ប៉ុន្មានថ្ងៃនេះ នៅស្រុកកនប៉្លុង ខេត្តកនតុម មានការរញ្ជួយដីជាបន្តបន្ទាប់។ ទោះជាយ៉ាងនេះក្តី ការរញ្ជួយដីកន្លងមក មិនបង្កការខូចខាតដល់ម៉ាងឌាង- ជាតំបន់មួយដ៏ស្រស់ស្អាត ធ្វើឱ្យភ្ញៀវទេសចរជាច្រើនអណ្ដែតអណ្ដូងពេលបានមកទស្សនា...។
រូបភាពមួយចំនួននៅម៉ាងឌាង។
ម៉ាងឌាង ជាទីប្រជុំជនមួយចំណុះស្រុកកនប៉្លង ខេត្តកនតុម ដែលជាតំបន់ខ្ពង់រាបមួយស្ថិតនៅជួរភ្នំទ្រឿងសើុង មានកម្ពស់ជាង១.២០០ម៉ែត្រ បើប្រៀបនឹងកម្រិតទឹកសមុទ្រ។ សម្រាប់អ្នកដែលចូលចិត្តភាពអ៊ូអរ ទីនេះមិនមែនជាទីដ៏មនោរម្យ ដូចជាទីក្រុងដាឡាតនោះទេ ទោះបីម៉ាងឌាងមានភាពត្រជាក់និងគ្របដណ្តប់ដោយផ្សែងអ័ព្ទ។ ធម្មជាតិផ្តល់ឱ្យតំបន់នេះមានអាកាសធាតុដ៏អស្ចារ្យ។ អ្នកអាចបើកបង្អួចនៅផ្ទះសំណាក់ ហើយគយគន់ភ្នំ ពពកនិងស្តាប់តន្ត្រីដែលអ្នកចូលចិត្តពេញមួយថ្ងៃក៏មិនធុញទ្រាន់ ញុាំងអារម្មណ៍សុខសាន្តដ៏ចម្លែក។ បងស្រីលីថាញង៉ុក ជាមួយមិត្តភ័ក្ដិម្នាក់ បានជ្រើសរើសជួលផ្ទះសំណាក់ ដើម្បីសម្រាកលម្ហែកាយពីរថ្ងៃនាចុងសប្តាហ៍ ឱ្យដឹង៖ “យើងខ្ញុំឡើងឡានពេលយប់ចេញដំណើរពីទីក្រុងហូជីមិញ មកដល់ទីនេះដេកមួយសន្ទុះ ពេលរសៀលទើបដើរមួយជុំទីប្រជុំជន ដើម្បីទៅផ្សារណាត់ ទិញបាយក្រឡានត្រៀមទុកដើម្បីព្រឹកស្អែកមិនចាំបាចក្រោកពីព្រលឹម ដើម្បីចេញខាងក្រៅទទួលភាពត្រជាក់ គយគល់លើខ្នងភ្នំរង់ចាំព្រះអាទិត្យរះ។ ពេលល្ងាចជិះឡានមកទីក្រុងហូជីមិញ ដើម្បីព្រឹកស្អែកចាប់ផ្តើមការងារក្នុងសប្តាហ៍ថ្មីបន្តទៀត”។
ម៉ាងឌាង ជាតំបន់ជីវបរិស្ថានជាតិ ដែលមានទីតាំងស្ថិតនៅចន្លោះចង្កេះភ្នំម៉ាងឌាងនិងចង្កេះភ្នំ Violak តាមផ្លូវជាតិលេខ២៤ ចម្ងាយពីក្រុងកនតុម៥០គីឡូម៉ែត្រ។ ទីប្រជុំជនម៉ាងឌាង ស្ថិតនៅភាគខាងជើងនៃតំបន់តីង្វៀង ជាប់នឹងខេត្តក្វាងង៉ាយ តាមផ្លូវចង្កេះភ្នំដ៏ស្រស់ស្អាតដែលហ៊ុមព័ទ្ធដោយព្រៃស្រល់ដ៏ធំល្វឹងល្វើយ។ ចាប់តាំងពីផ្លូវជាតិលេខ២៤ត្រូវបានបង្កើនកម្រិតនិងពង្រីក ម៉ាងឌាងជិតនឹងភូមិភាគកណ្តាល ដូច្នេះទាក់ទាញភ្ញៀវទេសចរជាច្រើន។ ភ្ញៀវទេសចរចូលចិត្តម៉ាងឌាង ឱ្យដឹង ទីនេះឥឡូវមានអ្វីៗគ្រប់យ៉ាងដូចដាឡាតដែរ។ នោះគឺភ្នំដែលគ្របដណ្តប់ដោយដើមឈើ ផ្លូវដើមស្រល់ថ្ងួចថ្ងូរ សូរទឹកជ្រោះធ្លាក់... ផ្សែងអ័ព្ទនាពេលព្រឹកនិងភាពស្ងប់ស្ងាត់។ ពិសេស បាយក្រឡានមាន់អាំងពិតជាឆ្ងាញ់មែន។ មាន់ភ្នំធំល្មម បាយល្មួតក្រអូបមិនផ្អែមពេក។ ការរួមបញ្ចូលគ្នានេះថ្វីដ្បិតតែសាមញ្ញ ប៉ុន្តែមានរសជាតិគ្រប់គ្រាន់ ហើយក្លិនឈ្ងុយសម្រាប់តំបន់ព្រៃភ្នំ។ ប្រសិនបើនៅទីប្រជុំជន ពេលរសៀលមេឃភ្លៀង អ្នកគួរជ្រើសស៊ុបមាន់ជាមួយស្លឹកយិនស៊ិនមកញុាំដែលមានទាំងរសក្លិនឈ្ងុយឆ្ងាញ់និងកាត់បន្ថយភាពត្រជាក់ផង។
ជាមួយនឹង “ការពេញនិយម” កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ឥឡូវមានក្រុមហ៊ុនទេសចរណ៍បានរៀបចំជើងទេសចរណ៍ម៉ាងឌាង ចេញពីក្រុងកឹងធើដោយមិនចាំបាច់ទៅដល់ទីក្រុងហូជីមិញ។ បើភ្ញៀវទេសចរចង់បានជើងទេសចរណ៍ “រំសាយភាពតានតឹង” ម៉ាងឌាង គឺជាកន្លែងសមស្របបំផុត៕
ហាថាញ-ប្រែសម្រួល៖ ទីទុយ