ផ្កាចុងអង្ករស្លជាមួយបង្គា គឺជាមុខម្ហូបមួយក្នុងចំណោមមុខម្ហូបដែលស្រ្តីមេផ្ទះជាច្រើនជ្រើសយក។ ថ្ងៃនេះ ទំព័រព័ត៌មាន VietNamNet នឹងធ្វើការណែនាំពីរបៀបស្លសម្លផ្កាចុងអង្ករជាមួយបង្គាបំបាត់កម្តៅក្នុងខ្លួនរដូវក្តៅ។

ផ្កាចុងអង្ករស្លជាមួយបង្គា ជាមុខម្ហូបមួយក្នុងចំណោមមុខម្ហូបដែលស្រ្តីមេផ្ទះជាច្រើនជ្រើសយក។ រូប៖ ទស្សនាវដ្តី Suckhoe+
១. វត្ថុធាតុដើម
ផ្កាចុងអង្ករ៖ ៣៥០ក្រាម។
បង្គា៖ ២០០ក្រាម។
ខ្ទឹមស្ងួត ខ្ទឹមស្លឹក៖ បន្តិច។
គ្រឿងផ្សំផ្សេងៗគឺ៖ អំបិល ម្សៅស៊ុប ម្រេច ទឹកត្រី។
២. របៀបស្ល
ទី១៖ ច្នៃបណ្តោះអាសន្នវត្ថុធាតុដើម
ផ្កាចុងអង្ករលាងឱ្យជ្រះស្រង់ឡើង ទុកឱ្យស្ងួត។
ខ្ទឹមស្លឹកលាងឱ្យជ្រះ កាត់គល់ទុកដោយឡែក ស្លឹកហាន់ឱ្យល្អិត។
ត្រាំបង្គាក្នុងទឹកលាយជាមួយអំបិលនិងស្រាសបន្តិច រយៈពេលពី ៥ - ៧ នាទី បន្ទាប់មកលាងទឹកជម្រះរួចទុកឱ្យស្ងួត។ វិធីនេះនឹងធ្វើឱ្យបង្គា ជ្រះនិងបំបាត់ក្លិនឆ្អាប។ បន្ទាប់មកទៀត បកសំបក ហូតយកសរសៃខ្មៅពីខាងលើខ្នងបង្គាចេញ។
ទី២៖ ប្រឡាក់វត្ថុធាតុដើម
ដាក់បង្គាក្នុងចាន បង់ស្ករមួយស្លាបព្រា ទឹកត្រីមួយស្លាបព្រា ម្សៅស៊ុបពាក់កណ្តាលស្លាបព្រា ម្រេចបន្តិចនិងបង់គល់ខ្ទឹមចូលច្របល់ឱ្យស្មើរួចទុកប្រមាណ១៥នាទី។
ទី៣៖ ដណ្ដាំស្ល
ដំបូង លោកអ្នកបន្ស៊ីខ្លាញ់ខ្ទឹមស្ងួត រួចបង់បង្គាដែលបានប្រឡាក់ចូលឆាបើកភ្លើងឱ្យធំ។ ចំណាំគឺក្នុងដំណាក់កាលឆា លោកអ្នកត្រូវគ្រលែងត្រឡប់ឱ្យបានលឿនដើម្បីបង្គាឆ្អិនស្មើ ហើយមិនខ្លោចផង។ ពេលបង្គាឆ្អិនល្មម គឺលើកចេញពីចង្ក្រាន។
ក្រោយមក ដណ្តាំទឹកឱ្យពុះប្រមាណមួយលីត្រ រួចយកសាច់បង្គាដែលឆាហើយដាក់ចូលស្ល។ លោកអ្នកចំណាំ ត្រូវបើកភ្លើងឱ្យស្មើ ដួសពពុះចេញ បង់អំបិលនិងម្សៅស៊ុបល្មមសាបប្រៃ។ បន្ទាប់មកបង់ផ្កាចុងអង្ករចូលបើកភ្លើងធំឱ្យសម្លឆាប់ពុះ រួចហើយបិទភ្លើងភ្លាម។ ប្រសិនបើ ដណ្តាំយូរពេក ផ្កាចុងអង្ករនឹងរលួយ បាត់ភាពស្រួយផ្អែម។
ទី៤៖ សម្រេចជាស្ថាពរ
ដួសសម្លដាក់ក្នុងចានគោម រោយខ្ទឹមស្លឹក និងម្រេចកិនពីលើសម្លហើយទទួលទាន។
៣. ចំណាំនៅពេលស្លសម្លផ្កាចុងអង្ករជាមួយបង្គា
ដើម្បីស្លសម្លផ្កាចុងអង្ករជាមួយបង្គា លោកអ្នកគប្បីចងចាំផ្នែកជ្រើសរើសវត្ថុធាតុដើម។
ខណៈពេលទិញផ្កាចុងអង្ករ គប្បីជ្រើសយកផ្កាដែលនៅក្រពុំ។ ប្រការនេះមិនត្រឹមតែរក្សាបានរសក្លិនក្រអូបពីធម្មជាតិប៉ុណ្ណោះទេ ថែមទាំងធានារក្សាបានភាពស្រួយនិងស្រស់ឆ្ងាញ់ទៀតផង។
រីឯបង្គាស្រស់ជើងវានឹងមានពណ៌ថ្លាជាប់នឹងដងខ្លួន។ មិនត្រូវទិញបង្គាដែលមានជើងប្រែពណ៌ បាក់កឡើយ។
ចំណាំទិញបង្គាដែលមានដងខ្លួនគម សាច់ហាប់ សំបកស្រស់និងក្បាលនៅជាប់នឹងខ្លួន។ មិនត្រូវទិញបង្គាដែលមានកន្ទុយយារ បាក់កបាត់ ស្រកាកន្ទុយនិងរបេះដាច់ឡើយ។ ពីព្រោះនេះអាចជាបង្គាដែលចាប់ឡើងទុកយូរ ត្រាំសារធាតុទុកយូរ។
ពីព្រោះផ្កាចុងអង្ករឆាប់ឆ្អិន ម្ល៉ោះហើយពេលស្ល លោកអ្នកបង់ផ្កាចូលឆ្នាំងសម្ល ដុតភ្លើងឱ្យពុះរួចបិទភ្លើងភ្លាម ដើម្បីធានាបានភាពស្រួយ និងក្លិនក្រអូប។ ប្រសិនបើដណ្តាំយូរពេក ផ្កាចុង អង្កររលួយ និងបាត់នូវរសជាតិក្រអូបឆ្ងាញ់។
សម្លផ្កាចុងអង្ករជាមួយបង្គាមានរសជាតិឆ្ងាញ់ នៅពេលបង់គ្រឿងគ្រប់សព្វ ល្មមសាប ប្រៃផ្កាចុងអង្ករឆ្អិនខៀវរលើប និងរក្សាបានភាពស្រួយ បង្គាស្រស់មានរសជាតិផ្អែម មានជាតិបំប៉នខ្ពស់៕
យោង៖ VietNamNet - លីសៀ