលម្អិត រួចពន្យល់ណែនាំឱ្យមាមីងយល់ច្បាស់ពីអត្ថន័យ ដើម្បីចូលរួមដោយស្ម័គ្រចិត្ត។ ឃើញផ្លូវថ្នល់មានភាពស្អាតបាត និងធំទូលាយជាងមុន ជីវភាពកាន់តែបានកែលម្អ ប្រជាជនមានការសាមគ្គី ជួយគ្នាទៅវិញទៅមកក្នុងការប្រកបរបរចិញ្ចឹមជីវិត ខ្ញុំមានសេចក្តីរីករាយណាស់ ហើយនឹងបន្តរួមចំណែកកម្លាំងកាយចិត្តដើម្បីការអភិវឌ្ឍរបស់ភូមិស្រុក”។
ទន្ទឹមនឹងតួនាទីជាអ្នកមានប្រិយភាព លោកក៏ជាទីប្រឹក្សាគណៈកម្មការវត្តតាសេក។ នៅទីនេះ លោកតែងចលនាមាមីងពុទ្ធបរិស័ទឱ្យរស់នៅប្រព្រឹត្តល្អទាំងផ្លូវលោក ទាំងផ្លូវធម៌ ព្រួតដៃគ្នាកសាងវត្តអារាមពីមួយថ្ងៃកាន់តែមានសោភណភាព។
មិនត្រឹមតែជាគំរូក្នុងសកម្មភាពសង្គមប៉ុណ្ណោះទេ លោកថែមទាំងជាគំរូក្នុងការកសាងគ្រួសារទៀតផង។ គ្រួសាររបស់លោកបានទទួលស្គាល់ជាគ្រួសារ វប្បធម៌អស់រយៈពេលជាច្រើនឆ្នាំ។ លោកតែងតែប្រដៅទូន្មានកូនចៅឱ្យខិតខំប្រឹងប្រែងធ្វើការងារ អភិវឌ្ឍសេដ្ឋកិច្ច ចេះស្រឡាញ់ និងជួយគ្នាទៅវិញទៅមក។
លោក ង៉ោចូវ ប្រធានគណៈប្រជាជនភូមិអ៊ូវថ័រ B ឱ្យដឹង៖ “លោកយឿងសែល គឺជាអ្នកមានប្រិយភាព និងតែងធ្វើជាគំរូរាល់ការចលនារបស់ភូមិភាគ។ រាល់ពេលដែលផ្សព្វផ្សាយពីគោលការណ៍របស់បក្ស គោលនយោបាយរបស់រដ្ឋ ឬការកសាងជនបទថ្មី លោកតែងសកម្មក្នុងការផ្សព្វផ្សាយនិងបំផុសចលនា ដើម្បីឱ្យប្រជាជនយល់និងឯកភាព។ អាស្រ័យហេតុនេះ រាល់ការចលនានៅភូមិភាគតែងបានប្រជាជនគាំទ្រ និងទទួលបានប្រសិទ្ធភាពខ្ពស់”។
លោកចូវវ៉ាំងថេន អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំវិញហាយ ទីក្រុងកឹងធើ ឱ្យដឹង៖ “អ្នកមានប្រិយភាពមានតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ នាំយកគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋប្រជាជនជ្រាប។ ដើម្បីពង្រីកប្រសិទ្ធភាព ភូមិភាគតែងធ្វើការជ្រើស រើសអ្នកមានប្រិយភាពពិតប្រាកដនៅក្នុងសហគមន៍ ព្រមទាំងសហការចាត់តាំងហ្វឹកហាត់ ណែនាំពីគោលការណ៍ គោលនយោបាយ ដើម្បីឱ្យពួកគាត់អាចផ្សព្វផ្សាយនិងចលនាប្រជាជនឱ្យអនុវត្តបានទាន់ពេល”៕
វឌ្ឍា-ដាលីន