ជាច្រើនឆ្នាំមកនេះ ដោយប្រភពទុនឥណទានរបស់ធនាគារគោលនយោបាយសង្គមទីក្រុងកឹងធើ មានគ្រួសារក្រីក្រ គ្រួសារក្បែរក្រនិងគ្រួសារជនរួមជាតិខ្មែរជាច្រើន មានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ចឈានឡើងចាកផុតពីភាពក្រីក្រ លំនឹងជីវភាព។

លោកថាច់កឿង កំពុងឱ្យចំណីអន្ទង់។
យោងតាមការិយាល័យប្រតិបត្តិការនៃធនាគារគោលនយោបាយសង្គមហូវយ៉ាង គិតដល់ចុងត្រៃមាសទី៣ ឆ្នាំ២០២៥ ការិយាល័យបន្តផ្សព្វផ្សាយមានប្រសិទ្ធភាពការឧបត្ថម្ភបុលទុនដល់គ្រួសារក្រីក្រ គ្រួសារក្បែរក្រ និស្សិត ឧបត្ថម្ភទឹកស្អាត លំនៅឋានសង្គមនិងដោះស្រាយការងារធ្វើ។ល។ សរុបប្រាក់កម្ចីជិត ៥៧៨ ពាន់លានដុង ដោយមានអតិថិជននៅជាប់បំណុលជាង ៩.២០០នាក់។ ប្រភពទុនបានផ្សព្វផ្សាយចំមុខសញ្ញាចំទិសដៅ ដូច្នេះ មានគ្រួសារខ្មែរជាច្រើនមានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ច បង្កើតទម្រង់រកស៊ីមានប្រសិទ្ធភាព ចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារ។
ផ្តើមពីប្រភពទុនឥណទាន បងស្រីធីមាញ់ នៅភូមិទី ៥ ឃុំសាភៀង មានលក្ខណៈអភិវឌ្ឍ ទម្រង់ចិញ្ចឹមអន្ទង់មិនប្រើភក់ក្នុងអាងស៊ីម៉ងត៍ ឈានឡើងចាកផុតពីភាពក្រីក្រ។ បងស្រីធីមាញ់ ឱ្យដឹង៖ “បានរដ្ឋឧបត្ថម្ភទុនអាទិភាពនិងកូនពូជ ដូច្នេះ នាងខ្ញុំវិនិយោគទម្រង់ចិញ្ចឹមអន្ទង់ក្នុងអាងស៊ីម៉ងត៍ ចិញ្ចឹមជ្រូកនិងទាពង។ ប៉ុន្មានឆ្នាំកន្លង ប្តីប្រពន្ធនាងខ្ញុំតែងយកចិត្តទុកដាក់ក្នុងការចិញ្ចឹម ថែទាំបានល្អ ពេលប្រមូលផលរកបានប្រាក់ចំណេញបង្គួរ ដូច្នេះទើបជួយគ្រួសារខ្ញុំចាកផុតពីភាពក្រីក្រ។ ផ្តើមពីប្រាក់សន្សំសំចៃបន្តិចម្តងៗ ឥឡូវនេះ នាងខ្ញុំសង់បានផ្ទះសមរម្យ”។
ចំណែកគ្រួសារលោកថាច់កឿង រស់នៅភូមិ៥ដែរ ក៏ជាគ្រួសារចាកផុតពីភាពក្រីក្រអាស្រ័យការបុលទុនពីធនាគារគោលនយោបាយសង្គម។ ជាច្រើនឆ្នាំធ្វើកម្មករសំណង់ សង់ទ្រុងជ្រូកនិងអាងចិញ្ចឹមអន្ទង់ ម៉្លោះហើយគាត់ក៏មានបទពិសោធន៍ខ្លះៗពីបច្ចេកទេសចិញ្ចឹមអន្ទង់មិនប្រើភក់។ ពេលបានរដ្ឋអំណាចឧបត្ថម្ភបុលទុនអាទិភាពពីធនាគារគោលនយោបាយសង្គម គាត់បានវិនិយោគលើការចិញ្ចឹមអន្ទង់។ លោកកឿង ឱ្យដឹង៖ “ចិញ្ចឹមអន្ទង់មិនប្រើភក់ក្នុងអាងស៊ីម៉ងត៍ គឺងាយចិញ្ចឹម តិចមានជំងឺតម្កាត់ គ្រាន់តែធានាប្រភពទឹកស្អាត ប្រភពចំណីគុណភាព អន្ទង់ស៊ីឆាប់ធំ។ អន្ទង់ឱ្យស៊ីមួយថ្ងៃ២ដង នៅពេលព្រឹកនិងរសៀលផ្លាស់ទឹកមួយថ្ងៃ៣ដង។ ចិញ្ចឹមរយៈពេលពី១០ដល់១២ខែ អាចប្រមូលផល បានលក់ក្នុងតម្លៃប្រមាណ ១១០.០០០ ដុងក្នុងមួយគីឡូក្រាម។ អាស្រ័យការចិញ្ចឹមអន្ទង់កាក់ កបទើបគ្រួសារខ្ញុំចាកផុតពីភាពក្រីក្រលំនឹងជីវភាព។ ក្រោយពីទូទាត់រួច នៅចំណេញជាមធ្យមប្រមាណ២៥០លានដុងក្នុងមួយឆ្នាំ”។
តាមប្រសាសន៍លោកង្វៀងមិញវឿង នាយករងធនាគារគោលនយោបាយសង្គមទីក្រុងកឹងធើ ចាប់តាំងពីពេលនេះដល់ដាច់ឆ្នាំ២០២៥ ធនាគារនឹងផ្តុំកម្លាំងផ្តល់ផ្ទេរថវិកាប្រមាណ៣ពាន់លានដុង អាទិភាពឱ្យគ្រួសារក្រីក្រ គ្រួសារក្បែរក្រ គ្រួសារទើបចាកផុតពីភាពក្រីក្រ គ្រួសារជនជាតិភាគតិចសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច។ ប្រភពទុននេះ នឹងជួយមាមីងវិនិយោគទម្រង់រកស៊ីមានប្រសិទ្ធភាព ចាកផុតពីភាពក្រីក្រដោយចីរភាព៕
យ្វីអាញ-មុនី