រយៈពេលជាង ៥០ ព្រះវស្សា ផ្សារភ្ជាប់នឹងវត្តសិរីជុំបឹងទន្សា ឃុំវៀងអាង ស្រុកត្រឹងដេ ខេត្តសុកត្រាំង ព្រះឧបជ្ឈាយ៍ ថាច់សុង តែងយកអស់ពីព្រះទ័យគិតគូរការងារសាសនា ការងារសង្គម ទើបមាមីងពុទ្ធបរិស័ទជ្រះថ្លាឧបត្ថម្ភគាំទ្រ គោរពរាប់អាន។
ព្រះឧបជ្ឈាយ៍ ថាច់សុង។
ឆ្នាំ ១៩៧០ យុវជន ថាច់សុង បានចូលសាងផ្នួសបួសរៀននៅវត្តសិរីជុំបឹងទន្សា។ ឆ្នាំ ២០០៤ ព្រះឧបជ្ឈាយ៍ ក៏បានព្រះសង្ឃ និងមាមីងពុទ្ធបរិស័ទចំណុះជើងវត្តទំនុកចិត្តតែងតាំងជាព្រះចៅអធិការវត្តសិរីជុំបឹងទន្សារហូតមក។ តាំងពីទទួលតំណែងជាព្រះចៅអធិការវត្តមក ព្រះអង្គបានចលនាមាមីងពុទ្ធបរិស័ទចំណុះជើងវត្តកសាង កុដិ សាលា ខ្លោងទ្វារ សួនច្បារ សាលារៀននិងសំណង់ផ្សេងៗជាច្រើនទៀត។ ព្រះឧបជ្ឈាយ៍ ថាច់សុង មានថេរដីកា៖ "អាត្មាបានចលនាពុទ្ធបរិស័ទចំណុះជើងវត្តរួមវិភាគទានទឹកប្រាក់កសាងព្រះវិហារ និងកុដិពីរខ្នង។ បច្ចុប្បន្ន សំណង់ព្រះវិហារដំណើរការបាន ៤០% ថវិកាបានមកគឺអាស្រ័យពុទ្ធបរិស័ទចំណុះជើងវត្តរួមវិភាគទាន"។ ក្រៅពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទចំណុះជើងវត្ត រៀងរាល់ឆ្នាំ ថវិកាបានមកពីការធ្វើស្រែទាំង ២០ កុង ព្រះឧបជ្ឈាយ៍ក៏ចំណាយក្នុងការកសាងនិងជួសជុលកុដិសាលាក្នុងវត្ត និងមួយផ្នែកចំណាយគិតគូរសម្រាប់ព្រះសង្ឃរៀនសូត្រ។ ទន្ទឹមនឹងនោះ ព្រះឧបជ្ឈាយ៍ក៏បានចែកជូនអង្ករដល់អ្នកទីទ័លក្រ គ្រួសារដែលមានមនុស្សស្លាប់ ដើម្បីរួមចំណែកជួយពួកគាត់ដោះស្រាយនូវការលំបាក។
រៀងរាល់ឆ្នាំ ក្នុងឱកាសវិស្សមកាល វត្តតែងបើកថ្នាក់បង្រៀនអក្សរខ្មែរ ចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៥ ហើយមានកូនចៅមាមីងពុទ្ធបរិស័ទមករៀនជាង ៤០០ នាក់។ ឆ្នាំនេះ ដោយសារផលប៉ះពាល់នៃជំងឺ COVID-19 ទើបវត្តមិនបើកសាលារៀន។ ពិសេស ព្រះឧបជ្ឈាយ៍តែងក្រើនរំលឹកដល់មាមីងពុទ្ធបរិស័ទចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនការងារបង្ការទប់ស្កាត់ជំងឺ COVID-19។ ផ្អាកការរៀបចំធ្វើបុណ្យទាន ដែលមានមនុស្សម្នាច្រើនកុះករ តាមស្មារតីនៃកិច្ចចង្អុលការរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត។ ព្រះឧបជ្ឈាយ៍ ថាច់សុង មានថេរដីកាបន្ថែម៖ "ឱកាសទេសនា អាត្មាតែងលើកទឹកចិត្តមាមីងពុទ្ធបរិស័ទ គប្បីយកចិត្តទុកដាក់គិតគូរធ្វើការរកទទួលទាន រួមចំណែកជាមួយនឹងរដ្ឋអំណាចមូលដ្ឋាន បង្រ្កាប ទប់ស្កាត់ជំងឺឆ្លងរាលដាល និងចូលរួមកសាងជនបទថ្មី។ ជាពិសេស ត្រូវគិតគូរឱ្យកូនចៅរៀនសូត្រ រៀនមុខរបរ និងធ្វើការនៅក្រុមហ៊ុនរោងចក្រដើម្បីមានប្រាក់ចំណូលប្រចាំខែ ជីវភាពនឹងបានល្អប្រសើរ សម្បូរធូរធារ និងមានសុភមង្គល"។
តាមប្រសាសន៍លោក ត្រេវហឿង ប្រធានគណៈកម្មាធិការប្រជាជនឃុំវៀងអាង ព្រះឧបជ្ឈាយ៍ ថាច់សុង ព្រះអង្គតែងយកព្រះទ័យគិតគូរការងារសាសនា ក៏ដូចជាការងារសង្គម បានរដ្ឋអំណាចនិងមាមីងគោរពរាប់អាន។ ព្រះអង្គបានសកម្មចូលរួមចលនាមាមីងខ្មែរអនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ ដឹកនាំចលនាមាមីងខ្មែររួមចំណែកក្នុងការកសាងសំណង់ជនបទ ថែរក្សាបរិស្ថានបៃតង ជ្រះស្អាត សង្វាតខ្នះខ្នែងកសាងគ្រួសារវប្បធម៌៕
យ៉ីអាញ-ពេជ្រសឿន