លីសើុង ជាតំបន់ដីកោះមានបរិយាកាសរស់នៅដ៏អស្ចារ្យ រហូតដល់ភ្ញៀវទេសចរតែងបបួលគ្នាធ្វើដំណើរទៅកាន់កោះជួរមុខនេះ ដើម្បីរីករាយនឹងសម្រស់ធម្មជាតិ បំបាត់នូវក្ដីកង្វល់ បន្តដំណើរឆ្ពោះទៅខាងមុខ។
សម្លឹងពីក្វាងអឹមដាយ នៅលើកោះធំឆ្ពោះទៅសមុទ្រ។
ដំណាំខ្ទឹមសនៅលីសើុង។
កោះតូចនៅមានភាពរហោស្ថាននៅឡើយ។
ឆ្នេរងូតទឹកនៅកោះតូច។
កោះលីសើុង នៅចម្ងាយពីដីគោកប្រមាណ ៣០ គ.ម គឺជាស្រុកកោះរបស់ខេត្តក្វាងង៉ាយ។ ចំពោះភ្ញៀវទេសចរដែលចូលចិត្តស្រាវជ្រាវរបកគំឃើញ គួរធ្វើដំណើរទៅកាន់កោះនេះ ព្រោះមានលក្ខណៈរហោស្ថាន។ អាស្រ័យហេតុនោះ ភ្ញៀវទេសចរមួយចំនួនបានជ្រើសរើសផ្ទះសំណាក់ (homestay) នៅលើកោះនេះ ដើម្បីសម្រាកលម្ហែកាយស្រូបយកបរិយាកាសធម្មជាតិ។ ម្យ៉ាងទៀតឈប់សម្រាកពេលយប់នៅលើកោះតូច មិនសូវមានផាសុកភាពនោះទេ ប៉ុន្តែភ្ញៀវទេសចរមានអារម្មណ៍ហាក់ដូចឃើញព្រះអាទិត្យរះនៅជិតខ្លួន នាពេលព្រឹកព្រលឹម។ ដល់ពេលព្រះអាទិត្យ ចាប់ផ្ដើមបើកក្តៅ ភ្ញៀវទេសចរស្រូតចុះទៅឆ្នេរសមុទ្រខ្សាច់ស ទឹកសមុទ្រថ្លាយង់ ងូតកម្សាន្តតាមចំណូលចិត្ត។ ភ្ញៀវទេសចរថែមទាំងបានស្តាប់សំឡេងទឹករលកបោកច្រាំងពេញមួយរាត្រីដោយឥតឈប់ឈរទៀតផង។
មជ្ឈមណ្ឌលរដ្ឋបាលរបស់លីសើុង ស្ថិតនៅឯកោះធំ។ ប៉ុន្មានឆ្នាំមកនេះ លីសើុង តែង ”ពេញនិយម” ម្ល៉ោះហើយមានផ្ទះសំណាក់ និងសណ្ឋាគារទំនើបៗផុសឡើងច្រើន ដើម្បីតម្រូវចិត្តភ្ញៀវទេសចរដែលពិបាកផ្គាប់។ ធ្វើដំណើរដោយកប៉ាល់ល្បឿនលឿន ពីកោះតូចទៅកោះធំប្រហែល ១០ នាទី ម្ល៉ោះហើយមានភ្ញៀវទេសចរខ្លះ ចាំដល់ពេលព្រឹកទើបធ្វើដំណើរមកទីនេះងូតទឹកសមុទ្រ គយគន់កម្អែភ្នំភ្លើង មុជទឹកមើលផ្កាថ្ម រួចហើយត្រឡប់ទៅដេកនៅឯកោះធំវិញ។ ទោះបីសកម្មភាពកម្សាន្តសប្បាយ មិនសម្បូរបែបដូចនៅដីគោកក៏ដោយ ប៉ុន្តែពេលយប់នៅលើកោះធំមានហាងលក់គ្រឿងសមុទ្រ និងហាងកាហ្វេលើភ្នំមានចាក់ចម្រៀងពេរអារម្មណ៍ និងមានតូរ្យតន្ត្រី។ល។ ប្រសិនបើមិនទាន់មានការនឿយហត់ទេ ភ្ញៀវទេសចរអាចនឹងបញ្ចេញថ្វីដៃច្រៀងនៅក្នុងបន្ទប់ការ៉ាអូខេក៏បានដែរ។ ស្ថិតនៅកណ្តាលសមុទ្រល្វឹងល្វើយ ម្ល៉ោះហើយផលសមុទ្រនៅលីសើុង មានយ៉ាងសម្បូរបែប។ គ្រាន់តែភ្លាសារាយសមុទ្រមួយមុខប៉ុណ្ណោះ អាចនឹងធ្វើឱ្យភ្ញៀវទេសចរចាប់មាត់ជាមិនខាន។ ប្រសិនបើធ្វើដំណើរទៅកាន់លីសើុងក្នុងរដូវភ្លៀង ពេលយប់ភ្ញៀវទេសចរអាចនឹងកម្មង់បបរកាំប្រមាសមុទ្រ មួយឆ្នាំងក្តៅៗដើម្បីបរិភោគ។ ទោះបីខាងក្រៅរោមច្រូងច្រាងអាក្រក់មើលក៏ដោយ ប៉ុន្តែ សាច់កាំប្រមាសមុទ្រពេលបបរមានឱជារសឆ្ងាញ់ពិសាណាស់។
មានរឿងតំណាលថា លីសើុងបានកកើតពីភ្នំភ្លើង ម្ល៉ោះហើយមានទេសភាពរហោស្ថានយ៉ាងស្រស់ត្រកាល។ ក្នុងបញ្ជីទស្សនាកម្សាន្តនៅលីសើុង ភ្ញៀវទេសចរគប្បីធ្វើដំណើរទៅកាន់ក្លោងទ្វារត-វ៉ ល្អាងកូវ កំពូលភ្នំធើយលើយ វត្តដុក និងក្វាងអឹមដាយ។ល។
ខណៈពេលចាកចេញពីលីសើុង ភ្ញៀវទេសចរកុំភ្លេចទិញមើមខ្ទឹមសដែលជាផលិតផលពិសេសនៅលើកោះនេះ ដើម្បីធ្វើជាអំណោយសម្រាប់ជូនមិត្តភក្តិ និងសាច់ញាតិផង៕
ហាថាញ-លីសៀ