ជិត២០ឆ្នាំផ្សារភ្ជាប់នឹងសុខាភិបាលមូលដ្ឋាន គ្រូពេទ្យ ថាច់ម៉ាច់ បំពេញការងារនៅដំណាក់សុខាភិបាលឃុំវិញហាយ ទីក្រុងកឹងធើ តែងអស់ពីចិត្តថែទាំសុខភាពប្រជាជននិងអស់ពីចិត្តដើម្បីអ្នកជំងឺ ផ្តើមពីនោះបានមាមីងជឿទុកចិត្ត និងស្រឡាញ់រាប់អាន។

គ្រូពេទ្យ ថាច់ម៉ាច់ អស់ពីចិត្តដើម្បីសុខភាពប្រជាជននៅមូលដ្ឋាន។
ពីមុន គ្រូពេទ្យថាច់ម៉ាច់ បំពេញការងារនៅដំណាក់សុខាភិបាលឃុំហ្វាដុង ទីរួមខេត្តវិញចូវ ខេត្តសុកត្រាំង (ចាស់)។ ក្រោយពីរួមបញ្ចូល បងបន្តទទួលភារកិច្ចនៅដំណាក់សុខាភិបាល ឃុំវិញហាយ។ ក្នុងបរិការណ៍មូលដ្ឋានសម្ភារៈនិងប្រភពឱសថនៅមានកម្រិត ការពិនិត្យនិងព្យាបាលនៅថ្នាក់មូលដ្ឋានប្រឈមនឹងការលំបាកមិនតិចឡើយ។ ថ្វីដ្បិតដូច្នោះក្តី ដោយភាពម្ចាស់ការ និងភាពរវៀសរវៃ គ្រូពេទ្យថាច់ម៉ាច់ រួមជាមួយនឹងកងជួរសុខាភិបាលឃុំបានរកឃើញនូវដំណោះស្រាយសមស្រប ប្រើប្រាស់មានប្រសិទ្ធភាពប្រភពកម្លាំងដែលមានស្រាប់ ដើម្បីធានាប្រជាជនទទួលបានការពិនិត្យនិងព្យាបាលទាន់ពេលវេលា។
គ្រូពេទ្យថាច់ម៉ាច់ មិនត្រឹមតែអនុវត្តភារកិច្ចពិនិត្យជំងឺនិងជូនឱសថបានល្អប៉ុណ្ណោះទេ គាត់នៅទាំងចូលរួមដោយផ្ទាល់ក្នុងការជួយសង្គ្រោះដំបូងដល់អ្នកជំងឺទៀតផង។ ចំពោះករណីដែលហួសពីជំនាញរបស់សុខាភិបាលមូលដ្ឋាន ដូចជាជំងឺខ្សោយបេះដូង ឬជំងឺធ្ងន់ផ្សេងទៀត គាត់សហការបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យថ្នាក់លើបានឆាប់រហ័ស ធានាសុវត្ថិភាពខ្ពស់បំផុតជូនអ្នកជំងឺ។ ភាពរហ័សរហួននិងវិនិច្ឆ័យស្ថានការណ៍ទាន់ពេលវេលានេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះអាយុជីវិតជាច្រើនករណី និងកាត់បន្ថយហានិភ័យគួរឱ្យសោកស្តាយ។
មិនត្រឹមតែមានមុខជំនាញពូកែប៉ុណ្ណោះទេ គ្រូពេទ្យថាច់ម៉ាច់ នៅទាំងបានប្រជាជនស្រឡាញ់ទុកចិត្ត ពីព្រោះអាកប្បកិរិយា ពិនិត្យនិងព្យាបាលជំងឺដោយអស់ចិត្តនិងរួសរាយរាក់ទាក់។ ជាជនរួមជាតិខ្មែរ ម្ល៉ោះហើយគាត់តែងយល់ពីអារម្មណ៍របស់មាមីង ផ្តើមពីនោះ បង្កឱ្យមានការយល់ស្រប ទំនុកចិត្តក្នុងដំណើរការថែទាំសុខភាព។ ប្រការនេះ រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពម្ចាស់ការបង្ការទប់ស្កាត់ និងការពារសុខភាពប្រជាជន។
ក្នុងការងារ បងតែងលើកកម្ពស់ស្មារតីទទួលខុសត្រូវ ត្រៀមទទួលនិងសម្រេចបានល្អរាល់ភារកិច្ចដែលបានប្រគល់ជូន។ ដោយការខិតខំប្រឹងប្រែងឥតឈប់ឈរ បងបានសម្រេចភារកិច្ចឆ្នើមច្រើនឆ្នាំបន្តបន្ទាប់និងបានទទួលស្គាល់កិត្តិនាម “យុទ្ធជនប្រឡងប្រណាំងមូលដ្ឋាន”។ ពិសេស ឆ្នាំ ២០២៥ កន្លងហើយ គ្រូពេទ្យ ថាច់ម៉ាច់ បានវាយតម្លៃសម្រេចភារកិច្ចឆ្នើមជាបន្តក្លាយជាគំរូលេចធ្លោរបស់កងជួរសុខាភិបាលមូលដ្ឋាន។
បងង្វៀងវ៉ាន់ហឿង នាយករងដំណាក់សុខាភិបាលឃុំវិញហាយ បញ្ជាក់៖ “គ្រូពេទ្យថាច់ម៉ាច់ ជាកម្មាភិបាលឆ្នើមមួយរូបរបស់អង្គភាព។ គាត់មានស្មារតីទទួលខុសត្រូវខ្ពស់និងអស់ពីចិត្តចំពោះអ្នកជំងឺ។ ដោយមានមុខជំនាញរឹងប៉ឹងនិងអាកប្បកិរិយារួសរាយរាក់ទាក់ ម្ល៉ោះហើយគាត់បានប្រជាជនជឿទុកចិត្ត និងបានសមូហភាពវាយតម្លៃខ្ពស់”។
នៅពេលជួបការលំបាកនាបច្ចុប្បន្ន ការអស់ពីចិត្តរបស់គ្រូពេទ្យ ថាច់ម៉ាច់ បានរួមចំណែកពង្រឹងទំនុកចិត្តរបស់ប្រជាជនលើសុខាភិបាលមូលដ្ឋាន។ គាត់គឺជាគំរូលេចធ្លោអំពីការទទួលខុសត្រូវ ក្រមសីលធម៌គ្រូពេទ្យនិងស្មារតីបម្រើសហគមន៍៕
ហុងទើ-វិមាន