បងស្រី លីវធីមីយ៉ុង ប្រធានក្រុមនារីប្រិតសំចៃនិងបុលទុន ភូមិថើយធ្វឹង B ទីរួមស្រុកថើយឡាយ ស្រុកថើយឡាយ ក្រុងកឹងធើ តែងអស់ពីចិត្តពីថ្លើមក្នុងការជួយបងប្អូននារី ជាពិសេសគឺបងប្អូននារីខ្មែរ ខិតខំឈានឡើងក្នុងជីវភាព។
បងស្រី លីវធីមីយ៉ុង រៀបរាប់៖ ឆ្នាំ ២០១០ គាត់បានចូលរួមក្រុមនារីប្រិតសំចៃនិងបុលទុននៅភូមិថើយធ្វឹង B ។ ដោយការខ្នះខ្នែងអស់ពីចិត្ត ថែមទាំងគ្រប់គ្រងនិងប្រើប្រាស់ទុនប្រិតសំចៃមានប្រសិទ្ធភាព គាត់ក៏បានបងប្អូននារីទុកចិត្តបោះឆ្នោតធ្វើជាប្រធានក្រុម ។ បងស្រីឱ្យដឹង៖ “កាលដំបូង ខ្ញុំជួបការលំបាកណាស់ដែរ ដោយសារខ្ញុំមិនយល់ពីទឹកចិត្ត គោលបំណងរបស់បងប្អូននារី... ក្រោយមកខ្ញុំក៏រកវិធីខិតជិតស្វែងយល់ពីស្ថានភាព តម្រូវការចាំបាច់ និងជាក់ស្តែងរបស់គ្រួសារនីមួយៗ”។
ដោយមានចរិតស្លូតបូត ងាយជិតស្និទ្ធ ថែមទាំងអស់ពីចិត្តពីថ្លើម បងស្រីមីយ៉ុងបានបងប្អូននារីខ្មែរជឿជាក់ ផ្ញើក្តីសង្ឃឹមនិងចែករំលែកការលំបាកក្នុងជីវភាព។ ផ្តើមពីនោះ បងតែងតែលើកទឹកចិត្ត និងស្វែងរកវិធីដើម្បីជួយបងប្អូននារី។ បងស្រីលីវធីថាញត្វៀង នៅភូមិថើយធ្វឹង B ជាគ្រួសារក្រីក្របានមុខខ្វះក្រោយ រស់នៅក្នុងផ្ទះបណ្ណោះអាសន្ន។ បងថាញត្វៀង ចែករំលែក៖ “ខ្ញុំអរគុណបងយ៉ុងខ្លាំងណាស់ ពេលគាត់ដឹងពីស្ថានភាពគ្រួសារខ្ញុំ គាត់ក៏បានឧទ្ទេសនាម ហើយខ្ញុំក៏បានសម្ព័ន្ធយុវជនឧបត្ថម្ភឱ្យបុល ៥០ លានដុងដើម្បីសង់ផ្ទះ។ មានផ្ទះសម្បែងរឹងមាំ ខ្ញុំខិតខំប្រឹងប្រែងរកស៊ីដើម្បីលំនឹងជីវភាពគ្រួសារ”។
បងស្រី លីវធីមីយ៉ុង (អង្គុយកណ្តាល) កំពុងដោះដូរជាមួយនឹងសមាជិកក្នុងក្រុម ។
ជាមួយនឹងការគ្រប់គ្រងរបស់បងស្រីលីវធីមីយ៉ុង ក្រុមនារីប្រិតសំចៃ ភូមិថើយធ្វឹង B ដំណើរការប្រកបដោយប្រសិទ្ធភាព។ រហូតមកទល់បច្ចុប្បន្ន ក្រុមបានណែនាំនិងឧបត្ថម្ភបងប្អូននារីខ្មែរចំនួន ៩៥ នាក់ បានខិតជិតប្រភពទុនបុលពីធនាគារគោលនយោបាយសង្គមស្រុកថើយឡាយ សរុបជាង ២ ពាន់លានដុងដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងនាមជាប្រធានក្រុម បងយ៉ុង ថែមទាំងសហការជាមួយសមាគមកសិករភូមិ បង្កលក្ខណសម្បត្តិដើម្បីឱ្យបងប្អូននារីបានចូលរួមវគ្គហ្វឹកហ្វឺន ផ្ទេរជូនវិទ្យាសាស្ត្របច្ចេកទេសអំពីការដាំដុះ ចិញ្ចឹមសត្វ និងវិធានការគ្រប់គ្រងដើមទុន។ តាមរយៈនោះ មានបងប្អូននារីជាច្រើនបានផ្លាស់ប្តូរផ្នត់គំនិត របៀបធ្វើ ការវិនិយោគផ្លាស់ប្តូរ ទម្រង់ផលិតកម្ម ពាណិជ្ជកម្ម ។ល។ មានគ្រួសារជាច្រើនជម្នះបានការលំបាក ឈានឡើងក្នុងជីវភាព។ តួយ៉ាងដូចគ្រួសារបងស្រី ដាវធីម៉ាយលី ដោយសារខ្វះដើមទុន ថែមទាំងមិនសូវប៉ិនគិតគូរការងាររកស៊ី ទើបជីវភាពគ្រួសារជួបការលំបាក។ តាមរយៈការស្វែងយល់ កាលពី ៤ ឆ្នាំមុន បងយ៉ុងបានណែនាំឱ្យគាត់បុលទុនចំនូន ៤៥ លានដុង ទន្ទឹមនឹងនោះ បងក៏បានចលនាឱ្យបងស្រីលីចូលរួមវគ្គហ្វឹកហ្វឺន អាស្រ័យសមាគមសិកររៀបចំឡើង។ មានដើមទុន និងចំណេះដឹងក្នុងការរកស៊ី បងស្រីម៉ាយលី ក៏បានបង្វែរដីចំការចាស់ ៣ កុងមកដាំទៀបបន្លា គួបផ្សំនិងចិញ្ចឹមត្រី។ មិនយូរប៉ុន្មានបងម៉ាយលី ក៏បានសងរួចបំណុលធនាគារ ។ ផ្តើមពីចម្ការទៀប បន្លា ចិញ្ចឹមត្រី គ្រួសាររបស់គាត់រកបានប្រាក់ចំណូលពី ៦០-៨០ លានដុងក្នុងមួយឆ្នាំ។ អាស្រ័យហេតុនេះ ទើបគ្រួសារបងស្រីលី មានប្រាក់សេសសល់ចិញ្ចឹមកូនរៀនសូត្រ និងរៀបចំផ្ទះសម្បែង។ ផ្តើមពីគ្រួសារប្រកៀកបន្ទាត់ក្ររហូតមកដល់ពេលនេះគ្រួសារបងម៉ាយលី ក៏បានចាកផុតពីភាពក្រីក្រដោយចីរភាព។
លោកស្រីត្រឹងធីអៀងញ៉ី អនុប្រធានសហព័ន្ធនារីទីរួមស្រុកថើយឡាយ ឱ្យដឹង៖ “បងស្រីលីវធីមីយ៉ុង ស្វាហាប់ខ្លាំងណាស់ ថែមទាំងមានទឹកចិត្តចំពោះបងប្អូននារី ជាពិសេសគឺបងប្អូននារីខ្មែរ។ ការងារនៅមូលដ្ឋានមានច្រើនកម្រិត ជំនួយមានតិចតួច ប៉ុន្តែបងស្រីតែងសម្រេចល្អការងារដែលថ្នាក់លើប្រគល់ឱ្យ។ ម៉្លោះហើយ រៀងរាល់ឆ្នាំ បងស្រីតែងទទួលបានប័ណ្ណសរសើរដោយសម្រេចល្អភារកិច្ច ហើយតែងបានបងប្អូនក្នុងភូមិស្រុកស្រឡាញ់រាប់អាន”៕
អ៊ីលិញ