រដ្ឋាភិបាលប្រកាសឱ្យប្រើអនុក្រឹត្យលេខ ១៦៨/២០២៤/NĐ-CP កំណត់ពីការពិន័យចំពោះបទល្មើសរដ្ឋបាលអំពីសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ក្នុងវិស័យចរាចរណ៍ផ្លូវគោក; ដកពិន្ទុ ស្ដារពិន្ទុប័ណ្ណបើកបរ មានសុពលភាពចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥។
រូបជាឧទាហរណ៍។
ឈប់ឬចតយានយន្តលើផ្ទៃផ្លូវបង្កការរាំងស្ទះចរាចរណ៍ នឹងត្រូវពិន័យជាប្រាក់រហូតដល់ ៦០០.០០០ ដុង
ពិន័យជាប្រាក់ចាប់ពី ៤០០.០០០-៦០០.០០០ ដុង ចំពោះអ្នកបើកបរយានយន្តដែលមានសកម្មភាពឈប់ ឬចតនៅលើផ្ទៃផ្លូវដែលបង្កការរាំងស្ទះចរាចរណ៍; ការផ្ដុំយានយន្តចាប់ពី ៣ គ្រឿងឡើងលើផ្ទៃផ្លូវ ផ្លូវរូងក្រោមដី; ការចតយានយន្តលើផ្ទៃផ្លូវឬចិញ្ចើមផ្លូវខុសច្បាប់។
សកម្មភាពឌុបមនុស្ស ២ នាក់លើម៉ូតូនឹងត្រូវពិន័យជាទឹកប្រាក់ ចាប់ពី ៤០០.០០០ - ៦០០.០០០ដុង លើកលែងតែករណីឌុបអ្នកជំងឺសង្រ្គោះបន្ទាន់ កុមារអាយុក្រោម ១២ ឆ្នាំ មនុស្សចាស់ជរា អ្នកពិការ ឬឌុបជនល្មើសច្បាប់។ កម្រិតពិន័យនេះក៏អនុវត្តចំពោះការមិនពាក់ “មួកសុវត្ថិភាពសម្រាប់អ្នកជិះម៉ូតូ ជិះយានយន្ត” ឬពាក់ “មួកសុវត្ថិភាពសម្រាប់អ្នកជិះម៉ូតូ យានយន្ត” ដែលមិនខ្ទាស់ខ្សែឱ្យបានត្រឹមត្រូវខណៈពេលបើកបរតាមផ្លូវផងដែរ។
បើកបរម៉ូតូទន្ទឹមគ្នាជាជួរចាប់ពី ៣ គ្រឿងឡើងទៅ; បើកបរម៉ូតូទាញយានយន្តឯទៀតឬវត្ថុផ្សេងៗ; ឌុបមនុស្សចាប់ពី៣នាក់ឡើង; ឈប់ឬចតម៉ូតូលើស្ពាននឹងពិន័យជាទឹកប្រាក់ចាប់ពី ៦០០.០០០ - ៨០០.០០០ដុង។
បើកបរម៉ូតូឆ្លងកាត់ភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម បើកបរលើចិញ្ចើមផ្លូវ ត្រូវពិន័យពី ៤ - ៦ លានដុង
អ្នកបើកបរម៉ូតូបញ្រ្ចាសទិស បើកបរលើចិញ្ចើមផ្លូវ (លើកលែងបើកបរម៉ូតូឆ្លងកាត់ចិញ្ចើមផ្លូវ ដើម្បីចូលផ្ទះស្ថាប័ន); មិនអនុវត្តតាមបញ្ជានៃសញ្ញាចរាចរណ៍; នឹងពិន័យជាប្រាក់ពី៤-៦ លានដុង។
កម្រិតពិន័យជាទឹកប្រាក់ចាប់ពី ៨-១០ លានដុង នឹងអនុវត្តចំពោះអ្នកបើកបរម៉ូតូឆាបឆ្វែល បង្ហោះរេចុះរេឡើងលើផ្លូវគោក; ប្រើប្រាស់ជើងទល់ឬវត្ថុផ្សេងៗកកោសតាមផ្លូវខណៈពេលបើកបរ; បើកបរម៉ូតូជាក្រុមចាប់ពី២គ្រឿងឡើង បើកបរលើសល្បឿនកំណត់; ប្រើប្រាស់កញ្ចែ ដំឡើងល្បឿន (រោទ៍ម៉ាស៊ីន) បន្តបន្ទាប់ក្នុងតំបន់ដែលមានមនុស្សរស់នៅច្រើន ក្នុងតំបន់ដែលមានមូលដ្ឋានពិនិត្យ ព្យាបាលជំងឺ លើកលែងយានយន្តអាទិភាពដែលបំពេញភារកិច្ចតាមច្បាប់កំណត់។
អនុក្រឹត្យនេះក៏កំណត់ការពិន័យជាប្រាក់ចាប់ពី ១០-១៤ លានដុង ចំពោះអ្នកបើកបរដែលធ្វេសប្រហែស បន្ថយល្បឿនឬឈប់ដើម្បីធានាសុវត្ថិភាពតាមកំណត់ ប៉ុន្តែបង្កគ្រោះថ្នាក់ចរាចរណ៍; បើកបរម៉ូតូលើសល្បឿនកំណត់ បង្កគ្រោះថ្នាក់ចរាចរណ៍; បើកបរចូលផ្លូវល្បឿនលឿន ឈប់ចតម៉ូតូ បង្វែរចង្កូត បើកថយក្រោយ បើកជែង ប្ដូរទិស ប្ដូរគន្លងផ្លូវមិនត្រឹមត្រូវ បង្កគ្រោះថ្នាក់; បើកបរមិនត្រូវចំណែកផ្លូវឬគន្លងផ្លូវ មិនរក្សាចម្ងាយរវាងយានជំនិះទាំងពីរទៅតាមសេចក្ដីកំណត់ បង្កគ្រោះថ្នាក់ ឬបើកឆ្លងផ្លូវដែលមានផ្លាកសញ្ញាហាមចូលចំពោះយានយន្តដែលកំពុងបើកបរ បើកបរបញ្រ្ចាសទិសនៅលើផ្លូវដែលមានទិសចរាចរណ៍តែមួយ បើកបញ្រ្ចាសទិសលើផ្លូវដែលមានផ្លាក “ហាមបើកបរបញ្រ្ចាសទិស” បង្កគ្រោះថ្នាក់។
បើកបរម៉ូតូល្មើសកម្រិតជាតិអាល់កុលនឹងពិន័យជាប្រាក់ចាប់ពី ២-១០ លានដុង
កម្រិតពិន័យចំពោះអ្នកបើកបរម៉ូតូល្មើសកម្រិតជាតិអាល់កុលគឺចាប់ពី ២-១០ លានដុង។
ក្រៅពីនោះ អនុក្រឹត្យលេខ ១៦៨/២០២៤/NĐ-CP បានកំណត់៖ អ្នកបើកបរយានជំនិះល្មើសសេចក្ដីកំណត់អំពីលក្ខណៈនៃយានយន្តខណៈពេលចូលរួមចរាចរណ៍ មានដូចបើកបរម៉ូតូគ្មានកញ្ចក់មើលក្រោយខាងឆ្វេង ឬមានដែរ ប៉ុន្តែប្រើការមិនបាន; គ្មានភ្លើងបំភ្លឺផ្លាកលេខ; ភ្លើងហ្រ្វាំងនឹងត្រូវពិន័យចាប់ពី ៤០០.០០០- ៦០០.០០០ដុង។
ករណីអ្នកបើកបរយានជំនិះគ្មានផ្លាកលេខ; ការដំឡើងផ្លាកយានជំនិះមិនស្របនឹងប័ណ្ណសម្គាល់យានជំនិះ ឬដំឡើងផ្លាកដែលមិនមែនស្ថាប័នមានសមត្ថកិច្ចផ្ដល់ឱ្យនឹងត្រូវពិន័យចាប់ ពី ៤-៦ លានដុង៕
យោង៖ Chinhphu.vn –ប្រែសម្រួល៖ ថាច់ធី