នៅតំបន់ជនជាតិភាគតិចទីក្រុងកឹងធើ រូបភាពលោកប្រធានភូមិយកចិត្តទុកដាក់ ជិតដិតអស់ពីចិត្តនឹងប្រជាជន បានក្លាយជារូបភាព ធ្លាប់ស្គាល់ទៅហើយ។ គាត់តែងមានវត្តមាននៅពេលដែលប្រជាជនត្រូវការ រួមចំណែកដោយស្ងប់ស្ងៀមដើម្បីភូមិស្រុកនិងជីវភាពប្រជាជនកាន់តែរីកចម្រើនសម្បូរសប្បាយ។

លោកសើុងយឹង (ខាងឆ្វេង) មកពិនិត្យមើលទម្រង់ចិញ្ចឹមគោរបស់មាមីងនៅភូមិឡឹមយូ។
តួយ៉ាងក្នុងនោះ មានលោកសើុងយឹង ប្រធានភូមិឡឹមយូ ឃុំត្រឹងដេ ទីក្រុងកឹងធើ។ គាត់ធ្លាប់ទទួលតួនាទីជាអនុប្រធាននិងប្រធានសមាគមកសិករឃុំដាយអឹង II (ចាស់) (២០០៦-២០១៤)។ ក្រោយពីចូលនិវត្តន៍នៅឆ្នាំ២០១៤ គាត់ក៏ទទួលនាទីជាប្រធានភូមិឡឹមយូ រហូតមកទល់បច្ចុប្បន្ន។ ក្រៅពីការងារធ្វើជាស្ពានតភ្ជាប់នាំយកកម្មវិធីឧបត្ថម្ភការងាររកស៊ីចិញ្ចឹមជីវិត និងទម្រង់ផលិតប្រកបដោយប្រសិទ្ធភាពដល់ប្រជាជន គាត់ថែមទាំងឧស្សាហ៍សហការជាមួយគណៈកម្មការវត្ត ផ្សព្វផ្សាយគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ ក្នុងឱកាសពិធីបុណ្យទានធំៗ របស់ជនរួមជាតិខ្មែរ ដើម្បីឱ្យមាមីងខ្មែរបានយល់ដឹងនិងស្របមតិ រួមគំនិតជាមួយរដ្ឋអំណាចកសាងមាតុភូមិឱ្យកាន់តែរីកចម្រើន។
តាមការឱ្យដឹងរបស់ប្រជាជនក្នុងភូមិ លោកយឹង ជាអ្នកដែលមានភាពជិតស្និទ្ធ យកចិត្តទុកដាក់និងចេះចែករំលែកបទពិសោធន៍ផលិតកសិកម្មដល់មាមីង។ គ្រួសារណាមានទុក្ខលំបាក គាត់តែងមកសួរសុខទុក្ខ ហើយស្នើឡើងថ្នាក់ឃុំដើម្បីឧបត្ថម្ភ ជួយដល់មាមីងឈានឡើងក្នុងជីវភាព ម៉្លោះហើយទើបប្រជាជនអ្នកណាក៏គោរពរាប់អានគាត់ដែរ។

អ្នកមីងស៊ើងធីចៀង (ខាងឆ្វេង) មកសួរសុខទុក្ខគ្រួសារដែលបានជំនួយលំនៅឋានថ្មី។
នៅឃុំទ្រឿងខាញ់ អ្នកមីងសើុងធីចៀង ក៏ជាកម្មាភិបាលមូលដ្ឋានគំរូល្អមួយរូប ដែលជិតស្និទ្ធជាមួយនឹងប្រជាជនផងដែរ។ អស់រយៈពេលជិត ១០ ឆ្នាំ ធ្វើជាប្រធានភូមិទ្រឿងថ អ្នកមីងតែងអស់ពីចិត្តនិងសកម្មចំពោះការងារ។ ជាជនជាតិខ្មែរ ម៉្លោះហើយអ្នកមីងតែងយល់ច្បាស់ពីទឹកចិត្តរបស់មាមីងខ្មែរ ដូច្នេះ ការងារឃោសនា ចលនា តែងសម្រេចប្រសិទ្ធភាពខ្ពស់។
អ្នកមីងសើុងធីចៀង តែងសហការយ៉ាងសកម្មជាមួយគណៈការងាររណសិរ្សនិងអង្គការមហាជន ឃុំយកចិត្តទុកដាក់ដល់ជីវភាពរបស់ប្រជាជន។ ឆ្នាំ ២០១៤ អ្នកមីងបានធ្វើសេនាធិការឧបត្ថម្ភសាងសង់ផ្ទះជូនគ្រួសារក្រីក្រ ៣ ខ្នង ផ្តល់គោមេបន្តពូជ ៧ ក្បាល និងផ្លាស់ប្តូរមុខរបរបាន ៨ គ្រួសារ សរុបប្រភពទុនជិត ៥០០ពាន់ដុង។ អ្នកមីងបានកៀរគរប្រជាជនរួមវិភាគទានជិត ៣០ លានដុងក្នុងមួយឆ្នាំ ដើម្បីជួសជុលស្ពាន ផ្លូវថ្នល់ ដាំដើមឈើ រក្សាភូមិស្រុកឱ្យ “បៃតង - ជ្រះ - ស្អាត”។ ពង្រីកតួនាទីអ្នកមានប្រិយភាព អ្នកមីងបានសកម្មផ្សព្វផ្សាយនូវផែនការគ្រួសារនិងការថែទាំសុខភាពបន្តពូជ រួមចំណែកបន្ថយអត្រាគ្រួសារក្រីក្រពី ៨,៦% មកត្រឹម ២,១% នៅឆ្នាំ២០២៤។
លោកត្រឿងហ្វាងង្វៀង ប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រឿងខាញ់ មានប្រសាសន៍៖ “ប្រធានភូមិជាជនជាតិខ្មែរ តែងពង្រីកស្មារតី ទទួលខុសត្រូវអស់ពីចិត្តចំពោះការងារ ជិតស្និទ្ធ ផ្សារភ្ជាប់ជាមួយប្រជាជន។ ជាគំរូនាំមុខក្នុងការចលនាផ្សព្វផ្សាយ តាំងពីការអភិវឌ្ឍសេដ្ឋកិច្ច រហូតដល់ការកសាងជនបទថ្មី ពួកគាត់តែងយកចិត្តទុកដាក់គិតគូរពីជីវភាពវប្បធម៌និងស្មារតីជូនប្រជាជន៕
ហុងទើ -ត្រឹងរ៉ូន